ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភា​នឹង​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​សហជីព​នៅ​ខែ​មេសា

  • ពិន ស៊ីសុវណ្ណ

រូបឯកសារ៖ អ្នក​បើក​ម៉ូតូ​ម្នាក់​ជិត​កាត់​​អគារ​វិមាន​រដ្ឋសភា​ជាតិ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤។

ក្នុង​ការ​ពិភាក្សា​លើ​របៀប​វារៈ​ចំនួន​បួន​ សម្រាប់​សម័យ​ប្រជុំ​សភា​ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​បាន​សម្រេច​ធ្វើ​ការ​កោះ​ប្រជុំ​សភា​វិសាមញ្ញ​ ដើម្បី​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​សហជីព។

ក្នុង​ការ​ពិភាក្សា​លើ​របៀប​វារៈ​ចំនួន​បួន​ សម្រាប់​សម័យ​ប្រជុំ​សភា​ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​បាន​សម្រេច​ធ្វើ​ការ​កោះ​ប្រជុំ​សភា​វិសាមញ្ញ​ ដើម្បី​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​សហជីព តាម​សំណើ​របស់​លោក​ ប៉ែន បញ្ញា​ ប្រធាន​គណៈ​កម្មការ​នីតិកម្ម​ និង​យុត្តិធម៌​ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​សម្រាប់​សេចក្តី​ព្រាង​ច្បាប់​នេះ។

ទោះ​ជា​យ៉ាង​ណាក្តី​ ការ​សម្រេច​នេះ​មិន​មាន​ការ​គាំទ្រ​ពី​សមាជិក​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។

​អ្នកស្រី ​កែ សុវណ្ណរតន៍ ​ប្រធាន​គណៈ​កម្មការ​សុខាភិបាល​ សង្គមកិច្ច ​អតីត​យុទ្ធជន​ យុវ​នីតិសម្បទា ​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​កិច្ចការ​នារី​ បាន​ប្រាប់​ VOA​ ថា​ សមាជិក​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​គាំទ្រ​ទេ ដោយ​ចង់​ឲ្យ​ពន្យារ​ពេល ​ដើម្បី​ពិចារណា​បញ្ចូល​មតិ​យោបល់​បន្ថែម​ទៀត​របស់​តំណាង​សហជីព ​និយោជក ​និង​ភាគី​ពាក់​ព័ន្ធ។​

តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​បន្ត​ថា មតិ​យោបល់​ដែល​បាន​លើក​ឡើង​ក្នុង​សិក្ខា​សាលា​រយៈពេល​៤ម៉ោង​ កាល​ពី​ថ្ងៃពុធ​នោះ​ ត្រូវ​បាន​គណៈ​កម្មការ​ជំនាញ​ដាក់​បញ្ចូល​តិច​តួច​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​វា​មិនមែន​ជា​ចំណុច​ដែល​សហជីព​ និង​កម្មករ​បារម្ភ​បំផុត​នោះ​ទេ។​

«ឥឡូវនេះ​យើង​នៅ​មាន​ជម្រើស​ចុង​ក្រោយ​ទៀត ​គឺ​យើង​នឹង​ជជែក​នៅ​សភា​ពេញ​អង្គ»។​

អ្នកស្រី​ កែ សុវណ្ណារតន៍ ​បន្តថា​ ចំណុច​សំខាន់ៗ​ដែល​អ្នក​ស្រី​សង្កេត​ឃើញ​ថា​ មិន​បាន​ដាក់​បញ្ចូល​គឺ​វិសាល​ភាព​ច្បាប់ ថវិកា​សម្រាប់​គាំទ្រ​សហជីព ទំនាស់​ផល​ប្រយោជន៍​ ដូចជា​ប្រធាន​សហជីព​មាន​តួនាទី​ក្នុង​រដ្ឋាភិបាល ​ឬ​ក្នុង​ក្រុមហ៊ុន​របស់​និយោជក​ ហើយ​នឹង​ការ​បាត់បង់​សិទ្ធិ​របស់​កម្មករ​ធ្វើ​កូដកម្ម​ ដែល​ទាមទារ​សំឡេង​គាំទ្រ​៥០%​បូក​មួយ។

ក្រោយពី​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា លោក ឈាង វុន ​អ្នក​នាំពាក្យ​ និង​ជា​ប្រធាន​គណៈ​កម្មការ​ការ​បរទេស​ និង​ព័ត៌មាន​នៃ​រដ្ឋសភា​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​ដោយសារ​វិស័យ​ឧស្សាហកម្ម​មាន​ទំនាស់​ច្រើន​កន្លង​មក​ ដូច​នេះ​ច្បាប់​នេះ​ត្រូវតែ​ចូល​ជាធរ​មាន​ឲ្យ​បាន​ឆាប់ ​ហើយ​អាច​នឹង​ធ្វើ​វិសោធនកម្ម​ជា​បន្ត​បន្ទាប់​ទៅ​តាម​ការ​វិវត្តន៍​របស់​សង្គម។

«អញ្ចឹង​ហើយ​ខ្ញុំ​បញ្ជាក់​ថា ច្បាប់​ដែល​យើង​លើក​មក​ពិភាក្សា​នេះ ចំពោះ​ខ្ញុំ ​ខ្ញុំ​ថា ​នៅ​មិន​ទាន់​ល្អ​១០០%​ទេ​...​មិន​ទាន់​ល្អ​១០០​%។ ​ក៏​ប៉ុន្តែ​សួរ​ថា​ វា​បាន​ប្រយោជន៍​ទេ? ​បាន​ប្រយោជន៍​...បាន​ប្រយោជន៍​ណា៎។​ សហជីព​មាន​ច្រើន​ណាស់​ហើយ។​ ហើយ​យើង​មើល​ទៅ​...ធ្វើ​ឲ្យ​គេ​ភ័យ​ខ្លាច។​ អ្នក​បណ្តាក់​ទុន​គេ​ភ័យ​ខ្លាច... វាយ​តប់​គ្នា​គ្រប់»។

អ្នក​នាំ​ពាក្យរដ្ឋស​ភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​ក៏​បាន​ពន្យល់​ដែរ​ថា ​បើ​ប្រធាន​សហជីព​មាន​ងារ​ជា​ឯក​ឧត្តម ​និង​មាន​តួនាទី​ធំដុំ ​នោះ​ប្រធាន​សហជីព​នេះ​អាច​ជួយ​សមាជិក​របស់​ខ្លួន។ លោក​និយាយ​ថា ​លោក​គាំទ្រ​ការ​កំណត់​ឲ្យ​មាន​សំឡេង​៥០%​បូក​មួយ​នៃ​សមាជិក​នៅ​ក្នុង​សហគ្រាស​ ដើម្បី​សម្រេច​ធ្វើ​កូដកម្ម ​ព្រោះ​វា​ការពារ​ប្រយោជន៍​កម្មករ​ភាគ​ច្រើន។​

ចំណុច​ក្នុង​មាត្រា​១៣​ ចែង​អំពី​ការ​សម្រេច​ធ្វើ​កូដកម្មនេះ​ មាន​ភាព​ស្រពិច​ស្រពិល ​ដែល​នាំ​ឲ្យ​មាន​ការ​យល់​ខុស​គ្នា។ អ្នក​ខ្លះ​យល់​ថា ​គឺ​សំឡេង​៥០%​បូក​មួយ​នៃ​និយោជិក​សរុប។ ​អ្នក​ផ្សេង​ទៀត​យល់​ថា ​គឺ​ជា​សំឡេង​ភាគ​ច្រើន​ដាច់ខាត​របស់​សមាជិក​សហភាព​សហជីព​ណា​មួយ​ ក្នុង​សហគ្រាស​នោះ។ រីឯ​អ្នក​ខ្លះ​ទៀត​យល់​ថា ​គឺ​សំឡេង​របស់​សមាជិក​នៃ​គ្រប់​សហជីព​ទាំងអស់​នៅ​ក្នុង​សហគ្រាស។​

​អ្នកស្រី​ កែ សុវណ្ណរតន៍​ បាន​ប្រាប់​ VOA ​ថា ​ច្បាប់​នេះ​នៅ​មាន​ចំណុច​ស្រពិច​ស្រពិល​ជា​ច្រើន​ទៀត ​ហើយ​សភា​មិនគួរ​ប្រញ៉ាប់​ប្រញ៉ាល់​កោះ​ប្រជុំ​សភា​វិសាមញ្ញ​ ដើម្បី​ពិភាក្សា​ និង​អនុម័ត​ច្បាប់​នេះ​ទេ។លោក​ អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​ហៅ​កាត់​ថា ​C-CAWDU ​បាន​បង្ហាញ​ការ​ខកចិត្ត​ ដែល​សភា​ប្រញ៉ាប់​ប្រញ៉ាល់​កោះ​ប្រជុំ​វិសាមញ្ញ​ដើម្បី​អនុម័ត​ច្បាប់​នេះ។​

«ហើយ​ដល់​សិក្ខាសាលា​ពិគ្រោះ​យោបល់​ហើយ​ គេ​អត់​បាន​យក​ការ​ពិគ្រោះ​យោបល់​ទៅ​ពិភាក្សា ​អញ្ចឹង​ខ្ញុំ​គិត​ថា ​វាអត់​មាន​ន័យ​អីសោះ​សិក្ខា​សាលា​ហ្នឹង»។

លោក​ សុន ឆ័យ ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​សមាជិក​គណៈ​កម្មការ​ចំពោះ​កិច្ច​នៃ​រដ្ឋសភា​ បាន​ប្រាប់​ VOA​ ថា​ លោក​មិន​រំពឹង​ថា​ សភា​នឹង​កែប្រែ​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ច្រើន​តាម​សំណើ​របស់​កម្មករ​ និង​សហជីព​ទេ។​ លោក​បន្ត​ថា​ សភា​ដែល​មាន​សំឡេង​គណបក្ស​ប្រជាជន​កម្ពុជា​ភាគី​ច្រើន​ នឹង​អនុម័ត​ច្បាប់​នេះ។​

លោក ​អាត់ ធន់ ​បាន​ឲ្យដឹង​ថា ​សហជីព​នឹង​ពិភាក្សា​គ្នា​ទៀត​នៅ​ថ្ងៃ​ច័ន្ទ​ ជាមួយ​ដៃគូ​អន្តរជាតិ​ ដើម្បី​រក​វិធី​តស៊ូ​មតិ​ទៀត ​មុន​នឹង​សម្រេច​ថា ​គួរ​ធ្វើ​ការ​តវ៉ា ​នៅ​ពេល​សភា​ពិភាក្សា​ច្បាប់​នេះ​នៅ​ថ្ងៃ​ទី៤ ​ខែ​មេសា​ ឬ​យ៉ាង​ណា៕

XS
SM
MD
LG