ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ជុំរុញ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​សិក្សា​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​


ផ្ទាំង​ផ្សព្វផ្សាយ​ភាពយន្ត​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»​ ត្រូវ​បាន​ដាក់​តាំង​នៅ​ឯ​រោង​ភាពយន្ត Legend Cinema​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​។​ (ខាន់​ សុគុំមនោ/VOA)
ផ្ទាំង​ផ្សព្វផ្សាយ​ភាពយន្ត​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»​ ត្រូវ​បាន​ដាក់​តាំង​នៅ​ឯ​រោង​ភាពយន្ត Legend Cinema​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​។​ (ខាន់​ សុគុំមនោ/VOA)

ភាព​យន្ត​ ​«មុន​ដំបូង​ខ្មែរ​ក្រហមសម្លាប់ប៉ារបស់ខ្ញុំ»កំពុង​តែ​ចាក់​បញ្ចាំង​នៅ​តាម​រោង​កុន​មួយ​ចំនួន​នៅ​កម្ពុជា​និង​បរទេស​ បន្ថែម​ពី​លើ​ការ​មើល​តាម​សេវា​វីដេអូ​តាម​តម្រូវការ​ Netflix។​ មាន​ប្រជាជន​ខ្មែរ​ជា​ច្រើន​បាន​ទៅ​មើល​រឿង​នេះ​តាម​រោង​ភាពយន្ត។ អ្នក​រស់​រាន​ពី​របប​ខ្មែរ​ក្រហម​ក្រើន​រំឭក​យុវជន​ជំនាន់​ក្រោយ​ឲ្យ​យល់​ស៊ី​ជម្រៅ​អំពី​ប្រវត្តិសាស្ត្រ​ពិត​បន្ថែម​លើ​​ការ​មើល​រឿងកុន។​

នៅថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ មនុស្ស​ម្នា​បាន​មក​ដើរ​កំសាន្ត​នៅ​ផ្សារ​ទំនើប​អ៊ីអនដែល​ជាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំ​ជាង​គេ ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ។

នៅ​រោង​កុន​មួយក្នុង​ផ្សារទំនើបនេះ​ ​កំពុង​ចាក់បញ្ចាំង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​មួយ​ច្រើនវេន​តៗគ្នា។ នោះគឺរឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ដែល​ជា​ភាពយន្ត​ហូលីវូដ​ជា​ភាសា​ខ្មែរ​ទាំង​ស្រុង ដឹកនាំ​ដោយ​ តារា​ហូលីវូដ លោកស្រី​ អេនជីឡេណា ជូលី (Angelina Jolie) និងផលិត​ករ​ខ្មែរ​ដ៏ល្បី លោក ប៉ាន់ ឬទ្ធី។ រឿង​នេះ​ផ្អែក​តាម​រឿង​ពិតពី​សៀវភៅ​ជីវប្រវត្តិ​របស់ អ្នក​ស្រី​ អ៊ឹង លួង តាម​រយៈ​ការ​រៀបរាប់​នៃ​ការ​ចងចាំ​របស់​អ្នកស្រី កាល​ពី​វ័យកុមារ​ រស់​នៅ​ឆ្លង​កាត់​របប​នោះ។​

​ជា​រឿយៗ​នៅ រោង​ភាពយន្ត​ទំនើបមួយនេះ ​គេ​ឃើញសុទ្ធតែជា​ក្រុម​យុវជន​ ដែល​ជា​មិត្ត​ភក្តិ​ និង​គូ​សង្សារ​ ហើយ​និយមមើល​រឿង​បរទេស​ ដូចជារឿង​ស្នេហា រឿង​ខ្មោច​ រឿង​កំប្លែង​ជាដើម ​ក៏​ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ដែល​រោង​ភាព​យន្ត​ចាក់​បញ្ចាំង​រឿង​មួយ​នេះ​ គឺ​ពោរពេញ​ទៅ​ដោយក្រុមមនុស្សគ្រប់វ័យ ជា​ពិសេស​ជា​លក្ខណៈ​គ្រួសារ។​

អ្នក​ដែល​ទស្សនា​រឿង​នេះ​ ជា​ពិសេស​ អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ បាន​មើល​ឃើញ​ថា​រឿង​នេះ​ជា​ ឱកាស​ក្រើនយុវជន​ជំនាន់​នេះ​ឲ្យ​យល់​ស៊ីជម្រៅ​លើ​ប្រវត្តិ​គ្រួសារខ្លួន បន្ថែម​លើ​ការ​មើល​រឿង​កុន។

អ្នកស្រី ព្រាប លីណា ដើរ​ចេញពីរោង​កុន​ជា​មួយ​សមាជិក​គ្រួសារ១០ នាក់ ដែល​ជា​កូនៗ​ និង​ក្មួយៗ​របស់​អ្នក​ស្រី។ ទោះ​ជា​អ្នក​ស្រីនៅ​មាន​ការ​ចង​ចាំ​តិច​តួច​ដោយសារ​ ពេល​នោះ​អ្នក​ស្រី​អាយុប្រមាណ ៣ ឆ្នាំ​ ក៏ដោយ អ្នក​ចាស់ទុំ​ដែល​នៅ​រស់រាន​មាន​ជីវិត​បានរៀបរាប់​ដំណាល​រឿង​ក្រុម​គ្រួសាររបស់​អ្នកស្រី​ឲ្យអ្នក​ស្រី​ស្វែង​យល់​។ ជាកុសល​ អ្នក​ស្រី​ពុំ​មាន​ការ​បាត់​បង់​បង​ប្អូន​បង្កើត​នោះទេ។ តែយ៉ាងណា​ក៏ដោយ​ រឿង​នេះ​ធ្វើ​ឲ្យ​អ្នក​ស្រី​នឹក​ឃើញ​ដល់​បទពិសោធន៍​របស់​ក្រុមគ្រួសារអ្នក​ស្រីដែល​ធ្លាប់ឆ្លង​កាត់​របបវាល​ពិឃាត​មួយ​នេះ។

អ្នក​ស្រី​ លីណា ដែល​មាន​វ័យ​ប្រមាណ​ ៤០ ឆ្នាំ​និយាយថា៖

«មក​ពី​ចង់​រំឭក​ថា កាល​ពី​កូន​ខ្មែរ​ដូច​បង​នៅ​តូចៗ​អញ្ចឹង អាច​ជួប​នឹង​ហេតុការណ៍ដែល​ក្មេង​ជំនាន់​ឥឡូវ​អត់​គិត​ថា រឿង​ហ្នឹង​អាច​កើត​ឡើង​ទេ។ អញ្ចឹងឲ្យ​ក្មួយៗ ក្មេងៗ​ជំនាន់​ក្រោយ​ដឹង កាល​មីង​នៅ​ក្មេងៗ ត្រូវ​ឆ្លង​កាត់​ការ​លំបាក​ហ្នឹង វេទនា​ខ្លាំង។ សំខាន់​គេ​ចង់​និយាយ​ថា ស្តាប់​ឮ អត់​ដូច​បាន​ឆ្លង​កាត់​ទេ»។

អ្នកស្រី​ក្រឡេក​ មើល​កូនស្រី​ និងក្មួយៗ​របស់​គាត់ ហើយ​ការសន្ទនាអំពី​រឿង​ប្រវត្តិសាស្ត្រ​នេះ​ចាប់ផ្តើមឡើង នៅ​ក្រៅ​សាល​នៃ​រោង​កុន។

កូនស្រី​របស់​អ្នកស្រី គឺ​កញ្ញា រ៉ាត់ បញ្ញានីតា​ ដែលមាន​វ័យ​ជំទង់​ បាន​និយាយ​ថា​ ​ម្តាយ​របស់​នាង មិន​ចង់​ឲ្យ​នាង​មាន​ការ​ទំរើស​ ហើយ​ចង់​ឲ្យនាង​ ចេះ​តស៊ូ​ក្នុង​ការ​រស់​នៅ​ ដូច​អ្វីដែល​ម្តាយ​នាង និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ដទៃទៀតធ្លាប់​ឆ្លង​កាត់​សម័យ​ខ្មែរ​ក្រហម។

នាងបង្ហាញ​អារម្មណ៍​ក្តុក​ក្តួល​ ត្រង់​ឈុតដែល​កម្មា​ភិបាល​ខ្មែរក្រហមបាន​បំបែក​ឪពុក​របស់​ក្មេងស្រី​ អ៊ឹង លួង ចេញ​ពី​គ្រួសារ។

