ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ថា សម្ព័ន្ធភាព​ជាមួយ​ហ្វីលីពីន​​នឹង​បន្ត ទោះ​ដូរ​រដ្ឋបាល​ថ្មី


រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បានជួប​ជាមួយ​រដ្ឋ​មន្ត្រីក្រសួងការពារជាតិ​លោក Gilberto Teodoro កាលពីថ្ងៃទី​១៨ វិច្ឆិកា ឆ្នាំ២០២៤។
រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បានជួប​ជាមួយ​រដ្ឋ​មន្ត្រីក្រសួងការពារជាតិ​លោក Gilberto Teodoro កាលពីថ្ងៃទី​១៨ វិច្ឆិកា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​ថ្កោលទោស​សកម្មភាព​ដ៏​គ្រោះថ្នាក់​របស់​ចិន​ប្រឆាំង​ហ្វីលីពីន ហើយ​បាន​បន្ត​ព្រមាន​ចិន​ថា​សហរដ្ឋ​អាមេរិក​នឹង​ការពារ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បើ​កងកម្លាំង​ហ្វីលីពីន ត្រូវ​បាន​វាយប្រហារប្រដាប់​អាវុធ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press។​

ពេល​ត្រូវ​បាន​សួរ​ថា​តើ​ការ​គាំទ្រ​យោធា​ដ៏​ខ្លាំង​របស់​អាមេរិក​នឹង​បន្ត​ក្នុង​អាណត្តិ​ប្រធានាធិបតី​លោក Donald Trump ទេ​រួម​ទាំង​ការ​ផ្ដល់​ថវិកា​ថ្មី​៥០០​លាន​ដុល្លារ​លើ​វិស័យ​យោធា​ផង​នោះ លោក Austin បាន​ថ្លែង​ក្នុង​ពេល​លោក​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត Palawan​ របស់​ហ្វីលីពីន​ថា​លោក​នឹង​មិន​និយាយ​ដោយ​ស្មាន​អំពី​សកម្មភាព​របស់​រដ្ឋបាល​ថ្មី​ទេ ប៉ុន្តែ​លោក​បាន​សម្ដែង​ជំនឿ​ថា​សម្ព័ន្ធ​ភាព​ដ៏​រឹងមាំ​រវាង​អាមេរិក​និង​ហ្វីលីពីន​«‍នឹងជម្នះ​ការ​ផ្លាស់ប្ដូរ​រដ្ឋបាល​ថ្មី»។​

លោក Austin ថ្លែង​ថា«‍យើង​ឈរ​ជាមួយ​ហ្វីលីពីន ហើយ​យើង​ថ្កោលទោស​សកម្មភាពដ៏​គ្រោះថ្នាក់​របស់​ចិន​ប្រឆាំង​ប្រតិបត្តិការ​ស្របច្បាប់​របស់​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង»។

លោក​បន្ថែម​ទៀត​ថា​«‍អាកប្បកិរិយា​របស់​ចិន​គួរ​ឱ្យបារម្ភ។ ចិន​ប្រើ​វិធានការ​គ្រោះថ្នាក់​និង​បង្កើន​ភាព​តានតឹង ដើម្បី​ទាមទារ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ដ៏​ទូលំទូលាយ​របស់​ខ្លួន»។

ចិន​ក៏​មាន​ជម្លោះ​អធិបតេយ្យ​ក្នុង​ពេល​ថ្មីៗ​នេះ ជាមួយ​ប្រទេស​ជាប់​ឆ្នេរ​សមុទ្រ​ផ្សេងទៀត​រួម​មាន​វៀតណាម ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី ដោយសារ​តែ​ផ្លូវ​សមុទ្រ​ដ៏​មាន​សារៈ​សំខាន់​ខាង​សន្តិសុខ​និង​ពាណិជ្ជកម្ម​សកលលោក។ ប្រទេស​ប៊្រុយណេ និង​កោះ​តៃវ៉ាន់ ក៏​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដ៏​យូរ​លង់​នេះ​ដែល​មិន​ទាន់​បាន​ដោះស្រាយ​ចប់​នៅ​ឡើយ។​

រដ្ឋបាល​លោក Biden ដែល​នឹង​ចេញ​ពី​តំណែង បាន​ចាត់​វិធានការ​ពង្រឹង​សម្ព័ន្ធភាព​យោធា​នៅ​ទូទាំង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដើម្បី​ទប់ទល់​នឹង​ចិន​ឱ្យកាន់​តែ​ប្រសើរ​ឡើង រួម​ទាំង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​ពេល​អនាគត​ដោយ​សារ​បញ្ហា​តៃវ៉ាន់​ឬ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ចិន​បាន​ទាមទារ​សិទ្ធិ​កាន់កាប់​ស្ទើរ​តែ​ទាំង​ស្រុង។​

វិធានការ​នេះ ស៊ី​គ្នា​នឹង​ចំណាត់ការ​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr. ក្នុង​ការ​ពង្រឹង​វិស័យ​ការពារ​ជាតិ​ពី​ខាង​ក្រៅ ដោយ​ធ្វើ​ឱ្យមាន​ការ​កើន​ឡើង​នូវ​ការ​ប្រឈមមុខ​គ្នា​ខាង​បូរណភាព​ទឹកដី​ដ៏​គួរ​ឱ្យបារម្ភ​រវាង​កងកម្លាំង​ចិន​និង​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

មាន​មន្ទិល​ដ៏​តានតឹង​ជុំវិញ​ថាតើ​លោក Trump នឹង​ដឹកនាំ​ពាក់ព័ន្ធ​នឹង​យោធា​របស់​អាមេរិក​នៅ​តំបន់​អាស៊ី​ដោយ​របៀបណា។

លោក Marcos បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ថា ​លោក​បាន​អបអរសាទរ​លោក Trump តាម​ទូរស័ព្ទ​ចំពោះ​ជ័យ​ជម្នះ​របស់​លោក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក និង​អះអាង​ជា​ថ្មី​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ហ្វីលីពីន​ក្នុង​ការ​បន្ត​ពង្រឹង​សម្ព័ន្ធ​ភាព​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក។​

លោក Marcos ថ្លែង​ថា«‍ខ្ញុំ​និយាយ​ប្រាប់​លោក​អំពី​បំណង​របស់​យើង​ក្នុង​ការ​បន្ត​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ ដែល​ជា​ទំនាក់ទំនង​ដែល​ជ្រាលជ្រៅ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ពី​ព្រោះ​ទំនាក់ទំនង​នេះ មាន​ជា​យូរយារ​មក​ហើយ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG