ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រៀបចំ​ពិធី​ «និពន្ធ​ អាន​ សិល្បៈ​ វប្បធម៌​» ជាលើក​ទីបី​នៅ​ខេត្ត​កំពត


កម្មវិធី​ «និពន្ធ​ អាន​ សិល្បៈ​ វប្បធម៌​»​ ដែល​ជា​ឱកាស​ជួបជុំ​ប្រចាំ​ឆ្នាំ​របស់​អ្នក​តែងនិពន្ធ​ និង​អ្នក​សិល្បៈ​ជាតិ​និង​​អន្តរជាតិ បាន​ត្រឡប់​មក​វិញ​ជាថ្មី​ម្តងទៀត​ នាដើម​ខែ​វិច្ឆិកា​ នៅឯ​ទីក្រុង​កំពត​ ដែល​ជា​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា។ (រូបថតដកស្រង់ពីហ្វេសប៊ុកស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា)
កម្មវិធី​ «និពន្ធ​ អាន​ សិល្បៈ​ វប្បធម៌​»​ ដែល​ជា​ឱកាស​ជួបជុំ​ប្រចាំ​ឆ្នាំ​របស់​អ្នក​តែងនិពន្ធ​ និង​អ្នក​សិល្បៈ​ជាតិ​និង​​អន្តរជាតិ បាន​ត្រឡប់​មក​វិញ​ជាថ្មី​ម្តងទៀត​ នាដើម​ខែ​វិច្ឆិកា​ នៅឯ​ទីក្រុង​កំពត​ ដែល​ជា​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា។ (រូបថតដកស្រង់ពីហ្វេសប៊ុកស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា)

កម្មវិធី​ «និពន្ធ​ អាន​ សិល្បៈ​ វប្បធម៌​»​ ដែល​ជា​ឱកាស​ជួបជុំ​ប្រចាំ​ឆ្នាំ​របស់​អ្នក​តែងនិពន្ធ​ និង​អ្នក​សិល្បៈ​ជាតិ​និងអន្តរជាតិ បាន​ត្រឡប់​មក​វិញ​ជាថ្មី​ម្តងទៀត​ នាដើម​ខែ​វិច្ឆិកា​ នៅឯ​ទីក្រុង​កំពត​ ដែល​ជា​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា។ កម្មវិធី​នេះ​នឹង​ប្រពឹត្ត​ទៅ​ក្នុង​រយៈពេល​ ៥ថ្ងៃ ​ចាប់ពី​ថ្ងៃពុធ​តទៅ​ដល់​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ។

នេះ​ជា​ឆ្នាំ​ទី៣ នៃ​កម្មវិធី​ «និពន្ធ​ អាន​ សិល្បៈ​ វប្បធម៌​» ​ដែល​មាន​ប្រភព​មក​ពី​ពិធី​ជួប​ជុំអ្នក​និពន្ធ​អ៊ូបូដ​ (Ubud Writers Festival) ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ កម្មវិធី​ប្រារព្ធ​ឡើង​ដើម្បី​លើក​កម្ពស់​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​បន្ថែម​ និង​ផ្លាស់ប្តូរ​យោបល់​ផ្នែក​អក្សរ​សាស្ត្រ​ អក្សរសិល្ប៍​ ការ​តាក់តែង​និពន្ធ​ និង​ជំរុញ​ការ​បណ្តុះ​គំនិត​ថ្មីៗ​ជា​សាកល​ រវាង​អ្នក​និពន្ធ​ និង​អ្នក​សិល្បៈ​បរទេស​ និង​ខ្មែរ។

សកម្មភាព​នានា​ក្នុង​កម្មវិធី​នេះ​ មាន​ដូចជា​ការ​អាន​សៀវភៅ​ ការ​ដោះដូរ​ ឬ​បរិច្ចាគ​សៀវភៅ​ និង​កម្មវិធី​កំសាន្ត​ផ្សេង​ ខណៈ​ដែល​អ្នក​ចូលរួម​អាច​ពង្រីក​បណ្តាញ​ រាប់អាន​ និង​ទំនាក់ទំនង​នឹង​អ្នក​សិល្បៈ​ និង​និពន្ធ​ជាតិ ​និង​អន្តរជាតិ ​រួមទាំង​ការ​សម្ភោធ​សៀវភៅ​ថ្មីៗ​ជាដើម​។

​លោក​ គង់​ ណៃ​ ដែល​ជា​ព្រឹទ្ធាចារ្យ​ជំនាញ​ចាប៉ី​ដងវែង​ ដ៏ល្បីល្បាញ​មួយ​រូប​របស់​កម្ពុជា​ ក៏នឹង​ត្រូវ​បាន​អញ្ជើញ​ទៅ​សម្តែង​នៅ​ទីនោះ​ផង​ដែរ។​ ក្រៅពីនោះ​ អ្នក​ស្រី​ Jung Chang ​ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​លក់​ដាច់​បំផុត​មួយ​រូប ​ដែល​សរសេរ​រឿង​ Wild Swan រៀប​រាប់​អំពី​មនុស្ស​ស្រី​បី​ជំនាន់​នៅ​ប្រទេស​ចិន ​ក៏បាន​មក​ចូលរួម​ជា​វាគ្មិន​មួយ​រូប​ក្នុង​ចំណោម​ វាគ្មិន​ប្រមាណ​៨០ រូបផងដែរ។
កម្មវិធី​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​ជាង​ ១៨០០​នាក់​ បែងចែក​ជា​ ៤០វគ្គ នៅ​តាម​ទីតាំង​ផ្សេងៗ​ នៅក្នុង​ក្រុង​កំពត។​ កម្មវិធី​នឹង​សម្ភោធ​នៅ​ទីក្រុង​ភ្នំពេញ​ នាថ្ងៃ​ទី០១ ខែវិច្ឆិកា​នេះ​នៅ​អគារ «​ផ្ទះចិន» ​ដែលជា​សំណង់​ចាស់​សល់​ពី​សម័យ​អណានិគម​បារាំង។

កាល​ពី​២សប្ដាហ៍​មុន​ កម្មវិធី​ជួបជុំ​អ្នកនិពន្ធ​ខ្មែរ​ដំបូង​បំផុតត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ខេត្តសៀមរាប​ គឺ​កម្មវិធី​ «មហាស្រព​អក្សរសិល្ប៍​ខ្មែរ» ប្រារព្ធ​ឡើង​រយៈពេល៣ថ្ងៃ​ ​មាន​សកម្មភាព​ស្រដៀង​គ្នា​ ហើយ​លក្ខណៈ​ពិសេស​នោះ​ គឺ​ការ​ពន្លេច​ឡើង​នូវ​ជីវប្រវត្តិ​ និង​ស្នាដៃ​របស់​លោក ​ឃុន ស្រ៊ុន ​កវីខ្មែរ​មួយរូប​ ដែល​បាន​បាត់បង់​ជីវិត​នៅ​គុក​ទួល​ស្លែង​ក្នុង​របបប្រល័យ​ពូជសាសន៍​ខ្មែរក្រហម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG