ការសិក្សាថ្មីមួយស្តីពីការលំបាករបស់ប្រជាពលរដ្ឋដែលជំពាក់កម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងពេលជួបវិបត្តិជំងឺកូវីដ១៩ បង្ហាញថាព័ត៌មាននៃការរៀបចំកម្ចីឡើងវិញ មិនត្រូវបានផ្សព្វផ្សាយទូលំទូលាយដល់ប្រជាពលរដ្ឋនោះទេ ហើយអ្នកដែលរងគ្រោះពិតប្រាកដមិនទទួលបានការអនុគ្រោះរៀបចំឥណទានឡើងវិញឡើយ។
ការសិក្សានេះធ្វើឡើងក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៣ គឺខេត្តបាត់ដំបង សៀមរាប និងកំពង់ឆ្នាំង រយៈពេល៤ខែ ចាប់ពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០២០ មុនពេលដែលកម្ពុជាប្រឈមការឆ្លងខ្លាំងក្លា ដែលចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២១។ ការសិក្សានេះធ្វើឡើងដោយអ្នកស្រាវជ្រាវខ្មែរម្នាក់ ដែលកំពុងសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ហើយបានសម្ភាសអ្នកជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ ប្រមាណ១២០នាក់។
របាយការណ៍នៃការសិក្សាប្រមាណ១០០ទំព័រ ក្រោមចំណងជើងថា៖ «មីក្រូហិរញ្ញវត្ថុក្នុងសម័យកូវីដ១៩៖ កិច្ចគាំពារអតិថិជន និងដំណើរការរៀបចំឥណទានឡើងវិញនៅក្នុងប្រទេសកម្ពុជា» ចុះផ្សាយកាលពីខែមិថុនា ឆ្នាំ២០២១ ដែលវីអូអេទទួលបានកាលពីពេលថ្មីៗនេះ ត្រូវបានរៀបចំជាលក្ខណៈឯករាជ្យ ដោយកញ្ញា រេះ ផាស៊ី និស្សិតថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sorbonne Paris 1 ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ របាយការណ៍នេះត្រូវបានចុះផ្សាយលើគេហទំព័ររបស់គម្រោង«ពន្លកចំណេះ»របស់មូលនិធិអាស៊ី(Asia Foundation) ដែលជាអ្នកឧបត្ថម្ភរួមគ្នាជាមួយទីភ្នាក់ងារអូស្រ្តាលីសម្រាប់ការអភិវឌ្ឍអន្តរជាតិ (Aus Aid)។
អ្នកស្រាវជ្រាវបានសម្ភាសអ្នកខ្ចីកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១១៩នាក់ អ្នកមិនមែនជាកូនបំណុលមីក្រូហិរញ្ញវត្ថុចំនួន១៧នាក់ និងមនុស្ស៣៤នាក់ ដែលជាបុគ្គលិករបស់គ្រឹះស្ថានហិរញ្ញវត្ថុចំនួន៥។
ការសិក្សាបានរកឃើញថា កូនបំណុលចំនួន៣១នាក់ មិនបានដឹងពីគោលការណ៍នយោបាយអនុញ្ញាតឲ្យរៀបចំឥណទានឡើងវិញ ដែលត្រូវបានផ្តល់ដោយស្ថាប័នមីក្រូហិរញ្ញវត្ថុទេ ក្រោយមានការអំពាវនាវពីរដ្ឋាភិបាល ក្នុងពេលដែលពលរដ្ឋបាត់បង់ការងារ និងប្រាក់ចំណូលក្នុងវិបត្តិជំងឺកូវីដ១៩។
របាយការណ៍បន្ថែមថាក្រៅពីនេះ សុទ្ធតែអ្នកមានលទ្ធភាពបង់ ឬមិនហ៊ានទាក់ទងទៅគ្រឹះស្ថានហិរញ្ញវត្ថុ «ដោយខ្លាចប៉ះពាល់ដល់ប្រវត្តិឥណទានរបស់ពួកគេ ឬខ្លាចខ្មាសគេ»។
កញ្ញា រេះ ផាស៊ី អ្នកស្រាវជ្រាវការសិក្សានេះ បានប្រាប់វីអូអេថា កញ្ញាចង់ឃើញមានការផ្តល់ព័ត៌មានពេញលេញ និងកាន់តែឆាប់តាមតែអាចធ្វើទៅបានដល់កូនកម្ចី ពាក់ព័ន្ធនឹងជម្រើសផ្សេងៗនៅពេលដែលពួកគេមិនអាចសងបំណុលបាន។
កញ្ញាថ្លែងជាភាសាអង់គ្លេស ហើយត្រូវបានប្រែសម្រួលក្នុងន័យដើមថា៖ «នៅពេលពួកគាត់ស្ថិតនៅដំណាក់កាលដំបូងនៃការស្នើសុំកម្ចី ពួកគាត់គួរតែត្រូវទទួលបានព័ត៌មានទាន់ពេលវេលា នៅពេលដែលពួកគាត់ប្រឈមនឹងបញ្ហាក្នុងការសងបំណុល ដើម្បីឲ្យកូនកម្ចីដឹងថាពួកគាត់ត្រូវធ្វើយ៉ាងដូចម្តេចនៅពេលដែលពួកគេជួបការលំបាកក្នុងការសងត្រឡប់មកវិញ»។
កញ្ញាជំរុញឲ្យគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាគួរតែមានយន្តការការពារទុកជាមុន ដើម្បីបញ្ចៀសហានិភ័យនៃកូនបំណុលធ្លាក់ចូលក្នុងស្ថានភាពមិនអាចសងកម្ចីត្រឡប់មកវិញ ហើយត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិ ដូចជាដីធ្លីរបស់ពួកគេ ហើយគួរមានការវាយតម្លៃជាប្រព័ន្ធ ដើម្បីផ្តល់ជាដំណោះស្រាយផ្សេងៗចំពោះបុគ្គលដែលមិនមានលទ្ធភាពបង់សង។
របាយការណ៍នៃការសិក្សាស្រាវជ្រាវនេះ បានឲ្យដឹងថាបញ្ហាជុំវិញការមិនមានលទ្ធភាពសងបំណុលរបស់ពលរដ្ឋមួយចំនួន គឺមានតាំងពីមុនការកើតមានជំងឺកូវីដ១៩មកម្ល៉េះ ហើយថាអ្នកវិភាគផ្សេងៗក៏បានព្រមានពីតម្រូវឲ្យពលរដ្ឋកម្ពុជាដែលមានចំណូលទាបលក់ទ្រព្យសម្បត្តិរបស់ខ្លួន ពោលគឺដីរបស់ពួកគេ។
អ្នកស្រាវជ្រាវក៏បានជំរុញឲ្យការផ្តល់សេវាកម្មកម្ចីពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវមានជាប់ជាមួយ«ការទទួលខុសត្រូវ» ពីព្រោះតែសេវាមីក្រូហិរញ្ញវត្ថុមានសក្តានុពលក្នុងការជំរុញការអភិវឌ្ឍសង្គម។ របាយការណ៍បន្ថែមថា សេវាមីក្រូហិរញ្ញវត្ថុក៏អាចឲ្យកូនបំណុលមានប្រាក់ចំណូលទាប ជាប់បំណុលកាន់តែច្រើន កាលណាចំនួនបំណុលកើនឡើង និងអាចបណ្តាលឲ្យមានវិបត្តិសេដ្ឋកិច្ច និងសង្គមផងដែរ។
របាយការណ៍បញ្ជាក់ក្នុងសំណេរដើមថា៖ «អ្វីដែលសំខាន់បំផុតនៅបច្ចុប្បន្ននេះគឺថាសិ្ថរភាពនៃវិស័យនេះត្រូវធានាឲ្យបានជាចម្បងតាមរយៈការធានាថាកូនបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងបានទទួលផលពីឥណទានដែលបានចែងក្នុងកិច្ចសន្យា ហើយថាជនងាយរងគ្រោះខាងសង្គម និងសេដ្ឋកិច្ចក្នុងចំណោមកូនបំណុលទាំងនោះ នឹងទទួលបានការគាំពារសមរម្យ»។
អ្នកស្រាវជ្រាវបានលើកទឹកចិត្តឲ្យមានការកែលម្អគោលនយោបាយ ដែលជួយបុគ្គលជាកូនបំណុលនៅពេលមានសេដ្ឋកិច្ចធ្លាក់ចុះ ដូចជាការរៀបចំឥណទានឡើងវិញ គួរតែផ្តល់ជូនទៅគ្រប់គ្រួសារទាំងអស់ដែលរងការប៉ះពាល់ដោយសារបញ្ហាកូវីដ១៩ និងការផ្តល់ការគាំពារដោយស្វ័យប្រវត្តិចំពោះរាល់សំណើ ដោយមិនគិតថាតើមុខរបររបស់ពួកគាត់បានប៉ះពាល់ដោយផ្ទាល់ ឬយ៉ាងណានោះទេជាដើម។
របាយការណ៍ស្រាវជ្រាវក៏បានលើកឡើងករណីជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលជាប់បំណុលមីក្រូហិរញ្ញវត្ថុមួយចំនួន ដែលអ្នកស្រាវជ្រាវមិនបានបញ្ចេញឈ្មោះនោះទេ។ អ្នកជាប់បំណុលម្នាក់ដែលជាម្ចាស់ហាងគ្រឿងទេស អាយុ៤១ឆ្នាំ ត្រូវបានដកស្រង់សម្តីនៅក្នុងរបាយការណ៍ថា៖ «តាមពិត ខ្ញុំចង់ប្រាប់រាល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ថាទោះបីជាខ្ញុំបានសងទាន់ពេលរាល់ខែក៏ដោយ ខ្ញុំពិតជាកំពុងជួបការលំបាកខ្លាំង។ ប៉ុន្តែខ្ញុំខ្លាចថា ស្ថាប័នហិរញ្ញវត្ថុនោះលែងឲ្យខ្ញុំខ្ចីទៀត បើខ្ញុំបង្កបញ្ហា»។
ចំណែកចុងភៅម្នាក់ដែលជំពាក់បំណុលហើយត្រូវបានស្រង់សម្តីនៅក្នុងរបាយការណ៍ បានលើកឡើងថា៖ «ខ្ញុំស្គាល់អ្នកខ្លះដែលបានស្នើសុំពន្យារពេល ប៉ុន្តែសំណើពួកគាត់បានត្រូវបដិសេធ។ ពេលខ្ញុំឃើញដូច្នេះខ្ញុំមិនមានការជឿជាក់ក្នុងការស្នើសុំទៀតទេ។ ខ្ញុំខ្លាចថានឹងបានចម្លើយដូចគ្នា។ នោះវានឹងធ្វើឲ្យខ្ញុំខ្មាសគេ»។
លោក កាំង តុងងី ប្រធានទំនាក់ទំនងនិងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(Cambodia Microfinance Assocation ឬCMA) ដែលមានសមាជិកជាង១១០ស្ថាប័ន បានប្រាប់ VOA ថា មន្រី្តឥណទានរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ តែងតែធ្វើការជាប់ជាមួយប្រជាពលរដ្ឋក្នុងការតាមដាន និងរៀបចំឥណទានឡើងវិញចំពោះអតិថិជនដែលបានរងផលប៉ះពាល់សេដ្ឋកិច្ចដោយសារបញ្ហាកូវីដ១៩។
លោកបន្ថែមថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏មានយន្តការក្នុងការផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋផងដែរ អំពីគោលការណ៍អនុគ្រោះ ប្រសិនបើពួកគេមិនមានលទ្ធភាពបង់សង។
លោកបានថ្លែងថា៖ «ជាទូទៅមន្ត្រីឥណទានដែលគាត់ធ្វើការផ្ទាល់ជាមួយអតិថិជនរបស់គាត់នៅកម្រិតមូលដ្ឋានហ្នឹង គាត់ដឹងពីស្ថានភាពរបស់អតិថិជនគាត់។ អញ្ចឹងនៅពេលអតិថិជនរបស់គាត់អាចប្រឈមនឹងការបង់យឺតយ៉ាវ ឬក៏គាត់មើលឃើញថា អតិថិជនអាចរងផលប៉ះពាល់ដោយសារជំងឺកូវីដហើយ អញ្ចឹងមន្ត្រីឥណទាននោះ គាត់នឹងប្រាប់ទៅអតិថិជន ឬក៏ស្នើទៅអតិថិជនឲ្យគាត់ ដាក់ពាក្យស្នើសុំធ្វើការរៀបចំឥណទានឡើងវិញតាមរយៈមន្ត្រីផ្ទាល់ក៏បាន ឬក៏ទៅការិយាល័យណាមួយរបស់គ្រឹះស្ថានក៏បានដែរ» ។
លោក កាំង តុងងី បានឲ្យដឹងទៀតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនអាចរៀបចំឥណទានឲ្យអតិថិជនបាននោះទេ ប្រសិនបើមិនមានការស្នើសុំ។ លោកបានលើកទឹកចិត្តអតិថិជនស្នើសុំរៀបចំឥណទានឡើងវិញ តាមរយៈការចរចាជាមួយមន្រ្តីឥណទាន។
ស្របពេលដូចគ្នានេះដែរ លោក តុងងី បានបញ្ជាក់បន្ថែមថា របាយការណ៍ស្រាវជ្រាវខាងលើ ដែលធ្វើឡើងកាលពីឆ្នាំមុន បន្ទាប់ពីមានរលកទីមួយនៃការរាតត្បាតជំងឺកូវីដ១៩ ផ្តោតចម្បងលើសហគមន៍ពលរដ្ឋងាយរងគ្រោះពីលទ្ធភាពមិនអាចសងបំណុលបាន ដូច្នេះរបាយការណ៍នេះមិនតំណាងជាស្ថិតិមកលើវិស័យទាំងមូលនោះទេ។ លោកបានបន្តថា អំឡុងពេលនោះ គោលនយោបាយរៀបចំកម្ចីឡើងវិញស្ថិតនៅដំណាក់កាលដំបូងនៅឡើយ ដូច្នេះការអនុវត្តអាចយឺតជាងការរំពឹងទុក។
គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២១ សមាជិកទាំង ១១៥របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានរៀបចំឥណទានឡើងវិញដល់អតិថិជនប្រមាណជា៣៦ម៉ឺននាក់។ នេះបើយោងតាមករបញ្ជាក់របស់លោក កាំង តុងងី។
ប៉ុន្តែក្រុមសិទ្ធិមនុស្សធ្លាប់បានលើកឡើងថា ស្ទើរតែគ្រប់ករណីដែលពួកគេទទួលបាន គឺធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពុងតែផ្អាកការបង់ប្រាក់ដើម ប៉ុន្តែនៅតែបន្តប្រមូលយកការបង់ថ្លៃការប្រាក់ ព្រមទាំងគណនាការប្រាក់លើឥណទានទាំងនេះ។
លោក មាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបដិសេធមិនអត្ថាធិប្បាយ ដោយបង្វែរសំណួរមកធនាគារជាតិនៃកម្ពុជា។
VOA បានព្យាយាមសុំការអត្ថាធិប្បាយពីអ្នកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ប៉ុន្តែមិនទទួលបានការឆ្លើយតបឡើយ។
លោក គី សេរីវឌ្ឍន៍ ជាអ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់វីអូអេថាកន្លងមក លោកបានឃើញរដ្ឋាភិបាលចេញជាគោលការណ៍គាំពារអតិថិជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីបញ្ចៀសការលំបាក ឬហានិភ័យណាមួយកើតឡើង។ លោកជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ និងផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការរៀបចំកម្ចីឡើងវិញផងដែរ។
លោកថ្លែងថា៖ «រដ្ឋាភិបាលគួរតែមានការផ្សព្វផ្សាយបន្ថែមអត់ឲ្យបានជ្រាប ហើយឲ្យបានដឹងទាំងអស់គ្នា ហើយភ្នាក់ងារគ្រឹះស្ថានឯកជន ហើយនិងអ្នកប្រើប្រាស់ ជាអតិថិជន [និង]ជាគ្រួសារហ្នឹង ត្រូវតែជជែកគ្នានៅក្នុងកម្រិតមួយអាចយោគយល់គ្នាទៅវិញទៅមក។ ហើយប្រសិនបើការជជែកនេះនៅតែមិនទទួលបានផល ត្រូវការតួនាទីរដ្ឋាភិបាល ឬមន្ត្រីនៃធានាគារជាតិដែលជាអ្នកសម្របសម្រួល ឬជាសមាគមមីក្រូហិរញ្ញវត្ថុជាអ្នកសម្របសម្រួលដើម្បីពិនិត្យមើលចំពោះលក្ខខណ្ឌប្រជាពលរដ្ឋពិតជារងគ្រោះដោយសារវិបត្តិហ្នឹងអត់។ គាត់មិនមានថវិកាមែនដែរឬអត់ ដើម្បីឲ្យគាត់ Reschedule [កំណត់ពេលវេលាសងកម្ចី]ឡើងវិញ»។
របាយការណ៍របស់ក្រុមសិទ្ធិមនុស្សស្តីពីកម្ចីមីក្រូហិរញ្ញវត្ថុ ចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា អ្នកខ្ចីកម្ចីឥណទានខ្នាតតូចនៅកម្ពុជា មានជាង២លាន ៦សែន នាក់។ ទំហំកម្ចីឥណទានខ្នាតតូចជាមធ្យមនៅកម្ពុជា គឺមានចំនួន៣.៨០៤ដុល្លារ ដែលជាចំនួនច្រើនជាងគេនៅលើពិភពលោក៕