ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ ​IMF ​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ប្រមាណ​២៤០​លាន​ដុល្លារ​អាមេរិក ដើម្បី​ស្តារ​សេដ្ឋ​កិច្ច​​​​​​​​​​​​


រូប​ឯកសារ៖ បុរសម្នាក់កំពុងដើរកាត់ខាងមុខផ្សារចាស់ ដែលត្រូវបិទដំណើរការលក់ដូរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងអំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាល​ពី​ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (International Monetary Fund ឬ IMF) បាន​ត្រៀម​ទុក​កញ្ចប់​ប្រាក់​ជំនួយ​ឥតសំណង​ប្រមាណ​២៤០​លាន​ដុល្លារ​អាមេរិក​សម្រាប់​កម្ពុជា​យក​ទៅ​សា្ត​រសេដ្ឋកិច្ច​របស់​ខ្លួន​ឡើងវិញ​និង​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​បាន​បាត់​បង់​មុខរបរ​ក្នុង​អំឡុង​ពេលមានការឆ្លង​រាតត្បាត​ជំងឺកូវីដ១៩​នៅក្នុង​ប្រទេស។

ជំនួយ​ឥតសំណង​សម្រាប់​ប្រទេស​កម្ពុជា​នេះបាន​មក​ពី​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF) ​ដែលបាន​អនុម័ត​ការ​បែង​ចែក​ថវិកាទូទៅ​មួយ​ពីគណនី​មូលនិធិ​ពិសេស (the largest Special Drawing Rights (SDRs)​ ជា​ប្រវត្តិសាស្ត្រ​ដែល​ស្មើនឹង​៦៥០ពាន់​លានដុល្លារ​សហរដ្ឋអាមេរិក​(ឬប្រមាណ​៤៥៦ពាន់​លានSDR)។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​របស់​អង្គការ​អុកស្វាម​ (Oxfam) ដែល​បាន​ចូលរួម​ក្នុង​ការ​អំពាវនាវ​សុំ​ថវិកា​នេះ។

នាយិកាប្រចាំ​ប្រទេស​នៃ​អង្គការ​អុកស្វាម អ្នកស្រី ​លីម សូលីន​ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃព្រហស្បតិ៍​នេះថា​ទាំង​អង្គការ​អុកស្វាម​និង​អង្គការ​សង្គមស៊ីវិល​ជាង២០០អង្គការបានអំពាវនាវ​ដល់ប្រទេស​ G20 ​និង​IMF ឲ្យ​ផ្តល់​ថវិកា ​SDRs ​ថ្មីនេះ​ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​ពិភពលោក​នៅក្នុង​ពេលមាន​វិបត្តិ​ជំងឺកូវីដ​១៩ ក្នុងនោះក៏មាន​ប្រទេស​កម្ពុជា​ផងដែរ​។

មេដឹកនាំ​អង្គការ​សង្គមស៊ីវិល​រូបនេះ​ជឿថារដ្ឋាភិបាល​កម្ពុជា​នឹង​ប្រើប្រាស់​កញ្ចប់​ហិរញ្ញប្បទាន​ថ្មី​នេះ​ប្រកប​ដោយ​តម្លាភាពដើម្បី​ស្រោចស្រង់​ជីវភាព​ពលរដ្ឋ​ដែល​បាត់​បង់​មុខរបរ​ក្នុង​ពេល​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​។

រូបឯកសារ៖ ប្រជាជន​ពាក់​ម៉ាស់​ការពារ ហើយ​នាំ​គ្នា​ប្រញាប់ប្រញាល់​ទៅ​ទិញ​ម្ហូប​នៅ​ផ្សារ​ត្រី​មួយ ខណៈ​ដែល​មាន​ពាក្យ​ចចាមអារ៉ាម​ថា រាជធានី​ភ្នំពេញ​នឹង​ត្រូវ​បិទ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ (REUTERS/Cindy Liu)
រូបឯកសារ៖ ប្រជាជន​ពាក់​ម៉ាស់​ការពារ ហើយ​នាំ​គ្នា​ប្រញាប់ប្រញាល់​ទៅ​ទិញ​ម្ហូប​នៅ​ផ្សារ​ត្រី​មួយ ខណៈ​ដែល​មាន​ពាក្យ​ចចាមអារ៉ាម​ថា រាជធានី​ភ្នំពេញ​នឹង​ត្រូវ​បិទ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ (REUTERS/Cindy Liu)

អ្នកស្រី ​លីម សូលីន ថ្លែង​ថា៖ «កន្លង​មក​យើង​ឃើញ​ថា​ប្រទេស​កម្ពុជា​រាជរដ្ឋាភិបាល​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​ហ្នឹង​ហើយ​ជួយ​ទៅដល់​គាំទ្រ​ទៅ​ដល់​ជន​ងាយ​រងគ្រោះ​ដែលបាន​បាត់​បង់​មុខ​របរ​ទៅ​តាម​កម្មវិធី​ផ្ទេរ​សាច់​ប្រាក់​ហើយ​និង​ដោយ​ប្រើប្រព័ន្ធ​ជំនួយ​សង្គម​ហើយ​យើង​ឃើញ​ថា​កិច្ចការ​ងារ​នេះ​ធ្វើ​បាន​ល្អ ហើយ​យើង​នឹង​បន្ត​លើក​ទឹកចិត្ត​ហើយ​និង​សូមអំពាវនាវ​ដល់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​បន្ត​ធ្វើ​ការ​ងារ​ប្រកប​ដោយ​តម្លាភាព​និង​រួម​សហការ​គ្នា​ជាមួយនឹង​ស្ថាប័ន​ពាក់​ព័ន្ធទាំង​អស់​ក៏ដូច​ជា​អង្គការ​សង្គមស៊ីវិល​ផ្សេង​ទៀត​នៅ​ក្នុង​ការ​ប្រើ​ហិរញ្ញ​ប្បទាន​ឥតសំណង​នេះដើម្បី​ឲ្យបាន​ជា​ប្រយោជន៍​ទៅដល់​ប្រជាជន​កម្ពុជា​ទាំង​អស់»។

អ្នកស្រី​បន្ថែម​ថា​រដ្ឋាភិបាល​កម្ពុជា​មាន​ជម្រើស​ច្រើន​យ៉ាង​នៅ​ក្នុង​ការ​យក​ហិរញ្ញប្បទាន​នេះ​មកប្រើ​ក្នុង​នោះ​គឺ​កម្ពុជា​អាច​យក​មកទូទាត់​បំណុល​របស់ខ្លួន​មួយផ្នែកណានោះ​ក៏​បាន​ឬក៏តម្កល់​នៅធនាគារ​ជាតិ​នៃ​កម្ពុជា​ក៏បាន។

អ្នកស្រី​បញ្ជាក់​ថា៖ «ចង់​ប្រើ​ក៏បាន​អត់​ប្រើ​ក៏បាន​ដែរ​។ ហើយ​ដាក់​ទុក​តម្កល់​នៅ​ធនាគារ​កណ្តាល​ក៏បាន​ដែរ​ឬក៏សម្រេច​ចិត្ត​ថា​យើង​ប្រើ​ខ្លះ​ យើង​លក់​ខ្លះ​យើង​ប្រើ​ទៅ​ជា​ ទុន​រូបិយបណ្ណ​បរទេស​សម្រាប់​ក្នុង​ការ​ទិញ​លក់​សម្រាប់​ក្នុង​ការ​ធ្វើ​យើង​បង់​ថ្លៃ​ទៅ​លើ​ដឹក​ជញ្ជូន​ចូល​ក្នុងប្រទេស​យើង​អាច​ប្រើ​វា​ទៅ​ជា​យើង​លក់​វាចេញ​ក៏បាន​ឬក៏យើង​យក​វា ​ទៅ​សង​បំណុល»។

បើតាម​អ្នកស្រី​ លីម សូលីន ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​IMFនេះ​មិន​មាន​ភ្ជាប់​លក្ខខណ្ឌ​អ្វីនោះ​ទេ ហើយ​នឹង​ផ្តល់ជូនទៅ​ប្រទេស​ណា​ដែល​ជា​សមាជិក​របស់​អង្គការ​អន្តរជាតិ​មួយនេះ។

អង្គការ​អុកស្វាម​ឲ្យ​ដឹងថា​បច្ចុប្បន្ន​នេះ​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​តំណាង​ឲ្យ​៨៧.៥%នៃ​សេដ្ឋកិច្ច​កម្ពុជាហើយ​ក្រសួង​ផែនការ​បានលើក​ឡើង​ថា កម្មករ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ចំនួន​៦លាននាក់​កំពុងប្រឈម​នឹង​ការ​បាត់​បង់​មុខ​របរ​របស់​ពួកគេ​ខណៈជំងឺ​រាតត្បាត​ជា​សកល​នេះ​នៅ​តែ​បន្ត។

រូប​ឯកសារ៖ ក្រុមមន្ត្រីសុខាភិបាលស្ថិតក្នុងឯកសណ្ឋានការពារពីការឆ្លងជំងឺកូវីដ១៩ បញ្ជូនអ្នកជំងឺកូវីដ១៩ មកទទួលការព្យាបាលនៅមណ្ឌលព្យាបាល នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
រូប​ឯកសារ៖ ក្រុមមន្ត្រីសុខាភិបាលស្ថិតក្នុងឯកសណ្ឋានការពារពីការឆ្លងជំងឺកូវីដ១៩ បញ្ជូនអ្នកជំងឺកូវីដ១៩ មកទទួលការព្យាបាលនៅមណ្ឌលព្យាបាល នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ការិយាល័យទំនាក់​ទំនង​របស់​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF) តាម​សារ​អ៊ីមែល​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ប្រធាន​សមាគម​ឯក​រាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ (​IDEA) លោក​ វន់ ពៅ​ យល់​ថា​រដ្ឋាភិបាល​គួរយក​ហិរញ្ញ​ប្បទាន​ថ្មី​របស់មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF) មក​ជួយ​ទ្រទ្រង់​ការ​រស់​នៅ​របស់​ពលរដ្ឋដែល​បាន​បាត់​បង់​ប្រាក់ចំណូល​ឬ​លក់​ទ្រព្យសម្បត្តិ ដើម្បី​ជ្រោមជ្រែង​ជីវភាព​ចំពេល​មាន​ការ​វាយប្រហារ​ឥតស្រាកស្រាន្ត​នៃជំងឺ​កូវីដ​១៩ ដែល​ធ្វើ​ឲ្យ​ពួកគេ​បាត់​បង់​ការងារ។

លោក ​វន់ ពៅ​ បញ្ជាក់​ថា៖ «សម្រាប់​ខ្ញុំ​ខណៈ​នេះ​គឺត្រូវ​តែ​ឲ្យ​មិនមែន​ចាំ​ពេល​ដាច់​ពោះ​ស្លាប់​បាន​ឲ្យ​ទេ​អាហ្នឹង​និយាយ​តាមត្រង់​ព្រោះ​ឥឡូវ​នេះ​គឺជា​ស្ថានការណ៍​មួយ​ដែល​កំពុង​តែ​ប្រឈម​ខ្លាំង​ណាស់​អ្នក​ដែល​ខ្វះ​ស្បៀង​អាហារ​អ្នក​ដែល​បាត់​បង់​ការងា​រ អ្នក​ដែល​បាត់​បង់​មុខរបរ​អ្នក​ដែល​លក់​ទ្រព្យសម្បតិ្ត ដើម្បី​ទប់​ទល់​ជីវភាព​លក់​របស់​របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​ដូច​ជា​ម៉ូតូ​ ដូច​ជា​រ៉ឺម៉ក ដូច​ជាអីហ្នឹង​គឺច្រើន​ខ្លាំង​មែនទែន»។

លោក​បន្ថែមថា​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការផ្ទាល់​ជាមួយ​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​គួរ​ត្រូវបាន​លើក​ទឹក​ចិត្ត​ឲ្យចូល​រួម​អនុវត្ត​កម្មវិធី​ផ្តល់​ការសង្គ្រោះ​ខាង​ហិរញ្ញវត្ថុនេះ​ព្រោះ​មានតែ​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ទេ​ដែល​ស្គាល់​តំបន់​គោល​ដៅ​ដែលត្រូវ​ជួយ​សង្គ្រោះច្បាស់​លាស់»។​

​VOA មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​អ្នកនាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​លោក​ មាស សុខសេនសាន បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។

រូបឯកសារ៖ កម្មកររោងតចក្រនៅតំបន់ជ្រាយរាជធានីភ្នំពេញជាប់ខេត្តកំពង់ស្ពឺ កំពុងរង់ចាំធ្វើដំណើរចូលក្រុងវិញ ខណៈភ្នំពេញរងការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១។
រូបឯកសារ៖ កម្មកររោងតចក្រនៅតំបន់ជ្រាយរាជធានីភ្នំពេញជាប់ខេត្តកំពង់ស្ពឺ កំពុងរង់ចាំធ្វើដំណើរចូលក្រុងវិញ ខណៈភ្នំពេញរងការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១។

ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​ក្រសួង​សង្គម​កិច្ច​អតីត យុទ្ធជន​ និង​យុវនីតិសម្បទា​លោក​ ឈួរ​ សុបញ្ញា ប្រាប់​វីអូអេ​ថា​លោក​មិន​មាន​ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង​កញ្ចប់​ជំនួយ​ឥត​សំណង​របស់​ IMF ដែល​ផ្តល់​ឲ្យ​កម្ពុជា​ទេ ដោយ​ស្នើ​ឲ្យ​អ្នក​យកព័ត៌មាន​សួរ​ត្រឡប់​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុវិញ។​

ប៉ុន្តែ​លោក​និយាយ​ថា៖ «ចំពោះ​ជា​ទិដ្ឋភាព​ក្នុង​នាម​ប្រជាពលរដ្ឋ​សាមញ្ញ​មួយ​ ខ្ញុំថា​ជា​ការ​សប្បាយ​ចិត្ត​ហើយ​ជា​សុឆន្ទៈ​មួយ​បង្ហាញ​អំពី​តម្លាភាព​របស់​រដ្ឋាភិបាល​ហើយ​ទើប​គេ​ឲ្យ​អាហ្នឹង​បាន។ បើ​សិន​ណា​ជា​រដ្ឋាភិបាល​មិន​មាន​តម្លាភាព​រដ្ឋាភិបាល​ មិន​មាន​ហៅ​ថា​សុឆន្ទៈ​ បង្ហាញ​អំពី​commitment [ការតាំងចិត្ត] ក្នុង​ការ​ជួយ​អន្តរាគមន៍​ប្រជាពលរដ្ឋ​ទេ​ក៏​គេមិន​អាច​ផ្តល់​ឲ្យ​រដ្ឋាភិបាល​ដែរ​។ អាចឹង​ អាហ្នឹង​បង្ហាញ​ពី​ភាព​ល្អ​របស់​រដ្ឋាភិ​បាល»។

បើតាម​អង្គការ​អុកស្វាម ​SDR គឺ​ជា​ទម្រង​នៃ​រូបិយបណ្ណ​សកល​មួយ​ដែល​អាច​ចាក់​បញ្ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​សកល​លោក​ដោយ​ធ្វើ​ការ​បែង​ចែក​ជំនួយ​ដោយ​មិន​ចាំបាច់​សង​វិញ ជូន​ដល់​ប្រទេស​ជា​សមាជិក​នីមួយ​ៗ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរ​ជាតិ។​ថវិកា​នេះ​មិនមែន​ជា​កម្ចីដែល​ត្រូវ​ការ​សងវិញ​នោះ​ទេ ហើយ​ការ​ប្រើ​ប្រាស់​មូលនិធិនេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ដោយ​ប្រទេស​ដែល​ទទួល​មូលនិធិនេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG