ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បើកបរ​សម្រុក​ធ្វើ​ឯកសារ​ចាស់ៗ ​ដោយ​ភ័យខ្លាច​ការផាក​ពិន័យ​បទ​ល្មើស​ចរាចរណ៍


អ្នកបើកបរ​យាន​យន្ត​រាប់សិបនាក់​មក​សុំប្តូរ​ និង​ពន្យារ​បណ្ណ​បើកបរ​ នៅ​ផ្សារទំនើប​អ៊ីអន​១ ស្ថិត​តាម​បណ្តោយ​មហាវិថីសម្តេច​សុធារស​ ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​០១ ខែ​ឧសភា​ ឆ្នាំ​ ២០២០។ (ហ៊ុល រស្មី/VOA) ​​

ការិយាល័យ​រដ្ឋបាល​សំខាន់ៗ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ទទួល​បន្ទុក​ចេញ​ឯកសារ​ដើម្បី​បើកបរ​ត្រឹម​ត្រូវ​តាម​ច្បាប់​ បាន​បន្ត​កើន​ឡើង​នៃ​ចំនួន​អ្នក​បើកបរ​រថយន្ត​គ្រប់​ប្រភេទ ​និង​ម៉ូតូធំៗ​ ខណៈ​កម្លាំង​នគរបាល​កំពុង​រឹត​បន្តឹង​បទល្មើស​ចរាចរណ៍​ ដែល​មាន​ការ​ពិន័យ​កើន​ឡើង។

ប្រជា​ពលរដ្ឋ​បាន​សម្រុក​ទៅ​ស្នើ​សុំ​ធ្វើ​លិខិត​ស្នាម​ឡើង​វិញ​ពេល​ផុត​សុពល​ភាព ​និង​ប្តូរ​បណ្ណ​បើកបរ​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​អនុវត្ត​អនុក្រឹត្យ​ថ្មី​មួយ​ ដែល​អនុញ្ញាត​ឲ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន​ដ៏​ច្រើន ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។​

មន្រ្តី​អះអាង​ថា​ ការ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ច្រើន​ជាង​មុន​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃការ​រឹតបន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នៅ​ទូទាំង​ប្រទេស។

លោក ​អ៊ឹង ឆេងជា​ អាយុ​៣១​ឆ្នាំ​ ដែល​បាន​មក​ធ្វើ​វិញ្ញាបន​បត្រ​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​ ឬ​ហៅ​ថា​ឆៀក​ នៅ​ទីតាំង​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត​នៅ​ផ្លូវ​ជាតិ​ ៦A​ ខណ្ឌ​ជ្រោយ​ចង្វា​ ក្រុង​ភ្នំពេញ​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​រួសរាន់​មក​ធ្វើ​លិខិត​ឆៀក​ថ្មី​ ដើម្បី​បញ្ចៀស​ការ​ផាក​ពិន័យ​នេះ។​

«ផាក​ហ្នឹង​វា​ផាក​ច្រើន​ពេក​ បើ​ផាក​តិច​ ក៏​ខ្ញុំល្មមៗ​ក៏​ចេះ​ហី​ដែរ។ ខ្ញុំ​និយាយ​ត្រង់​។​ ដល់​ផាក​ច្រើន​ យើង​មើល​បើ​ផាក​មួយ​ថ្ងៃ​ម្តង​មួយ​ថ្ងៃ​ម្តង​ បាន​អស់​ច្រើន​ច្រើន​ ច្រើន»។​

រថយន្ត​តូច​ធំ​បាន​មក​ចត​បន្ត​កន្ទុយ​គ្នា​រង់​ចាំ​ការ​ត្រួត​ពិនិត្យ​ នៅ​ទីតាំង​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត​នៅ​ផ្លូវជាតិ ​៦A។​ អ្នក​រស់​នៅ​ក្បែរ​ទីតាំងត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត​នេះ​ បាន​និយាយ​ថា ចំនួន​អ្នក​ពិនិត្យ​រថយន្ត​នេះ​បាន​កើន​ឡើង​ បី​ថ្ងៃ​ជាប់ៗ​គ្នា​មក​ហើយ។​

អង្គុយ​ក្នុង​រថយន្ត​ដែល​បើក​កញ្ចក់​បង្អូច​នៅ​ខាង​ឆ្វេងដៃ កញ្ញា​ ឌី​ អាយុ​ ៣០ ​ឆ្នាំ ​មាន​ប្រសាសន៍​ថា​ ថ្លៃ​ផាក​ពិន័យ​អ្នក​បើក​បរ​ដែល​គ្មាន​ឆៀក​ត្រឹមត្រូវ​នេះ​ ពិតជា​មាន​ចំនួន​ច្រើន​។​

កញ្ញា ​ឌី​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពេញ​ ដោយ​បារម្ភ​ការ​និយាយ​ជាមួយ​អ្នក​សារ​ព័ត៌មាន​លើក​ឡើង​ថា​ ការ​ជូន​ដំណឹង​នេះ​ក៏​មាន​រយៈ​ពេល​ខ្លី​ ដែល​បង្ក​ការ​លំបាក​ដល់​អ្នក​ដែល​មាន​ឆៀក​ទើប​តែ​ផុត​សុពល​ភាព​ថ្មីៗ​នេះ។​

«យ៉ាង​តិច​ក៏​ជំរាប​មួយ​ខែ​មុន​ដែរ។ ​អ៊ីចឹង​ដល់​ពេល​អត់​ ​យើង​អត់​ធ្វើ​មួយ​ខែ​មុន​ ស្ថានភាព​គឺ​បែប​ហ្នឹង។​អ៊ីចឹង​ ដល់​ពេល​ហើយ​យើង​ខាត​ខាត​ពេល​ ខាតអី​ពិសេស​សម្រាប់​អ្នក​ ដែល​គាត់​មិន​មាន​ចេតនា​ចង់​បង្ហួស​អ៊ីចឹង»។​

បុរស​ម្នាក់​ដើរ​ចេញពីមណ្ឌល​ប្តូរ និងពន្យាបណ្ណបើកបរ នៅផ្សារទំនើប​អ៊ីអន​១ ទីក្រុងភ្នំពេញ​ ថ្ងៃទី០១ ខែ ឧសភា​ ឆ្នាំ​ ២០២០។ (ហ៊ុល រស្មី/VOA) ​
បុរស​ម្នាក់​ដើរ​ចេញពីមណ្ឌល​ប្តូរ និងពន្យាបណ្ណបើកបរ នៅផ្សារទំនើប​អ៊ីអន​១ ទីក្រុងភ្នំពេញ​ ថ្ងៃទី០១ ខែ ឧសភា​ ឆ្នាំ​ ២០២០។ (ហ៊ុល រស្មី/VOA) ​

អ្នក​បើកបរ​មួយ​ចំនួន​ទៀត ​ដែល​យក​រថយន្ត​មក​ពិនិត្យ​បច្ចេក​ទេស​ដែរ​ បាន​និយាយ​ថា ​រដ្ឋាភិបាល​មិន​គួរ​ចាប់​ផ្តើម​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ជាមួយ​ការ​ផាក​ពិន័យ​ធ្ងន់​ធ្ងរ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ ដែល​កំពុង​ធ្លាក់​ចុះ​ ដោយ​សារ​តែ​ការ​ឆ្លង​រីករាល​ដាល​នៃ​វីរុស​កូរ៉ូណា ​ដែល​បង្ក​ជា​ជំងឺ​កូវីដ១៩​ នេះ​ទេ។​

លោក ​ស៊ី ឌឿន ​អ្នក​រត់​រថយន្ត​តាក់​ស៊ី​មក​ពី​ខេត្ត​ព្រៃវែង ​បាន​និយាយ​ថា៖​

«លុយ​កាក់​ពិបាក​រក។​ ទីមួយ​ យើង​កើត​ជំងឺ។​ ឡាន​ ដូច​តាក់​ស៊ី​គ្នា​ មិន​សូវ​រត់​បាន​ម៉ូយ​ទេ។ ​ម៉ា​ពេល​ជំងឺ​កូរ៉ូណា​ហ្នឹង​ មិន​សូវ​មាន​មនុស្ស​ជិះ​ទេ។​ ហើយ​ឥឡូវ​មក​ផាក ​ដូច​ថា​ធ្ងន់​ធ្ងរ​ លុយ​ដល់​សុទ្ធ​តែ​មួយ​លាន​ជាង​អី​សុទ្ធតែ​អី​ហ្នុង​ វាពិបាក​ដែរ។​ ប្រជា​ពលរដ្ឋ​ខ្លះ​គ្នា​គ្មាន​ទេ​ រួច​ខ្លះ​ ឃើញ​ឡានៗ​ ប៉ុន្តែ​គ្នា​យក​លុយ​ធនាគារ​ទិញ​ទេ ​ហើយ​ត្រូវ​ការ​បង់​គេ​ដែរ​ ដល់​ពេល​ទារ​ច្រើន ​ខ្លះ​គ្នា​អត់​មាន​លុយ​មក​ធ្វើ​ពន្ធ​ធ្វើ​អី​ទៀត​ផង»។​

នៅ​ឯ​មណ្ឌល​ប្តូរ​ និងពន្យារ​បណ្ណ​បើកបរ​ ស្ថិត​ក្នុង​ផ្សារ​ទំនើប​ Aeon ​(អីអន)​ ទាំង​ពីរ​ក្នុង​រាជធានី​ភ្នំពេញ​ អ្នក​បើកបរ​យានយន្ត​បាន​ឈរ​ជាជួរៗ​រង់​ចាំ​ ចូល​ទៅ​ធ្វើ​ឯកសារ​ពាក់​ព័ន្ធ។​ អ្នក​មក​ប្តូរ​ ឬ​ពន្យារ​បណ្ណ​បើកបរ​យានយន្ត​មួយ​ចំនួន ​ដែល ​VOA ​បាន​សម្ភាស​និយាយ​ថា ​តម្លៃ​នៃ​ការ​ផាក​ពិន័យ​មាន​កម្រិត​ខ្ពស់។​

នាយ​ឧត្តម​សេនីយ៍​ ហ៊ឹម យ៉ាន​ អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការ​ផាក​ពិន័យ​ខ្ពស់​លើ​បទ​ល្មើស​ចរាចរណ៍​មិន​មែន​ធ្វើ​ឡើង​ ដើម្បី​ចង់​បាន​ចំណូល​ចូល​រដ្ឋ​ក្នុង​ពេល​ដែល​ប្រជា​ពលរដ្ឋ​កំពុង​ព្រួយ​បារម្ភ​នៃ​ការ​រីករាល​ដាល​វីរុស​កូរ៉ូណា​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ការ​រឹតបន្តឹង​នេះ​មិន​គិត​តែ​ចង់​បាន​ទៅ​លើ​ការ​យក​ប្រាក់​ពិន័យ​ពី​ប្រជា​ពលរដ្ឋ​ទេ។​ គោល​បំណង​ ខ្ញុំ​បាន​លើក​ឡើង​ខាង​ដើម​ គឺ​កាត់​បន្ថយ​គ្រោះ​ថ្នាក់»។​

លោក​បន្ថែម​ថា៖​ «អ៊ីចឹង​ការ​ខាត​បង់​របស់​គាត់​មិន​មាន​ទេ។ ប្រសិន​បើ​គាត់​គោរព​ច្បាប់​មិន​មាន​ការ​ខាត​បង់​អ្វី​ទាំងអស់។​ អ៊ីចឹង​គឺ​ថា​គាត់​មាន​តែ​ផល​ចំណេញ​មក​វិញ​ បើ​គាត់​ខិត​ខំ​ពាក់​មួក​ ខិតខំ​បើក​បរ​ត្រឹមត្រូវ​គោរព​សញ្ញា​ចរាចរណ៍»។​

យានយន្ត​គ្រប់ប្រភេទ​រង់ចាំជាជួរ នៅ​ទីកន្លែង​ត្រួតពិនិត្យ​បច្ចេក​ទេស​យានយន្ត​ ផ្លូវ​ជាតិ​៦A ក្នុង​ខណ្ឌជ្រោយ​ចង្វា ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/VOA)
យានយន្ត​គ្រប់ប្រភេទ​រង់ចាំជាជួរ នៅ​ទីកន្លែង​ត្រួតពិនិត្យ​បច្ចេក​ទេស​យានយន្ត​ ផ្លូវ​ជាតិ​៦A ក្នុង​ខណ្ឌជ្រោយ​ចង្វា ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/VOA)

អនុក្រឹត្យ​លេខ ​៣៩ ​របស់​ក្រសួង​មហា​ផ្ទៃ​ចុះ​ថ្ងៃ​ទី ​១៧ ​ខែ​មីនា ​ឲ្យ​ដឹង​ថា​ សម្រាប់​រថយន្ត​ដែល​មិន​បាន​ទទួល​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​ ១៥០.០០០​ រៀល​ ចំពោះ​យាន​យន្ត​ធន់​ស្រាល ​និង​ ៣៧៥.០០០ រៀល​ចំពោះ​យានយន្ត​ធុន​ធ្ងន់។​ ចំពោះ​អ្នក​បើក​បរ​យាន​យន្ត​ដោយ​គ្មាន​បណ្ណ​សម្គាល់​យាន​ជំនិះ និង​/ឬ​ក៏​គ្មាន​ស្លាក​លេខ​ ត្រូវ​ពិន័យ​ទឹក​ប្រាក់​ ១​លាន ២​សែន​រៀល​ សម្រាប់​យានយន្ត​ធុន​ស្រាល​ និង​ ២​លាន​៤​សែនរៀល​ សម្រាប់​យានយន្ត​ធុន​ធ្ងន់។

ជាង​នេះ​ទៅទៀត​ ការ​បើក​បរ​យាន​យន្ត​ស្ថិត​ក្នុង​ភាព​ស្រវឹង​ ត្រូវ​ពិន័យ​ចាប់​ពី​ ៤សែន​រៀលអាស្រ័យ​លើ​កម្រិត​នៃ​ជាតិ​ស្រវឹង។​

លោក​ គង់ រតនៈ ​ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ ប្រាប់​ VOA ​នៅថ្ងៃ​សុក្រ​នេះ​ថា​ ការ​ផាក​ពិន័យ​នេះ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​ ដើម្បី​ការពារ​សុវត្ថិភាព​បើកបរ​របស់​ប្រជា​ពលរដ្ឋ។​

«គ្រោះ​ថ្នាក់​ចរាចរណ៍​ហ្នឹង​មិនមែន​បណ្តាល​មក​ពី​តែ​មនុស្ស​ ឬ​ក៏​បណ្តាល​មក​ពី​តែ​រឿង​ផ្លូវ​ច្បាប់​ហ្នឹង​ទេ ​គឺ​វា​មាន​ផ្លូវ​ថ្នល់​ក៏រួម​ចំណែក​ដែរ។​ អ៊ីចឹង​យើង​ក៏​បាន​សំណូម​ពរ​ថា ​សុំ​ឲ្យមាន​ធ្វើ​ការ​ងារ​ហ្នឹង​នៅ​ក្នុង​ចរន្ត​បី​ទីមួយ​ គឺទាក់​ទង​ជាមួយ​នឹង​ការ​អប់រំ​ផ្សព្វផ្សាយ ​ទីពីរ​ការ​រឹត​បន្តឹង​ច្បាប់​ ហើយ​និង​ទី​បី​ហ្នឹង​ គឺ​ការ​ធ្វើ​វិស្វកម្ម​ ឬ​ក៏​កែ​លម្អ​ផ្លូវ​ថ្នល់​ថា ​តើ​ផ្លូវ​ថ្នល់​របស់​យើង​ហ្នឹង​ឯង​ជា​ផ្លូវ​ថ្នល់​ដែល​មាន​ផ្លាក​សញ្ញា​គំនូស​សញ្ញា​ ឬ​ក៏​បរិស្ថាន​បំពាក់​គ្រប់​គ្រាន់​ហើយ​ឬ​នៅ​ ហើយ​អាហ្នឹង​ហើយ​ គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ចូល​រួម​ដោះស្រាយ​ជាមួយ​គ្នា»។​

យោង​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​នោះ​ គិត​ចាប់​ពី​ថ្ងៃ ​២៣​ ដល់ ​២៩ ​ខែ​មេសា យាន​យន្ត​ទូទាំង​ប្រទេស​ដែល​បាន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​មាន​ចំនួន ​១២.៧៥៧​ គ្រឿង។​ ក្នុង​នោះ​ចំនួន​នៃ​ការ​មក​ទទួល​សេវា ​មាន​ការ​កើន​ឡើង​ខ្ពស់​រហូត​ដល់​ ៤.១១៦​ គ្រឿង​ក្នុង​មួយ​ថ្ងៃ​ នៅ​ថ្ងៃ​ទី ២៩​ ខែ​មេសា។ ​ក្រសួង​បាន​ឲ្យ​ដឹង​ថា​ រហូត​មក​ដល់​ថ្ងៃទី ​១​ ខែ​ឧសភា​នេះ​ ចំនួន​យាន​យន្ត​ដែល​ចូល​ត្រួត​ពិនិត្យ​បច្ចេកទេស​តែ​នៅ​បន្ត​កើន​ឡើង៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG