ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់អង្គការសហប្រជាជាតិជំរុញឲ្យកម្ពុជាផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីពលករទេសន្តរប្រវេសន៍ដើម្បីលើកកម្ពស់ការការពារពួកគេ។
លោកជេមស៍ ហ៊ីណិន (James Heenan) តំណាងស្តីទីនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាមានប្រសាសន៍នៅក្នុងវេទិកាសភាស្តីពីការលើកកម្ពស់ និងកិច្ចការពារសិទ្ធិពលករទេសន្តរប្រវេសន៍ក្នុងទីក្រុងភ្នំពេញនៅថ្ងៃចន្ទនេះថា រដ្ឋសភាកម្ពុជាមានផលប្រយោជន៍ការពារពលកររបស់ខ្លួនដែលទៅធ្វើការនៅក្រៅប្រទេសតាមរយៈការផ្តល់សច្ចាប័ននេះ។
«កម្ពុជាគួរតែផ្តល់សច្ចាប័នសន្ធិសញ្ញានេះ ហើយយើងគិតថាដោយយោងទៅលើភាពជាក់ស្តែងដែលថាពលករចំណាកស្រុកកម្ពុជាទទួលរងការរំលោភជាញឺកញាប់ វាអាចជាគំនិតល្អមួយសម្រាប់កម្ពុជាក្នុងការផ្តល់សច្ចាប័នដល់អនុសញ្ញានេះជាមួយនឹងប្រទេសដែលទទួលពលករពីកម្ពុជាក្នុងសហគមអាស៊ាន»។
លោកជេមស៍ ហ៊ីណិន មានប្រសាន៍នៅចំពោះមុខតំណាងរាស្ដ្រ មន្ដ្រីរដ្ឋាភិបាល តំណាងអង្គការសង្គមស៊ីវិល និងអង្គការជាតិ និងអន្តរជាតិសរុបប្រមាណ១៥០នាក់។ លោកបញ្ជាក់ថាអនុសញ្ញានេះអាចកាត់បន្ថយហានិភ័យដល់ពលករខ្មែរ។
«មានកាតព្វកិច្ចមួយចំនួនក្នុងអនុសញ្ញានេះដែលចែងច្បាស់ថា មុននឹងពលករចាកចេញទៅធ្វើការនៅក្រៅប្រទេសពួកគេត្រូវតែមានអ្វីៗចាំបាច់ដូចជាព័ត៌មានដែលពួកគេត្រូវទាក់ទងផ្នែកទំនាក់ទំនង ដើម្បីកាត់បន្ថយហានិភ័យនៃការរំលោភបំពានផ្សេងៗ»។
លោកអ៊ុក ដាំរី សមាជិកគណកម្មការនីតិកម្មរបស់រដ្ឋសភាដែលមានវត្តមានក្នុងវេទិកានោះបានស្វាគមន៍ការផ្តល់យោបល់នានាប៉ុន្តែបញ្ជាក់លោកថា វាត្រូវការពេលវេលា។
«យើងមិនអាចធ្វើឲ្យមានសុខដុមរមនាយកម្មមួយភ្លាមតាមសំណើ តាមចំណង់របស់យើងទេ»។
កម្ពុជាមានពលករកំពុងធ្វើការស្របច្បាប់នៅក្រៅប្រទេសប្រមាណជា១២៤.៨៩០នាក់នៅប្រទេសម៉ាឡេស៊ី ថៃ កូរ៉េខាងត្បូងនិងជប៉ុន។ ក៏ប៉ុន្តែនៅមានពលករចំណាកស្រុកខុសច្បាប់ជាច្រើនម៉ឺននាក់ទៀតកំពុងធ្វើការនៅប្រទេសជិតខាងដូចជាប្រទេសថៃនិងម៉ាឡេស៊ីជាដើមដែលមិនត្រូវបានស្រង់តួលេខ។
តាមតួលេខផ្លូវការរបស់រដ្ឋាភិបាល ពលករទេសន្តរប្រវេសន៍ស្របច្បាប់កម្ពុជាបាននាំមកនូវចំណូលប្រមាណជា២០០លានដុល្លារដល់គ្រួសាររបស់ពួកគេក្នុងមួយឆ្នាំ។ ក៏ប៉ុន្តែមានបញ្ហាប្រឈមជាច្រើនត្រូវបានលើកឡើង។
លោកឌូក្លាស ប្រដឌឺរិក អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិនៅកម្ពុជាបានលើកឧទាហរណ៍ស្ត្រីវ័យ១៨ឆ្នាំ និង២០ឆ្នាំពីរនាក់នៅខេត្តតាកែវដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ីហើយបានទទួលវាយរងការវាយដោយឆ្នាំងអ៊ុតខោអាវកំពុងពេញកំដៅ និងមិនបានទទួលប្រាក់ខែបន្ទាប់ពីធ្វើការអស់រយៈពេលពីរឆ្នាំ។
លោកហេង សំរិន ប្រធានរដ្ឋសភាទទួលស្គាល់ថា ពលករចំណាកស្រុកកម្ពុជាខុសច្បាប់បានទទួលរងនូវការការជួញដូរមនុស្ស ការជួញដូរផ្លូវភេទ និងការរំលោភផ្លូវភេទសម្រាប់ស្ត្រីបម្រើការតាមផ្ទះនៅក្រៅប្រទេសជាដើម។ លោក ហេង សំរិន ក៏បានជំរុញផងដែរឲ្យមានការការពារប្រជាពលរដ្ឋកម្ពុជាចំណាកស្រុកទាំងនោះ៕