​កញ្ញា​នីតា​ ​និយាយ​ថាប្រាប់​ VOA យ៉ាងដូច្នេះ​ថា៖

«ព្រោះ​មើល​ទៅ យើង​ក៏​ស្រឡាញ់​ប៉ា គេ​ក៏​ស្រឡាញ់​ប៉ា​ដូចគ្នា អញ្ចឹង​ក្នុង​ហ្នឹង​ យើង មាន​អារម្មណ៍​ម៉េច បើ​សិន​ជា​ប៉ា​យើង​ត្រូវ​ទៅ​អញ្ចឹង​»។

លោក រ៉ាដា រិទ្ធីវុឌ្ឍណ៍​ ដែល​ជា​ជីដូន​មួយ​របស់​នីតា ដែល​មាន​វ័យ​ប្រហែល​គ្នា​ បាន​បន្ថែម​ថា៖

«ដោយ​សារ​តែ​ពួក​ខ្ញុំ​ក្មេង ពួកខ្ញុំ​កើត​អត់​ទាន់ ដូច្នេះ​ពេល​ដែល​ខ្ញុំ​មើល​ទៅ​អា​ហ្នឹង ពួកខ្ញុំ​អាច​យល់​ច្រើន​ជាង​អី​ ដែល​គ្រាន់​តែ​ស្តាប់​ឮ»។

បុរស​ម្នាក់​កំពុង​ប្រើ​ទូរស័ព្ទ ​ខណៈ​ពេល​កំពុង​អង្គុយ​រង់ចាំ​ ការបញ្ចាំង​ភាពយន្ត​រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»​ នៅ​ឯ​រោង​ភាពយន្ត​ Major Cineplex​ នៃ​ផ្សារ​ទំនើប​អ៊ីអន​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​។​ (ខាន់​ សុគុំមនោ/VOA)
បុរស​ម្នាក់​កំពុង​ប្រើ​ទូរស័ព្ទ ​ខណៈ​ពេល​កំពុង​អង្គុយ​រង់ចាំ​ ការបញ្ចាំង​ភាពយន្ត​រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»​ នៅ​ឯ​រោង​ភាពយន្ត​ Major Cineplex​ នៃ​ផ្សារ​ទំនើប​អ៊ីអន​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​។​ (ខាន់​ សុគុំមនោ/VOA)

នៅ​ក្នុង​គ្រួសារ​នេះ​ ការ​ពិភាក្សា​អំពី​បទ​ពិសោធន៍​ឆ្លង​កាត់​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ជារឿយៗ ត្រូវ​បាន​លើក​យក​មក​និយាយ​ នេះ​បើតាម​ការ​សន្ទនា​គ្នា​រវាង​សមាជិក​គ្រួសារ​មួយនេះ។​

យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ ១,​៧​ លាន​នាក់ ឬ​១ក្នុង​ចំណោម៤នាក់​ ស្លាប់​នៅ​សម័យ​ខ្មែរ​ក្រហម​ដែល​កើតឡើង​ក្នុង​អំឡុង​ឆ្នាំ ១៩៧៥​ ដល់​ដើម​ឆ្នាំ​ ១៩៧៩។

នៅ​ខាង​ក្រៅ​សាល​នៃ​រោង​ភាពយន្ត​មួយ​ទៀត​ នៅ​ក្នុង​តំបន់​ទួល​គោក​ លោក​ ញ៉េប​ ងី​វ៉េង​ មាន​វ័យ​ ៦២​ឆ្នាំ​ កំពុង​អង្គុយ​សម្រាក​លេង​លើ​សាឡុង​ពូក​មួយជា​មួយ​ក្រុម​គ្រួសារ​។ អង្គុយ​ក្បែរ​ប្រពន្ធ​ និងកូន​ប្រុស​២​ រូប​ លោក បាន​ប្រាប់ VOA ថា​ រឿង​នេះ​ផ្តល់​ការចង​ចាំ​រួម​របស់​ប្រជាជន​ខ្មែរ។

ចំពោះ​លោក​ផ្ទាល់​ រឿង​នេះ​បាន​រំលឹក​លោក​ អំពី​សន្ទនា​រវាងលោក​និង​ម្តាយរបស់​លោក ដែល​លោក ងី​ វ៉េង​ និយាយថា​ ពេលនោះ​ លោក ​ពុំ​ជឿ និង​ពុំ​បានស្វែង​យល់​អំពី​អត្ថន័យ​របស់វា។​ លោកថា​ ​សន្ទនាស្រដៀង​គ្នា​ដដែល​នេះ​ ​បានកើត​មាន​រវាង​លោក​ ​ជាមួយ​នឹង​ ​កូនរបស់​លោក​ដែរ​ ​ដែល​លោក​ហៅថា​ ​ដូច​ជា​ ការ​ «វិល​ឡើង​វិញ​ម្តងទៀត​នៃ​ប្រវត្តិសាស្ត្រ»។

«មាន​អារម្មណ៍ថា​ ចេះតែ​នឹក​ឃើញថា​ខ្មែរ​យើង​មិន​គួរ​ដល់​ថ្នាក់​ប៉ុណ្ណឹង​ណា។​ មិន​នឹក​ស្មាន​ថា​មាន​ភាព​សម្បូរ​សប្បាយ​ហើយ​ ស្រាប់តែ​ទៅជាអញ្ចឹង​ទៅកើត។ ខ្ញុំ​ចេះ​តែ​ខ្លាច​អញ្ចឹង​។​ កាល​ពី​ម្តាយខ្ញុំ​និយាយ​រឿងជំនាន់​ឥស្សរៈ​ ខ្ញុំ​ក៏​មិន​សូវ​ជឿគាត់​ដែរ។ ដូចគាត់​ថា​បាយ​ជាប់​កន្ទុយ​ឆ្កែ រត់តាម​បេះ​មក​វិញ។ ខ្ញុំ​អត់​សូវ​ជឿ​គាត់​ទេ។ ព្រោះ​គាត់​តាំង​ពីជំនាន់​សង្គ្រាម​លោក​លើកទី២​នោះ​ ខ្ញុំ​មិន​សូវជឿ​គាត់​ទេ។ ដល់​ជំនាន់​ខ្ញុំ​ មាន​អញ្ចឹង​មែន។ រួច​ដល់​ជំនាន់កូន​ខ្ញុំ​ វា​ក៏មិនសូវជឿដែរ»។

លោក​យល់ឃើញ​ថា​ ក្មេង​ជំនាន់​នេះ​គួរ​យក​ចិត្ត​ទុកដាក់អំពីរឿង​រ៉ាវ​ប្រវត្តិសាស្ត្រ​ និង​ស្ថានការណ៍​បន់បែន​របស់វា។​

អ្នក​ស្រី​ ស៊ុយ​ ស៊ីវ​ទីង​ វ័យ​ ៥៨​ ឆ្នាំ​ ដើរ​កាន់​ដៃ​គ្នា​ជាមួយ​កូន​ប្រុស ​មកអង្គុយ​លើ​សាឡុង​ក្បែរ​នោះ។ អ្នក​ស្រី​លើក​ឡើងថា​ ភាពយន្ត​មួយ​នេះ​បញ្ចាំងចំ​រដូវ​កាល​បុណ្យ​ភ្ជុំ​បិណ្ឌ ដែលជា​ពេល​វេលា​គ្រួសារ​អ្នក​ស្រី​តែងតែជួបជុំ​នៅ​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​បាត់ដំបង​ ហើយ​ជជែក​គ្នា​បង្ហាញ​សេចក្តី​នឹក​រលឹក​ទៅ​ម្តាយ​ឪពុក​និងជីដូន​ជីតា​ដែល​បាន​ចែក​ឋាន​ទៅនៅ​ក្នុង​សម័យ​សង្គ្រាម។

«រឿង​អស់​នេះ​សុទ្ធតែ​និយាយ​មក​ហើយ។ កាលភ្ជុំ​ ទៅ​ជុំ​គ្នា​នៅស្រុក​ហ្នឹង​ក៏​យើង​បាន​លើកវា​មកនិយាយថ្មី​ៗ​នឹង​ទៀត​ ពេល​ជួបជុំ​បង​ប្អូន​នៅ​ស្រុក​ យើងនាំគ្នា​រំឭក​អំពី​រឿង​កាល​ពីជំនាន់​ប៉ុលពត​និង​កាល​ពី​ដាច់​ពី​ប៉ុលពត»។​

មនុស្ស​ម្នា​ ចូល​មើល​រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»​ នៅ​ឯ​រោង​ភាពយន្ត​ Major Cineplex​ នៃ​ផ្សារ​ទំនើប​អ៊ីអន​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​។​ (នូវ ពៅលក្ខិណា/VOA)
មនុស្ស​ម្នា​ ចូល​មើល​រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»​ នៅ​ឯ​រោង​ភាពយន្ត​ Major Cineplex​ នៃ​ផ្សារ​ទំនើប​អ៊ីអន​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​។​ (នូវ ពៅលក្ខិណា/VOA)

និយាយ​បណ្តើរ​អង្អែល​ដៃ​ខ្លួន​ឯង​បណ្តើរ​ អ្នក​ស្រី​ប្រាប់​ថា​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​មួយ​នេះ បាន​ធ្វើ​ឲ្យអ្នក​ស្រី​មាន​អារម្មណ៍​ព្រឺ​សម្បុរ​។ អ្នក​ស្រី​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ បាន​បណ្តេញ​ចេញ​ពី​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​មេសា​ ឆ្នាំ​១៩៧៥ នោះ។​

«ដែល​ចងចាំ​គឺ​ពេល​ដែល​គេដេញ​ចេញ​ពីភ្នំពេញ។​ ខ្លួន​ខ្ញុំនឹក​ពេល​ចេញ​ទៅគឺអត់​មាន​យក​អី​ទេ​ ខ្ញុំ​យក​តែ​សៀវភៅ​ទៅ​ទេ​។ ជំនាន់​ហ្នឹង​ខ្ញុំ​ទើបតែ​ជាង​ ១០ឆ្នាំ​។ មើល​បណ្តើរ​ខ្ញុំ​ប្រាប់​កូន​ខ្ញុំ​បណ្តើរ​ថា​ម៉ាក់​ដូច​គ្នា​អញ្ចឹង​ ចេញ​ទៅ​យក​តែសៀវ​ភៅ​ ព្រោះ​ខ្លាច​ត្រឡប់​មក​វិញ​រៀន​អត់​ទាន់​គេ។ ដល់​ពេល​ហើយ​អត់​បាន​មក​វិញ​ទៅ​ យក​បោះ​ចោល​អស់​ទៅ»។

នៅ​មុខ​សាល​នៃ​រោង​ភាព​យន្ត​ដដែល យុវជន​ ឡាយ ម៉ាឬទ្ធី អាយុ ១៦ ឆ្នាំ​ ជា​សិស្សវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ បាន​មក​មើល​រឿង​នេះ​ជាមួយ​មិត្ត​រួម​ថ្នាក់។ ពួកគេ​ចង់​ដឹង​អំពី​ប្រវត្តិ​សាស្ត្រសម័យ​ខ្មែរ​ក្រហមបន្ថែមពី​អ្វី​ដែល​ពួក​គេ​ធ្លាប់​រៀន​នៅ​ក្នុង​ថ្នាក់។ ​

រឿង «មុនដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» បាន​ធ្វើ​ឲ្យ​យុវជន ម៉ា ឬទ្ធី មើល​ឃើញ​ពីអ្វី​ដែលកើត​ចំពោះ​ប្រជាជន​កម្ពុជា នា​សម័យ​នោះ។

«ខ្មែរ​ជំនាន់​ហ្នឹង​ រាង​ពិបាក​ដែរ​ គេធ្វើបាប​ គេ​ធ្វើ​ទារុណកម្ម ធ្វើ​ស្រែ​ចម្ការ កម្ទេច​វត្ត​អារាម​ចោល ទៅ​ធ្វើ​ស្រែ​ចម្ការ​ទាំង​អស់»។

