ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​អ្នក​បញ្ជា​ទិញ​ធំៗ​ធ្វើ​អន្តរាគមន៍​លើ​ការ​បាត់​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩


រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជាដេរ​​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

សហជីព​អង្គការ​ សមាគម​ចំនួន​ ៣៣​ដែល​ភាគច្រើន​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា​បាន​សរសេរ​លិខិតរួមគ្នាមួយ​ទៅកាន់​ក្រុមហ៊ុន​លក់​សម្លៀក​បំពាក់ ​H&M ​ដ៏ល្បី​ក្នុង​សាកល​លោក​ឲ្យ​ពិនិត្យ​ឡើង​វិញ​សិទ្ធិ​ជា​មូលដ្ឋាន​នានា​ពាក់ព័ន្ធ​នឹង​ការ​បាត់​ផល​ប្រយោជន៍​របស់​កម្មករ ក្នុង​នោះ​មាន​ប្រាក់​ឈ្នួល​និង​ប្រាក់​បំណាច់​ពេញ​លេញ ពេល​មាន​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺកូវីដ១៩។

លិខិត​ចុះ​ថ្ងៃទី​២ ខែសីហា​ ឆ្នាំ​២០២១ ធ្វើ​ឡើង​រួម​គ្នា​ដោយ​ក្រុម​សហជីព​អង្គការ​ដែល​ការពារ​សិទ្ធិ​កម្មករ រួមមាន​សហភាព​ការងារ​កម្ពុជា​ (CLC) សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​(CCAWDU) សហជីព​ចលនា​កម្មករ​កម្ពុជា​និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស​ (CENTRAL)។

ពួកគេ​បាន​លើក​ឡើង​ចំណុច​គោល​ពីរ​សំខាន់ៗ​គឺ​«ការលួច​ប្រាក់​ឈ្នួល​កម្មករ»​ក្នុង​ពេល​មានការ​ឆ្លង​រាត​ត្បាត​ជំងឺកូវីដ​១៩​និង​«ការ​ទូទាត់​មិន​សមរម្យ​»នៃ​ប្រាក់​អតីត​ភាព​ការងារ​នៅ​ពេល​មាន​ការ​បិទ​រោងចក្រ។

លិខិត​ដែល​បាន​ជូន​អ្នកស្រី​ Christer Horn Aminne នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន ​H&M ​ប្រចាំ​ប្រទេស​កម្ពុជា​និង​វៀតណាម​ និង​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​ផ្សេង​ទៀត​ដូច​ជា​ Puma និង Gap​ ជាដើម​នោះ​បាន​ឲ្យ​ដឹង​ថា៖ «ចាប់​តាំង​ពី​ជំងឺ​រាតត្បាត​បាន​ចាប់​ផ្តើម​រោងចក្រ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់​ដេរ​សម្លៀក​បំពាក់និង​ស្បែក​ជើង​រាប់រយ​របស់​ប្រទេស​កម្ពុជាបាន​ព្យួរ​ការងារ​ឬក៏បិទ​ទាំង​ស្រុង​ដោយសារ​តែ​កង្វះ​ការបញ្ជា​ទិញ។ សម្រាប់រោងចក្រ​ជាច្រើន​ដែល​បាន​ព្យួរការងារ​កម្មករត្រូវ​បាន​បង់​ឲ្យ​នូវ​ប្រាក់​ឧបត្ថម្ភ​ចំនួន​ត្រឹម​តែ​៧០​ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​ផ្គត់ផ្គង់​ទៅគ្រួសារ​របស់​ពួកគេ»។

លោក ​ឃុន ថារ៉ូ
លោក ​ឃុន ថារ៉ូ

លោក ​ឃុន​ ថារ៉ូ​ មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និងសិទ្ធិមនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់ ថ្លែង​ថា​ក្នុង​ចន្លោះ​ខែមេសា​ដល់ខែ​ឧសភាឆ្នាំ​២០២១​មាន​ការ​សិក្សា​ស្រាវជ្រាវ​រកឃើញ​អំពី​ការ​បាត់បង់​ប្រាក់ឈ្នួល​របស់​កម្មករ​ជាង​១០០​លានដុល្លារ​ក្នុង​រោងចក្រ​ប្រមាណ​១១៤​រោចក្រ។

លោក​ថ្លែង​ថា៖ «គោល​បំណង​សំខាន់​ហ្នឹង​គឺយើង​ចង់​ឲ្យ​ក្រុមហ៊ុន​ទាំង​អស់​ហ្នឹង​គាត់​ធ្វើការ​បកស្រាយ​សំណួរនៃ​ការ​ចោទ​សួរ​សំខាន់ៗ​បី។ ទីមួយ​ថា​តើ​យល់​ឃើញ​យ៉ាងម៉េច​ដែរ​ទាក់ទង​ទៅនឹងប្រាក់​ឈ្នួល​ដែល​កម្មករ​បាត់​បង់។ តើ​ត្រូវ​មាន​ការឆ្លើយ​តប​របៀប​ម៉េច​? ដោយសារ​យើងមាន​ទិន្នន័យ​យើង​មាន​ភ័ស្តុតាង»។

លោក​បន្ថែមថា៖ «ទីពីរ​គឺរឿងប្រាក់​អតីត​ភាព​ការងារ​ជាពិសេស​គឺការ​គណនា​នៃ​ប្រាក់ឈ្នួល​ជាមធ្យម​នៃការទូទាត់ផ្អែកតាម​អតីតភាព​នៃកម្មករ​និយោជិត​ដែលកន្លង​មក​គឺ​មិនមាន​ការ​គណនាត្រឹមត្រូវ​ក្នុង​ករណី​ដែល​ក្រុមហ៊ុន​បិទ​ហើយ​យក​ហេតុផល​កូវីដជាបញ្ហា​សេដ្ឋកិច្ច​ដោយ​មិនមាន​ការទូទាត់​គណនា​នូវមធ្យម​ភាគ​ប្រាក់​ឈ្នួល​ជាមធ្យម​ដែល​ធ្វើ​ឲ្យកម្មករ​ខាត​បង់ប្រាក់​ឈ្នួល​ដែល​អាហ្នឹង​គឺ​ជា​ការលួច»។

បើតាម​ទិន្នន័យ​ចុងក្រោយ​ដែលជា​ការ​រកឃើញ​ក្នុង​យុទ្ធនាការ​ឈ្មោះ«សម្លៀក​បំពាក់​ស្អាត Clean Clothes​ Campaign»​របស់​ក្រុម​សហជីព​នៅ​ប្រទេស​កម្ពុជា និង​សហជីព​អន្តរជាតិ​ផ្សេង​ទៀត​ប្រាក់​ឈ្នួល​របស់​កម្មករ​ដែល​បាន​បាត់​បង់គិត​ចាប់តាំង​ពីខែមេសា​ឆ្នាំ​២០២១​មកនោះ​គឺមាន​ចំនួន​១១៧លាន​ដុល្លារ។​នេះ​បើតាមលិខិត​ដែលបាន​ផ្ញើជូន​អ្នកបញ្ជា​ទិញ​ទំនិញ​ធំៗ​ពីកម្ពុជា។

លិខិត​បាន​បញ្ជាក់​ថា​កាលពី​ខែ​មេសា​ ឆ្នាំ​២០២១​រោងចក្រ​វាយនភណ្ឌ​ កាត់ដេរ​និង​ស្បែក​ជើង​នៅ​រាជធានី​ភ្នំពេញ​និង​តាខ្មៅ​ ត្រូវបាន​បង្ខំ​ឲ្យ​បិទ​ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការ​បិទខ្ទប់​របស់​រដ្ឋាភិបាល​បន្ទាប់​ពី​ការឆ្លង​ជាសហគមន៍​នៃជំងឺកូវីដ​១៩​នៅប្រទេស​កម្ពុជា។ ការផ្អាក​សកម្មភាព​ផ្សេងៗ​និងការបិទ​ខ្ទប់​បាន​បង្ក​ឲ្យ​មាន​ស្ថានភាព​អាសន្នខាង​សេដ្ឋកិច្ច​ក្នុង​ចំណោម​កម្មករ។​

លិខិត​បានលើកឡើង​ថា​៖ «បើគ្មាន​អន្តរាគមន៍​ពីអ្នកបញ្ជា​ទិញ​ទេក៏នឹង​គ្មានក្តី​សង្ឃឹម​ជាក់ច្បាស់​ថា​កម្មករ​នឹងទទួល​បាន​នូវការ​បាត់បង់​របស់​ពួកគេ»។

​ក្រុម​ការងារ​ផ្នែក​ទំនាក់​ទំន​ងប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ H&M​ មិន​ទាន់​ឆ្លើយ​តប​សំណួរ​របស់​វីអូអេ​ដែលបាន​ផ្ញើតាម​សារអ៊ីមែល​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រៅពី​ក្រុមហ៊ុន ​H&M ​កម្ពុជា​ជាទីកន្លែង​ផ្គត់ផ្គង់​ទំនិញ​ដល់​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​ទូទៅ​និង​កីឡា​ម៉ាកល្បីៗ​មួយ​ចំនួន​ទៀត​ដូចជា​ Adidas ​និង ​Nike ​ជាដើម។

រូប​ឯកសារ៖ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៣ នៅ​សួន​ច្បារ​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​តាម​បណ្តោយ​មាត់​ទន្លេ នា​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩។​ (កាន់ វិច្ឆិកា/VOA)
រូប​ឯកសារ៖ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៣ នៅ​សួន​ច្បារ​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​តាម​បណ្តោយ​មាត់​ទន្លេ នា​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩។​ (កាន់ វិច្ឆិកា/VOA)

លោក​ អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ថ្លែង​ថា​កម្មករ​មិនទទួល​បាន​ប្រាក់​ឈ្នួល​ពេញ​ចំនួន​១៩០​ដុល្លារ​ទេ​ពោល​គឺពួកគេ​ទទួល​បាន​តែ​៧០ដុល្លារ​តែប៉ុណ្ណោះ​ដែល​ការណ៍​នេះ​តម្រូវ​និយោជក​និង​អ្នកបញ្ជា​ទិញ​ពិនិត្យ​ឡើងវិញ​។

លោក ​អាត់ ធន់ ថ្លែង​ថា៖ «កន្លងមក​និយោជក​មានការ​ព្យួរការងារ​មួយ​ចំនួន​ហ្នឹង​មិន​បាន​អនុលោម​ទៅតាម​ច្បាប់​ទេ​ហើយ​កាត់​លុយ​កម្មករ​កន្លែងខ្លះ​រហូតដល់​មិន​ឲ្យ​ទៀត​អញ្ចឹង​ហើយ​បានជា​ត្រូវ​ផ្តល់​លុយ​ឲ្យ​កម្មករ​ហើយ​ម្យ៉ាង​ទៀត​ buyer [អ្នកបញ្ជាទិញ] ក៏​ជា​អ្នក​ដែល​ទទួល​លុយ​បានច្រើន​ពីខាង​កម្មករ​ដែរ​ហើយ​ឥឡូវ​ពេល​វិបត្តិ​នេះ​គឺ buyer [អ្នក​បញ្ជា​ទិញ] មិន​គួរ​គេច​ទេ គួរ​តែចូល​រួម​ចំណែក​ក្នុងការ​ទទួល​ខុស​ត្រូវ​»។

រូប​ឯកសារ៖ លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC ផ្តល់​បទសម្ភាសន៍​ដល់​អ្នកយកព័ត៌មាន​អំពី​ការចរចា​តម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)
រូប​ឯកសារ៖ លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC ផ្តល់​បទសម្ភាសន៍​ដល់​អ្នកយកព័ត៌មាន​អំពី​ការចរចា​តម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) លោកនិយាយ​ថា​លោក​មិន​ទាន់​ឃើញ​លិខិត​របស់​ក្រុម​សហជីព​និងអង្គការ​សិទ្ធិមនុស្ស​ជាច្រើន​ទៀត​ដែលបាន​សរសេរ​ទៅ​អ្នកបញ្ជា​ទិញ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា​កម្មករ​មិនបាន​បាត់បង់​ប្រាក់ឈ្នួល​នោះទេ។

លោក ខេន​ លូ​ បញ្ជាក់​ថា៖ «អត់​មាន​បញ្ហាអី​រឿង​បាត់​ប្រាក់​ឈ្នួល​ទេ​ព្រោះ​កម្មករ​ត្រូវ​ធ្វើការ​រោងចក្រ​តែងតែ​បើក​ប្រាក់​ខែហើយ។ អត់មាន​ជំពាក់​មួយ​រៀលទេ។ អីចឹង​ខ្ញុំ​អត់​ដឹងថា​សហជីព​ ឬក៏​អង្គការ​សរសេរ​ទៅ​ខាង​អ្នកបញ្ជា​ទិញ​ចង់​សំណូមពរ​ចំនួន​ប៉ុន្មាន​ឲ្យ​ពិត​ប្រាកដ​ឬ​ក៏ចង់​ទាមទារ​ចំនួន​ណា​ពិតប្រាកដ»។

រដ្ឋលេខាធិការ​និងជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ​ហេង សួរ​ ក៏មិន​មាន​ការ​ឆ្លើយតប​សំណួរ​តាមប្រព័ន្ធទំនាក់​ទំនង​ WhatsApp។

វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ធំ​បំផុត​លំដាប់​ទី​មួយ​របស់​កម្ពុជា។​វិស័យ​នេះ​បាន​ស្រូប​យក​កម្លាំង​ពល​កម្ម​ប្រមាណ​ជា​៨០​ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​គឺ​ជា​ប្រជា​ពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត​និង​ជនបទ៕

XS
SM
MD
LG