ក្រសួងការបរទេសសរអានិយាយថាប្រទេសកម្ពុជាស្ថិតក្នុងប្រទេសប្រឹងប្រែងទប់ស្កាត់ អំពើជួញដូរ មនុស្ស បើទោះបីជាមិនបានទប់ស្កាត់ឲ្យបានប្រាកដប្រជាក្តី។ នៅក្នុងកំណត់ត្រាប្រចាំឆ្នាំរបស់ក្រសួង ការបរទេសសរអាស្តីពីការជួញដូរមនុស្សក្នុងពិភពលោកដែលប្រកាសដោយលោកស្រី ហ៊ីលឡារី គ្លីនតុន បានដាក់ប្រទេសកម្ពុជាក្នុងលំដាប់ទី២ ឬ Tier 2 ដូចឆ្នាំ២០១១ដែរ។
«រដ្ឋាភិបាលកម្ពុជាមិនបានអនុវត្តពេញលេញនូវបទដ្ឋានកម្រិតអប្បបរមាដើម្បីលុបបំបាត់ការជួញដូរ ទេ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើកិច្ចការ»។
របាយការណ៍ដដែលនិយាយដូច្នេះបានលើកយកការផ្តន្ទាទោសជនជាប់ចោទ២០នាក់ដោយធ្លាក់ចុះពីចំនួន៣៦នាក់កាលពីឆ្នាំទៅ។
របាយការណ៍ដដែលបាននិយាយថាកម្ពុជាជាប្រភព កន្លែងឆ្លងកាត់និងជាប្រទេសគោលដៅសម្រាប់ការជួញដូរស្រ្តី បុរស កុមារ និងក្មេងៗសម្រាប់ធ្វើពលកម្ម និង ជួញដូរផ្លូវភេទ។
ហើយអំពើពុករលួយ គ្រប់ជាន់ថ្នាក់ធ្វើឲ្យរាំងស្ទះដល់ការទប់ស្កាត់អំពើជួញដូរមនុស្ស។
រដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អា លោកស្រីគ្លីនតុន ក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានប្រគល់ ពានរង្វាន់ «វីរជនផ្នែកជួញដូរមនុស្ស» ដល់ជនរងគ្រោះកម្ពុជាម្នាក់គឺលោក ព្រំ វណ្ណៈអានន្ទដែលប្រឹងប្រែងធ្វើឲ្យ មានការផ្លាស់ប្តូរផ្នែកជួញដូរមនុស្ស។
ថ្លែងប្រាប់វីអូអេក្នុងបទសម្ភាសជាពិសេសក្នុងក្រសួងការបរទេសនៅថ្ងៃអង្គារ ប៉ុន្មានម៉ោងនេះលោក ព្រំ វណ្ណៈអានន្ទបានអះអាងថា៖
«ខ្ញុំមានកិត្តិយសសម្រាប់ខ្ញុំដែលបានមកទទួលរង្វាន់នេះ។ នេះជាការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដែលខ្ញុំ មិនធ្លាប់ជួបប្រទះ ហើយនឹកស្មានដល់ »។
លោកអានន្ទបានគេចខ្លួចរួចពីទាសភាពក្នុងទូកនេសាទក្នុងប្រទេស ម៉ាឡេស៊ី និងគូររូបភាពនៃអំពើជួញដូរធ្វើទារុណកម្មផងដែរ។ លោកត្រូវគេនាំយកទៅលក់ ដើម្បីបម្រើការងារខាងផ្នែកពលកម្មជាង៣ឆ្នាំតាមច្រកម៉ាឡៃ ទៅកាន់ប្រទេសថៃរួចទៅប្រទេសម៉ាឡេស៊ីចាប់តាំងពីឆ្នាំ២០០៦។
មានពលរដ្ឋខ្មែររាប់ម៉ឺននាក់ត្រូវគេដឹងថាបានធ្លាក់ចូលទៅក្នុងទាសភាពបែបទំនើប ហើយត្រូវថៅកែ អ្នកជួញដូរធ្វើបាប ធ្វើទារុណកម្មគ្រប់បែបយ៉ាង៕