ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋា​ភិបាល​អន្តរាគមន៍​ទិញ​ផ្លែ​មៀន​ បញ្ចៀស​វិបត្តិ​មិន​អាច​លក់​ទៅ​ប្រទេស​ថៃ


រូបឯកសារ៖ ពលរដ្ឋកំពុងទិញផ្លែឈើពីអាជីវករដែលលក់តាមរទេះមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៩។
រូបឯកសារ៖ ពលរដ្ឋកំពុងទិញផ្លែឈើពីអាជីវករដែលលក់តាមរទេះមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៩។

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ទិញ​ផ្លែ​មៀន​ពី​កសិករ​នៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈមក្នុង​ការ​នាំចេញ​ទៅ​កាន់​ប្រទេស​ថៃ ស្រប​ពេល​អ្នក​ជំនាញ​ជំរុញ​ឲ្យ​មាន​ការ​ពង្រឹង​បន្ថែម​ឧស្សា​ហកម្ម​កែច្នៃ​ និង​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។

មន្រ្តី​ពាក់ព័ន្ធ​អះអាង​ថា​ការ​ទិញ​នេះ​មិន​មែន​ទុក​សម្រាប់​លក់​នោះ​ទេ គឺ​ដើម្បី​ចែក​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ ទា​ហា​ន និង​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចត្តាឡីស័ក​ហូប​តែ​ប៉ុណ្ណោះ។

ចំណាត់​ការ​ខាង​លើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ផ្លែមៀន​ប៉ៃលិន ឬ​ហៅ​ថា​តាង៉ែន​រាប់​សិប​តោន​នៅ​ខេត្ត​ជាប់ព្រំដែន​ថៃ មិន​អាច​នាំ​ចូល​ទៅ​ប្រទេស​ថៃ​បាន ខណៈ​អាជ្ញាធរ​ថៃ​បាន​ប្រកាស​បិទ​ព្រំដែន​ដោយ​សារ​ការ​ព្រួយ​បារម្ភ​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩ និង​ការ​មិន​អាច​នាំ​បន្ត​ទៅ​ទីផ្សារ​ប្រទេស​ចិន ក្រោយ​រក​ឃើញ​មាន​សមាសធាតុ​ចង្រៃ​នៅ​លើ​ផ្លែ​មៀន ដូច​ជា​ចៃ​ម្សៅ ឬ​ហៅ​ថា​ក្រា​ម្សៅ។ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ប្រទេស​ចិន​បាន​ប្រកាស​បិទ​ដោយ​គ្មាន​កាល​កំណត់​នូវ​ការ​នាំ​ចូល​ផ្លែ​មៀន​ពី​ប្រទេស​ថៃ។

លោក ហ៊ីង ប៊ុនហៀង មេ​បញ្ជា​ការ​នៃ​បញ្ជា​ការ​ដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន និង​ជា​នាយក​រដ្ឋ​ខុទ្ទកា​ល័យ​នាយករដ្ឋមន្រ្តី ត្រូវ​បាន​លោក ហ៊ុន សែន ឲ្យ​ទទួល​បន្ទុក​កិច្ច​ការ​ទិញ​ផ្លែ​មៀន​ទាំង​នេះ។

លោក ហ៊ីង ប៊ុនហៀង បានប្រាប់​VOA​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ក្រុម​ការងារ​របស់​លោក​កំពុងសហ​ការ​ជាមួយរដ្ឋបាល​ខេត្ត​បាត់​ដំបង និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដើម្បី​ជួយ​ទិញ​ផ្លែមៀន​ពី​ប្រជា​ពលរដ្ឋ​ ដែល​មិន​អាច​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ​បាន ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩។ លោក​បន្ត​ថា​ផ្លែ​មៀន​ដែល​ទិញ​បាន នឹង​ត្រូវ​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ​ដល់កង​កម្លាំង​ប្រដាប់​អាវុធ នគរ​បាល​ កង​កម្លាំង​ការពារ​ព្រំដែន បុគ្គលិក​សុខាភិបាល​ អ្នក​កំពុង​ធ្វើ​ចត្តាឡី​ស័ក និង​អ្នក​ព្យាបាល​រួច​ហើយ​នៅ​ខេត្ត​បាត់ដំបង។

លោក ហ៊ីង ប៊ុនហៀង បាន​សង្កត់​ធ្ងន់​ថា​ផែនការ​ទិញ​ផ្លែ​មៀននេះ មិន​មាន​កំណត់​បរិមាណ​នោះ​ទេ គឺ​មន្រ្តី​ពាក់​ព័ន្ធ​ចុះ​ទៅ​ទិញ​តាម​ចម្ការ​ ឬ​ទីតាំង​ផ្ទាល់ ក្នុង​តម្លៃ​ស្រប​ទៅ​តាម​ទីផ្សារ​ដែល​មាន​រវាង​ ១៥០០​រៀលទៅ​ជាង​២០០០​រៀល​ក្នុង​គីឡូ​ក្រាម​។ លោកបន្ថែម​ថា​ការ​ទិញ​ផ្លែ​មៀន​នេះ គឺ​មិន​ទិញ​ពី​ឈ្មួ​ញ​កណ្តាល​ឡើយ។

លោក​ថ្លែង​ថា៖ «តម្លៃ​វា​មាន​ចំណុច​ខ្លះ​១៥០០ ចំណុច​ខ្លះ១៨០០ ២០០០ ២២០០[រៀល]។ វា​មាន​តាម​ហាង​ឆេង​តាម​អី​អញ្ចឹង ព្រោះ​យើង​អត់​មាន​យក​ការ​វេចខ្ចប់​ផ្លាស្ទិច​ដូចគាត់ ដូចធ្វើ​នាំ​ចេញ​ទេ​ ព្រោះ​បើ​គាត់​ទុក​ចោល​ក៏​វា​ស្អុយ​រលួយ​ដែរ ទាំង​តាង៉ែន ទាំង​មៀន។ ប៉ុន្តែ​បើ​គាត់​អាច​លក់​ក្នុង​តម្លៃ​ដែល​យក​ទប់​តម្លៃ​ដើម​ដែល​គាត់​អាច​ធ្វើ​ពូជ​បន្ត​ទៀត អាហ្នឹង​ជា​ការ​ល្អ»។

រូបឯកសារ៖ អាជីវករកំពុងលក់ផ្លែឈើនៅក្នុងផ្សារមួយកន្លែង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៩។
រូបឯកសារ៖ អាជីវករកំពុងលក់ផ្លែឈើនៅក្នុងផ្សារមួយកន្លែង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៩។

បើ​តាម​លោក ហ៊ីង ប៊ុន​ហៀង ផែន​ការ​ទិញ​ផ្លែ​មៀន​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៨ ខែសីហា​នេះ​ត​ទៅ​ដោយ​ផ្តោត​ចេញ​ពី​ខេត្ត​បាត់​ដំបង​ដំបូង​គេ ខណៈ​លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​បរិមាណ​ទិន្ន​ផល​ផ្លែ​មៀន​ដែល​កំពុង​ជួប​បញ្ហា​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​នៅ​ឡើយ​ទេ។

លោក សឿម ប៊ុនរិទ្ធ អភិបាល​រង​និង​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​បាត់​ដំបង បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​រដ្ឋបាល​ខេត្ត​បាត់​ដំបង​កំពុង​រៀបចំ​ផែន​ការ​ជាមួយ​ក្រុម​ការងារ​របស់​លោក ហ៊ីង ប៊ុនហៀង មុន​ពេល​ចុះ​ទៅ​ផ្សព្វផ្សាយ​ដំណឹង​ជូន​ពលរដ្ឋ​នៅ​ស្រុក​កំរៀង​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ។

លោក​បន្ថែម​ថា​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ នៅ​ប្រទេស​ថៃ​បាន​បង្ក​ជា​បញ្ហា​ចោទ​ចំពោះ​ការ​នាំ​ចេញ​ផ្លែ​មៀន​ពី​កម្ពុជា ស្រប​ពេល​មិន​មាន​កិច្ច​សន្យា​ទិញ​ដូរ​ដែល​ត្រូវ​បាន​កំណត់​ឡើង​ណា​មួយ​។

លោក​ថ្លែង​ថា​៖ «យើង​មិន​ទាន់​បាន​ចរចា​ជាមួយ​ភាគី​ថៃ​ឲ្យ​បាន​ច្បាស់​លាស់​ពី​រឿង​ថា​ថៃ​ត្រូវ​តែ​ទទួល​ទិញ​មៀន​ពី​ទល់​ដែន​យើង​ គឺ​អត់​មាន​ទេ ករណី​ហ្នឹង​ កន្លង​មក​ការ​ទិញ​ចូល​ទៅ​ជា​មនោ​សញ្ចេតនា​រវាង​អាជីវករ​ទាំង​សង​ខាង​ ហើយ​ការ​សម្រប​សម្រួល​របស់​អាជ្ញាធរ​ទេ» ។

លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហ​គមន៍​សិកករ​កម្ពុជា គាំទ្រ​ផែន​ការ​ទិញ​ផ្លែ​មៀន​ពី​កសិករ​ពីសំណាក់​រដ្ឋាភិបាល​ លោក​បាន​ចាត់​ទុក​ថា​ជា​ការសម្រាល​បន្ទុក​មួយ​ដល់​កសិករ។ លោកបាន​ស្នើ​ឲ្យ​មាន​ការ​គាំទ្រ​បន្ថែម​លើ​ការ​លក់​ផ្លែមៀន​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក និង​ស្នើ​ឲ្យ​មាន​ការ​វិនិ​យោគ​លើក​កម្ពស់វិស័យ​ឧស្សាហកម្ម​កែច្នៃ​ក្នុង​ស្រុក ដើម្បី​បំពេញ​ទីផ្សារ​ ក៏​ដូច​ជា​ជំរុញ​សេដ្ឋកិច្ច​ជាតិ។

លោកថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ក្នុង​រយៈ​ពេល​វែង​ រដ្ឋ​គួរ​តែ​លើក​ទឹក​ចិត្ត​ ក៏​ដូច​ជា​ស្វះស្វែង​រក​ដៃ​គូ​បន្ថែម​ទៀត​ ក្នុង​ការ​ឲ្យ​សហគ្រាស​ ឬ​សិប្បកម្ម​ ធ្វើការ​កែ​ច្នៃ​លើ​ផលិត​ផល​មៀន​ហ្នឹង ជា​អាហារ​កំប៉ុង​ ដែល​យើង​អាច​ទុក​បាន​យូរ​ ហើយ​អាច​ចែក​ចាយ​លក់​ក្នុង​ស្រុក​បាន​ដោយ​សម្រាប់​ការ​បង្អែម សម្រាប់​ប្រជា​ពលរដ្ឋ​ទទួល​ទាន។ នេះ​ជា​ចំណុច​មួយ​ ដែល​យើង​មិន​ចាំបាច់​រវល់​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ទី​បី ឬ​ក៏​ប្រទេស​ទី​បួន​បន្ត​ទៀត»។

លោក ​ថេង សាវឿន បន្ថែមថា​នា​ពេល​បច្ចុប្បន្ន ការ​សិក្សា​ស្វែង​យល់​ពី​បច្ចេក​ទេស និង​កង្វះធន​ធាន​មនុស្ស នៅ​តែ​ជា​បទចោទ​សម្រាប់​ការ​វិវឌ្ឍ​ន៍ទៅ​មុខ​ចំពោះ​ផ្នែក​ឧស្សាហកម្ម​កែច្នៃ​លើ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា​ការ​រៀប​ចំគោល​ន​យោបាយ​ផ្តល់​ថវិកា​ជួយ​កសិករ​ក្នុង​ករណី​ចាំបាច់​ក៏​ជា​កត្តា​សំខាន់​មួ​យ​ទៀត​ផង​ដែរ។

រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​រៀបចំ​នាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅ​ប្រទេស​ចិន​ផង​ដែរ ក្រោយ​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជាមួយ​គ្នា កាល​ពី​ខែ​តុលា ឆ្នាំ​២០២០។

លោក សាមុត សារុន កសិករ​ដាំ​មៀន​ក្នុង​ភូមិ​កំរៀង ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង បាន​ប្រាប់​វីអូអេ​ថាជា​ទូទៅ ផ្លែ​មៀន​របស់​លោក​ផ្តល់​ទិន្ន​ផល​ប្រមាណ៦​តោន​រាល់​រដូវ​ប្រមូល​ផល​ម្តង ហើយ​ឈ្មួញ​កណ្តាល​បាន​មក​ទិញ​ផ្លែ​មៀន​ដោយ​ផ្ទាល់​នៅ​ចម្ការ​របស់​លោក។ កសិករ​ដាំ​ផ្លែ​មៀន​អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ​មក​ហើយ បាន​ឲ្យ​ដឹង​ទៀត​ថា​ទិន្ន​ផលមៀន​ ដែល​ប្រមូល​បាន​នៅ​ឆ្នាំ​នេះ ត្រូវ​រង​ការ​ខូច​ខាតក្នុង​ចំនួន​ជិត​២​តោន ដោយ​សារ​មិន​មាន​ឈ្មួញ​មក​ទិញ។

លោក​បន្ថែម​ថា​គិត​មក​ត្រឹម​ថ្ងៃ​ពុធ​នេះ​ដែរ លោក​មិនទាន់​ទទួល​ដំណឹង​ពាក់​ព័ន្ធ​នឹង​ផែន​ការ​ជួយ​ទិញផ្លែ​មៀន​ពី​សំណាក់​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។ លោក​ថា​ប្រសិន​បើ​មាន​ការ​ជ្រោម​ជ្រែង​ណា​មួយ​ពី​រដ្ឋាភិបាល នោះ​ជា​រឿង​ល្អ​សម្រាប់​កសិ​ករ​ខ្មែរ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ចង់​និយាយ​ថា​ការ​ដាំដុះ​នេះ​រដ្ឋា​ភិបាល​យើង គាត់​អត់​បាន​ប្រកាស​ឲ្យ​យើង​ដាំ​ដែរ​។ អញ្ចឹង​ចង់​សំណូម​ពរ​ហ្នឹង បើ​សិន​ជា​រដ្ឋាភិបាល​ឬ​ក៏​អាជ្ញាធរ​ គាត់​អាច​ដោះ​ស្រាយ​ជួយ​ឲ្យ​កសិករ​យើង​ដាំ​ដំណាំ​ហើយ គាត់​អាច​ជួយ​ដោះ​ស្រាយ​ឲ្យ​រក​ច្រក​ចេញ អាហ្នឹង​ខ្ញុំ​សំណូម​ពរ​សុំ​ឲ្យ​គាត់​ជួយ​អញ្ចឹង​ទៅ»។

កសិករ​ដាំ​មៀន​មួយ​រូប​ទៀតនៅ​ឃុំ​អណ្តើក​ហែប ស្រុក​រតន​មណ្ឌល​ ខេត្ត​បាត់​ដំបង អ្នកស្រី ហួន ហៀង បាន​ថ្លែង​ប្រាប់​វីអូអេ​ថា​ជា​ទូទៅ​ អ្នក​ស្រី​ដាំដំណាំមៀន​ប្រភេទ​ផ្សេងៗ រួម​មាន​ប្រភេទ​តាង៉ែន​ផង​ដែរ ដែល​ផ្តល់​ទិន្ន​ផលពី៤​ទៅ​៥​តោន រាល់​រដូវ​ប្រមូល​ផល។ តែ​ឆ្នាំ​នេះ​ អ្នកស្រី​លក់​ផ្លែ​មៀនបាន​ក្នុង​តម្លៃ​ថោក​តែ​ប៉ុណ្ណោះ ​ហើយ​ផ្លែ​មៀន​ជិត​៣​តោន ត្រូវ​ទុក​ចោល ដោយ​សារ​មិន​មាន​ឈ្មួញ​មក​ទិញ។

គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ អ្នកស្រីមិន​ទាន់​ទទួល​បាន​ដំណឹង​ពី​ផែន​ការ​ទិញ​ផ្លែ​មៀន​ពី​រដ្ឋា​ភិបាល​នៅ​ឡើយ​ទេ។

អ្នកស្រី​ថ្លែង​ថា៖ «ចា ខ្ញុំ​អំពាវ​នាវ​ដែរ​ ព្រោះ​អី​កសិករ​ដាំ​ឲ្យ​មាន​ឈ្មួញ​ទិញ​ទៅ​ កសិករ​សង្ឃឹម​ថា​ជួយ​ឲ្យពេល​ប្រេង​ថ្លៃ អី​ក៏​ថ្លៃអញ្ចឹង នៅ​ពេល​ដាំ​ទៅ​ អត់​មាន​ឈ្មួញ​ចុះ​ទិញ អត់​មាន​ទឹក​ចិត្ត​ធ្វើ​ អត់​មាន​កម្លាំង​ចិត្ត​ធ្វើ​អញ្ចឹង​ទៅ​។ សុំ​អំពាវ​នាវ​ដល់​រដ្ឋាភិ​បាល​ទាំង​អស់​ហ្នឹង​ឲ្យ​ចុះ​ជួយ​មើល​អ្នក​កសិករ​ឲ្យ​មាន​តម្លៃ​ទីផ្សារ​ស្រួល​បួល​ទៅ អ្នក​ធ្វើ​នេះ​ក៏​មាន​កម្លាំង​ចិត្ត​ធ្វើ»។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​កាល​ពី​ថ្ងៃ​ទី១២ សីហា ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេ​សាទ ឲ្យ​ដឹង​ថា​ដោយ​សារ​បញ្ហា​ក្នុង​ការនាំចេញ​ទៅ​ក្រៅ​ប្រទេស ជា​ពិសេស​ប្រទេស​ថៃ សម្រាប់​ផ្លែ​មៀន​ប៉ៃលិន ក្រសួងបាន​ស្នើ​ឲ្យ​អ្នក​នាំ​ចេញ​បង្វែរ​ទិស​ដៅ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម។ ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យពលរដ្ឋ និង​ម្ចាស់​ទីតាំង​ផ្សារ​ទំនើប ក្រុម​ហ៊ុន ឬ​សិប្បកម្ម​កែច្នៃ​កសិផល​ក្នុង​ស្រុក ជួយ​ទិញ​ផ្លែ​មៀន​របស់​កសិករ៕

XS
SM
MD
LG