ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​និង​អ្នក​វិភាគ​យល់​ស្រប​គ្នា​ពី​ប្រយោជន៍​ក្នុង​ការ​ចូល​ TPP


រូបឯកសារ៖ ស្លាក​យី​ហោ​ពាណិជ្ជកម្ម​ជា​ភាសា​អង់គ្លេស​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះសីហនុ​ ក្នុង​រាជធានី​ភ្នំពេញ​​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា​/VOA)

ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​កំពុង​សិក្សា​លើ​ផល​ប្រយោជន៍​នៃ​ការ​ចូល​ជា​សមាជិក​នៃ​​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (​TPP)​ នេះ។

លោក​ វង្សី វិស្សុត​ រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ថ្លែង​ប្រាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​អ្នក​វិនិយោគទុន​ជាតិ​ និង​អន្តរជាតិ​ ថា​ កម្ពុជា​នឹង​ចូល​ជាសមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ (Trans-Pacific Partnership)​ ខណៈ​ដែល​សភា​នៃ​សហរដ្ឋ​អាមេរិក​ និង​ប្រជាជាតិ​ជាង១០​ផ្សេង​ទៀត​ ដែល​បាន​ក្លាយ​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​នេះ​ មិនទាន់​បាន​អនុម័ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នេះ។

កិច្ច​ព្រម​ព្រៀង​ TPP នេះ​ ក៏ត្រូវ​បាន​លើក​យក​មក​ជជែកគ្នា​នៅ​ក្នុង​ជំនួប​កំពូល​សហរដ្ឋ​អាមេរិក​ និង​អាស៊ាន ដែល​ទើបតែ​បាន​បញ្ចប់​កាល​ពីពេល​ថ្មីៗ​នេះ​ដែរ។​ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់​ អូបាម៉ា​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា​ កិច្ច​ខិតខំ​ប្រឹង​ប្រែង​មួយ​ត្រូវ​បាន​ធ្វើ​ឡើង ​ដើម្បីឲ្យ​មេដឹកនាំ​ក្នុង​ប្រទេស​អាស៊ាន​ យល់​ពី​កិច្ចព្រម​ព្រៀង​ TPP ​ដែល​នឹង​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

លោក​ វង្សី វិស្សុត​ បាន​ថ្លែង​ប្រាប់​អ្នក​ចូលរួម​នៅក្នុង​វេទិកា​សាធារណៈ​ស្តី​ពី​ការ​គ្រប់​គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ថវិកា​ឆ្នាំ​២០១៦​ ដែល​បាន​រៀបចំ​ឡើង​នៅ​ឯ​ទីស្តី​ការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា​ ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​កំពុង​សិក្សា​លើ​ផល​ប្រយោជន៍​នៃ​ការ​ចូល​ជា​សមាជិក​នៃកិច្ច​ព្រមព្រៀង​TPP​ នេះ។ លោក​ថា​ សេដ្ឋកិច្ច​បើក​ទូលាយ​របស់​ប្រទេស​កម្ពុជា​អាច​នឹង​មិន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ មើល​រំលង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នេះ​បាន​ទេ។

«ខ្ញុំ​និយាយ​តែប៉ុណ្ណេះ​ទេ​ ឲ្យ​តែ​កម្ពុជា​ចំណេញ​ស្អី​ក៏​កម្ពុជា​ចូល​ដែរ»។

លោក​ប្រធានា​ធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​បើក​កិច្ច​ប្រជុំ​កំពូល​ជាមួយ​នឹង​ប្រទេស​មក​ពី​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង​១០ (ហៅកាត់ថា អាស៊ាន) នៅ​ទីក្រុង Rancho Mirage រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
លោក​ប្រធានា​ធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​បើក​កិច្ច​ប្រជុំ​កំពូល​ជាមួយ​នឹង​ប្រទេស​មក​ពី​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង​១០ (ហៅកាត់ថា អាស៊ាន) នៅ​ទីក្រុង Rancho Mirage រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

