ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ចិន​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ខណៈ​កម្ពុជា​សម្លឹង​មើល​សក្តានុពល​នាំ​ផលិតផល​កសិកម្ម​ចេញ​ទៅ​ចិន


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​ចិន ​មាន​ទឹក​ប្រាក់​ប្រមាណ​៧,៤​ ពាន់ ​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៨។​ ​នេះ​ បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម។​ នៅ​ក្នុង​នោះ​ កម្ពុជា​ មាន​ឱនភាព​ដោយសារ​តែ​ការ​នាំ​ចូល​ពី​ប្រទេស​ចិន​មាន​ទំហំ​ប្រមាណ​៦​ពាន់ លាន​ដុល្លារ​ទៅ​ហើយ ​ដែល​ខុស​គ្នា​ប្រមាណ​៨០​ភាគរយ។

មេដឹកនាំ​កម្ពុជា​ និង​ចិន​ គ្រោង​ចុះ​ហត្ថលេខា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេភាគី ​(FTA)​ នៅ​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ។​ កិច្ច​ព្រម​ព្រៀង​នេះ​ ធ្វើ​ឲ្យ​កម្ពុជា​ដែល​ជា​«មិត្តដែក​ថែប»​របស់​ចិន​ អាច​នាំ​ផលិត​ផល​កសិកម្ម​ចេញ​ទៅ​ប្រទេស​មហា​អំណាច​មួយ​នេះ​បន្ថែម​ទៀត។ ​នេះ​ បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា។​

កិច្ច​ព្រម​ព្រៀង​នេះ ​ត្រូវ​បាន​ចរចា​តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ហើយ​តាម​គម្រោង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ​២០២០​នេះ ​នៅ​ពេល​មេដឹកនាំ​ចិន​មក​ប្រទេស​កម្ពុជា​ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ប៉ុន្តែ​កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​លុប​ចោល​ដោយ​សារ​ជំងឺ​កូវីដ១៩។​

កិច្ច​ព្រម​ព្រៀង​នេះ​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​ប្រកាស​ថា​ នឹង​ផ្តោត​លើ​វិស័យ​កសិកម្ម ​ក្រោយ​ប្រជា​ពលរដ្ឋ​បាត់បង់​ការងារ​ធ្វើ ហើយ​បន្ថែម​ពី​នេះ​ទៅ​ទៀត​កម្ពុជា​នឹង​រង​គ្រោះ​ដោយសារ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​របស់​សហភាព​អឺរ៉ុប​ នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០២០​ខាង​មុខ​ ដែល​នឹង​នាំ​ឲ្យ​កម្ពុជា​ខាត​បង់​ទឹក​ប្រាក់​ជាង​១ពាន់​ លាន ​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ​ ការ​ដាក់​ទណ្ឌកម្ម ​EBA ​នេះ​ធ្វើ​ឡើង​ដោយ​សារ​សហភាព​អឺរ៉ុប​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ ​និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

លោក​ វង្សី វិស្សុត ​រដុ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ទៅ​ទីក្រុង​ប៉េកាំង ​ដើម្បី​ត្រៀម​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ ​នៅ​ថ្ងៃ​ទី​១២ ​ខែ​សីហា​ ឆ្នាំ​២០២០​ គឺ​ជា​ថ្ងៃ​ដែល​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​EBA​ចូល​ជា​ធរមាន។

លោក​បន្ត​ថា​ ដោយសារ​កម្ពុជា​រង​គ្រោះ​ដោយសារ​ជំងឺ​កូវីដ១៩​ ផលិត​ផល​កសិកម្ម​នឹង​ក្លាយ​ជា​អាទិភាព ​ប៉ុន្តែ​លោក​ថា ​ផលិត​ផល​ទាំង​នោះ​ត្រូវ​តែ​ជា​តម្រូវ​ការ​របស់​ចិន​ មាន​ទីផ្សារ ​មាន​គុណ​ភាព​ល្អ ​និង​តម្លៃ​ប្រកួត​ប្រជែង​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​ «អ្វី​ដែល​អាច​នាំ​ចេញ​បាន​ ត្រូវ​ខិតខំ​សម្រួច​នាំ​ចេញ​ឲ្យ​បាន។ ​ឥឡូវ​យើង​បាន​ FTA​ (កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី) ​ពី​ចិន​ហើយ ​ យើង​ប្រឹង​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព។ ​FTA​ គ្រាន់​តែ​ជា​ទីផ្សារ​តើ ​ប៉ុន្តែ​យើង​ត្រូវ​មាន​របស់​នាំ​ចេញ​ទៅ»។​

ត្រី​ ដែល​នេសាទ​បាន​ពីបឹង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា។
ត្រី​ ដែល​នេសាទ​បាន​ពីបឹង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា។

លោក ​វង្សី វិស្សុត​ឲ្យ​ដឹង​ថា​ ប្រទេស​ចិន​បាន​ប្រាប់​កម្ពុជា​ថា​ កម្ពុជា​មាន​សក្តានុពល​ការ​នាំ​ត្រី​ចេញ​ទៅ​ប្រទេស​ចិន។ ​លោក​មាន​ប្រសាសន៍​ថា៖ ​«ជាពិសេស​ត្រី។​ ចិន​ថា ​ត្រី​នៅ​កម្ពុជា​មាន​ Potential (​សក្តានុពល)​ ខ្ពស់​ណាស់ក្នុង​ការ​នាំ​ចេញ​ទៅ​ចិន ​ ព្រោះ​ត្រី​នៅ​ស្រុក​យើង​នៅ​ថោក​នៅ​ឡើយ​ទេ ​ធៀប​នឹង​ចិន»។​

បើ​តាម​លោក​វិស្សុត វិស័យកសិកម្ម​កម្ពុជា ​មាន​ប្រមាណ​២៥ ​ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP)​ ហើយ​ប្រជាជន​នៅ​ក្នុង​វិស័យ​កសិកម្ម​ មាន​ប្រមាណ​៤០​ ភាគ​រយ​នៃ​កម្លាំង​ពលកម្ម​សរុប។​

លោក​មាន​ប្រសាសន៍​ថា៖ ​«យើង​គិត​ថា​សំណាង​ប្រទេស​យើង​មួយ​ទៀត​ ដែល​មាន​វិស័យ​កសិកម្ម​នៅ​រួម​ចំណែក​ធំ​ក្នុង ​GPD ​គឺ​ប្រមាណ​២៥​ភាគ​រយ​នៃ ​GDP​...​ធំ​ដែរ»។​

កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​ថ្លែង​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​ នឹង​ជួយ​កម្ពុជា​ក្នុង​ការ​នាំ​ផលិតផល​ទៅ​ប្រទេស​ចិន​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត។​

លោក​មាន​ប្រសាសន៍​ថា៖​ «ពេល​ណា​ដែល​យើង​មាន​កិច្ច​ព្រម​ព្រៀង​សេរី ​ពាណិជ្ជ​កម្ម​សេរី​រវាង​កម្ពុជា​ចិន ​ទីផ្សារ​ចិន​បើក​ចំហ​សម្រាប់​ទំនិញ​អ៊ីចឹង​នេះ​ ជា​ផល​ប្រយោជន៍​សេដ្ឋកិច្ច។ ​សូម្បី​តែ​អាមេរិក​ក៏​រក​ស៊ី​ជាមួយ​ចិន។ ​អឺរ៉ុប​ក៏​រក​ស៊ី​ជាមួយ​ចិន។ ​រឿង​អី​មក​បន្ទោស​ខ្មែរ! ​រក​ស៊ី​ជាមួយ​ចិន​មិន​បាន?»​។

ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​ចិន ​មាន​ទឹក​ប្រាក់​ប្រមាណ​៧,៤​ ពាន់ ​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៨។​ ​នេះ​ បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម។​ នៅ​ក្នុង​នោះ​ កម្ពុជា​ មាន​ឱនភាព​ដោយសារ​តែ​ការ​នាំ​ចូល​ពី​ប្រទេស​ចិន​មាន​ទំហំ​ប្រមាណ​៦​ពាន់ លាន​ដុល្លារ​ទៅ​ហើយ ​ដែល​ខុស​គ្នា​ប្រមាណ​៨០​ភាគរយ។ ​ប្រទេស​ទាំងពីរ ​គ្រោង​បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ដល់​១០​ពាន់​ លាន​ដុល្លារ​ ត្រឹម​ឆ្នាំ​២០២៣។​

