ការរឹតបន្តឹងច្បាប់ចរាចរណ៍ដោយមានការផាកពិន័យធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក កំពុងបង្កឲ្យមានការអាក់អន់ចិត្តពីអ្នកបើកបរ និងបង្កឲ្យមានការតវ៉ាជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១ខែឧសភា។
នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការចែករំលែកព័ត៌មាន រូបភាព និងវីដេអូ ដែលបង្ហាញពីអ្នកបើកបរមួយចំនួនត្រូវបានប៉ូលិសចរាចរណ៍ចាប់វាយខ្នោះដៃ ដោយមានសេចក្តីរាយការណ៍ថា ពួកគេមិនមានលុយបង់ប្រាក់ផាកពិន័យ។ អ្នកខ្លះទៀតត្រូវបង្ខំចិត្តសម្រាកនៅប៉ុស្តិ៍នគរបាល ដោយសារគ្មានលុយបង់ប្រាក់ផាកពិន័យ។
លោក នុត បូពិនណារ័ត្ន អ្នកសម្របសម្រួលរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តស្វាយរៀង បានប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ក្នុងខេត្តស្វាយរៀងមានករណីដែលអធិការរងស្រុកមួយរូប គឺលោក សួគ៌ ធី បានបញ្ជាឲ្យមន្ត្រីនគរបាលចរាចរណ៍ចាប់វាយខ្នោះអ្នកបើកបររ៉ឺម៉ក៣នាក់លើកំណាត់ផ្លូវមួយក្នុងឃុំព្រៃគគីរ ស្រុកចន្ទ្រា នៅពេលដែលម្ចាស់រ៉ឺម៉កទាំងនោះ មិនមានលទ្ធភាពបង់ប្រាក់ផាកពិន័យនៅហ្នឹងកន្លែង។ អ្នកបើកបរត្រូវបង់១២ម៉ឺនរៀលក្នុងម្នាក់ៗ ដោយសារមិនមានបណ្ណបើកបរ។ នេះបើយោងតាមលោក នុត បូពិនណារ័ត្ន។
មន្ត្រីសិទ្ធិមនុស្សរូបនេះចាត់ទុកថាសកម្មភាពវាយខ្នោះនេះជាការរំលោភសិទ្ធិ ហើយជាសកម្មភាពដែលគ្មានការយោគយល់គ្នាទៅវិញទៅមក។
«យើងមើលទៅរូបភាពដែលគេថតបាន យើងមើលទៅវាឃោរឃៅណាស់ សាហាវពេក ដូចជាគាត់ហ្នឹងប្រព្រឹត្តបទល្មើសឧក្រិដ្ឋណាមួយ ដែលធ្វើយើងធ្វើទៅលើមនុស្សដែលជាប់បទឧក្រិដ្ឋសម្លាប់មនុស្សអ៊ីចឹង។ យើងឃើញប៉ូលិសធ្វើហ្នឹងណា៎បាទ»។
ក្នុងឃ្លីបវីដេអូខ្លីមួយមានរយៈពេលជាង៣នាទីដែលគេថតបាននិងចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុកកម្លាំងសមត្ថកិច្ច៥នាក់បានចាប់វាយខ្នោះដៃបុរសម្នាក់ ដែលជាអ្នកបើករ៉ឺម៉កលក់ពូក រួចរុញចូលរថយន្តតូចមួយ ដែលចតនៅក្បែរកន្លែងចាប់អ្នកប្រព្រឹត្តបទល្មើសចរាចរណ៍។
លោក នុត បូពិនណារ័ត្ន ឲ្យដឹងបន្តថា បន្ទាប់ពីមានការតវ៉ារបស់ប្រជាជនក្នុងឃុំព្រៃគគីរ ដោយការបិទផ្លូវនោះ អ្នកបើកបររ៉ឺម៉កទាំង៣ដែលរងការចោទថា គ្មានបណ្ណបើកបរ ត្រូវបានដោះលែងពីអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ហើយលោក សួគ៌ ធី អធិការរងត្រូវថ្នាក់លើដាក់វិន័យ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់VOAថាលោក សួគ៌ ធី ត្រូវបានព្យួរការងារមួយរយៈ ដើម្បីទទួលការអប់រំ និងពង្រឹងសីលធម៌ក្នុងការបំពេញតួនាទីជាមន្ត្រីអនុវត្តច្បាប់។
«ពាក់ព័ន្ធនឹងសីលធម៌នេះសំខាន់ណាស់។ អ៊ីចឹង យើងឲ្យគាត់សុំទោសជាសាធារណៈទៅប្រជាពលរដ្ឋចំពោះប្រជាពលរដ្ឋទីមួយ។ ទីពីរ យើងដកគាត់មកអប់រំ រៀនសូត្រឡើងវិញ បាទ មកដាក់ឲ្យនៅមួយកន្លែង បញ្ឈរជើង»។
លោកបន្តថា មន្ត្រីប៉ូលិសចរាចរណ៍ដទៃទៀតកំពុងដាក់ឲ្យទទួលការអប់រំខាងសីលធម៌និងកែលម្អអាកប្បករិយា នៅពេលចេញទៅអនុវត្តច្បាប់។
បើតាមអនុក្រឹត្យលេខ៣៩របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១៧ ខែមីនា អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រីចក្រយានយន្តសណ្តោងរ៉ឺម៉ក និងម៉ូតូកង់បួន ត្រូវបង់ប្រាក់ពិន័យទៅតាមប្រភេទល្មើសមួយចំនួន។ ពួកគេត្រូវបង់៦ម៉ឺនរៀលសម្រាប់ការមិនពាក់មួកសុវត្ថិភាព បង់១០ម៉ឺនរៀលសម្រាប់ការមិនគោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍ និងបង់១២ម៉ឺនរៀល បើយានជំនិះរបស់ពួកគេគ្មានស្លាកលេខ។
ក្រៅពីករណីឃាត់ខ្លួនអ្នកបើកបររ៉ឺម៉ក ដើម្បីផាកពិន័យនៅខេត្តស្វាយរៀង អ្នកបើកបរម៉ូតូមួយចំនួនដែលមានជីវភាពខ្សត់ខ្សោយ បានត្អូញត្អែរពីការផាកពិន័យ ដែលពួកគេមិនអាចរកប្រាក់មកបង់ជូនភា្លមៗ។
អ្នកបើកបរម៉ូតូចាស់ៗខ្លះបានសម្រេចលក់ម៉ូតូដែលរងការផាកពិន័យសម្រាប់ការប្រើប្រាស់ម៉ូតូដោយគ្មានស្លាកលេខនិងមិនដាក់កញ្ចក់ជាដើម។ ចំណែកខ្លះទៀតមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីប៉ុស្តិ៍ប៉ូលិស នៅពេលមិនមានលុយគ្រប់គ្រាន់សម្រាប់បង់ការផាកពិន័យចំពោះការបើកបរគ្មានពាក់មួកសុវត្ថិភាពជាដើម។ ករណីទាំងនេះ ត្រូវបានគេរាយការណ៍ថា កើតមានឡើងនៅខេត្តរតនគិរី និងខេត្តសៀមរាប។
មន្ត្រីនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន មានប្រសាសន៍ថា លោកមិនទាន់ជឿសេចក្តីរាយការណ៍ខាងលើនេះទេ ដោយលោកសុំពេលសា្រវជ្រាវបន្ថែម។
«ខ្ញុំអត់ទាន់ទទួលយក១០០ភាគរយទេ ណ៎ា!សិក្សាសិន ស្រាវជ្រាវសិន។...វាអ៊ីចេះព័ត៌មានបែបនេះ វាចង់ជាព័ត៌មានមួយដែលមានការកេងចំណេញរឿងហ្នឹង លើការអនុវត្តច្បាប់របស់របស់សមត្ថកិច្ច»។
ទោះយ៉ាងណា លោកបន្តថា កាលពីថ្ងៃអាទិត្យ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានចេញបញ្ជាថ្មីមួយឲ្យមានការបង់ថ្លៃផាកពិន័យតាមរយៈវិក្ក័យបត្រ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នារវាងអ្នកបើកបរនិងនគរបាលចរាចរណ៍នៅកន្លែងត្រួតពិនិត្យ។
«កុំឲ្យថា ចេះតែលេចឮថា អ្ហូ៎អត់លុយប៉ូលិស អត់ឲ្យទៅអ៊ីចឹងណា៎។ ឥឡូវប៉ូលិសអត់យកលុយគាត់នៅកន្លែងត្រួតពិនិត្យទេ។ ត្រួតពិនិត្យគាត់ឃើញកំហុស ណែនាំគាត់ហើយ សរសេររ៉ឺហ្សុយ[វិក្កយបត្រ]ឲ្យគាត់យកលុយទៅបង់នៅប៉ុស្តិ៍ដែលគេកំណត់តាមភូមិសាស្ត្រជាក់ស្តែងណា៎ ព្រោះជួនកាលកន្លែងបង់លុយអាចនៅអធិការខណ្ឌ ក្រុង ស្រុក ខណ្ឌ ឬប៉ុស្តិ៍នគរបាលដែលនៅជិត»។
បើតាមការបញ្ជាក់របស់លោក ឆាយ គឹមខឿន យានយន្តប្រមាណ៨ពាន់គ្រឿងទទួលការពិន័យ ក្នុងនោះមានម៉ូតូជាង៦ពាន់គ្រឿង និងរថយន្តជិត២ពាន់គ្រឿង។ លោកកត់សម្គាល់ថា បទល្មើសភាគច្រើនគឺការបើកបរដោយគ្មានពាក់មួកសុវត្ថិភាព និងការបំពានស្លាកសញ្ញាចរាចរណ៍។ ចំពោះអ្នកបើកបររថយន្ត បទល្មើសដែលបង្កឡើងច្រើនជាងគេគឺមិនពាក់ខ្សែក្រវាត់។ ក្រៅពីនោះ គឺការប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ ការបើកបរហួសល្បឿនកំណត់ និងការដឹកជញ្ជូនលើសចំណុះ។ លោកបន្តថា ករណីបើកបរក្រោមស្ថានភាពស្រវឹង បានថយចុះគួរឲ្យកត់សម្គាល់។
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រាប់VOAថា ទោះបីមានការប្រកែកគ្នារវាងអ្នកបើកបរ និងប៉ូលិសចរាចរណ៍នៅដំណាក់កាលដំបូងនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ លោកលើកទឹកចិត្តឲ្យមានការរឹតបន្តឹងបន្តទៀត។ លោកជឿថាជាបណ្តើរៗ អ្នកបើកបរនឹងបង្កើនការប្រុងប្រយ័ត្នដោយខ្លួនឯង ព្រោះពួកគេមិនចង់ទទួលការផាកពិន័យពីប៉ូលិសចរាចរណ៍នោះទេ។
«ខ្ញុំលើកទឹកចិត្តថា យើងធ្វើបន្ត ហើយទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នាស្តាប់គ្នាទៅវិញទៅមក អំពីហេតុផល ពីព្រោះគោលបំណងនៃការអនុវត្តច្បាប់ហ្នឹង គឺដើម្បីឲ្យប្រសើរឡើងនូវស្ថានភាពចរាចរណ៍ទាំងអស់គ្នាបាទ»។
អ្នកជំនាញខាងចរាចរណ៍រូបនេះបានផ្តល់ការកត់សម្គាល់អំពីការថយចុះនៃចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។ លោកថា មានមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់ក្នុងមួយថ្ងៃក្នុងគ្រោះថ្នាក់ចរាចរណ៍នៅមុនពេលរឹតបន្តឹងច្បាប់ចរាចរណ៍ ប៉ុន្តែអ្នកស្លាប់ថយមកត្រឹមតែពីរបីនាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។
គ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១៩ បណ្តាលឲ្យមនុស្សស្លាប់ជិត២ពាន់នាក់ ដែលកើនឡើងជាង២០០នាក់ ឬស្មើនឹងជិត១៣ភាគរយ បើធៀបនឹងតួលេខឆ្នាំ២០១៨៕