ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​ទាមទារ​ឲ្យ​ដាក់​បញ្ចូល​អនុសាសន៍​របស់​ខ្លួន​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​សហជីព


រូប​ឯកសារ៖ កិច្ច​ប្រជុំ​លើក​ទី​៣​របស់គណៈកម្មការ​ចំពោះកិច្ច​​អំពី​សេចក្តីព្រាង​ច្បាប់​ស្តីពី​ច្បាប់សហជីព​​នៅឯ​រដ្ឋ​សភា​ កាល​ពីថ្ងៃ​ទី​១៩​ ខែ​មករា ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/ VOA)
រូប​ឯកសារ៖ កិច្ច​ប្រជុំ​លើក​ទី​៣​របស់គណៈកម្មការ​ចំពោះកិច្ច​​អំពី​សេចក្តីព្រាង​ច្បាប់​ស្តីពី​ច្បាប់សហជីព​​នៅឯ​រដ្ឋ​សភា​ កាល​ពីថ្ងៃ​ទី​១៩​ ខែ​មករា ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/ VOA)

សេចក្ដី​ព្រាង​ច្បាប់​សហជីព​​ត្រូវ​បាន​រៀបចំ​កែប្រែ​ជា​ថ្មី​ ដោយ​គណៈកម្មាធិការ​ចំពោះ​កិច្ច​នៃ​រដ្ឋ​សភា​​មក​ពី​​គណ​បក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ ​កាលពី​ពាក់​កណ្ដាល​ខែ​មករា។

ទោះ​បី​ជា​សេចក្ដី​ព្រាង​ច្បាប់​សហជីព ​ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ បាន​កំណត់​ដាក់​ឲ្យ​សម័យ​ប្រជុំ​សភា​វិសាមញ្ញ​ ពិភាក្សា​និង​អនុម័ត​នៅ​ថ្ងៃ​ទី៤​ខែ​មេសា​ក៏ដោយ ​ក៏​តំណាង​សហជីព​ និង​តំណាង​កម្មករនៅ​ថ្ងៃអង្គារ​នេះ បាន​ដាក់​ញត្តិ​ និងធ្វើ​សន្និសីទ​នៅ​មុខ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ជួយ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​បន្ថែម​អនុសាសន៍​របស់​សហជីព​ឲ្យ​បាន​ច្រើន​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ។

លោក ​អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​ហៅ​កាត់​ថា C-CAWDU ​ដែល​បាន​ដឹកនាំ​តំណាង​សហជីព ​និង​កម្មករ​ជាង​៣០​នាក់ធ្វើ​សន្និសីទ ​និងដាក់​ញត្តិ​នេះ ​បាន​ប្រាប់ ​VOA ​ថា ​សហជីព​បាន​ដំណឹង​ថា ​គណៈ​កម្មការ​បច្ចេកទេស​សភាបញ្ជូន​ច្បាប់​នេះមិន​ផ្លូវការ​ ឲ្យ​ក្រុម​ជំនាញ​រដ្ឋាភិបាល​ពិនិត្យ​ច្បាប់​នេះ​ឡើង​វិញ ហេតុនេះ​ហើយ​បាន​ជា​សហ​ជីព​មាន​សង្ឃឹម​ជាថ្មី​ មក​ដាក់​ញត្តិ​ជូនលោក​នាយក​រដ្ឋមន្ត្រី។

«សមាជិក​រដ្ឋាភិបាល​ហ្នឹង​ ក៏​ជា​សមាជិក​នៃ​សភា​ដែរ​ អញ្ចឹង​យើង​យល់​ឃើញ​ថា ​នៅ​ពេល​អនុម័ត​ហ្នឹង ​គឺ​គាត់​នឹង​ទទួល​នូវ​សំណើ​របស់​យើង​ដើម្បី​អនុម័ត​ហ្នឹង។​ ​ខ្ញុំ​គិត​ថា ​ច្បាប់​ហ្នឹង​អាច​នឹង​មាន​ការ​កែ​ប្រែ​ខ្លះ​កន្លែង​ដែល​យើង​គិត​ថា ​ពិបាក»។

លោក​និយាយ​ថា ​ការ​ដាក់​ញត្តិ​និង​ការ​ធ្វើ​សន្និសីទ​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​នេះ ​ធ្វើ​តាម​ការ​សម្រេច​របស់​កិច្ច​ប្រជុំ​របស់​សហ​ជីព​កាល​ពី​ច័ន្ទ។ ​លោក​និយាយ​ថា ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ទទួល​ញត្តិ​នេះ​ហើយ។​

ទោះជា​យ៉ាង​ណា​ក្ដី ​លោក​ ផៃ ស៊ីផាន ​រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ បាន​ថ្លែង​ថា ព័ត៌មាន​និង​ការ​យល់​ឃើញ​របស់​សហជីព​នេះ​គឺ​ខុស​នីតិ​វិធី ហើយ​ការ​ធ្វើ​សន្និសីទ​របស់​សហជីព​ មាន​ចេតនា​មិន​ល្អ​ចំពោះ​រដ្ឋាភិបាល។​

«ទិស​ដៅ​របស់​គេ ​គេ​មិន​និយាយ​អំពី​ទិសដៅ​ច្បាប់​ទេ។ ​ទិសដៅ​របស់​គេ​គឺ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ប្រមាថ ​ឬ​វាយ​ប្រហារ​មក​លើ​រាជ​រដ្ឋាភិបាល។​ ជំហរ​គណៈ​រដ្ឋមន្ត្រី​បាន​បញ្ចប់​រួច​ស្រេច ​នៅ​ពេល​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ​ជា​ជំហរ​រួម​ មិន​មែន​នាយករដ្ឋមន្ត្រី​ទេ។​ អា​ហ្នឹង​ជា​ជំហរ​រួម»។

លោក ផៃ ស៊ីផាន ​បាន​បន្ត​ថា ការ​ដាក់​ញត្តិ​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​នេះ​មិន​មាន​ប្រយោជន៍​អ្វី​ទេ ព្រោះ​ច្បាប់​នេះ​ត្រូវ​បាន​គណៈ​អចិន្ត្រៃយ៍​រដ្ឋ​សភា​កំណត់​ដាក់​ឲ្យ​សភា​វិសាមញ្ញ​ពិភាក្សា​នៅ​ថ្ងៃ​ទី៤ខែ​មេសា ​ក្រោយពី​សភា​បាន​ធ្វើ​សិក្ខា​សាលា​លើក​ទី​ពីរកាល​ពី​ថ្ងៃ​ទី​៩​ខែ​មីនា​ដើម្បី​ស្ដាប់​មតិ​សង្គម​ស៊ីវិល​ និង​សហជីព។​

​មួយ​ថ្ងៃ​ក្រោយ​មក​ មតិ​របស់​សហជីព​នៅ​ក្នុង​សិក្ខាសាលា​នោះ ​ត្រូវ​បាន​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា ​បញ្ចូល​តិចតួច​ប៉ុណ្ណោះ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ។​

គណៈ​កម្មការ​ចំពោះ​កិច្ចការ​របស់​រដ្ឋសភា​ជាតិ​ បាន​ធ្វើ​សិក្ខា​សាលា​លើក ​ទី១​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព​ កាលពី​ថ្ងៃ​ទី១៩​ខែ​មករា។ ​សេចក្ដី​ព្រាង​ច្បាប់នេះ ​បាន​ទៅ​ដល់​គណៈ​កម្មការ​នីតិកម្ម​នៃ​រដ្ឋសភា​ជាតិ​កាល​ពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ២០១៥​ បន្ទាប់​ពី​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី ​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​ដោយ​គ្មាន​ការ​កែប្រែ។​

សេចក្ដី​ព្រាង​ច្បាប់​សហជីព​នេះ​ ត្រូវ​បាន​រៀបចំ​កែប្រែ​ជា​ថ្មី​ ដោយ​គណៈកម្មាធិការ​ចំពោះ​កិច្ច​នៃ​រដ្ឋ​សភាមក​ពីគណ​បក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ ​កាលពី​ពាក់​កណ្ដាល​ខែ​មករា។ ​

ប៉ុន្តែ​ការ​អនុម័តរបស់គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ ដែល​ដាក់​សេក្តី​ព្រាង​ច្បាប់​នេះ ​ឲ្យ​សម័យ​ប្រជុំ​សភា​វិសាមញ្ញ​ពិភាក្សា​និង​អនុម័ត​នៅ​ថ្ងៃ​ទី​៤​ខែ​មេសានោះ​ មិន​មាន​ការ​គាំទ្រ​ពី​សមាជិក​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។

ក្រុម​សហជីព​ និង​កម្មករ បាន​ធ្វើការ​តវ៉ា​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ជា​បន្តបន្ទាប់​ ​និង​បាន​សុំ​ឲ្យ​មាន​ការ​កែប្រែ​ចំណុច​ចំនួន​២១ ​ជាពិសេស​ទាក់​ទង​នឹង​ការ​រឹត​បន្តឹង​សិទ្ធិ​ធ្វើ​កូដកម្ម ​ ​ការ​រំលាយ​អង្គភាព​ និង​ការ​ត្រួត​ពិនិត្យ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​សហជីព​ជាដើម។

សហជីព​ឯករាជ្យ​ខ្លះ​ដែល​ធ្វើការ​ដើម្បី​ប្រយោជន៍​កម្មករ​ បានរិះគន់​ថា ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស នេះ​មាន​លក្ខណៈ​រឹត​បន្តឹង​ការ​ចង​ក្រង​សហជីព​នៅ​តាម​បណ្ដា​រោង​ចក្រ​ និង​សហគ្រាស​នានា។ ​ប៉ុន្តែ​តំណាង​និយោជក​ក៏​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ដែរ៕

XS
SM
MD
LG