ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ស្វះស្វែង​រក​ការ​បន្ត​ពាណិជ្ជកម្ម​ទ្វេភាគី​មិន​គិត​ពន្ធ​ជាមួយ​សហរដ្ឋ​អាមេរិក


ឯកអគ្គរាជទូត​កម្ពុជា​លោក​ ជុំ​ ស៊ុនរី​ ជួប​ជាមួយ​សមាជិក​សភា​អ្នកស្រី​ Carol Miller មក​ពី​រដ្ឋ​ West Virginia នៃ​សហរដ្ឋ​អាមេរិក​នៅ​វិមាន​សភា​​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី២៧​ ខែកក្កដា ឆ្នាំ២០២១។ (ផ្តល់​ឱ្យ​ដោយ​ស្ថានទូត​កម្ពុជា​​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន)

នៅ​ក្រោយ​ពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​ធូរស្រាល​ពី​ជំងឺ​កូវីដ១៩​ហើយ​បើក​ទ្វារ​ការិយាល័យ​នានា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ក្រុម​មន្ត្រី​ការទូត​កម្ពុជា​ប្រចាំ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដឹកនាំ​ដោយ​លោកឯកអគ្គរាជទូត​ជុំ ស៊ុនរី ​នៅ​សប្តាហ៍​ចុងក្រោយ​នៃ​ខែ​កក្កដា​នេះ​បាន​ចាប់ផ្តើម​ជំនួប​នានា​ជាមួយ​សមាជិក​សភា​សហរដ្ឋ​អាមេរិក​និង​មន្ត្រី​សហរដ្ឋ​អាមេរិក​ដើម្បី​ពិភាក្សា​បញ្ហា​នានា​ជាពិសេស​លើ​ការ​បន្ត​ប្រព័ន្ធ​អនុគ្រោះពន្ធ GSP ​ក្រោយ​ពេល​អស់​សុពលភាព​នៅ​ចុង​ឆ្នាំ​២០២០។ នេះ​បើ​តាម​ការ​បញ្ជាក់​ជា​ផ្លូវការ​ពី​ស្ថានទូត​តាម​សារ​អេឡិចត្រូនិក​តេឡេក្រាម នៅ​ពេល ​VOA​ បាន​សុំ​ការ​បំភ្លឺ​ពី​លោក​ឯកអគ្គរាជទូត​កម្ពុជា​ជុំ ស៊ុនរី​ តាម​រយ:​សារ​អ៊ីមែល។

នៅ​ក្នុង​សារ​ដដែល​ជា​ភាសា​អង់គ្លេស​ដែល​បកប្រែ​ក្រៅ​ផ្លូវការ​បាន​បញ្ជាក់​ថា​លោក​ឯកអគ្គរាជទូត​បាន​ពិភាក្សា​អំពី​ការ​លើក​កម្ពស់​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​អ្នកស្រី​ Carol Miller ​សមាជិក​សភា​មកពី​រដ្ឋ West Virginia នៃ​អនុគណ:កម្មការ​ Ways and Means ​Trade ​Subcommittee​ទទួល​បន្ទុក​កិច្ចការ​ត្រួត​ពិនិត្យ​គោល​នយោបាយ​ពន្ធ​ទាំងអស់។

សារ​ដដែល​បាន​បន្ថែម​សេចក្តី​ថា៖ «ការ​ផ្លាស់ប្តូរ​យោបល់​និង​កិច្ចពិភាក្សា​បាន​ផ្តោត​ជា​សំខាន់​លើ​បញ្ហា​លើក​កម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា-អាមេរិក​និង​ការ​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSP​របស់​អាមេរិក»។