លោក​ ហ៊ាន វណ្ណហាន​ រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម ​ដែល​បាន​ចូល​រួម​ក្នុង​ការ​ចរចា​បង្កើត​កិច្ច​ព្រម​ព្រៀង​នេះ ​ថ្លែង​ប្រាប់ ​VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ នេះ​ជា​«ការ​ប្រឹង​ប្រែង​បែប​ប្រវត្តិ​សាស្រ្ត​មួយ»​របស់​រដ្ឋាភិបាល​ក្នុង​ការ​បើក​ផ្លូវ​សម្រាប់​ការ​ពង្រីក​ពាណិជ្ជ​កម្ម។ ​លោក​បន្ត​ថា​ ​វិស័យ​ឯក​ជន​ ត្រូវ​ចូលរួម​ចំណែក​ធំ​ក្នុង​ការ​បង្កើត​ផលិត​ផល​នាំ​ទៅ​លក់​នៅ​ប្រទេស​ចិន។​

លោក​ថ្លែង​ប្រាប់ ​VOA ​ថា៖ ​«យើង​បើក​ផ្លូវ​ បើក​បារាស​ អ្វី​ដែល​ជា​ឧបសគ្គ។​រដ្ឋាភិបាលយើង ​ខិតខំ​ធ្វើ​ការងារ​ខាង​គោល​នយោបាយ ​អ៊ីចឹង​វា​នៅ​ពឹង​លើ​សមត្ថ​ភាព​វិស័យ​ឯកជន។ និយាយ​ជា​រួម ​ត្រូវ​តែ​ខិតខំ​ប្រឹង​ប្រែង»។ ​

លោក​បន្ថែម​ថា៖​ «ជា​ទូទៅ​គឺ​យើង​ខិតខំ​ដើម្បី​ចំណេញ​ទាំង​អស់​គ្នា។ ​ក្រុម​ការងារ​របស់​កម្ពុជា​យើង​ ដែល​ដឹក​នាំ​ដោយ​ឧបនាយក​រដ្ឋមន្រ្តី ​ហោ ណាំហុង ​លោក​ខិត​ខំ​ប្រឹង​ប្រែង ​ហើយ​សុទ្ធ​តែ​ជំនាញ​គ្រប់​ក្រសួង​ បាន​ចូលរួម​ជជែក​រឿង​នេះ ​រៀបចំ​ឃ្លា​ឃ្លោង ​ដើម្បី​ធ្វើ​ម៉េច​យើង​ទាញ​យក​ផល​ចំណេញ ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។​

រូបឯកសារ៖ ការដាក់​តាំង​បង្ហាញ​ផលិតផល​កសិកម្ម​នៅ​ក្នុង​វេទិកា​កសិករ​ស្ត្រី​ឆ្នើម​ក្នុង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/វីអូអេ))
រូបឯកសារ៖ ការដាក់​តាំង​បង្ហាញ​ផលិតផល​កសិកម្ម​នៅ​ក្នុង​វេទិកា​កសិករ​ស្ត្រី​ឆ្នើម​ក្នុង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/វីអូអេ))

បើ​តាម​លោក​ ហ៊ាន វណ្ណហាន​ ក្រោយ​ពេល​ចុះ​កិច្ច​ព្រម​ព្រៀង​ភ្លាម​កម្ពុជា ​នឹង​មិន​បង់​ពន្ធ​ការ​នាំ​អង្ករ​ ស្វាយ ​ចេក​ និង​ផលិត​ផល​កសិកម្ម​ផ្សេងៗ​ទៀត​ចេញ​ទៅ​ប្រទេស​ចិន​នោះ​ទេ។​

លោក​ពន្យល់​ថា នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ ​ មាន​ការ​កំណត់​ផលិត​ផល​ដែល​មិន​មាន​ពន្ធ​ទាំង​ស្រុង ​និង​ផលិត​ផល​ដែល​នឹង​បន្ថយ​ការ​អនុគ្រោះ​ពន្ធ​បន្តិច​ម្តងៗ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ ​ឬ​ ក៏​១០​ឆ្នាំ។

រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម​រូប​នោះ ​ក៏​លើក​ឡើង​ដែរ​ថា​ ទីផ្សារ​ផលិតផល​សម្លៀក​បំពាក់​នៅ​ប្រទេស​ចិន​ធំ​ជាង​សហភាព​អឺរ៉ុប​ ដែល​លោក​មើល​ឃើញ​ថា​ ផល​ប្រយោជន៍​កិច្ច​ព្រម​ព្រៀង​នេះ ​អាច​ជំនួស​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA។​

លោក​មាន​ប្រសាសន៍​ថា៖ ​«យើង​គិត​ទៅ​ថា​ ទំហំ​ពាណិជ្ជ​កម្ម​ដែល​ទទួល​បាន​ពី ​EBA​ធៀប​ជាមួយ​ទំហំ​ទីផ្សារ​ដែល​យើង​ទទួល​បាន​ពី​ពាណិជ្ជ​កម្ម​សេរី​របស់​ចិន​ មាន​ទំហំ​ខុស​គ្នា​ឆ្ងាយ​ណាស់។​ អ៊ីចឹង​ប្រសិន​បើ​យើង​បាត់​បង់ ​EBA ​នោះយើង​គិត​ថា​ អ្វី​ដែល​យើង​បាន​មក​ជំនួស​វិញ​នោះ ​គឺ​វា​ធំ​ធេង​ណាស់។ ​វា​ប្រសើរ​ជាង​មុន​...​របស់​ដែល​ល្អ​ជាង​មុន ធំ​ជាង​មុន»។

លោក ​ខេន លូ​ អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ​(GMAC) និយាយ​ថា ​កិច្ច​ព្រម​ព្រៀង​នេះ ​ជា​ចំណុច​ល្អ​មួយ​ដែល​ជួយ​ដល់​វិស័យ​កាត់​ដេរ ​តែ​លោក​ មិន​អាច​និយាយ​បាន​ទេ​ថា​ វា​នឹង​ជួយ​បំពេញ​ការ​បាត់បង់​ផល​ចំណេញ​ពី ​EBA​ របស់​សហភាព​អឺរ៉ុប ​ឬ ​យ៉ាងណា។​

លោក​មាន​ប្រសាសន៍​ថា៖ ​«អត់​អាច​ឆ្លើយ​ថា​ ទៅ​រួច​ ឬ​ មិន​ទៅ​រួច​ទេ។​ ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​ថា​ មាន ​FTA ​ជាមួយ​ចិន​ អាហ្នឹង​គឺ​ជា​ចំណុច​ល្អ»។​

បើ​តាម​លោក​ ខេន លូ ​កម្ពុជា​នាំ​ផលិត​ផល​វាយនភ័ណ្ឌ​ទៅ​សហភាព​អឺរ៉ុប​ប្រមាណ​៤៤​ភាគ​រយ ​ចំណែក​ទៅ​ចិន​មាន​តែ​៦​ ទៅ​៨​ ភាគ​រយ​តែ​ប៉ុណ្ណោះ។​

លោក ​តែ តាំងប៉រ ​ប្រធាន​សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច ​និង​មធ្យម ​មាន​ប្រសាសន៍​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​ នឹង​នាំ​ឲ្យ​មាន​កំណើន​នៃ​ការ​ផលិត​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​នោះ​មាន​ការ​កែ​ច្នៃ​វត្ថុ​ធាតុ​ដើម​ចេញ​ពី​កសិកម្ម​ យក​ទៅ​លក់​នៅ​ប្រទេស​ចិន។ ​ប៉ុន្តែ​លោក​ថា​ កម្ពុជា​ខ្វះ​រោងចក្រ​ផលិត​កែ​ច្នៃ​វត្ថុ​ធាតុ​ដើម​ទាំង​នោះ។​

លោក​ថ្លែង​ប្រាប់ ​VOA ​ថា៖​ «ព្រោះ​យើង​ត្រូវ​ការ​កែ​ច្នៃ​ច្រើន​ណាស់។​ យើង​ខ្វះ​រោងចក្រ​ហ្នឹង​ច្រើន​អីតើ! ព្រោះ​កាល​ណា​ធ្វើ​ពាណិជ្ជ​កម្ម​នាំ ​(ទំនិញ​)​ ពី​កម្ពុជា​ទៅ​ចិន​ គឺ​យើង​កែ​ច្នៃ​ពី​ខ្មែរ​យើង​យក​ទៅ​លក់​នៅ​ទីផ្សារ​ចិន។​ អាហ្នឹង​មាន​ការ​កើន​ឡើង​ តាម​ការ​ប្រមើមើល​របស់​រដ្ឋាភិបាល»។ ​

លោក​បន្ថែម​ថា​ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ​ អ្នក​វិនិយោគ​ចិន​ នឹង​មក​កម្ពុជា​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ ហើយ​ពួក​គេ ​អាច​បង្កើត​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​បណ្ឌិត ​យ៉ង សាំង​កុមារ​ អ្នក​ជំនាញ​កសិកម្ម​ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន ​មាន​ប្រសាសន៍​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​មាន​ប្រយោជន៍​ជា​ទូទៅ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ និង​ប្រទេស ​តែ​លោក​បារម្ភ​ថា​ តើ​កម្ពុជា​អាច​មាន​សមត្ថភាព​ផលិត​បាន ​ឬ ​យ៉ាងណា ​និង​មួយ​វិញ​ទៀត​ ការ​នាំ​របស់​ពី​ចិន​ចូល​មក​កម្ពុជា​មាន​ទំហំ​ច្រើន។​ ដូច្នេះ​ទំនិញ​ទាំងនោះ​នឹង​រួច​ពន្ធ​ ពេល​ចូល​មក​កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ខ្ញុំ​គិត​ថា​ ចិន​ចង់​បាន​កិច្ច​ព្រម​ព្រៀង​ហ្នឹង។ ​ហើយ​ណា​មួយ​ចិន ​ចង់​ពង្រីក​វិសាល​ភាព​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​របស់​គាត់​ទូទាំង​ពិភព​លោក​ដែរ។​ គាត់​ចង់​ដើរ​តួ​មហា​អំណាច​សេដ្ឋកិច្ច​មួយ។ ​ហើយ​កាល​ណា​មាន​ពាណិជ្ជ​កម្ម​សេរី ​ ​ទំនិញ​របស់​គាត់​ ក៏​ងាយ​ស្រួល​នាំ​ចូល​ទីផ្សារ​កម្ពុជា​ដោយ​ស្រួល​ដែរ។ ​ប៉ុន្តែ​សំណួរ​សួរ​ថាតើ​កម្ពុជា​ ចូល​ទីផ្សារ​ចិន​បាន​ស្រួល​អត់?»​។

លោក ​អ៊ា សុផល ​សាស្ត្រាចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​អន្តរជាតិ​នៅ​មហា​វិទ្យាល័យ ​Occidental ​ទីក្រុង​Los Angeles​ រដ្ឋ​ California​ សហរដ្ឋ​អាមេរិក​ មាន​ប្រសាសន៍​ថាលោក​បារម្ភ​ថា​ តើ​ទំនិញ​អ្វី ​ដែល​នឹង​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ ដោយសារ​ចិន​មាន​ទំនិញ​ទាំង​អស់។​ លោក​មាន​ប្រសាសន៍​ថា៖​ «ប្រទេស​ចិន​មាន​អ្វីៗ​ទាំង​អស់។ ​ប្រទេស​កម្ពុជា​ អាច​នាំ​អង្ករ ​និង​ផលិត​ផល​ផ្សេងៗ​ចេញ​ទៅ​លក់។ ​អ្វី​ដែល​កម្ពុជា​បង្កើត ប្រទេស​ចិន ក៏​ប្រហែល​ជា​បង្កើត​ដែរ។​ ហើយ​តម្លៃ​របស់​កម្ពុជា​ មិន​ទំនង​ជា​ក្រោម​តម្លៃ​នៅ​ប្រទេស​ចិន​ទេ​ ដោយសារ​តម្រូវ​ការ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ចិន»។​

លោក​ Paul Chambers​ ទីប្រឹក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​របស់​សាកល​វិទ្យាល័យ​ Naresuan ​ក្នុង​ប្រទេស​ថៃ​ មាន​ប្រសាសន៍​ថា​ ការ​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​នេះ​ ជួយ​ដល់​ប្រទេស​ទាំង​ពីរ​ បើ​ទោះ​វា​មិន​សមមាត្រ ​ដោយសារ​ចិន ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ក៏ដោយ។​

លោក​បន្ថែម​ថា៖ ​«កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​នេះ ​នឹង​ផ្តល់​ឲ្យ​ចិន​បន្ថែម​ទៀត​នូវ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ការ​វិនិយោគ​ និង​ការងារ​សម្រាប់​កម្ពុជា។ ​ប៉ុន្តែ​ កម្ពុជា​ នឹង​កាន់​តែ​ជាប់​ក្នុង​ការ​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​ថែម​ទៀត​ទៅ​លើ​ប្រទេស​ចិន។ ​លោក​បន្ថែម​ថា៖​ «កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​នេះ​ នឹង​កាន់​តែ​ធ្វើ​ឲ្យ​បណ្តុំ​ការ​រក​ស៊ី​របស់​ចិន ​កាន់​តែ​មាន​អំណាច​ខ្លាំង​ទូទាំង​ប្រទេស​កម្ពុជា។​ ហើយ​ជា​លទ្ធផល ​ក្រៅ​ពី​ក្លាយ​ជា​អ្នក​ពឹង​ផ្អែក​លើ​ប្រទេស​ចិន​ កម្ពុជា​នឹង​ក្លាយ​ជា​រដ្ឋ​រណប​របស់​ប្រទេស​ចិន»៕

XS
SM
MD
LG