មន្ត្រីការទូតសហរដ្ឋអាមេរិកមួយរូបបានទៅដល់ទីក្រុងបេរូត ប្រទេសលីបង់កាលពីថ្ងៃអង្គារដើម្បីជួបជាមួយក្រុមមន្ត្រីលីបង់អំពីលទ្ធភាពនៃកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាមួយ ដែលត្រូវបានរាយការណ៍ថាយល់ព្រមដោយភាគី Hezbollah ថានឹងបញ្ចប់ការវាយប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងក្រុមដែលមានអ៊ីរ៉ង់នៅពីក្រោយនេះ។
លោក Amos Hochstein បានជួបជាមួយប្រធានសភាលីបង់លោក Nabih Berri សម្ព័ន្ធមិត្ត Hezbollah ដែលជាអ្នកសម្រុះសម្រួលដល់ក្រុមសកម្មប្រយុទ្ធនេះ។
ទាំងរដ្ឋាភិបាលលីបង់និងក្រុម Hezbollah បានព្រមព្រៀងគ្នាលើសំណើមួយដែលត្រូវបានដាក់បញ្ជូនកាលពីសប្ដាហ៍មុនហើយបានធ្វើអត្ថាធិប្បាយមួយចំនួនទៅលើខ្លឹមសារសំណើនោះ។ នេះបើតាមលោក Ali Hassan Khalil ដែលជាជំនួយការរបស់លោក Berri ដែលបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ។
ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានថ្លែងថា អ៊ីស្រាអែលនឹងបន្តធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងក្រុម Hezbollah ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ។
លោក Netanyahu បានប្រាប់សភាថា៖«អ្វីដែលសំខាន់បំផុតមិនមែនកិច្ចព្រមព្រៀងលើក្រដាសនោះទេ»។
លោកបានថ្លែងថា៖«យើងនឹងត្រូវបានបង្ខំឱ្យធានាសន្តិសុខរបស់យើងនៅភាគខាងជើងអ៊ីស្រាអែលនិងឱ្យបន្តប្រតិបត្តិការជាប្រព័ន្ធប្រឆាំងនឹងការវាយប្រហាររបស់ក្រុម Hezbollah សូម្បីតែបន្ទាប់ពីបទឈប់បាញ់គ្នាមួយ» ដើម្បីបង្ការកុំឱ្យក្រុមនេះបន្តបង្កើតឡើងវិញ។
លោក Netanyahu ក៏បានថ្លែងថា មិនមានភស្តុតាងបង្ហាញថាក្រុម Hezbollah នឹងគោរពបទឈប់បាញ់គ្នាដែរ៕
វេទិកាបញ្ចេញមតិ