គណៈកម្មការសហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យការងារ បានចេញសេចក្តីថ្លែងការណ៍រួមមួយនាព្រឹកថ្ងៃពុធនេះ ដោយស្នើសុំឲ្យមានការពន្យារពេលបន្ថែមទៀតក្នុងការអនុម័តសេចក្តីព្រាងច្បាប់សហជីពដ៏ចម្រូងចម្រាស់។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីគណៈកម្មការចំពោះកិច្ចរបស់រដ្ឋសភាជាតិបញ្ចប់ការពិគ្រោះយោបល់ទៅលើសេចក្តីព្រាងច្បាប់ស្តីពីសហជីពកាលពីម្សិលមិញ។
ក្រុមអ្នកតំណាងសហជីពបង្ហាញការគាំទ្រ និងស្វាគមន៍ចំពោះកិច្ចប្រជុំទាំង៣លើករបស់គណៈកម្មការចំពោះកិច្ច ដែលមានការចូលរួមពីគណបក្សធំៗទាំង២ ក្នុងការពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព។ ក៏ប៉ុន្តែ ក្រុមសហជីពលើកឡើងថា ការប្រជុំនេះហាក់ដូចជាមិនទទួលបានផ្លែផ្កាដូចដែលសហជីពស្នើសុំនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនាព្រឹកថ្ងៃពុធនេះ ក្រុមសហជីពបានទទូចឲ្យរដ្ឋាភិបាល និងសភាជាតិទទួលយកសំណើរបស់សហជីពបន្តទៀត ដោយពន្យារពេលការអនុម័តសេចក្តីព្រាងច្បាប់នេះ ហើយក្រុមការងាររបស់គណបក្សទាំង២បន្តពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់នេះបន្តទៀត ដើម្បីឲ្យច្បាប់នេះកាន់តែមានភាពប្រសើរឡើង។ តំណាងសហជីព រួមទាំងអង្គការសង្គមស៊ីវិល បានស្នើឲ្យសភាទទួលយកតំណាងសហជីពចូលរួមផ្តល់យោបល់នូវរាល់កិច្ចប្រជុំផ្សេងៗទាក់ទងនឹងច្បាប់ស្តីពីសហជីពនេះផងដែរ។
លើសពីនេះទៀត តំណាងសហជីពអះអាងថា សេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះនៅតែមិនទាន់មានភាពអព្យាក្រឹត្យគ្រប់គ្រាន់ឲ្យឈានដល់ការអនុម័តដោយរដ្ឋសភាជាតិកម្ពុជានោះទេ។ ក្តីបារម្ភមួយទៀតដែលសហជីពលើកឡើង គឺភាពផុយស្រួយនៃសហជីពដែលងាយនឹងត្រូវបានរំលាយទៅវិញដោយច្បាប់សហជីពនេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃពុធនេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាឲ្យដឹងថា ការអនុម័តច្បាប់ស្តីពីសហជីពដែលមានខ្លឹមសារដូចពេលនេះ ជាសញ្ញាណនៃការកាត់បន្ថយសេរីភាពសហជីពដែលកំពុងធ្វើការការពារសិទ្ធិការងារ និងផលប្រយោជន៍របស់កម្មករ។
«បើច្បាប់នេះចេញដោយមិនមានការពិភាក្សាគ្នាទៀតទេ។ ខ្ញុំគិតថាចលនាសហជីពនឹងមានការធ្លាក់ចុះ ដោយសារតែច្បាប់នេះបានរិតបន្តឹងច្បាប់សហជីពរួចទៅហើយ ពេលនោះលក្ខខណ្ឌការងារអាចធ្លាក់ចុះកាន់តែខ្លាំង ហើយការរំលោភសិទ្ធិការងារ និងកេងប្រវ័ញ្ចក៏អាចខ្ពស់»។
វិស័យវាយនភណ្ឌនៅក្នុងប្រទេសកម្ពុជាបានផ្តល់ការងារដល់កម្មករជាង៧០ម៉ឺននាក់ទូទាំងប្រទេសកម្ពុជា។ សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស់នេះ ត្រូវបានគេរិះគន់ថា មានបំណងរឹតត្បិតលើសហជីពក្នុងប្រទេសកម្ពុជា ដែលតែងតែទាមទារសិទ្ធិការងារដល់កម្មករ។ ជារឿយៗ ភាគីពាក់ព័ន្ធនៃច្បាប់នេះតែងតែស្នើសុំឲ្យមានការកែប្រែចំណុចរសើបខ្លះ ដែលគេមើលឃើញថា ជាការរឹតត្បិតសេរីភាពសហជីពនោះ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC បញ្ជាក់ប្រាប់ VOA ថាជាទូទៅភាគីនីមួយៗរមែងទាមទារផលប្រយោជន៍រៀងៗខ្លួន ដែលជាហេតុនាំឲ្យមានការពិបាកក្នុងការកំណត់នូវអព្យាក្រឹត្យភាពនៃច្បាប់។ លោក កាំង ម៉ូនីកា រៀបរាប់នូវចំណុចសំខាន់ចំនួន២ដែលជាការស្នើសុំរបស់ភាគីនិយោជក៖
«ទី១ ចំនួនសមាជិកមុនបង្កើតសហជីពគឺយើងស្នើសុំឲ្យមាន២០%នៃសមាជិកគ្រឹះស្ថាន និងសហគ្រាសណាមួយ។ កុំឲ្យថាមានគ្នាតិច៧ ឬ១០នាក់បង្កើតសហជីព ធ្វើឲ្យសហគ្រាសក្រុមហ៊ុនមួយៗមានសហជីពច្រើនប្រកួតប្រជែងគ្នាយកប្រជាប្រិយភាព។ ទី២ទាក់ទងនឹងកម្រិតគុណវុឌ្ឍ បានន័យថា កម្រិតចេះដឹងរបស់ថ្នាក់ដឹកនាំសហជីព យើងស្នើឲ្យមានការកំណត់ឲ្យខ្ពស់បន្តិច ព្រោះជាដៃគូចរចាជាមួយនិយោជក»។
លោក សុខ ឦសាន អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យរបស់គណបក្សកាន់អំណាចបានការពារចំណាត់ការរបស់រដ្ឋសភាថា សេចក្តីព្រាងច្បាប់ស្តីពីសហជីពមានវិសាលភាពគ្របដណ្តប់ទាំងភាគីនិយោជក និងនិយោជិតទេ។ ពោលគឺ ការសម្រេចរបស់រដ្ឋសភាគឺឈរលើមូលដ្ឋានច្បាប់ដែលបម្រើប្រយោជន៍ដល់ភាគីទាំងសងខាង។ ជុំវិញក្តីបារម្ភរបស់ភាគីសហជីពដែលថា សហជីពហាក់មានភាពផុយស្រួយងាយនឹងត្រូវបានរំលាយដោយច្បាប់សហជីពនោះ លោក សុខ ឦសាន អះអាងថាការបង្កើតច្បាប់ណាក៏មានការចងកាតព្វកិច្ចភាគីពាក់ព័ន្ធ ដើម្បីចៀសវាងនូវការប្រព្រឹត្តិខុសច្បាប់ ។
«ក្តីបារម្ភ គឺ ជាការចាប់អារម្មណ៍មួយធ្វើឲ្យគាត់ធ្វើត្រឹមត្រូវតាមច្បាប់។ ច្បាប់ណាក៏ដោយ វាតែងតែមានចង កុំឲ្យភាគីពាក់ព័ន្ធធ្វើអ្វីផ្តេសផ្តាស រំលោភភាគីម្ខាងទៀត។ វាបម្រើដល់ភាគីពាក់ព័ន្ធ ជាពិសេសគឺកម្មករនិយោជិត និងនិយោជក យើងចង់ផ្តាច់មុខម៉េចបាន ទៅមិនកើតទេ»។
កន្លងមក មានកិច្ចប្រជុំពិភាក្សាជាច្រើនត្រូវបានធ្វើឡើងដើម្បីពិភាក្សា និងពិនិត្យទៅលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះ ដោយមានការចូលរួមពីតំណាងរាស្ត្រនៃគណបក្សធំៗទាំងពីរនៅក្នុងសភាជាតិ ក្រុមតំណាងសហជីព តំណាងនិយោជក និងអង្គការសង្គមស៊ីវិល។ ក៏ប៉ុន្តែ រដ្ឋសភាកម្ពុជាមិនទាន់កំណត់ពីកាលបរិច្ឆេទក្នុងការប្រជុំពេញអង្គ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះនៅឡើយនោះទេ៕