ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាក្សី​បញ្ជាក់​ថា​ខៀវ សំផន​ជា​មនុស្ស​ស្មោះត្រង់​បក្ស​កុម្មុយនិស្ត


ខៀវ សំផន ​គឺ​ជា​ជនជាប់ចោទ​ម្នាក់​ក្នុង​សំណុំរឿង​០០២។
ខៀវ សំផន ​គឺ​ជា​ជនជាប់ចោទ​ម្នាក់​ក្នុង​សំណុំរឿង​០០២។

ខៀវ សំផន ​ជា​មនុស្ស​ស្មោះត្រង់​នឹង​បក្ស​កុម្មុយនិស្ត​កម្ពុជា​យ៉ាង​ប្តូរផ្តាច់​ដោយ​សុខចិត្ត​លះបង់​គ្រប់​បែប​យ៉ាង។

ភ្នំពេញ៖ សាក្សី​ម្នាក់​គឺ​លោក សួង ស៊ីគឿន ​បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​របស់​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ខៀវ សំផន ​ជា​មនុស្ស​ស្មោះត្រង់​នឹង​បក្ស​កុម្មុយនិស្ត​កម្ពុជា​យ៉ាង​ប្តូរផ្តាច់​ដោយ​សុខចិត្ត​លះបង់​គ្រប់​បែប​យ៉ាង។

អតីត​អនុ​ប្រធាន​ផ្នែក​ពិធីការ​នៅ​ក្រសួង​ការបរទេស​ខ្មែរក្រហម​រូប​នេះ​ បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​សហមេធាវី​អន្តរជាតិ​របស់​ខៀវ សំផន​ថា៖

«ចំពោះ​លោក​ខៀវ សំផន ​ខ្ញុំ​ស្គាល់​គាត់​ច្បាស់​ណាស់។ គាត់​មិន​ទាមទារ​នាទី​ដឹកនាំ​អ្វី​ធំ​ដុំ​ទេ។ គាត់​ប្រគល់​ខ្លួន​របស់​គាត់​ទៅ​ឲ្យ​បក្ស ​ស្រេច​តែ​បក្ស​វិនិឆ្ឆ័យ​ថា​គាត់​អាចបំពេញ​ភារកិច្ច​ល្អប្រសើរ​នៅ​កន្លែង​ណា»។

កាល​ពី​ពេល​ផ្តល់​សក្ខីកម្ម​លើក​ដំបូង​លោក សួង​ ស៊ីគឿន ​ធ្លាប់​បាន​ប្រៀប​ប្រដូច​អតីត​ប្រមុខរដ្ឋ​ខ្មែរ​ក្រហម​ ខៀវ សំផន ​ទៅ​នឹង​ព្រះពុទ្ធ​ដែល​មាន​ន័យ​ថា​ជា​មនុស្ស​ស្អាតស្អំ។ នៅ​ថ្ងៃ​នេះ​សាក្សី​បាន​បញ្ជាក់​បន្ថែម​ថា​ ខៀវ សំផន ​ជា​មនុស្ស​ដែល​មិនមាន​អំណាច​នោះ​ទេ​ហើយ​គឺ​ប៉ុល ពត ​មេ​ស្ថាបនិក​នៃ​របប​កាប់សម្លាប់​ខ្មែរ​ក្រហម​ទេ​ជា​អ្នកមាន​អំណាច​ផ្តាច់​មុខ។

លោក​សួង ស៊ីគឿន ​លើក​ឡើង​ថា​ ខៀវ​ សំផន ​មាន​ជំនឿ​ស៊ុប​ទៅ​នឹង​បក្ស​កុម្មុយនិស្ត។
«គាត់​ក៏​ដូច​ខ្ញុំ​ដែរ​ ពេល​នោះ​គាត់​មាន​ជំនឿ​លើ​បក្ស​កុម្មុយនិស្ត​កម្ពុជា ​ហើយ​ជំនឿ​នេះ​នៅ​មុន​ឆ្នាំ ១៩៧៥ ​គឺ​ថា​បក្ស​កុម្មុយនិស្ត​កម្ពុជា​បាន​សម្រេច​សមិទ្ធិផល​យ៉ាង​សន្ធោ​សន្ធៅ​ដែល​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទាំងអស់​គ្នា​មាន​ការកក់ក្តៅ​ហើយ​មាន​ជំនឿ»។

ខៀវ សំផន ​គឺ​ជា​ជនជាប់ចោទ​ម្នាក់​ក្នុង​សំណុំរឿង​០០២។ ជន​ជាប់ចោទ​ពីរ​នាក់​ផ្សេង​ទៀត​មាន​ នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​និង​អៀង សារី ​អតីត​រដ្ឋមន្ដ្រី​ការបរទេស។ រីឯ ​អៀង ធីរិទ្ធ ​ដែល​ជា​ប្រពន្ធ​របស់​លោក អៀង សារី ​មិនត្រូវ​បាននាំ​យក​មក​កាត់ទោស​ទេ​ដោយសារ​បញ្ហា​សុខភាព។

ការផ្តល់​សក្ខីកម្ម​របស់​លោក​ សួង ស៊ីគឿន ​បាន​ឆ្លាស់​គ្នា​ជាមួយសាក្សី​ អុង ថុងហឿង ​ដែល​បាន​បញ្ចប់​ការ​ផ្តល់​សក្ខីកម្ម​របស់​ខ្លួន​នៅ​រសៀល​ថ្ងៃ​នេះ។

មុន​នឹង​បញ្ចប់​ការ​ផ្តល់​សក្ខីកម្ម​ លោក អុង ថុងហឿង ​បាន​និយាយ​ថា​ជន​ជាប់ចោទ​អៀង សារី ​បាន​តែងតាំង​លោក​ហោ ណាំហុង ​ឲ្យ​ធ្វើ​ជា​ប្រធាន​ ប៣២។ ប៣២ ដែល​ជា​ផ្នែក​មួយ​នៃ​គុកបឹង​ត្របែក៕
XS
SM
MD
LG