ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​ប្រេះស្រាំ​កើតឡើង​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស G20 ដោយ​សារ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ​បាន​មកចូលរួម​កិច្ច​ប្រជុំ​កំពូល​ G20 នៅទីក្រុង​ Rio de Janeiro ប្រទេស​ប្រេស៊ីល​កាលពីថ្ងៃទី​១៩ វិច្ឆិកា ឆ្នាំ២០២៤។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ​បាន​មកចូលរួម​កិច្ច​ប្រជុំ​កំពូល​ G20 នៅទីក្រុង​ Rio de Janeiro ប្រទេស​ប្រេស៊ីល​កាលពីថ្ងៃទី​១៩ វិច្ឆិកា ឆ្នាំ២០២៤។

ដោយ​នៅ​សល់​ពេល​តែ​២​ខែ​ទៀត​ប៉ុណ្ណោះ សម្រាប់​អាណត្តិ​ប្រធានាធិបតី​លោក Joe Biden សហរដ្ឋ​អាមេរិក កំពុង​បង្កើន​ល្បឿន​ជួយ​អ៊ុយក្រែន ផ្នែក​ហិរញ្ញវត្ថុ យោធា​និង​ការទូត ដើម្បី​ឲ្យ​អ៊ុយក្រែន​អាច​ការពារ​ខ្លួន​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​បាន។

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស G20 ​ដែល​លោក​ Biden ​និង​មេដឹកនាំ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ជាង​គេ​ទាំង​២០​ក្នុង​ពិភពលោក​ចូល​រួម​ ក្នុង​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល មន្ត្រី​អាមេរិក​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ភាសា«‍ខ្លាំង​បំផុត​តាម​អាច​ធ្វើ​ទៅ​បាន»​ទាក់ទង​នឹង​អ៊ុយក្រែន។ នេះ​បើ​យោង​ទីប្រឹក្សា​រង​ផ្នែក​សន្តិសុខ​ជាតិ​អាមេរិក​លោក Jon Finer ដែល​បាន​ប្រាប់ VOA ​ក្នុង​សន្និសីទ​មួយ​កាល​ពី​ថ្ងៃ​ចន្ទ។

អ្នក​ការទូត​បស្ចិម​ប្រទេស​ បាន​បន្ត​ជំរុញ​ឲ្យ​មាន​ការ​រិះគន់​ខ្លាំង​ជាង​មុន​លើ​ប្រទេស​រុស្ស៊ី ក្រោយ​ពី​មាន​ការ​វាយប្រហារ​តាម​អាកាស​កាល​ពី​ចុង​សប្ដាហ៍​ ដែល​ជា​វាយប្រហារ​ធំ​បំផុត​របស់​រុស្ស៊ី​លើ​ទឹកដី​អ៊ុយក្រែន​ក្នុង​ពេល​ប៉ុន្មាន​ខែ​កន្លង​មក។

ពួកគេ​ក៏​បាន​ព្រមាន​ផង​ដែរ​ថា​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​សង្គ្រាម​កាន់​តែ​ខ្លាំង​ឡើង​របស់​រុស្ស៊ី អាច បង្ក​ជា​អស្ថិរភាព​ហួស​ពី​តំបន់​អឺរ៉ុប។ នៅ​ដើម​ខែ​នេះ សហរដ្ឋ​អាមេរិក​និង​អ៊ុយក្រែន បាន​ប្រកាស​ថា​កូរ៉េ​ខាង​ជើង បាន​បញ្ជូន​ទាហាន​ជាង​១ម៉ឺន​នាក់ ទៅ​ជួយ​រុស្ស៊ី​ដណ្ដើម​យក​ដែនដី​ដែល​អ៊ុយក្រែនក្ដោបក្ដាប់​បាន​នៅ​តំបន់ Kursk ​របស់​រុស្ស៊ី។

ប៉ុន្តែ​សេចក្ដី​ថ្លែងការណ៍​ចុងក្រោយ​របស់​ក្រុម​អ្នកដឹកនាំ មិន​បាន​បញ្ចូល​ភាសា​ដែល​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​នោះ​ទេ។ សេចក្ដីថ្លែងការណ៍​នេះ​គូស​បញ្ជាក់​ពី​ទុក្ខវេទនា​របស់​ប្រជាជន​និង​ឥទ្ធិពល​អវិជ្ជមាន​នៃ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន​ចំពោះ​សេដ្ឋកិច្ច​សកលលោក ដោយ​មិន​បាន​ថ្កោលទោស​ប្រទេស​រុស្ស៊ី​ទេ។ ទាក់ទង​នឹង​តំបន់​ហ្កាហ្សា​វិញ សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​ទី​នោះ និង​នៅ​លីបង់ និង​ប្ដេជ្ញា​ចំពោះ​ដំណោះស្រាយ​រវាង​រដ្ឋ​ពីរ ដោយ​មិន​បាន​និយាយអំពី​សិទ្ធិ​ការពារ​ខ្លួន​របស់​អ៊ីស្រាអែល​ទេ។

លោក Finer ទទួល​ស្គាល់​ថា​ ការ​ទទួល​បាន​សេចក្តី​សម្រេច​ប្រកប​ដោយ​ឯកច្ឆន្ទ​ទៅលើ​ជម្លោះ​សាកល​គឺជា​រឿង​ដែល​ពិបាក​ធ្វើ​ទៅ​បាន ដោយសារ​តែភាពចម្រុះគ្នា​នៃ​ក្រុម​ប្រទេស G20។ ក្រៅ​ពី​ក្រុម​ប្រទេស G7 ដែល​ភាគច្រើន​មាន​គំនិត​ដូចគ្នា ក្រុម​ប្រទេស G20 ក៏​មាន​រុស្ស៊ី ចិន​និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អឌ្ឍគោល​ខាង​ត្បូង​នៅ​ក្នុង​នោះ​ដែរ​។

លោក Finer ថ្លែង​ថា៖​«‍យើង​ចាំ​មើល​ថា​តើ​វា​នឹង​ទៅ​ជា​យ៉ាង​ណា»។

សូម្បីតែ​តាំង​ពី​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស G20 នៅកោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពី​ឆ្នាំ​២០២២ ដែល​រៀបចំ​ឡើង​តែ​ប៉ុន្មាន​ខែ​ក្រោយ​មក បន្ទាប់​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​មក ក្រុម​ប្រទេស​ទាំង​នេះ បាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ក្នុង​ការ​រក​ដំណោះ​ស្រាយ​ឆ្លើយតប​ចំពោះ​ជម្លោះ​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG