គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនឹងដាក់ឱ្យអនុវត្តសាកល្បងនូវកម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះតទៅ។
បើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលរៀបចំដោយក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន នេះត្រូវដាក់ឱ្យអនុវត្តសាកល្បងនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ និងដាក់ឱ្យអនុវត្តពេញលេញនៅថ្ងៃទី១ខែមករា ឆ្នាំ២០២៣តទៅ។
សេចក្តីជូនដំណឹងបញ្ជាក់ថា កម្មវិធីថ្មីនេះមានគោលបំណងបង្កើន «ប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា» ក៏ដូចជាបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និង«ធានាតម្លាភាពក្នុងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក»។
សេចក្តីជូនដំណឹងដដែលបានលើកឡើងទៀតថា សម្រាប់ការដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យត្រូវអនុវត្តដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ។ សម្រាប់ការបង់ប្រាក់ពិន័យ អាចបង់បាននៅតាមបញ្ជរ ឬភ្នាក់ងារទ្រូម៉ាន់នី ឬតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រុមហ៊ុនទ្រូម៉ាន់នី បន្ថែមលើការបង់ប្រាក់ដោយផ្ទាល់នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក។
កញ្ញា ប៉ិច ចាន់រតនា និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាលើកឡើងថា កញ្ញាគាំទ្រការបង្កើតកម្មវិធីដកពិន្ទុបណ្ណបើកបរនេះ។ ប៉ុន្តែកញ្ញាថា គួរតែមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់កម្រិតបានដឹង និងអនុវត្តនៅរាជធានីជាមុន មុននឹងអនុវត្តនៅតាមបណ្តាខេត្តនានា។
កញ្ញាបញ្ជាក់ថា៖ «មុនពេលដែលយើងដាក់អនុវត្តតេស្តក៏ដោយ ចាំបាច់គួរតែមានការធ្វើយុទ្ធនាការមួយ ឬក៏ការផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋគាត់ទទួលបានព័ត៌មានហ្នឹងសិន ចៀសវាងការដែលដល់ពេលអនុវត្តទៅប៉ះពាល់ដល់គាត់។ ជាក់ស្តែងអ្នកដែលត្រូវបានគេផាក ឬក៏ជួបប្រទះនូវបញ្ហាហ្នឹងបាត់ហើយបានគាត់ដឹង»។
អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិលោក ថី វិសាល សុំមិនធ្វើអត្ថាធិប្បាយ ដោយប្រាប់ឱ្យទៅសួរខាងក្រសួងសាធារណការ និងដឹកជញ្ជូន នៅពេលអ្នកយកព័ត៌មានឱ្យ VOA ព្យាយាមទាក់ទងសុំការពន្យល់បន្ថែមជុំវិញការដាក់សាកល្បងកម្មវិធីខាងលើ។
VOA ព្យាយាមសុំការអត្ថាធិប្បាយពីអ្នកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ប៉ុន្តែជំនួយការរបស់អ្នកស្រីមួយរូបដែលលើកទូរស័ព្ទបាននិយាយថា អ្នកស្រីកំពុងជាប់ប្រជុំ។
អ្នកជំនាញនិងអ្នកពិគ្រោះយោបល់លើបញ្ហាចរាចរណ៍ផ្លូវគោកលោក គង់ រតនៈ ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា លោកសាទរ ប្រសិនបើការដាក់ឱ្យអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកធ្វើឡើងប្រកបដោយតម្លាភាព។
ទោះយ៉ាងណាលោកថា ដើម្បីឱ្យការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះកាន់តែមានប្រសិទ្ធភាពថែមទៀតនោះ រដ្ឋាភិបាលគួរមានការផ្សព្វផ្សាយអំពីការអនុវត្តសាកល្បងកម្មវិធីដកពិន្ទុបណ្ណបើកបរឱ្យប្រជាពលរដ្ឋបានយល់ និងដឹងឱ្យយូរជាងនេះ មុននឹងមានការចេញសេចក្តីជូនដំណឹងអំពីកម្មវិធីដែលអ្នកបើកបរភាគច្រើនមិនទាន់បានដឹង។
លោកនិយាយថា៖ «ទី១ គឺខ្ញុំសូមឱ្យការអនុវត្តច្បាប់ហ្នឹងធ្វើឡើងឱ្យបានទូលំទូលាយ។ ប្រកាស ឬក៏ជម្រាប ផ្សព្វផ្សាយជូនដំណឹង ឱ្យដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ហ្នឹងឱ្យបានដឹង ឱ្យបានទូលាយសិន។ ហើយយើងធ្វើដូចរឿងកូវីដអ៊ីចឹងទៅក៏ល្អដែរ… អាច ថាជាសារជាសំឡេងតាមទូរស័ព្ទ ជា message [សារអក្សរ] ដើម្បីឱ្យពួកគាត់ដឹង ពីព្រោះកុំឱ្យដល់ចុងក្រោយ ពួកគាត់ថា ពួកគាត់អត់ដឹងផង។ វាមានប្រតិកម្ម....ដើម្បីចៀសវាងរឿងហ្នឹង»។
លោក គង់ រតនៈ បន្ថែមថា៖ «រឿងទី២ដែលសំខាន់ជាងគេហ្នឹង គឺការអនុវត្តច្បាប់។ សូមឱ្យធ្វើឡើងប្រកបដោយតម្លាភាព ហើយធ្វើទៅតាមបញ្ញត្តិច្បាប់ដែលមាន ពីព្រោះមន្រ្តីមួយចំនួនគាត់ព្យាយាមធ្វើបំភ័យដើម្បីឱ្យបានប្រយោជន៍ខាងក្រៅ ខ្លួនឯងទៀត។ ហើយកន្លងមកយើងធ្លាប់ជួបបញ្ហាហ្នឹង ប៉ុន្តែយើងឃើញថា សមត្ថកិច្ចគាត់ក៏បានព្យាយាមធ្វើឱ្យប្រសើរឡើងដែរ។ អ៊ីចឹងខ្ញុំនៅតែអំពាវនាវថា ចំណុចដែលយើងទាមទារឱ្យមានតម្លាភាព និងគណនេយ្យភាពហ្នឹងគឺជារឿងសំខាន់ ដែលប្រជាពលរដ្ឋគាត់ទទួលយក»។
យោងតាមរបាយការណ៍ស្ដីពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាដែលចេញផ្សាយដោយ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ក្នុងឆ្នាំ ២០១៩ នៅកម្ពុជាមានការបាត់បង់ជីវិតជាង ២.០០០ ករណី និងរងរបួសជិត ១៣.៧០០ករណីដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាមធ្យមមានមនុស្ស ៥,៤នាក់ បាត់បង់ជីវិត ជារៀងរាល់ថ្ងៃ។
របាយការណ៍ដដែលបន្ថែមថា កត្តាចំនួន៤ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នាំឲ្យមានការបាត់បង់ជីវិត គឺការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀនការបើកបរល្បឿនលឿន ការមិនគោរពច្បាប់ចរាចរណ៍ និងការប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ៕