មិត្តភក្តិ​ម្នាក់​ទៀត​របស់​ឬទ្ធី​ ដែល​មានអាយុ​ស្របាល​គ្នា​ គឺ​យុវជន សឹង ចន្ត្រា​ បាន​រៀបរាប់​អំពី​អ្វី​ដែល​ខ្លួន​មិន​នឹក​ស្មាន​ថា​ បាន​កើត​មាន​ឡើង​នៅ​សម័យ​ខ្មែរ​ក្រហម។

«វា​មិន​អាច​មាន​ប៉ូលីស​ [កម្មាភិបាលខ្មែរក្រហម] មក​ចាប់​ប្រជាជន ហើយ​និង​កាប់​សម្លាប់​ប្រជាជន​ពេញ​ហ្នឹង»។

មិន​មែន​គ្រប់​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ សុទ្ធ​តែ​បាន​ជា​សះ​ស្បើយ​ផ្នែក​ផ្លូវ​ចិត្ត​ និង​និយាយ​ដោយ​បើក​ជំហ​ ពី​បទ​ពិសោធ​ឆ្លង​កាត់​របប​នេះ​ឡើយ។​

ជាក់​ស្តែង​ កញ្ញា​ ចាន់​ លីដា​ ដែល​មាន​វ័​យ ២៨ឆ្នាំ ​ជា​អ្នក​ធ្វើ​ការ​ផ្សព្វផ្សាយ​ទីផ្សារ​អនឡាញ​ម្នាក់​បាន​និយាយ​ថា​ ឪពុកម្តាយ​របស់​នាង ​បាន​បដិសេធ​មក​មើល​រឿង​នេះ​តាម​ការ​អញ្ជើញ​របស់​នាង។

​«ធ្លាប់​សួរ​ដែរ គាត់ថា​គាត់​ខ្ជិល​មក​មើល​ណាស់​ ប្រហែល​គាត់​ខ្ជិល​នឹក​ឃើញ​រឿង​ដើម។ កាល​ពី​មុន​ធ្លាប់​ឮ​ម៉ាក់​និយាយ​ដែរ​ ព្រោះ​ពួកគាត់​ធ្លាប់​ឆ្លង​កាត់​ មក​មើល​ទៅ​ឃើញ​ចូល​ [ត្រូវសាច់រឿង] ច្រើន។ ខ្ញុំគិតថា​ប្រសិន​បើខ្ញុំនៅជំនាន់​នោះ​បែប​អត់​រស់ទេ​ មើល​ទៅ។ ព្រោះ​មើល​ទៅ​វា​ដូច​ជា​វេទនា។ យើង​ត្រូវ​ធ្វើការ​ហើយ​ អាហារ​អត់​គ្រប់​គ្រាន់​អញ្ចឹង»។

កញ្ញា​ លីដា​ បាន​បន្ថែម​ថា​ ក្រោយ​ពី​មើល​រឿង​នេះ​ នាង​ចាប់​ផ្តើម​យល់​អំពី​ភាព​លំបាក​របស់ ឪពុកម្តាយ​ ដែល​ចាប់​ផ្តើម​ពី​ដៃ​ទទេ​ ក្រោយ​របប​នេះ។

កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​កន្លង​ទៅ​ គណ​កម្មាធិកា​រ​ជ្រើស​រើស​ភាព​យន្ត​សម្រាប់ពាន​រង្វាន់​ Oscar ​នៅ​កម្ពុជា​បាន​ជ្រើស​រើស​រឿង «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ដើម្បី​ដាក់​ប្រកួត​សម្រាប់ផ្នែក​ពាន​រង្វាន់​ផលិតកម្ម​ភាពយន្ត​ជា​ភាសា​បរទេស​ល្អ​បំផុត​ ទូទាំង​សាកល​លោក។

កន្លង​មក​ទូរទស្សន៍​ខ្មែរ​បាន​ចាក់​បញ្ចាំង​ភាពយន្ត​នានា​អំពី​សម័យ​ខ្មែរ​ក្រហម ទាំង​ផលិតកម្ម​ខ្មែរ​និង​ផលិតកម្ម​បរទេស ដែល​ជា​ឱកាស​ឲ្យ​ក្រុមគ្រួសារ​ខ្មែរ​រំឭក​ឡើង​វិញ​និង​ចែក​រំលែក​រឿងរ៉ាវ​របស់​ខ្លួន​ក្នុង​គ្រួសារ៕

XS
SM
MD
LG