ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​កម្ពុជា​ប្រតិកម្ម​តប​នឹង​របាយការណ៍​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ

  • គង់ សុឋានរិទ្ធ

លោក សូរីយ៉ា ប្រាសាទ ស៊ូបេឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​
ភ្នំពេញ៖ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​អធិប្បាយ​យ៉ាង​ប្រ​យត្ន​ប្រយ៉ែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​អំពី​សា្ថនភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បន្ទាប់​ពី​អ្នក​រាយការណ៍​ពិសេស​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​បង្ហាញ​របាយការណ៍​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​ដែល​ទាក់ទាញ​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ​យ៉ាងខ្លាំង។
លោក សូរីយ៉ា ប្រាសាទ ស៊ូបេឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បង្ហាញ​របាយការណ៍​របស់ខ្លួន​ជូន​កិច្ចប្រជុំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្ស៊ឺ​ណែវ កាលពី​ថ្ងៃ​អង្គារ។

របាយការណ៍​អំពី​ផលប៉ះពាល់​នៃ​ច្បាប់​បោះឆ្នោត​លើ​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ និង​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច បាន​រារាំង​កិច្ចអភិវឌ្ឍ​ជា​ជាង​ជួយ​ដល់​កិច្ច​អភិវឌ្ឍ​ហើយ​ការ​ផ្តល់​ដី​សម្បទាន​នេះ​បាន​កកេរស្ថិរភាព​របស់​ប្រទេស។ ក្នុង​នោះ​មន្ដ្រី​អង្គការ​សហប្រជាជាតិ​ស្នើ​ថា​គួរ​មាន​នយោបាយ​ច្បាស់លាស់ និង​ប្រកប​ដោយ​ការ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ជាពិសេស​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច។
លោក​ឱម យិនទៀង ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្នុង​ស​ន្និសីទ​ស្តីពី​អំពើ​ពុក​រលួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ដោយ​មិន​ទទួល​ស្គាល់​ចំៗ​ពេក​ពី​ផល​អវិជ្ជមាន​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស ប៉ុន្តែ​លោក​ក៏​មិន​ទទួល​ស្គាល់​របាយការណ៍​ដែល​មាន​ចំណុច​មិន​ល្អ​ជាច្រើន​របស់​លោក ស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី ដែរ។
«បើ​ខ្ញុំ​និយាយ​ថា សភាពការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ល្អ​ហើយក៏​ដូចជា​មិន​ត្រឹមត្រូវ​ប៉ុន្មាន។ ឯ​លោក សូរីយ៉ា ស៊ូបេ​ឌី ធ្វើ​របាយការណ៍​អញ្ចឹង​ក៏​មិនល្អ​ប៉ុន្មាន​ដែរ»។
សេចក្ដី​អត្ថាធិប្បាយ​ដោយ​ប្រុង​ប្រ​យ​ត្ន​របស់​លោក​ឱម យិនទៀង ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ប្រតិកម្ម​ចម្រុះ​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។
យោងតាម​ព័ត៌មាន​ផ្លូវការ​ក្នុង​គេហទំព័រ​របស់​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹងថា ប្រទេស​ជប៉ុន​បាន​គូស​បញ្ជាក់​ពី​ការ​ព្រួយបារម្ភ​របស់​ខ្លួន​ស្តីពី​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទាក់ទង​នឹង​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ហើយ​ជំរុញ​ឲ្យ​កម្ពុជា​ទប់​ស្កាត់​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​បង្ខំ។ ជប៉ុន​បាន​បញ្ជាក់​ដែរ​ថា ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​គឺ​ជា​សរសរ​គ្រឺះ​នៃ​លទ្ធិប្រជាធិបតេយ្យ។ ដំណាល​គ្នា​នេះ សហគមន៍​អឺរ៉ុប​ក៏​បាន​អំពាវនាវ​ឲ្យ​កម្ពុជា​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធានា​ដល់​បរិយាកាស​នយោបាយសេរី​ដែល​នឹង​ផ្តល់​អំណោយផល​ដល់​ការបោះឆ្នោត​មួយ​ត្រឹមត្រូវ។
ថ្លែង​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​លោក សូ​រី​យ៉ា ប្រាសាទ ស៊ូ​បេ​ឌី យល់ថា​មិន​មាន​អ្វី​មើល​ឃើញ​ឲ្យ​ច្បាស់​ថា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ផ្តល់​ផល​ចំណេញ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នោះ។
លោក​ឱម យិនទៀង បាន​និយាយ​នៅ​ថ្ងៃនេះ​ដែរ​ថា លោក​ស៊ូ​បេ​ឌី ធ្វើការ​កៀប​សង្កត់តុលាការ​ខ្មែរ ហើយ​របាយការណ៍​រប​ស់លោក​ស៊ូ​បេ​ឌី មាន​លក្ខណៈ​ជាការ​ឃោសនា​បោះឆ្នោត៕
XS
SM
MD
LG