ជំនួប​នេះ​បាន​ធ្វើ​ឡើង​នៅ​ឯ​វិមាន​រដ្ឋសភា​កាល​ពី​ថ្ងៃទី២៧​ ខែកក្កដា​ឆ្នាំ២០២១។

ដោយឡែក​លោក​ឯកអគ្គរាជទូត​កម្ពុជា​ដដែល​កាល​ពី​ថ្ងៃ​ទី២៨​ខែកក្កដា​ នៅ​សប្តាហ៍​ដដែល​នេះ បាន​ជួប​ជាមួយ​លោក​ Patrick Murphy​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក្នុង​ក្រសួងការ​បរទេស​អាមេរិក​ដោយ​ផ្តោត​ទៅ​លើ​ទំនាក់ទំនង​ទ្វេភាគី​ផងដែរ។ ជំនួប​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រុមមន្ត្រី​កម្ពុជា​និង​សហរដ្ឋ​អាមេរិក។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ លោក​ Patrick Murphy​ (ឆ្វេង) ​និង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក ​លោក ​ជុំ​ ស៊ុនរី​ ជួបប្រជុំ​ក្នុង​ក្រសួង​ការបរទេស​អាមេរិក​ ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី២៨​ ខែ​កក្កដា ឆ្នាំ២០២១។ (រូបថត​ផ្តល់​ឱ្យ​ដោយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន)
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ លោក​ Patrick Murphy​ (ឆ្វេង) ​និង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក ​លោក ​ជុំ​ ស៊ុនរី​ ជួបប្រជុំ​ក្នុង​ក្រសួង​ការបរទេស​អាមេរិក​ ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី២៨​ ខែ​កក្កដា ឆ្នាំ២០២១។ (រូបថត​ផ្តល់​ឱ្យ​ដោយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន)

សហរដ្ឋ​អាមេរិក​គឺ​ជា​ទីផ្សារ​នាំ​ទំនិញ​ដ៏​ធំជាង​គេ​បំផុត​មួយ​សម្រាប់​កម្ពុជា។ នៅ​ក្នុង​ឆ្នាំ​២០២០​កម្ពុជា​បាន​នាំ​ទំនិញ​ចូល​សហរដ្ឋ​អាមេរិក​ក្នុង​ទំហំ​ជា​ទឹកប្រាក់​ចំនួន​៦,៥​ពាន់​លាន​ដុល្លារ​ដែល​ភាគច្រើន​ជា​ផលិតផល​សម្លៀក​បំពាក់។ ក្នុង​ចំណោម​នេះ​គឺ​ទំនិញ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​១.០០០​លាន​ដុល្លារ​បាន​រួច​ពន្ធ​ក្រោម​កម្មវិធី​ពន្ធ​អនុគ្រោះ​ GSP ដែល​មាន​ផលិតផល​បម្រើ​ដល់​ការ​ធ្វើ​ដំណើរ​ដែល​មាន​ដូច​ជា​កាបូប​និង​វ៉ាលីស។ នេះ​បើ​តាម​ស្ថិតិ​របស់​ការិយាល័យ​ស្ថិតិ​របស់​សហរដ្ឋ​អាមេរិក​និង​ភាគី​កម្ពុជា។

ប្រព័ន្ធ ​GSP ​របស់​សហរដ្ឋ​អាមេរិក​អនុញ្ញាត​ឲ្យ​ប្រទេស​ដែល​ទទួល​បាន​អាច​នាំ​ទំនិញ​ចំនួន​៥.០០០​មុខ​ចូល​ដោយ​មិន​បង់​ពន្ធ​ឬ​បង់ពន្ធ​តិចតួច​បំផុត។ អាមេរិក​ប្រើ​ប្រព័ន្ធ​នេះ​ដើម្បី​ជួយ​ប្រទេស​នានា​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​លើក​កម្ពស់​សិទ្ធិមនុស្ស​សិទ្ធិ​ការងារ​និង​នីតិរដ្ឋ។​

​ពេលនេះ​កម្ពុជា​កំពុង​ស្វះស្វែង​រក​ការ​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហរដ្ឋ​អាមេរិក​ទៅមុខ​ទៀត​ជាពិសេស​ស្វែងរក​ការ​គាំទ្រ​ពីសភា​សហរដ្ឋ​អាមេរិក​ក្នុងពេល​កម្ពុជា​ប្រឈម​នឹងការ​រិះគន់​ពី​សហរដ្ឋ​អាមេរិក​និង​ ការធ្វើសេចក្តី​ស្នើច្បាប់​លេខ H.R. 4686​ ហៅថា Cambodia Democracy Act ​ដើម្បី​ស្តារ​លទ្ធិប្រជាធិប​តេយ្យ​កម្ពុជាឡើងវិញ​និង​ដើម្បី​បន្តដាក់​ទណ្ឌកម្ម​ដល់មន្ត្រី​កម្ពុជា​ដែលធ្វើ​ឲ្យ​ខូចខាត​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស។ សេចក្តី​ស្នើច្បាប់​ដែល​រៀបចំ​ឡើងវិញ​ដោយ​លោក​សមាជិក​សភា ​Steve Chabot ​មក​ពី​រដ្ឋ​ នេះ​បាន​ត្រូវអនុម័ត​ជា​ឯកច្ឆន​្ទ​ដោយ​គណ:កម្មការ​ការបរទេស​នៃ​សភា​អាមេរិក​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា​ បន្ទាប់ពី​បាន​ខកខាន​កាលពីឆ្នាំ​២០២០​មិន​បាន​អនុម័ត​ដោយ​ព្រឹទ្ធសភា​និង​មិន​បាន​ទៅដល់​តុ​ប្រធានាធិបតី​ដើម្បី​ចុះ​ហត្ថលេខា​ក្លាយជា​ច្បាប់​ទេ​កន្លង​មក។ ក្រុម​មន្ត្រី​នាំពាក្យ​បី​រូប​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​មិន​អាច​ទាក់ទង​បាន​ទេ​ដោយ​ទូរសព្ទ​គ្មាន​អ្នកទទួល​និង​ សារ​សំឡេង​ខ្លះ​បញ្ជូន​ទៅ​ក៏​គ្មាន​ការ​ឆ្លើយ​តប​មក​វិញ​នៅ​ពេល​វីអូអ​សុំ​ការ​បំភ្លឺ​ពី​បញ្ហា​នា​ចេញ​និង​បញ្ហា GSP។

ក្រុម​មន្ត្រី​ការិយាល័យ​អ្នកស្រី​ Carol Miller ​សមាជិក​សភា​ដែល​បាន​ទទួល​ជួប​ជាមួយ​លោក​ឯកអគ្គរាជទូត​កម្ពុជា​ជុំ ស៊ុនរី ​មិនទាន់​មាន​ការ​ឆ្លើយតប​នឹង​សំណួរ​របស់​ VOA​ នៅ​ឡើយទេ​ថា​តើ​អ្នកស្រី​គាំទ្រ​ការ​បន្ត​ប្រព័ន្ធ​អនុគ្រោះ​GSP​ដល់​កម្ពុជា​ឬយ៉ាងណា​ដោយ​បុគ្គលិក​ម្នាក់​បាន​អះអាង​ថា​នឹង​បញ្ជូន​សំណួរ​របស់​VOA​ទៅ​កាន់​ផ្នែក​ព័ត៌មាន​នៅ​ពេល​ទទួល​បាន​សារ​អ៊ីមែល​របស់​ VOA។

ឯកអគ្គរាជទូត​កម្ពុជា​លោក​ ជុំ​ ស៊ុនរី​ ជួប​ជាមួយ​សមាជិក​សភា​អ្នកស្រី​ Carol Miller មក​ពី​រដ្ឋ​ West Virginia នៃ​សហរដ្ឋ​អាមេរិក​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី២៧​ ខែកក្កដា ឆ្នាំ២០២១។ (រូបថត​ផ្តល់​ឱ្យ​ដោយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន)
ឯកអគ្គរាជទូត​កម្ពុជា​លោក​ ជុំ​ ស៊ុនរី​ ជួប​ជាមួយ​សមាជិក​សភា​អ្នកស្រី​ Carol Miller មក​ពី​រដ្ឋ​ West Virginia នៃ​សហរដ្ឋ​អាមេរិក​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី២៧​ ខែកក្កដា ឆ្នាំ២០២១។ (រូបថត​ផ្តល់​ឱ្យ​ដោយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន)

ទោះជា​យ៉ាងណា​លោក ​Chad Roedemeier ​អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​ប្រាប់ ​VOA​ តាមសារ​អ៊ីមែលថា ​សភា​សហរដ្ឋ​អាមេរិក​មិន​បាន​ផ្តល់​ឡើង​វិញ​នូវ​កម្មវិធី​អនុគ្រោះពន្ធ​ GSP​មុន​ឆ្នាំ​ដែល​ផុត​សុពលភាព​កាល​ពី​ថ្ងៃ​ទី៣១​ខែធ្នូ​នោះ​ទេ។

លោក​បាន​ថ្លែង​តាម​ខ្លឹមសារ​ដើម​ថា៖ «សភា​សហរដ្ឋ​អាមេរិក​នឹង​សម្រេច​លើ​បញ្ហា​ថា តើ​ត្រូវ​បន្ត​ការ​អនុញាត​ឲ្យមាន​ប្រព័ន្ធ​អនុគ្រោះពន្ធ​ GSP ឬយ៉ាងណា»។

លោក​បន្តថា៖ «ការ​ទទួល​បាន​ការ​នាំចូល​ទៅកាន់​ទីផ្សារ​អាមេរិក​តាម​រយ:​ការសម្រប​សម្រួល​ទៅតាម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP​ ជួយ​បង្កើត​ឲ្យ​មាន​ការ​រីក​ចម្រើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាងមុខ​ជំនួញ​នានា​របស់​សហរដ្ឋ​អាមេរិក​និង​កម្ពុជា»។

នៅ​ពេល​សួរពី​ឧបសគ្គ​នានា​ចំពោះ​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះពន្ធ​ GSP​ ពី​សហរដ្ឋ​អាមេរិក​លោក​ Chad Roedemeier ​នៃ​ស្ថានទូត​អាមេរិក​ដដែល​បាន​លើក​ឡើងថា៖ «យើង​ព្រួយ​បារម្ភ​អំពី​ការ​ខ្វះ​លំហ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ការ​រឹតត្បិត​សិទ្ធិមនុស្ស​សេរីភាព​ជា​មូលដ្ឋាន និង​សិទ្ធិ​ការងារ»។

លោក ​កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ពុំ​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​VOA​រឿង​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ទេ​ដោយ​បង្វែរ​សំណួរ​ទៅ​ខាង​ផ្នែក​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​តែ​ចំពោះ​ផ្នែក​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​លោក​បាន​បញ្ជាក់​ប្រាប់​ VOA ​តាម​ប្រព័ន្ធ​ផ្ញើសារ​តេឡេក្រាម​ថា៖ «ទំនាក់ទំនង​ការទូតរ​វាង​ប្រទេស​ទាំង​ពីរ​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ល្អ​ជា​ធម្មតា​ហើយ​ថ្មីៗ​នេះ​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ជួប​ឯកឧត្តម​ Patrick Murphy​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នានា»។

លោក​មិន​បាន​បញ្ជាក់​លម្អិត​នោះទេ​ចំពោះ​ជំនួប​រវាង​អ្នក​ការទូត​ទាំង​ពីរ​រូប​ដូចគ្នា​នឹង​ការ​បញ្ជាក់​យ៉ាងខ្លី​របស់​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ដែរ។

ប្រទេស​កម្ពុជា​ដែល​ភាគច្រើន​នាំ​ផលិតផល​សម្លៀក​បំពាក់​និង​សម្ភារ:​ផ្សេងៗ​ផលិត​ដោយ​កម្មករ​រោងចក្រ​យ៉ាងតិច​៨០​ម៉ឺននាក់​នោះ​ត្រូវការ​ទីផ្សារ​សហរដ្ឋ​អាមេរិក​ដែល​មិន​យកពន្ធ​លើ​មុខទំនិញ​កម្ពុជា​ជា​ពិសេស​ចំពោះ​វិស័យ​កាត់ដេរ​ដែលជា​វិស័យ​សំខាន់​មួយ​ក្នុង​ចំណោម​៤​ទ្រទ្រង់​សេដ្ឋកិច្ច​ប្រទេស​ក្រៅ​ពី​វិស័យ​សំណង់​ ទេសចរណ៍​និង​កសិកម្ម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG