ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តន្ត្រី​រ៉ក់​ខ្មែរ-អូស្ត្រាលី ​ទទួល​បាន​ការ​គាំទ្រ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន


អ្នកស្រី ​កាក់ ចន្ធី​ ដែល​ជា​អ្នក​ចម្រៀង​ជនជាតិ​ខ្មែរ​ប្រចាំ​ក្រុមតន្ត្រី​រ៉ក់ខេនរ៉ូល The Cambodian Space Project ​សម្តែង​នៅសាល​មហោ​ស្រព​សិល្បៈ​វប្បធម៌ ​The Kennedy ​Center​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថតដោយ the Kennedy center)
អ្នកស្រី ​កាក់ ចន្ធី​ ដែល​ជា​អ្នក​ចម្រៀង​ជនជាតិ​ខ្មែរ​ប្រចាំ​ក្រុមតន្ត្រី​រ៉ក់ខេនរ៉ូល The Cambodian Space Project ​សម្តែង​នៅសាល​មហោ​ស្រព​សិល្បៈ​វប្បធម៌ ​The Kennedy ​Center​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថតដោយ the Kennedy center)

ការ​ប្រគំតន្ត្រី​បង្ហើរ​ចម្រៀង ​Rock'n'Roll ​របស់​ខ្មែរ​កាលពី​ទសវត្សរ័​ឆ្នាំ១៩៦០​ និង​ចម្រៀង​បង្កើត​ថ្មី​ផ្ទាល់ខ្លួន ​នៅ​សាល​មហោស្រព​សិល្បៈ​វប្បធម៌ ​The Kennedy Center​ ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃសុក្រ​ទី១២ ​ខែ​កញ្ញា​ ឆ្នាំ២០១៧​ ទទួល​បាន​ការ​ពេញ​ចិត្ត ​និង​ការ​គាំទ្រ​ពី​អ្នក​ទស្សនា​រាប់រយ​នាក់​ដែល​ចូលរួម​ទស្សនា​ពេញ​សាល​មហោស្រព​នោះ។

ក្រុម​តន្ត្រី​រ៉ក់ ​ខ្មែរ-អូស្ត្រាលី​ The Cambodian​ Space ​Project ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ​ពេល​ប្រគំ​តន្ត្រី​បង្ហើរ​ចម្រៀង​ Rock'n'Roll ​របស់​ខ្មែរ​កាលពី​ទសវត្សរ៍​ឆ្នាំ១៩៦០​ និង​ចម្រៀង​បង្កើតថ្មី​ផ្ទាល់ខ្លួន ​នៅ​សាល​មហោ​ស្រព​សិល្បៈ​វប្បធម៌ ​The Kennedy ​Center​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​សប្តាហ៍​មុន។

ការប្រគំ​តន្ត្រីបង្ហើរ​ចម្រៀង ​Rock'n'Roll ​ទៅកាន់​ប្រជាជន​ចម្រុះ​ជាតិ​សាសន៍​នៅ​សហរដ្ឋអាមេរិក​របស់​អ្នកស្រី ​កាក់ ចន្ធី​ ដែល​ជា​អ្នក​ចម្រៀង​ជនជាតិ​ខ្មែរ​ប្រចាំ​ក្រុមតន្ត្រី​នេះ ​បានទាក់​ទាញ​ក្រុមអ្នក​ទស្សនា​ជាច្រើន​រយនាក់​ជាមួយ​សំឡេង​ដ៏​ពិរោះ ​សម​នឹង​កាយ​វិការ​ញាក់​តាម​បទភ្លេង​រង្គើឆាក​ទាំង​នោះ។​ ទាំង​បទ​ចាស់​ និង​បទថ្មី​មាន​ដូចជា​បទ​ «ឆ្នាំអូន១៦‍» ​បទ ​«ផ្អែមណាស់ស្នេហា‍» ​បទ​ «Whisky Cambodia» ​និង ​បទ ​«មាន​ VISA ​អត់មាន​បាយ‍» ​ជាដើម។

នៅពេល​រៀបចំ​ខ្លួន​មុន​ពេល​សម្តែង​ អ្នកស្រី ​ចន្ធី ​បាន​ថ្លែង​ប្រាប់ ​VOA ​នៅ​សាល​មហោស្រព​សិល្បៈ​វប្បធម៌ ​The Kennedy​ Center​ ថា ទោះបី​ជា​ទស្សនិកជន​ជាតិ​អាមេរិកាំង​ និង​បរទេសក្តី​ ក៏​នឹង​មាន​ការ​ចូលចិត្ត​បទចម្រៀង​ដែល​អ្នកស្រី​សម្តែង​ដែរ។

«ពួក​គាត់​អត់ចេះ​ភាសាខ្មែរ​យើងទេ ​ហើយខ្ញុំ​ច្រៀង​ភាសា​ខ្មែរ​ តែ​សំខាន់​យើង​ប្រើ​កាយវិការ​ ហើយ​នឹង​សំឡេង​ទឹកដម ​ហើយ​នឹង​បទ​ចម្រៀង​យក​បទ​ពីជំនាន់​ដើម យក​មក​ច្រៀង​ ពួក​គាត់​ដឹងតែម្តង​ ដឹង​ថា​បទ​ចម្រៀង​នេះ​ គឺជា​បទខ្មែរ​យើង​ ភ្លេង​នេះ​គឺបទ​ខ្មែរ​យើង​ពីដើម​ ហើយ​យើងយក​មក​កែថ្មីខ្លះ។​ អញ្ចឹង​ពួកគាត់​សប្បាយ​រីករាយ​ ដែលខ្ញុំ​សម្តែង​លើឆាក​ដ៏ធំមួយ​អញ្ចឹង​ ធ្វើឲ្យខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​នឹកស្មាន​មិន​ដល់​ថាខ្លួនឯង​ដល់ថ្នាក់​ហ្នឹងអញ្ចឹង​ណា‍»។

អ្នកស្រី​បានបន្ថែម​ថា​ ការ​គាំទ្រ ​និង​ការ​ឲ្យ​តម្លៃ​សិល្បៈ​ និង​វប្បធម៌ខ្មែរ​ រាល់​ពេល សម្តែង​ធ្វើឲ្យ​អ្នកស្រី​ស្រក់​ទឹកភ្នែក។

«ខ្ញុំសម្តែង ​ខ្ញុំ​ដឹង​តែពី​ការ​ញញឹម ​ការរាំ ​ហើយ​នឹង​ច្រៀង​ទៅឲ្យ​គាត់​ស្តាប់ ​តែ​គាត់​មាន​ស្នូរ​ទះដៃ​យ៉ាងច្រើន​មែនទែន ​ជួនខ្លះ​រាប់ពាន់​នាក់​ដែលខ្ញុំ​នឹកស្មាន​មិន​ដល់​ជួនកាល​ខ្ញុំ​ទឹកភ្នែក​ពេល ដែល​ពួកគាត់​ស្តាប់​យើង​អត់បាន​ តែ​បែរ​ជា​គាត់​ឲ្យ​តម្លៃ​សិល្បៈ​ខ្មែរ​យើង​ មាន​តម្លៃ​មែនទែន‍»។

បទ​ចម្រៀង​កាលពី​សម័យ​ដើម​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៦០ ​គឺ​ច្រៀង​ដោយ ​អ្នកស្រី រស់ សេរីសុទ្ធា ​សម្លេង​មាស​ អ្នកស្រី​ ប៉ែន រ៉ន ​និង​អ្នកស្រី​ ហ៊ុយ មាស ​ហើយ​នឹង​អធិរាជ្យ​សម្លេង​មាស ​លោក​ ស៊ីន ស៊ីសាមុត​ ជាដើម​ ក្រៅពី​ចម្រៀង​បង្កើត​ថ្មី​ផ្ទាល់ខ្លួន​នោះ។

អ្នក​ចូលរួម​ទស្សនា​ម្នាក់​គឺ ​លោកស្រី​ គុណថារី ​ឌឺហ្គៃហ្វីយ៊េ ​(Kunthary ​de Gaiffier)​ ជនជាតិ​ខ្មែរ និង​ជា​មន្ត្រី​ចូលនិវត្តន៍​នៃ​ធនាគារ​ពិភពលោក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ថ្លែង​ប្រាប់ VOA ​ក្រោយពី​ការប្រគំ​តន្ត្រី​ដោយ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​សិល្បៈខ្មែរ​យ៉ាង​ខ្លាំង។

«ខ្ញុំ​ចូលចិត្តខ្លាំងណាស់​ សប្បាយចិត្ត​ណាស់​ដែល​បាន​ឮបទ​ ដែល​ខ្ញុំ​កាល​ពី​អតីត​ពីក្រមុំ​ក្មេងចា​ នឹក​ឃើញ​ឡើងវិញ ​ហើយ​នាង​មាន​សំឡេង​ល្អ​ខ្លាំង​ណាស់​ ហើយ​ទាំងបទ​ ទាំងសម្លេង​ហ្នឹងធ្វើ​ឲ្យខ្ញុំ​រំភើប​ចិត្ត​ណាស់‍»។

លោកស្រី​បាន​បន្ថែម​ថា ការ​សម្តែង​នៅ​អាមេរិក និង​ឆាក​អន្តរជាតិ​ដូច្នេះ​គឺ​ជា​ផ្នែក​មួយនៃ​ការ​ថែរក្សា​សិល្បៈ​ និង​វប្បធម៌​ខ្មែរ​ឲ្យ​បាន​គង់វង្ស។

«ខ្ញុំថា​ត្រូវ​ថែរក្សា​ដែរ ព្រោះ​ជំនាន់​ហ្នុង​ សម្បូណ៍​ណាស់។ កាលពី​ឆ្នាំ​១៩៦០​ហ្នឹង​ភ្លេង​យើង​លេង​ល្អ​ណាស់។​ ហើយ​កុំ​ឲ្យ​បាត់បង់​ទៅ​ណា​ ត្រូវខិត​ខំ​ថែរក្សា​តទៅទៀត ​ជា​ទ្រព្យ​សម្បត្តិ​របស់​យើង​ដែរ‍»។

អ្នក​ទស្សនា​ម្នាក់​ទៀត​មកពី​រដ្ឋធានី​វ៉ាស៊ីនតោន​ គឺនាង​ Alicia McCartney ​បាន​ថ្លែង​ពី​ការ​ចូលចិត្ត​លិល្បៈ​ និង​វប្បធម៌​ខ្មែរ។

«អូ!​ ខ្ញុំ​ពិតជា​ពេញចិត្ត​ការ​សម្តែង​នេះ។​ សម្រាប់​ខ្ញុំ​ វា​ពិសេស​ណាស់​ដែល​បាន​ឃើញ​វប្បធម៌​ខ្មែរ​ និង​ឃើញ​តន្ត្រី​ រ៉ុកខ្មែរ​មក​សម្តែង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​ហើយ​សាល​មហោស្រព​សិល្បៈ​ ហៅថា​ Millennium Stage ​នៃ​ Kennedy Center ​គឺជា​កន្លែង​ពិសេស​ដូច្នេះ​ជា​កិត្តិយស​ណាស់​ដែល​តន្ត្រីនេះ​ត្រូវគេ​អញ្ចើញ​មក​សម្តែង​នោះ​ ហើយ​ចំពោះ​ខ្ញុំ ​ជារឿង​រីករាយ​ដែល​ឃើញ​ការ​សម្តែង​នេះ ​បាន​ចែក​ចាយ​ដល់​ពលរដ្ឋ​អាមេរិកាំង‍»។