នៅ​ពេល​ដែល​លោក​ថ្លែង​ពី​ការ​បង្កើត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នេះ​ លោក​ វង្សី​ វិស្សុត​ បាន​ឲ្យ​ដឹង​ពី​កិច្ច​ព្រមព្រៀង​ពណិជ្ជកម្ម​មួយ​ផ្សេង​ទៀត​ ដែល​ប្រទេស​ចិន​ និង​សមាគម​អាស៊ាន​ ក៏ដូចជា​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ី​កំពុង​ធ្វើការ​ចចារ។​ កិច្ច​ព្រមព្រៀង​នេះ​ ត្រូវ​គេ​ស្គាល់​ថា​ ជា​កិច្ច​ព្រមព្រៀង​ដៃ​គូ​សេដ្ឋកិច្ច​តំបន់​បើក​ទូលាយ​ (Regional Economic Comprehensive Partnership) ​ហៅ​កាត់ថា​ RCEP។​ លោក​ពន្យល់​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ មាន​លក្ខណៈ​ស្មុគស្មាញ​ជាង​កិច្ច​ព្រមព្រៀង​ TPP​ បើ​សិន​ជា​ពិនិត្យ​មើល​លក្ខខណ្ឌ​សម្រាប់​ការ​ចូល​ជា​សមាជិក។ លោក​ថា​ កិច្ច​ព្រមព្រៀង​ TPP​ អាច​នឹង​អនុវត្ត​ទៅ​បាន​លឿន​ជាង​កិច្ច​ព្រមព្រៀង​ RCEP។ ទោះជា​យ៉ាងណា​ TPP​ត្រូវ​ទទួល​ការ​អនុម័ត​ពី​សភា​របស់​អាមេរិក​សិន។

«ប្រទេស​ដែល​ស៊ីញ៉េ​ TPP​ អត់​មាន​នរណា​ ratify ​មួយ​ទេ​ ស៊ីញ៉េ​តែ​ត្រឹម​រដ្ឋាភិបាល​ តែ​សភា​អត់ទាន់​អនុម័ត​ទេ។​ នៅ​អាមេរិក​ចេញ​រួច​ក៏អត់?​ អាមេរិក​ហ្នឹង​ដឹកមុខ​គេ​ហើយ​ TPP ​ហ្នឹង។​ ប៉ុន្តែ​ក្នុង​ខែ​នេះ​ ឆ្លង​រួច​អត់​ព្រឹទ្ធសភា?​ តែ​អានោះ​អត់​ចេញ​ អត់​ដូចតែ​គ្នា​ហ្នឹង»។​

ប្រទេស​ដែល​ចង់​ក្លាយ​ជា​សមាជិក​នៃ​កិច្ចព្រម​ព្រៀង​ TPPនេះ​ ត្រូវ​ធ្វើ​ការ​ច្របាច់​រួម​គ្នា​នូវ​បទប្បញ្ញត្តិ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​សិទ្ធិការពារ​កម្មសិទិ្ធ​បញ្ញា​ និង​បទប្បញ្ញត្តិ​ផ្សេង​ទៀត​ សម្រាប់​ការ​ផ្លាស់​ប្តូរពាណិជ្ជ​កម្ម។​ នេះ​បើ​យោង​ទៅ​តាម​ការ​វិភាគ​របស់​ក្រុម​អ្នក​វិភាគ​អន្តរជាតិ។​

កិច្ច​ព្រមព្រៀង​ TPP ​នឹង​បន្ទាប​ពន្ធ​នាំ​ចូល​លើ​ទំនិញ​កសិកម្ម ​និង​ឧស្សាហកម្ម​ជាច្រើន​ ហើយ​នឹង​ដោះស្រាយ​ភាព​ស្មុគស្មាញ​ផ្នែក​ពាណិជ្ជកម្ម​ដូច​ជា​ បទប្បញ្ញត្តិ​ការពារ​ប៉ាតង់​សម្រាប់​ឱសថ​សង្គ្រោះ​ជីវិត​ជាដើម។​

រីឯ​កិច្ច​ព្រមព្រៀង​ដៃ​គូ​សេដ្ឋកិច្ច​តំបន់​បើក​ទូលាយ​ ឬ​ RCEP​ ក៏​មាន​បង្កប់​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​ ដែល​ពិបាក​នឹង​ធ្វើ​ឲ្យ​ប្រទេស ​ដែល​កំពុង​ចរចា​លើកិច្ច​ព្រមព្រៀង​នោះ​ទទួល​យក។​ លក្ខខណ្ឌ​ទាំង​នោះ​រួម​មាន​ បទប្បញ្ញតិ្ត​ទាក់​ទិន​សិទ្ធិ​ការពារ​កម្មសិទ្ធិ​បញ្ញា​ និង​ច្បាប់​ស្តី​ពី​ការ​ធ្វើ​ការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិកត្រូនិក។​ សមាគម​អាស៊ាន​ និង​ដៃគូ​ពាណិជ្ជកម្ម​តំបន់​របស់​ខ្លួន​ជាច្រើន​ កំពុង​ចរចា​លើ​កិច្ច​ព្រមព្រៀង​នេះ។​ ប្រទេស​ទាំងអស់​នោះ​ រួមមាន​ ប្រទេស​អូស្ត្រាលី​ ចិន​ ឥណ្ឌា​ ជប៉ុន នូវែលសេឡង់ និង​កូរ៉ខាងត្បូង។

រូបឯកសារ៖ លោក យ៉ាង ជែឈី (Yang Jiechi) ទីប្រឹក្សា​រដ្ឋ​ចិន និង​លោក​ហោ​ ណាំហុង​ ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេសកម្ពុជា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០១៤។
រូបឯកសារ៖ លោក យ៉ាង ជែឈី (Yang Jiechi) ទីប្រឹក្សា​រដ្ឋ​ចិន និង​លោក​ហោ​ ណាំហុង​ ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេសកម្ពុជា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០១៤។

ទោះបី​ជា​សភា​សហរដ្ឋ​អាមេរិក​មិនទាន់​សម្រេច​លើ​កិច្ចព្រមពៀង​ TPP​ ក៏ដោយ​ លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ បាន​ប្រាប់​ពី​ការ​ចង់​បាន​របស់​លោក​ចំពោះ​កិច្ច​ព្រម​ព្រៀង​នេះ​ ទៅកាន់​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន។​ លោក​មិន​បាន​មាន​ប្រសាសន៍​ទៅ​លើ​កិច្ច​ព្រមព្រៀង​ RCEP​ ដែល​ដឹក​នាំដោយ​ប្រទេស​ចិន​នោះទេ។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក ​បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​សហរដ្ឋ​អាមេរិក​អាស៊ាន​រយៈពេល​២ថ្ងៃ​ លោក​ ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ បាន​ថ្លែង​ពី​កិច្ចការ​ជាច្រើន​ ដូចជា​ការ​វិនិយោគ​ ការ​លើក​ទឹក​ចិត្ត​ភាព​ជា​សហគ្រិន​ និង​ការ​បង្កើត​ថ្មី ដែល​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ក្នុង​សមាគម​អាស៊ាន​ ត្រូវ​ធ្វើការ​រួមគ្នា​ក្នុង​ពេល​ខាងមុខ។​ នៅក្នុង​កិច្ចការ​ទាំង​នោះ​ ក៏​មាន​ការ​ជំរុញ​ សកម្មភាព​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​ និង​អាស៊ាន​តាមរយៈ​កិច្ច​ព្រម​ព្រៀង​ TPP។​

យោង​ទៅ​តាម​សុន្ទរកថា​ដើម ​លោក​ប្រធានាធិបតី ​អូបាម៉ា​ ថ្លែង​ថា៖​

«ខ្ញុំ​សូម​អះអាង​ជា​ថ្មី​ម្តង​ទៀត​ថា​ កិច្ច​ព្រមព្រៀង​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក(Trans-Pacific Partnership) ​ដែល​រួម​មាន ​ប្រទេស៤​ជា​សមាជិក​អាស៊ាន​ដែរ​នោះ ​អាច​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​ទូទាំង​អាស៊ាន​ ហើយ​កំណត់​បទប្បញ្ញត្តិ​កាន់​តែ​រឹងមាំ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​ ដើម្បី​សម្រេច​គោលបំណង​នេះ ​យើង​បាន​ដំណើរការ​កិច្ច​ខិតខំ​ប្រឹងប្រែង​ថ្មី​មួយ​ ដើម្បី​ជួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​ឲ្យ​យ​ល់​ពី​ធាតុ​សំខាន់ៗ​របស់​កិច្ច​ព្រម​ព្រៀង​ TPP ​ក៏​ដូច​ជា​កំណែ​ទម្រង់ ​ដែល​អាច​នាំ​ពួក​គេ​ចូល​រួម​ក្នុង​កិច្ច​ព្រមព្រៀង​នេះ»។

សហរដ្ឋ​អាមេរិក​ និង​ប្រជាជាតិ​១១​ផ្សេង​ទៀត​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ TPP ​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១៥។ ​សមាជិក​អាស៊ាន​ចំនួន​៤ ដែល​ក្លាយ​ជា​សមាជិក​ TPP​ រួមមាន ប្រទេស​ប្រ៊ុយណេ​ ម៉ាឡេស៊ី​ សិង្ហ​បុរី​ និង​វៀតណាម។

អ្នក​សេដ្ឋកិច្ច​ និង​អ្នក​វិភាគ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ និយាយ​ថា​ ប្រទេស​កម្ពុជា​អាច​ក្លាយ​ជា​ភាគី​មួយ​នៃកិច្ច​ព្រមព្រៀង​ TPP​ នេះ បើ​ពិនិត្យ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ ដែល​ចែង​ថា​ ប្រទេស​កម្ពុជា​ជា​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ ​ហើយ​ប្រទេស​កម្ពុជា​អាច​យក​កិច្ច​ព្រមព្រៀង​នេះ​មក​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​លំនឹង​ ក្នុង​កាលៈទេសៈ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​លើ​វិស័យ​ពាណិជ្ជកម្ម។​ ពួកគេ​និយាយ​ថា​ បើ​ទោះជា​ប្រទេស​កម្ពុជា​ពឹង​ផ្អែក​ខ្លាំង​លើ​ជំនួយ​ និង​ប្រាក់​កម្ចី​របស់​ចិន​ក៏ដោយ​ ក៏​ប្រទេស​កម្ពុជា​នៅតែ​មាន​សិទ្ធិ​សម្រេច​ចូល​ជា​សមាជិក​របស់​ TPP។

លោក​បណ្ឌិត​ ចាប សុថារិទ្ធ​ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ ​និង​សន្តិភាព​ ថ្លែង​ថា​ ប្រទេស​កម្ពុជា​ នឹង​ទទួលបាន​ផល​ប្រយោជន៍​ច្រើន​ពី​កិច្ច​ព្រមព្រៀង​ TPP​ ដោយសារ​តែ​ប្រទេស​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​ TPP ​នេះ គ្រប​ដណ្តប់​៤០​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​របស់​ពិភពលោក។ លោក​ថា​ ប្រទេស​កម្ពុជា​ ក៏​មិន​ត្រូវ​មាន​ការ​ព្រួយ​បារម្ភ​ថា ទំហំ​បំណុល​ដែល​ខ្លួន​ខ្ចី​ពី​ប្រទេស​ចិន​ ដែល​ស្ថិត​នៅ​ក្រៅ TPP ​អាច​ជា​ឧបសគ្គ​របស់​ខ្លួនសម្រាប់​ការ​ចូល​ជា​សមាជិក​ TPP។

«ទំហំ​នៃ​ការខ្ចី​របស់​យើង​ ដែល​យើង​ខ្ចី​ចិន​ ខ្ចី​ជប៉ុន​ ខ្ចី​គ្រប់​ប្រទេស​ទាំង​អស់​ហ្នឹង​ គឺ​ក្នុង​ក្របខណ្ឌ​មួយ​ដែល​ហៅ​ថា​ ម៉ាក្រូសេដ្ឋកិច្ច​ មាន​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ហ្នឹង ​យើង​អាច​គ្រប់​គ្រង​បាន​ យើង​អាច​សង​គេ​បាន​ មិនមែន​ជា​ជំនួយ​ហ្នឹង​ វា​ធ្ងន់​ធ្ងរ​ពេក​ដូច​ប្រទេស​មួយ​ចំនួន។​ អញ្ចឹង​ តាម​ស្ថិតិ​យើង​មើល​ទៅ​ឃើញ​ថា​ យើង​នៅ​ក្នុង​រង្វង់​អាច​គ្រប់គ្រង​បាន។​ អញ្ចឹង​ ខ្ញុំ​មិន​យល់​ថា​ ការ​ខ្ចីបំណុល​ចិន​ហ្នឹង​ជា​ឧបសគ្គ​មួយ​នៃ​ការ​ចូល​TPP ​ហ្នឹង​ទេ​ អត់​ទេ។​ អង្គការ​ TPP​ ហ្នឹង​គេ​មាន​ criteria (លក្ខណៈ​វិនិច្ឆ័យ) របស់​គេ​ ហើយ​យើង​អាច​ចូល​អាស៊ាន​អី​ យើង​អាច​ចូលបាន។ បើសិន​ជា​គេ​អនុញ្ញាត​ឲ្យ​យើង​ចូល​ យើង​ចូល​បាន​អត់​មាន​ពិបាក​សោះ»។​

លោកប្រធានា​ធិបតី បារ៉ាក់ អូបាម៉ា ស្វាគមន៍​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន ដែល​បាន​ប្រារព្ធ​ឡើង​នៅ​រមណីយដ្ឋាន Sunnylands នៅ​ទីក្រុង Rancho Mirage កាល​ពីថ្ងៃច័ន្ទ ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (AP/Pablo Martinez Monsivais)
លោកប្រធានា​ធិបតី បារ៉ាក់ អូបាម៉ា ស្វាគមន៍​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន ដែល​បាន​ប្រារព្ធ​ឡើង​នៅ​រមណីយដ្ឋាន Sunnylands នៅ​ទីក្រុង Rancho Mirage កាល​ពីថ្ងៃច័ន្ទ ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (AP/Pablo Martinez Monsivais)

យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហរិញ្ញវត្ថុ​ កម្ពុជា​មាន​បំណុល​ចំនួន​ ៥.៩០០​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​ គិត​មក​ទល់​នឹង​ឆ្នាំ​ ២០១៥​ ហើយ​៤៥​ភាគរយ​នៃ​បំណុល​ទាំង​អស់​នោះ​ គឺ​បាន​មក​ពី​ប្រទេស​ចិន។​ លោក​ វង្សី វិស្សុត​ រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ឲ្យ​ដឹង​ថា​ ប្រាក់​កម្ចី​ពី​ប្រទេស​ចិន​ ដែល​ពុំមាន​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​សំាញុំា​ច្រើន​នោះ​ បាន​រួម​ចំណែក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា។

លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិការ​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ស្រុក​ថ្លែង​ថា​ ប្រទេស​កម្ពុជា​មិន​អាច​មាន​ការ​ភ័យព្រួយ​អំពី​ការ​ចុះ​ថមថយ​នៃ​ជំនួយ​ និង​ប្រាក់​កម្ចី​ពី​ប្រទេស​ចិន​ បើ​សិន​ជា​ខ្លួន​ចូល​ជា​សមាជិក​TPP​ នោះ​ទេ។​ លោក​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​ TPP នេះ​ នឹង​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ខ្លាំង​លើ​ដង្ហើម​សេដ្ឋកិច្ច​ចិន។

«​ខ្ញុំ​ថា​ រឿង​ប៉ះពាល់​ វា​អាច​ប៉ះពាល់​ខ្លះ។ ប៉ុន្តែ​បើសិន​ជា​យើង​ខ្លាច​ប៉ះពាល់​ យើង​អត់​ហ៊ាន​វិវត្តន៍​ទៅ​មុខ​ យើង​នៅ​ចាំ​ ចាំ​សុំទាន​ចិន​ដដែល។​ ខ្ញុំ​មើល​ទៅ​ វា​ធ្វើ​ឲ្យ​យើង​នៅ​ក្រ​រហូត​ ហើយ​នៅ​ខ្ចី​ដង្ហើម​គេ​ដក​រហូត​សុំ​ដង្ហើម​គេ​ដក​រហូត»។​

ក៏ប៉ុន្តែ​ លោក​ថា​ រដ្ឋាភិបាល​កម្ពុជា​អាច​ប្រឈម​នឹង​លក្ខខណ្ឌ​មួយចំនួន​ ទាក់​ទិន​នឹង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​ការងារ​របស់​កម្មករ​ និង​សហជីព ការ​កែសម្រួល​បទប្បញ្ញត្តិ​មួយ​ចំនួន​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​ និង​ការ​ការពារ​បរិស្ថាន​ ដែល​កិច្ចព្រម​ព្រៀង​ TPP បាន​តាក់​តែង​ឡើង។ លក្ខខណ្ឌ​ទាំង​អស់​នេះ​ នឹង​កា្លយ​ជា​ផ្នែក​មួយ​នៃ​ការ​កែទម្រង់​របស់​រដ្ឋាភិបាល​កម្ពុជា។

«ខ្ញុំ​មើល​ទៅ​ TPP វា​ វា​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ ដែល​ខ្ញុំ​ព្រួយ​បារម្ភ​ខ្លះ​ដែរ​ ក៏​ប៉ុន្តែ​ដោយសារ​ការ​ដែល​ចូលទៅ​អាច​បង្ខំ​ ឲ្យ​រដ្ឋាភិបាល​យើង​ រដ្ឋ​យើង​ហ្នឹង​រៀបចំ​ធ្វើការ​កំណែ​ទម្រង់​មួយ​ចំនួន​ វា​អាច​ វា​នឹង​ជួយ​ បែប​ជួយ​ជា​ប្រយោល​ ជួយ​ដល់​ការ​កែទម្រង់​មួយ​ចំនួន​ដែល​យើង​ចំាបាច់​ត្រូវ​ការ​កំណែ​ទម្រង់​ខ្លួន​យើង។​ បើសិន​ជា​អត់​កំណែ​ទម្រង់​ខ្លួន​យើង​ ដល់​អញ្ចឹង TPP ​បង្ខំ​ ក៏​ជា​រឿង​មួយ​ដែល​យើង ​ទោះបី​ម៉េច​ក៏​យើង​បាន​ផលដែរ»។​

រដ្ឋបាល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ បាន​ស្វះ​ស្វែង​រក​វិធី​នានា ​ដើម្បី​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​ផ្នែក​យោធា ​និង​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ មាន​ភាព​ប្រសើរ​ឡើង​វិញ។​ កិច្ច​ខិតខំ​របស់​លោក​ ត្រូវ​គេ​ពណ៌នា​ថា​ ជា​ការ​ធ្វើ​ឲ្យ​មាន​«តុល្យភាព​ឡើង​វិញ»​នៃ​គោលនយោបាយ​ការបរទេស​របស់​អាមេរិក​នៅក្នុង​តំបន់​អាស៊ី​ និង​អាស៊ី​ប៉ាស៊ីហ្វិក។​ កិច្ច​ព្រមព្រៀង​ TPP ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​នេះ​ផង​ដែរ។​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែល​បាន​ចូលរួម​ជំនួប​កំពូល​សហរដ្ឋ​អាមេរិក​ និង​អាស៊ាន​នៅ​កន្លែង​លំហែ​កាយ​ Sunnylands ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក​ ពុំ​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​ចេតនា​របស់​លោក​ ចំពោះ​ការ​ចូល​ជា​សមាជិក​ TPP ​នេះ​ទេ។​ នេះ​បើ​យោង​ទៅ​តាម​សារ​នយោបាយ​ដែល​លោក​បាន​សរសេរ​ជា​បន្ត​បន្ទាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ពេល​ចាប់​ផ្តើម ​និង​ក្រោយ​ជំនួប​កំពូល​នោះ។​ យ៉ាងណា​ក៏ដោយ​ នៅ​ក្នុង​សារ​មួយ​ដែល​លោក​បាន​សរសេរ​នៅ​ចុង​បញ្ចប់​នៃ​ជំនួប​កំពូល​នោះ បាន​ឲ្យ​ដឹង​ថា​ លោក​ទទួល​ស្គាល់​ពី​តួនាទី​ដ៏​សំខាន់របស់​សហរដ្ឋ​ សម្រាប់​ការ​ជំរុញ​វឌ្ឍនភាព​រវាង​សហរដ្ឋ​អាមេរិក និង​អាស៊ាន។

លោក​ថ្លែង​នៅក្នុង​សារ​នោះ​យ៉ាង​ដូច្នេះ​ថា៖​«ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​ អាមេរិក​ បាន​ផ្តល់​នូវ​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​សន្តិភាព ​និង​ការអភិវឌ្ឍ»៕

XS
SM
MD
LG