ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេ​សហជីព​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ជំទាស់​នឹង​ការ​ចោទ​ប្រកាន់


លោក​ អាត់ ធន់​​ ប្រធាន​សហភាព​​ការងារ​​កម្ពុជា​ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌​មាន​​​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​​៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ អំពីការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ពីររូប ក្រោយអំពើ​ហិង្សា​​ក្នុង​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​កាពីតូល​ទទួល​យក​អតីត​អ្នកបើកបរ​រថយន្តក្រុង​ចំនួន​​៤៥​នាក់​ឲ្យ​ចូល​បម្រើ​ការងារវិញ។

មេដឹកនាំ​សហភាព​ការងារ​កម្ពុជា​កំពុង​រៀបចំ​ពាក្យ​បណ្តឹង​មួយ​ប្តឹង​ទៅ​​ឧត្តម​ប្រឹក្សា​ នៃ​អង្គចៅក្រម​ស្នើ​ឲ្យ​ពិនិត្យ​លើ​ការ​សម្រេច​របស់​ លោក​ព្រះរាជអាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ​ដែល​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​ហិង្សា​ដែល​កើត​មាន​ឡើង​ក្នុង​ពេល​មាន​បាតុកម្ម​របស់​អតីត​អ្នក​បើក​បរ​រថយន្ត​ក្រុមហ៊ុន​កាពីតូល។

មេដឹកនាំ​សហភាព​ការងារ​កម្ពុជា​កំពុង​រៀបចំ​ពាក្យ​បណ្តឹង​មួយ​ប្តឹង​ទៅឧត្តម​ប្រឹក្សា​ នៃ​អង្គចៅក្រម​ស្នើ​ឲ្យ​ពិនិត្យ​លើ​ការ​សម្រេច​របស់​ លោក​ព្រះរាជអាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ​ដែល​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​ហិង្សា​ដែល​កើត​មាន​ឡើង​ក្នុង​ពេល​មាន​បាតុកម្ម​របស់​អតីត​អ្នក​បើក​បរ​រថយន្ត​ក្រុមហ៊ុន​កាពីតូល។​

លោក​ ស្រី​ ម៉ាក់នី​ ព្រះ​រាជអាជ្ញា​រង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ​បានចោទ​ប្រកាន់​លោក​អាត់​ ធន់​ប្រធាន​សហភាព​ការងារ​កម្ពុជា​ពី​បទ​ «ហិង្សា​ដោយ​ចេតនា​ ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​ ​និង​រារាំង​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ»។​ ​

ក្រុម​អតីត​អ្នក​បើកបរ​រថយន្តក្រុងឲ្យក្រុមហ៊ុន​កាពីតូល​ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ ២០១៦ លើក​បដា​ បង្ហាញពី​ការទាមទារឲ្យ​រក​យុត្តិធម៌​ដល់លោក​ ណន វណ្ណា​ អតីត​អ្នក​បើកបរ​ឡានក្រុងឲ្យក្រុមហ៊ុន​កាពីតូល​ និង​លោក​ រស់​ ស៊ី​ផៃ​ សមាជិក​សហភាពការងារ​កម្ពុជា​ ដែល​ត្រូវ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខ័ណ្ឌ ​៧មករា​ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរិ៍​ ទី​៦ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ និង​បញ្ជូន​មក​សាលាដំបូងរាជធានី​ភ្នំពេញ កាលពីថ្ងៃ​ច័ន្ទ​ ទី៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦។​ ពួកគេ​ទាំងពីរនាក់​នេះ​ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅថ្ងៃ​ច័ន្ទ​ពីបទ​ ​«​ហិង្សា​ដោយ​ចេតនា​ ប្រឆាំងនឹង​អ្នក​រាជការ​សាធារណៈ​ រារាំង​ជាឧបសគ្គ​ដល់​ចរាចរ​សាធារណៈ​»។ (ហ៊ុល រស្មី/​VOA Khmer)
ក្រុម​អតីត​អ្នក​បើកបរ​រថយន្តក្រុងឲ្យក្រុមហ៊ុន​កាពីតូល​ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ ២០១៦ លើក​បដា​ បង្ហាញពី​ការទាមទារឲ្យ​រក​យុត្តិធម៌​ដល់លោក​ ណន វណ្ណា​ អតីត​អ្នក​បើកបរ​ឡានក្រុងឲ្យក្រុមហ៊ុន​កាពីតូល​ និង​លោក​ រស់​ ស៊ី​ផៃ​ សមាជិក​សហភាពការងារ​កម្ពុជា​ ដែល​ត្រូវ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខ័ណ្ឌ ​៧មករា​ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរិ៍​ ទី​៦ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ និង​បញ្ជូន​មក​សាលាដំបូងរាជធានី​ភ្នំពេញ កាលពីថ្ងៃ​ច័ន្ទ​ ទី៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦។​ ពួកគេ​ទាំងពីរនាក់​នេះ​ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅថ្ងៃ​ច័ន្ទ​ពីបទ​ ​«​ហិង្សា​ដោយ​ចេតនា​ ប្រឆាំងនឹង​អ្នក​រាជការ​សាធារណៈ​ រារាំង​ជាឧបសគ្គ​ដល់​ចរាចរ​សាធារណៈ​»។ (ហ៊ុល រស្មី/​VOA Khmer)

ការ​ចោទ​ប្រកាន់​ធ្វើឡើង​ប​ន្ទាប់​ពី​ការ​ផ្ទុះឡើង​នៃ​អំពើ​ហិង្សា​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ការ​ធ្វើបាតុកម្ម​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​កាពីតូល​ទទួល​យក​អតីត​អ្នកបើកបរ​រថយន្ត​ក្រុង​ចំនួន​៤៥​នាក់ឲ្យ​ចូល​ធ្វើការ​វិញ។

លោក​ អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ថ្លែង​ប្រាប់​ VOA ថា​ ការ​ចោទប្រកាន់​របស់​ព្រះរាជ​អាជ្ញា​រង​គឺ​មិន​បាន​ធ្វើឡើង​ដោយ​មាន​ភស្តុតាង​ និង​អង្គហេតុ​ច្បាស់​លាស់​នោះ​ទេ ហើយ​លោក​បាន​ហៅ​ការ​វាយ​ដំ​មក​លើ​អតីត​អ្នកបើកបរ​រថយន្ត​ថា​ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន។​

«ខ្ញុំ​មើល​ទៅ​វា​អយុត្តិធម៌​ពេក ​បាន​ន័យ​ថា​ គេ​ទៅ​វាយ​គ្រៀក​គាត់​ ហើយ​ប៉ូលិស​នៅ​ហ្នុងមិន​មើល​ ខ្លួន​ឯង​សមត្ថកិច្ច។​ ឥឡូវ​ថា​ ប៉ូលិស​មិនមើល​ ប៉ូលិស​សមត្ថកិច្ច​វាស៊ុំ​គ្រលំ​គ្នា​ទៅ​ចុះ។​ ចុះ​ឯង​ព្រះរាជ​អាជ្ញាហ្នឹង​ហេតុ​អ្វី​បាន​ជា​ នៅតែ​ចោទប្រកាន់​តាម​គេ?​ ហើយ​សូម្បី​តែ​ខ្លួន​ខ្ញុំ​ផ្ទាល់​នេះ​ ខ្ញុំមិន​ទាំង​នៅ​កន្លែង​កើត​ហេតុ​ផង​ហ្នឹង។ ហេតុអ្វី​បាន​ជា​គាត់​សំអាង​ហេតុ​ ថា​ខ្ញុំ​នៅ​កន្លែង​កើត​ហេតុ?​ អាហ្នឹង​វា​មើលទៅ​ វា​ដូច​អាក្រក់​ពេក​ អញ្ចឹង​ហើយ​បាន​ខ្ញុំ​គិតថា​ រឿង​នេះ​ខ្ញុំ​នឹង​ប្តឹង​ទៅក្រុម​ប្រឹក្សា​អង្គចៅ​ក្រម​ ឬ​ក៏​ប្រធាន​តុលាការ​ឲ្យ​ពិនិត្យ​ ឬ​ក៏​ព្រះរាជអាជ្ញា​ហ្នឹង​ឲ្យ​ពិនិត្យ​ឡើង​វិញ​ ចំពោះ​ការ​សម្រេច​ក្តី​របស់​ព្រះរាជអាជ្ញា​ហ្នឹង»។​

VOA​ ព្យាយាម​ទាក់​ទង​ លោក​ព្រះរាជអាជ្ញារង ស្រី​ ម៉ាក់នី ដើម្បី​សុំ​ការ​អធិប្បាយ​ តែ​អ្នក​លើក​ទូរស័ព្ទថា​ លោក​ ព្រះរាជអាជ្ញារង​រូប​នេះ​បាន​ប្តូរ​លេខ​ទូរស័ព្ទ។ អ្នក​លើក​ទូរស័ព្ទ​បាន​ផ្តល់​ឲ្យ​លេខ​ថ្មី​ របស់​លោក​ ព្រះរាជអាជ្ញា​រង​ដដែល​នេះ​ តែ​ពេល​ទូរស័ព្ទ​រោទិ៍​ បែរ​ជា​គ្មាន​អ្នក​ទទួល។​ ​

ការ​តវ៉ា​របស់​អតីត​អ្នកបើកបរ​រថយន្ត​ក្រុង ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​នោះ​ បាន​ឈាន​ដល់អំពើ​ហិង្សា​ នៅ​ពេល​ដែល​សមាជិក​សមាគម​រួបរួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ ដែល​ភាគច្រើន​បាន​ស្លៀកពាក់​សម្លៀក​បំពាក់​ពណ៌ខ្មៅ​ និង​ពាក់​មួក​សុវត្ថិភាព​ បាន​ដើរ​ទៅ​ ការពារ​រថយន្ត​ក្រុង។​ ភ្លាម​ៗ​បន្ទាប់​ពី​នោះ​ សមាជិក​មួយ​ចំនួន​នៃ​សមាគម​នេះ​ បាន​កាន់​ញញួរ​ និង​ដំបង​ដែក​វាយ​ទៅលើ​មនុស្ស​ ដោយ​បាន​វាយដំ​ និង​ទាត់​ធាក់​យ៉ាង​ខ្លាំង​ទៅលើ​អ្នក​តវ៉ា ​និង​អ្នកគាំទ្រ​ឲ្យ​ក្រុម​ហ៊ុន​ទទួល​យក​ អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​ទាំងអស់​នោះ។​ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៤​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ភ្លាមៗ​ បន្ទាប់​ពី​ការ​ផ្ទុះឡើង​នៃ​អំពើ​ហិង្សា​ហើយ​បាន​ធ្វើការ​ថ្កោលទោស​ផង​ដែរ។​

លោក​ ឯ​ សុភស្ស​ ប្រធាន​សមាគម​រួបរួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ថ្លែង​ការពារ​សកម្មភាព​របស់​ក្រុម​លោក​ ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ធ្វើ​បាតុកម្ម​នោះ​ និង​បាន​ហៅ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការសង្គម​ស៊ីវិល​ទាំង​៣៤​ថា មាន​ភាព​លំអៀង។​ លោក​បញ្ជាក់​នៅក្នុង​សន្និសីទ​ព័ត៌មាន​ធ្វើឡើង​នៅ​ឯ​ភោជនីយដ្ឋាន​កាពីតូល​ ក្បែរ​ក្រុមហ៊ុន​កាពីតូល​ក្នុង​សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧ មករា​ រាជធានី​ភ្នំពេញ​ថា៖​

«គេ​ថ្លែង​ការណ៍ គេមិន​ដែល​និយាយ​ចោទ​ប្រកាន់​តែ​មួយ​ទេ​ ថា​ថ្ងៃ​នេះ​មាន​ព្រឹត្តការណ៍​ប៉ះទង្គិច​គ្នា​ ដោយ​មើល​ថ្លែងការណ៍​គាត់​បាន​និយាយ​ហើយ។​ ក្នុងថ្លែងការណ៍​សង្គម​ស៊ីវិល​បាន​និយាយ​ហើយ។ មួយ​ទៅ​បិទ​ផ្លូវ​ទៅ​រារាំង​ឡាន​ មួយ​ទៅ​ការពារ​ ហើយ​ចុះ​បើ​រឿង​អញ្ចឹង​វា​មិន​ដែល​មិន​ហិង្សា​?​ ប៉ះ​ហើយ!​ ដល់​តែប៉ះប៉ឹប​វា​របួស​ទាំង​សងខាង​ ទៅ​ពិនិត្យ​តែម្ខាង​ ហើយ​ដែល​មកមើល​អាពួក​របួស​នេះ​ អត់​?​ អើយ ខ្ញុំ​សួរ​អា​អង្គការ​សង្គម​ស៊ីវិល​ ក៏ដូច​ជា​អ្នក​សារព័ត៌មាន​ មាន​ដែល​មក​សួរ​ពួក​ខ្ញុំ​រង​គ្រោះ​ដែរ​? ដោយសារ​តែ​អ្នក​ទាំង​អស់​គ្នា​លំអៀង​ទៅហើយ។​ ខ្ញុំវាគ្មាន​សង្ឃឹម​អី​ នឹង​អាច​អស់​លោកមក​ត្រួត​ពិនិត្យ​ខ្ញុំ​បាន​ទេ​ មាន​តែ​មួយ​គត់​ទៅ​លើ​អាជ្ញាធរ​ ពិសេស​គឺ​នគរបាល​យុត្តិធម៌​ក៏ដូច​ជា​ស្ថាប័ន​តុលាការ»។

លោក​ ថា ​សេចក្តី​ថ្លែងការណ៍​រួម​នេះ​ ធ្វើ​ឡើង​ដោយ​មិន​មានភស្តុតាង​គ្រប់​គ្រាន់​ផង​ដែរ។​

យ៉ាងណាក៏ដោយ​ លោក​ អំ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ថ្លែង​ថា​ លោក​មិនមាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​លើក​ឡើង​របស់​ប្រធាន​សមាគម​នេះ​ទេ​ ដោយ​លោក​បាន​ពន្យល់​ពី​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នោះ​ យ៉ាង​ដូច្នេះ​ថា៖​

«ខ្ញុំ​អត់​មាន​អ្វី​ត្រូវ​បារម្ភ​រឿង​ផ្លូវច្បាប់​ទេ​ ព្រោះ​យើង​ធ្វើ​ការ​ក្នុងនាម​អង្គការ​លីកាដូ​ ហើយការ​ចេញ​ statement ​ហ្នឹង​ គឺ​៣៤​ អង្គការ​ មិនមែន​បុគ្គល​ខ្ញុំ​ ឬ​ក៏​មិនមែន​អង្គការ​លីកាដូ​តែមួយ​ទេ​ គឺ​៣៤​ ដែល​គេ​ ប្រមូល​បាន​ភស្តុតាងគេមាន​អង្គហេតុ​ គេមាន​អ្វី​ទាក់​ទង​នឹង​ថ្ងៃ​៦​កុម្ភៈ​ហ្នឹង​ណ៎ា​ ហើយ​បាន​គេ​សម្រេច​គ្នា​ចេញសេចក្តី​ថ្លែងការណ៍​ហ្នឹង ​មិនមែន​បុគ្គល​ខ្ញុំ​ទេ​ដែល​ចេញ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ហ្នុង​ទេ។​ ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​មួយ​គេ​ត្រូវការ​អ្នក​ទាក់​ទង​។​ អញ្ចឹង​បាន​គេ​ដាក់​ឈ្មោះ​ខ្ញុំ​នៅក្នុង​ហ្នឹង​»។​ ដោយឡែក​ លោក​ឡុង​ ឌីម៉ង់​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បញ្ជាក់​ប្រាប់VOA ថា​ ទំនាស់​រវាង​ក្រុមហ៊ុន​កាពីតូល​ និង​អតីត​អ្នក​បើកបរ​ឡាន​ក្រុង​របស់​ក្រុមហ៊ុន​នេះ​ បាន​ផុត​ពី​សមត្ថកិច្ច​របស់​សាលា​រាជធានី​ភ្នំពេញ​ហើយ។​ លោក​ថា​ មាន​តែ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ប៉ុណ្ណោះ​ដែល​អាច​អារ​កាត់​រឿង​នេះ​បាន។​

ទំនាស់​ការងារ​ដែល​បាន​កើត​ឡើង​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥​នោះ​ ត្រូវ​បាន​តំណាង​សហជីព​សហភាព​ការងារ​ឲ្យដឹង​ថា​ បណ្តាល​មក​ពី​ក្រុមហ៊ុន​កាពីតូល បាន​រំលោភ​សិទ្ធិ​ការងារ​របស់​អ្នក​បើកបរ​រថយន្ត​ក្រុង​ទាំងនោះ។ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​កាពីតូល​ ថ្លែង​ការពារ​ក្រុមហ៊ុន​ថា​ អ្នកបើកបរ​ទាំង​នោះ​ បាន​ប្រព្រឹត្ត​កំហុស​ ដោយ​ការ​ទទួល​យក​ភ្ញៀវ​អ្នក​ធ្វើ​ដំណើរ​បន្ថែម​ នៅ​ពេល​កំពុង​បើកបរ​ដឹកភ្ញៀវ​ដែល​មាន​ស្រាប់៕

XS
SM
MD
LG