នាង​បាន​បន្ថែម​ថា​ ក្នុង​ចំណោម​បទ​ទាំងអស់​នាង​ចូល​ចិត្ត​បទ​ពី​សម័យ​ដើម​មួយ​ដែល​អ្នកស្រី​ ចន្ធី​ រើស​យក​មក​សម្តែង។

«អូ ​ខ្ញុំ​មាន​ន័យ​ថា​ចម្រៀង​ «បទឆ្នាំអូន១៦‍»​ ខ្ញុំ​ពេញ​ចិត្ត​ណាស់​ចម្រៀង​នេះ។ ​បទនេះ​មាន​ថាមពល​ខ្លាំង​ណាស់។​ ខ្ញុំ​ក៏​ពេញ​ចិត្ត​ឃើញ​កុន​បញ្ចាំង​នៅពី​ក្រោយ​ជាមួយ​នឹង​តន្ត្រី​ផងដែរ។​ ខ្ញុំ​ក៏​ពេញ​ចិត្តនឹង​រឿងរ៉ាវ​ដែល​អ្នកស្រី​ ចន្ធី ​រៀបរាប់​ត្រួសៗ​អំពី​អត្ថន័យ​នៃ​បទ​ចម្រៀង​ ហើយ​នឹង​ពេញចិត្ត​នឹង​ការ​ធ្វើអត្ថាធិប្បាយ​របស់​បុរស​ជា​ជនជាតិ​អូស្ត្រាលី​ត្រួសៗ​ដែរ ​អំពី​ប្រទេស​កម្ពុជា​ និង​អត្ថន័យ​នៃ​ចម្រៀង​ព្រម​គ្នា​នោះ។​ ខ្ញុំពិត​ជាពេញ​ចិត្ត​ណាស់‍»។

ក្រុម​តន្ត្រី​រ៉ក់ខេនរ៉ូល The Cambodian Space Project បានមក​សម្តែង​នៅសាល​មហោ​ស្រព​សិល្បៈ​វប្បធម៌ ​The Kennedy ​Center​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថត​ដោយ the Cambodian Space Project)
ក្រុម​តន្ត្រី​រ៉ក់ខេនរ៉ូល The Cambodian Space Project បានមក​សម្តែង​នៅសាល​មហោ​ស្រព​សិល្បៈ​វប្បធម៌ ​The Kennedy ​Center​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថត​ដោយ the Cambodian Space Project)

ស្ថាបនិក​ក្រុមតន្ត្រី​ The Cambodian ​Space ​Project​ គឺលោក ​Julien Poulson បាន​ថ្លែងថា​ សមាជិក​ក្រុម​តន្ត្រី​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា​ គឺជា​អ្នក​បាន​រស់​ពី​សង្គ្រាម​មក​ ហើយ​មាន​រឿង​ទុក្ខលំបាក​យ៉ាងច្រើន​ ចេញ​ពី​សង្គ្រាម ឬ​ការ​រស់​នៅ​ដ៏​លំបាក​លំបិន ​តែ​បញ្ហា​រួមនោះ​ គឺ​យើង​ប្រគំតន្ត្រី​ជាមួយ​គ្នា ​ហើយ​រីករាយ​ជាមួយ​គ្នា។

«យើង​បាន​បង្កើត​ក្រុម​តន្ត្រី​ជាមួយ​គ្នា​បន្ត​ ហើយនេះ​ជា​វិធីមួយ​នៃ​ការ​ប្រាប់​រឿងរ៉ាវ​ពិតៗ​ តែវា​ជាតន្ត្រី​ រ៉ុក ​និង​ រ៉ូល‍»។

លោក​បន្ថែមថា​ លោក​បាន​បង្កើត​ក្រុមនេះ​កាល​ពី​៧ឆ្នាំមុន​ ដោយ​មាន​មនុស្ស​ ៥នាក់​ លេង​ឧបករណ៍​ភ្លេង​ផ្សេង​គ្នា​ តែ​មិន​បាន​ចំណាយ​ពេលវែង​ដើម្បី​រៀបចំ​ក្រុម​ភ្លេង​នេះ​ទេ។

«ចំពោះ​ខ្ញុំ​ ខ្ញុំពិតជា​មាន​សំណាង​ដែល​បាន​ស្គាល់ ចន្ធី​ ហើយនឹង​ក្រុម​របស់ខ្ញុំ​ទីនេះ ​ព្រោះនេះ​ជាអ្វី​ដែល​ខ្ញុំ​មិន​រំពឹង​ថា​ធ្វើ​បាន​ទេ‍»។

ក្រុមតន្ត្រី ​The Cambodian ​Space Project ​មាន​ប្រជាប្រិយភាព​នៅលើ​ឆាក​អន្តរជាតិ ​ខណៈ​អ្នក​ស្គាល់​ក្រុមតន្ត្រី​នេះ​នៅមាន​ចំនួនតិច​តួច​នៅឡើយ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ។

ក្រុមតន្ត្រី​នេះ​បានបង្កើត​ឡើង​កាល​ពីឆ្នាំ២០០៩​ ដោយ​តន្ត្រីករ​កោះ ​Tasmania នៃ​ប្រទេស​អូស្ត្រាលី ​គឺលោក​ Julien Poulson ​និង​អ្នកស្រី​ កាក់ ចន្ធី។ ​កាល​នោះ លោក ​ Julien ​ស្តាប់​ឮ​សម្លេង​ច្រៀង​ដ៏​ក្រអួន​របស់​អ្នកស្រី ចន្ធី​ ដែល​កំពុង​ច្រៀង​ក្នុង​បារ​មួយ​នៅទីក្រុង​ភ្នំពេញ ​រាជធានី​នៃ​ប្រទេស​កម្ពុជា​ដែល​ធ្លាប់​បាន​ត្រូវគេដាក់​ឈ្មោះ​ឲ្យ​ថា​ «ទីក្រុង​គុជ​ក្នុងតំបន់​អាស៊ីអាគ្នេយ៍» ​កាលពី​ទសវត្សរ៍​៦០។

ដោយ​ការ​ស្រឡាញ់​ និង​កោត​សរសើរ​សិល្បៈករ​ និង​តន្ត្រី​កាលពី​យុគសម័យ​មាស​របស់​ប្រទេស​កម្ពុជា​ ក្រុម​តន្រ្តី​នេះ​បាន​បង្កើត​ឡើង​ ក្នុង​គោល​បំណង​ស្តារ​ឡើងវិញ​នូវ​តន្ត្រី​ដែល​កម្ពុជា​បាន​បាត់បង់​ក្នុង​អំឡុង​សម័យ​ខ្មែរក្រហម។

កាលពី​ទសវត្សរ៍​ទី៦០និង​ទី៧០ ​តន្ត្រី​នៅ​កម្ពុជា​ទទួល​ឥទ្ធិពល​យ៉ាងខ្លាំង​ពី​វប្បធម៌​អាមេរិក​ ដែល​ត្រូវ​ជ្រៀប​ចូលមក​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ​ក្នុង​កំឡុង​ពេល​អាមេរិក​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​វៀតណាម​កុម្មុយនិស្ត។ ក្រុម​តន្ត្រី​ដែល​ល្បីៗ​ដូចជា ​ក្រុមបក្សី​ចាំក្រុង​ ក្រុមតន្ត្រី​បាយ័ន​ និងក្រុម​ Draka ​បាន​នាំ​មក​នូវ​តន្ត្រី​រ៉ក់ខេនរ៉ូល​ប្លែកថ្មី​សម្រាប់​ប្រជាជន​ក្នុង​ទីក្រុង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG