លោក អ៊ុង តារារ័ត្នមុនី អាយុ៦០ឆ្នាំ កំពុងតែស្រោចទឹក និងមើលថែដំណាំនៅក្នុងទីធ្លាផ្ទះរបស់លោក ក្នុងសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ។ លោកកំពុងរស់នៅក្នុងផ្ទះនៃបុរី១០០ខ្នង ដែលជាស្នាដៃរបស់ស្ថាបត្យករខ្មែរដ៏ល្បីឈ្មោះគឺលោក វណ្ណ មូលីវណ្ណ ដែលបានទទួលមរណភាព កាលពីខែកញ្ញា ឆ្នាំ២០១៧។
ក្នុងទីធ្លាផ្ទះនោះ លោក រ័ត្នមុនី បានដាំដំណាំមួយចំនួន ដូចជាដើមស្វាយ ដើមចេក និងផ្កាបក្សីសួគ៌ជាដើម។ ស្លៀកពាក់សម្លៀកបំពាក់នៅផ្ទះ ខោជើងខ្លី អាវដៃខ្លី ហើយអង្គុយនៅក្រោមផ្ទះ លោក មុនី មានប្រសាសន៍ថា លោកស្រឡាញ់ផ្ទះបែបបុរាណ និងរបស់សល់ពីបុរាណ ដូច្នេះហើយទើបលោកបានសម្រេចរក្សាផ្ទះនៃបុរី១០០ខ្នង ឲ្យនៅទ្រង់ទ្រាយដើម តាមតែអាចធ្វើទៅបាន។
លោក មុនី បានឲ្យដឹងថា លោកបានទិញផ្ទះនេះក្នុងឆ្នាំ១៩៩៧ ដោយលោកដឹងថា ជាស្នាដៃរបស់លោក វណ្ណ មូលីវណ្ណ ស្ថាបត្យករ ដែលជាមិត្តភ័ក្តិរបស់ឪពុកលោក។
លោកមានប្រសាសន៍ថា៖
«នឹកឃើញកាលពីក្មេងថា ផ្ទះហ្នឹងក្នុងចំណោមស្នាដៃរបស់លោកតា(លោក វណ្ណ មូលីវណ្ណ) ហើយ។ អីចឹងស្រឡាញ់របស់បុរាណផង ចង់បានស្នាដៃរបស់គាត់ផង ក៏សម្រេចចិត្តទិញហ្នឹងទៅ»។
លោក មុនី ឲ្យដឹងថា លោកបានរក្សាកាំជណ្តើរ បង្អួច ឥដ្ឋ និងដំបូលផ្ទះឲ្យស្ថិតក្នុងស្ថានភាពដើមដដែល។ លោកមានប្រសាសន៍ថា លោករក្សាផ្ទះនេះដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានដឹងពីស្នាដៃរបស់លោក វណ្ណ មូលីវណ្ណ ដែលលោកមានការកោតសរសើរមិនដាច់ពីមាត់។
លោកបន្ថែមថា៖
«គឺស្រឡាញ់របស់បុរាណហ្មង។ ខ្ញុំដឹងទុកមុនថា មនុស្សយើងនេះ មិនទុកទេ មកដល់គឺថា គាត់ស្រឡាញ់អារឿងថ្មី។ សូម្បីឥដ្ឋការ៉ូ គាត់យកអារបស់គេ។ បើមិនទុកទេ គឺអស់ហើយ»។
បុរី១០០ខ្នងត្រូវបានសាងសង់ចាប់ពីឆ្នាំ១៩៦៥ដល់១៩៦៧។ បើតាមឯកសារប្រវត្តិបុរីនេះ ធនាគារជាតិនៃកម្ពុជាបានជ្រើសរើសយកលោក វណ្ណ មូលីវណ្ណ ដើម្បីអនុវត្តគម្រោងឯកជនមួយ គឺសាងសង់លំនៅដ្ឋានសម្រាប់បុគ្គលិករបស់ខ្លួននៅទឹកថ្លា តាមបណ្ដោយផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
បុរី១០០ខ្នងផ្តល់នូវប្រភេទសំណង់លំនៅដ្ឋានសម័យថ្មី បែបផ្ទះល្វែង។ ប្លង់ផ្ទះធ្វើទៅតាមលំនាំផ្ទះឈើ បែបខ្មែរ ដែលមានបន្ទប់គេងតូចមួយ មានបន្ទប់ទទួលភ្ញៀវធំ ដែលខណ្ឌដាច់ពីបន្ទប់ផ្សេងៗទៀត ដូចជាផ្ទះបាយ និងបន្ទប់ទឹកដោយយ៉មួយ។ ដំបូលលៀនចេញពីជញ្ជាំងផ្ទះដើម្បីការពារភ្លៀង និងថ្ងៃ។ សសរធ្វើឲ្យផ្ទះខ្ពស់ពីដី ចៀសផុតទឹកជំនន់ និងធ្វើឲ្យមានម្លប់នៅខាងក្រោមផ្ទះ។ ផ្ទះនីមួយៗ ក្នុងចំណោមផ្ទះទាំងអស់ គឺដូចៗគ្នា និងមានព្រំកំណត់ច្បាស់លាស់។ ដំបូលធ្វើយ៉ាងណាឲ្យមានខ្យល់ចូលតាមក្រោម ហើយចេញទៅវិញតាមប្រឡោះមួយនៅខាងលើ។ នេះបើតាមប្រវត្តិរបស់បុរី១០០ខ្នងដែលត្រូវបានចងក្រង ដោយស្ថាបត្យករជំនាន់ក្រោយ ក្រោមគម្រោងវណ្ណ មូលីវណ្ណ។
លក្ខណៈពិសេសមួយទៀតគឺនៅទីធ្លាផ្ទះគឺត្រូវមានស្រះទឹកមួយ ដែលនេះជាការគិតគូរទៅដល់អាងស្តុកទឹកភ្លៀង និងកន្លែងស្តុកទឹកសម្រាប់ប្រើប្រាស់។
លោក អ៊ុង តារារ័ត្នមុនី ពលរដ្ឋរស់នៅផ្ទះ១០០ខ្នងនោះ បានកោតសរសើរគំនិតនៃការសាងសង់របស់លោកវណ្ណ មូលីវណ្ណ ដោយនិយាយថា មានការពិចារណាទៅលើស្ថានភាពនៃការរស់នៅ និងបរិស្ថាន គឺខ្យល់អាកាសចេញចូល។
លោកក៏បានជំរុញឲ្យមានការថែរក្សាស្នាដៃរបស់លោក វណ្ណ មូលីវណ្ណដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានដឹង។
លោកបានថ្លែងថា៖
«បាត់បង់ជៀសមិនផុតទេ ប៉ុន្តែសួរថា អ្នកនៅនឹងរក្សា ហើយធ្វើដូចគាត់បានប៉ុន្មាន។ គាត់ទៅហើយ ត្រូវសួរអាអ្នកនៅនេះ។ ខ្ញុំអត់សួរគាត់ដែលទៅហើយនោះទេ។ ខ្ញុំសួរអ្នកនៅមានប៉ុន្មាននាក់ចង់រក្សាស្នាដៃរបស់គាត់»។
ទោះជាយ៉ាងណា ផ្ទះនៅតំបន់នោះត្រូវបានសាងសង់ថ្មីជាច្រើន ខណៈសំណង់ខ្លះបានខូចខាត។ អ្នកភូមិខ្លះបានអះអាងថា ពួកគេនឹងកែប្រែផ្ទះទាំងអស់ ប្រសិនបើមានថវិកា នាពេលខាងមុខ។
លោកស្រី ហាក់ បុប្ផា អាយុ៥៤ឆ្នាំ ជាពលរដ្ឋម្នាក់រស់នៅក្នុងផ្ទះ១០០ខ្នង មានប្រសាសន៍ថា លោកស្រីបានចាប់ផ្ទះនៅបុរី១០០ខ្នងរស់នៅ ចាប់តាំងពីឆ្នាំ១៩៧៩ ក្រោយសម័យប៉ុល ពត។ លោកស្រីបានឲ្យដឹងថា លោកស្រីបានកែប្រែផ្ទះតិចតួចទេ នាពេលនេះ ដើម្បីសម្របទៅតាមស្ថានភាពជាក់ស្តែង។
លោកស្រីមានប្រសាសន៍ថា៖
«ផ្ទះនេះ ខ្ញុំកែតែខាងក្រោមទេ អាខាងលើនៅទាំងអស់ គ្រាន់តែលើយើងវាយតែបង្អួចអីវា ដោះបង្អួចចេញអីណា៎។ ប៉ុន្តែដំបូល ទ្រង់ទ្រាយវានៅទាំងអស់»។
ទោះជាយ៉ាងណា លោកស្រីមានបំណងធ្វើផ្ទះថ្មី តែមិនទាន់មានថវិកាគ្រប់គ្រាន់ ដើម្បីធ្វើនៅឡើយទេ។
លោកស្រីមានប្រសាសន៍ថា៖
«អូ! វាទុកអត់បានយូរទេ។ វាពុកច្រើនណាស់។ ពុកណា៎ វាអត់មាំទេ។ ឥឡូវគេច្រើនតែវាយ ធ្វើផ្ទះថ្មី។ ប៉ុន្តែវាពុកសសរ ពុកអីអីចឹងទៅ ដែកអីពុកអស់។ គេវាយធ្វើថ្មី ហើយវាទឹកលិចផង»។
លោកស្រីមានប្រសាសន៍បន្ថែមថា៖
«បើធ្វើ គេធ្វើទាំងអស់ហើយ! គេអត់មានទុកខ្លះបានទេអាហ្នឹង! ព្រោះបើយើងកែត្រូវវាយចោលទាំងអស់ បានៗ។ វាទុកអត់បាន។ វាពុកអស់ហើយ។ បើយើងទុក កុំនៅ អត់អីទេ។ បើថា យើងនៅ អាហ្នឹងអត់បានយូរទេ»។
លោកស្រីក៏បានសរសើរពីខ្យល់អាកាសនៅទីនោះ ដោយសារផ្ទះនីមួយៗត្រូវបានសាងសង់ឆ្លាស់គ្នា ឲ្យមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់។
ប្រជាពលរដ្ឋម្នាក់ទៀតគឺលោកស្រី មុំ ស៊ីណាត អាយុ៦២ឆ្នាំ មានប្រសាសន៍ថា លោកស្រីបានមករស់នៅផ្ទះ១០០ខ្នងនេះ ក្រោយឆ្នាំ១៩៧៩ ដោយការចាប់ផ្ទះនៅរាជធានីភ្នំពេញ។ លោកស្រីបន្តថា ស្ថានភាពផ្ទះនៅល្អនៅឡើយ គ្រាន់តែជណ្តើរពុកបន្តិចបន្តួច។ លោកស្រីមានបំណងកែប្រែផ្ទះនេះទាំងស្រុង តែលោកស្រីថា មិនទាន់មានថវិកានៅឡើយទេ។
លោកស្រីមានប្រសាសន៍ថា៖
«ចង់ដែរ ប៉ុន្តែវាអត់លុយថែទាំវា។ អាក្រោយនោះពុកដែរ ពុកស៊ីម៉ង់ត៌»។
ផ្ទះរបស់លោកស្រីប្លែកពីផ្ទះផ្សេងៗទៀត ព្រោះលោកស្រីមិនទាន់បានលុបស្រះនៅខាងមុខផ្ទះនៅឡើយទេ ដោយសារលោកស្រីមិនទាន់មានថវិកា។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យាស្ថានសិល្បៈ និងវប្បធម៌រៃយំ កាលពីឆ្នាំ២០០១ លោក វណ្ណ មូលីវណ្ណ បានថ្លែងថា រាល់ការសាងសង់នីមួយៗរបស់លោកគឺលោកតែងតែដកស្រង់គំនិតពីស្ថាបត្យកម្មខ្មែរប្រពៃណី ដោយលោកបានលើកឧទាហរណ៍បុរី១០០ខ្នង។
លោកមានប្រសាសន៍ថា៖
«ឧទាហរណ៍ក្នុងសំណង់១០០ខ្នង ខ្ញុំដកស្រង់គំនិតពីផ្ទះខ្មែរ តែខ្ញុំយកមកធ្វើដោយមានការពិចារណា កែច្នៃចំណុចខ្លះឲ្យវាប្រសើរឡើង ដូចជាបង្អួចផ្ទះខ្មែរមានរាងតូចបន្តិច ដូច្នេះពេលខ្ញុំធ្វើបង្អួចផ្ទះ១០០ខ្នង ខ្ញុំបានពង្រីកឲ្យវែង ដើម្បីខ្យល់ចេញចូលកាន់តែល្អឡើង។ ម្យ៉ាងទៀត សសរផ្ទះខ្មែរច្រើនតែធ្វើអំពីឈើ។ វាឆាប់ពុក។ ម្ល៉ោះហើយខ្ញុំបានយកស៊ីម៉ងត៍មកប្រើ ដើម្បីឲ្យមាំបានយូរ។ ដូច្នេះមិនមែនចម្លងទាំងស្រុងទេគឺដកស្រង់គំនិតល្អៗយកមកប្រើ»។
លោកបានបន្ថែមថា៖
«ម្យ៉ាងទៀតតួនាទីនៃសំណង់ដែលយើងសាងសង់ត្រូវមានឲ្យច្បាស់លាស់គឺឲ្យវាដំណើរការស្រួលទៅតាមបែបបទ ទំនៀមទម្លាប់វប្បធម៌។ បើសង់សម្រាប់ខ្មែរ យើងត្រូវយល់ថា ខ្មែរគេរស់នៅយ៉ាងម៉េច? ភូមិសាស្ត្រមានពន្លឺ មានខ្យល់ ឬអត់? ស្ថាបត្យករត្រូវយល់ច្បាស់អំពីភារកិច្ចរបស់ខ្លួនគឺមិនមែនសង់សម្រាប់ខ្លួនឯងទេ គឺធ្វើសម្រាប់អ្នកដទៃដែលគេរស់នៅ។ ម្ល៉ោះហើយត្រូវយល់ឲ្យច្បាស់ ស្ដាប់គេ មើលគេមុននឹងសង់ និយាយឲ្យខ្លីទៅគឺគិតឲ្យច្បាស់លាស់ ទើបសង់»។
ពេលចុះទៅមើលផ្ទះបុរី១០០ខ្នង លោក ហោ ដារ៉ូ អាយុ២៥ឆ្នាំ ដែលជាស្ថាបត្យករជំនាន់ក្រោយដែលបានបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យា មានប្រសាសន៍ថា លោកពិតជាស្ងើចសរសើរស្នាដៃរបស់លោក វណ្ណ មូលីវណ្ណ ហើយអ្វីដែលពិសេសនោះគឺបុរី១០០ខ្នង ដោយលោកថាការសាងសង់បានគិតគូរដល់ការរស់នៅក្នុងរយៈពេលយូរ។
«ដោយសារស្នាដៃរបស់គាត់នេះ ខ្ញុំគិតថា វាល្អ ត្រង់ថា គឺវាទាក់ទងនឹងការរស់នៅរបស់ខ្មែរហ្មង ព្រោះថា អគារបុរី១០០ខ្នងហ្នឹង មានការជំរុញទឹកចិត្ត ពីផ្ទះខ្មែរ។ អីចឹង ការរស់នៅ វាឆ្លើយតបខ្លាំងមែនទែនទៅបរិបទនៃការរស់នៅ។ និយាយអីចឹង លោកតា វណ្ណ គាត់គិតគូរដិតដល់»។
បច្ចុប្បន្ន ដារ៉ូក៏ជាមគ្គុទ្ទេសក៍ផ្នែកស្ថាបត្យកម្មផងដែរ។ ជារឿយៗ លោកបាននាំភ្ញៀវទេសចរបរទេស ដែលចាប់អារម្មណ៍ផ្នែកស្ថាបត្យកម្ម មកទស្សនានៅក្នុងបុរី១០០ខ្នងនេះ។
ដារ៉ូនិយាយថា លោកទទួលស្គាល់ថា អគារចាស់ៗបានបាត់បង់ដោយសារការអភិវឌ្ឍថ្មី នៅតាមបណ្ដាប្រទេសជាច្រើន មិនមែនមានត្រឹមតែនៅកម្ពុជាទេ ប៉ុន្តែសំខាន់នោះគឺការឲ្យតម្លៃទៅលើអគារទាំងនោះ។
«ប្រទេសណាក៏ជួប សំខាន់លើយើងឲ្យតម្លៃវា ក៏ដូចជាព្យាយាមការពារ ថែរក្សា ដើម្បីទុកជាស្នាដៃឲ្យក្មេងៗជំនាន់ក្រោយគាត់បានមើល បានដឹង បានយល់ បានសិក្សាបន្ថែមអំពីស្នាដៃទាំងអស់នោះ។ ពីព្រោះខ្ញុំគិតថា វាជាស្នាដៃមួយដែលគេហៅថា New Khmer Architecture ឬស្ថាបត្យកម្មខ្មែរសម័យទំនើប ដែលយើងបង្កើតឡើងដោយខ្លួនឯង ដោយជនជាតិខ្មែរអ្នកបង្កើតឡើង ហើយវាឆ្លើយតបនឹងបរិបទជាមួយសម័យកាលឥឡូវ»។
ស្នាដៃមួយចំនួនរបស់លោក វណ្ណ មូលីវណ្ណ ត្រូវបានកម្ទេចចោល ឬផ្លាស់ប្ដូរទម្រង់ដើម។ តួយ៉ាងសាលមហោស្រពព្រះសុរាម្រិតត្រូវបានវាយកម្ទេចចោលកាលពីឆ្នាំ២០០៨ ក្រោយពេលត្រូវភ្លើងឆេះ។ បរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិកជាច្រើនផ្នែកត្រូវបានកែទម្រង់ទៅជាអគារនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម។ រដ្ឋាភិបាលកំពុងស្ថាបនាវិមានពហុកីឡាដ្ឋានមួយទៀត ដែលមានតម្លៃប្រមាណ១០០លានដុល្លារ ដើម្បីទទួលការរៀបចំកីឡាស៊ី ហ្គេមក្នុងឆ្នាំ២០២៣។ ដូច្នេះហើយគេមិនទាន់ដឹងច្បាស់ថា អនាគតនៃពហុកីឡាដ្ឋានជាតិអូឡាំពិកនឹងទៅជាយ៉ាងណានោះទេ។
លោក វណ្ណ មូលីវណ្ណ ទំនងជាមិនសប្បាយចិត្តនឹងសំណង់នៃការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃរាជធានីភ្នំពេញ ដែលពុំមានការគិតគូរដិតដល់ជាមុននេះទេ៕