ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ភាព​យន្ត​ឯកសារ​​បង្ហាញ​ពី​ការ​បាត់​បង់​ធនធាន​ធម្មជាតិ​​និង​អត្តសញ្ញាណ​វប្បធម៌​ ជនជាតិ​ដើម​ភាគតិច​ខ្មែរ


រូបភាពដកស្រង់ចេញពីវីដេអូឯកសាររបស់អង្គកាសង្រ្គោះសត្វព្រៃ «កុលសម័្ពន្ធយើង បេតិភ័ណ្ឌយើង» បង្ហាញពីលោកយាយចំណាស់ដែលសាក់ចង្ការកំពុងអង្គុយជាក្រុម។

ភាព​យន្ត​ឯកសារ​​​របស់​អង្គការ​សង្រ្គោះ​សត្វ​ព្រៃ​កម្ពុជា​បង្ហាញ​ពី​ការ​បាត់​បង់​ធនធាន​ធម្មជាតិ​ និង​អត្តសញ្ញាណ​វប្បធម៌​ ជនជាតិ​ដើម​ភាគតិច​ខ្មែរ។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ ដែល​រស់នៅ​ពឹង​ផ្អែក​លើ​ធម្មជាតិ​ ឬ​ព្រៃឈើ​ ​កំពុង​រង​ការ​គំរាម​កំហែង​លើ​អត្ត​សញ្ញាណ​វប្បធម៌​ ​និង​ធនធាន​ធម្ម​ជាតិ​របស់​ខ្លួន។​ ​អង្គការ​សង្រ្គោះ​សត្វ​ព្រៃ​កម្ពុជា​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​ក្រុម​កុល​សម័្ពន្ធ​ចំនួន​បួន​ក្រុម​ អំពី​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​ពួកគេ​កំពុង​តែ​ជួប​ប្រទះ ​ហើយ​បាន​ផលិត​ឯកសារ​វីដេអូ​នេះ។

យ៉ាង​ហោចណាស់​ មាន​ជនជាតិ​ដើម​ភាគ​តិច​ប្រមាណ​ជា​២៧៦.០០០​នាក់​ស្មើ​នឹង​២​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ប្រទេស​កម្ពុជា។​ ​ជន​ជាតិ​ភាគ​តិច​ចំនួន​២៤​អម្បូរ​នេះ​រស់នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន១៥ ​ហើយ​ពួក​គេ​មាន​ដើម​កំណើត​នៅ​ក្នុង​ប្រទេស​នេះ​ជា​ច្រើន​សតវត្សរ៍​មក​ហើយ។

ជនជាតិ​ភាគ​តិច​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​«ខ្មែរលើ»​ រស់​នៅ​ភាគ​ខាង​ជើង​ និង​ភាគ​ឦសាន​នៃ​ប្រទេស​ក្នុង​ខេត្ត​មួយ​ចំនួន​ ដូច​ជា​ខេត្ត​រតនគិរី​ មណ្ឌល​គិរី ​ស្ទឹងត្រែង​ ក្រចេះ​ ​ព្រះវិហារ​ ​និង​កំពង់ធំ។​

ក្រុម​ប្រជាជន​ជនជាតិ​ដើម​ភាគ​តិច​កំពុង​ប្រឈម​នឹង​ផល​លំបាក​ជាច្រើន​ក្នុង​ការ​ចិញ្ចឹម​ជីវិត​សព្វថ្ងៃ​ រក្សា​វប្បធម៌​ និង​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ខ្លួន​ ​នៅ​ពេល​ដែល​កិច្ច​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជាកំពុង​ត្របាក់​យក​ព្រៃឈើ​ និង​ធនធាន​ធម្មជាតិ​របស់​ពួកគេ។​ ​ជា​ពិសេស​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ​ដី​សម្បទាន​សេដ្ឋកិច្ច​ ​ការ​ចាប់​យក​ដី​ខុស​ច្បាប់​ ​និង​គម្រោង​សាង​សង់​ទំនប់វារី​អគ្គិសនី ​បាន​ក្លាយ​ជា​បញ្ហា​ចម្បង​ដែល​កំពុង​គំរាម​កំហែង​ដល់​មរតក​វប្បធម៌របស់​ជនជាតិ​ដើម​ភាគ​តិច​ ឬ​ខ្មែរ​លើ។​

វីដេអូ​ឯកសារ​ខ្លី​មួយ​ ដែល​មាន​រយៈពេល​ជាង​១០​នាទី​ និងរៀបចំ​ដោយ​អង្គការ​សង្រ្គោះ​សត្វ​ព្រៃ​ ត្រូវ​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​កាលពី​ខែ​មុន​ ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​ការ​បាត់​បង់​ធនធាន​ធម្មជាតិ​ ​និង​ការ​លំបាក​ផ្សេងៗដែល​ប្រជាជន​ខ្មែរ​ជនជាតិ​ដើម​ភាគ​តិច​កំពុង​ជួប​ប្រទះ។​

ខ្សែ​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា​ «កុលសម្ព័ន្ធយើង-បេតិកភ័ណ្ឌយើង»​ បាន​ចងក្រង​អំពី​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ចំនួន​បួន​កុល​សម័្ពន្ធ​ដែល​ក្នុង​នោះ​មាន​ជនជាតិ​ព្រៅ កាវ៉ែត ​គ្រឹង​ និង​ខ្មែរ​ឡាវ​ដែល​រស់​នៅ​ក្នុង​ខេត្ត​រតនគិរី។​

លោក​ចាន់ វិចិត្រ​ ​អ្នក​គ្រប់គ្រង​គម្រោង​ «កុលសម្ព័ន្ធយើង-បេតិកភ័ណ្ឌយើង»​ ​នៃ​អង្គការ​សង្រ្គោះ​សត្វ​ព្រៃ ​បាន​និយាយ​ថា​ ខេត្ត​រតនគិរី​កំពុង​រង​ផង​ប៉ះពាល់​ខ្លាំង​ដូច​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ ការ​បាត់​បង់​ព្រៃឈើ​ និង​ទំនប់​វារី​អគ្គិសនី​ជាដើម​ ដែល​បណ្តាល​ឲ្យ​អង្គការ​របស់​លោកធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ការ​ប៉ះពាល់​ទាំង​នោះ។​

លោក​បាន​មាន​ប្រសាសន៍​ថា៖​

«ដោយសារ​តែ​ម្តុំ​ហ្នឹង​វា​កំពុង​រងការ​បាត់បង់​ព្រៃឈើ​ ហើយ​កាលណា​បាត់បង់​ព្រៃឈើ​វា​ប៉ះពាល់​ជីវភាពរស់​នៅ​របស់​គាត់​ និង​មុខ​ងារ​វប្បធម៌​របស់​គាត់​ហ្នឹង។​ អីចឹង​យើង​ធ្វើ​ការ​សិក្សា​មើល​ថា​ វា​យ៉ាង​ដូច​ម្តេច​ដែរ»។​

លោក​ ​ចាន់ វិចិត្រ​ ​បាន​បន្ថែម​ថា​ ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ជនជាតិ​ព្រៅ ​កាវ៉ែត ​និង​គ្រឹង​សុទ្ធ​តែ​ពឹង​ទៅ​លើ​ធម្មជាតិ ​និង​អនុផល​ព្រៃឈើ ​ដូច្នេះ​ការ​បាត់បង់​ព្រៃឈើ​ពិត​ជា​នឹង​ប៉ះពាល់ដ​ល់​ជំនឿ​ វប្បធម៌​របស់​ពួក​គេ។​

«គាត់បាត់បង់ព្រៃ​ឈើពី​ការ​កាប់ឈើ​ដោយខុស​ច្បាប់ដែល​ធ្វើ​ឲ្យ​បាត់​បង់​ឈើ​ល្អៗ​ ឈើ​ប្រណិតៗ​របស់​គាត់​ហ្នឹង។ ​គាត់​ព្រួយ​បារម្ភ​ពី​រឿង​អារុក្ស​អារក្ស​អ្នកតា​ដែល​នៅ​ក្នុង​ព្រៃ ​ដែល​គាត់​តែង​តែ​ជឿ​តែង​តែ​អី​ហ្នឹង។​ គាត់​ជឿ​ថា​ ​កាល​ណា​បាត់បង់​ទាំង​អស់​ហ្នឹង​ទៅ​ ពួក​អារក្ស​ហ្នឹង​ខឹង​គាត់​ ហើយ​ធ្វើ​ឲ្យ​កូន​គាត់​ហ្នឹង​ឈឺ ​ធ្វើ​ឲ្យ​ផល​ដំណាំ​គាត់​ថយ​ចុះ»។​

វីដេអូ​ឯសារ​«កុល​សម្ព័ន្ធ​យើង-បេតិកភ័ណ្ឌ​យើង»​ ​បាន​បង្ហាញ​ពី​ជីវភាព​រស់​នៅ​ វប្បធម៌​ ​និង​ទុក្ខ​លំបាក​ដែលក្រុម​កុល​សម្ព័ន​ជន​ជាតិភាគ​តិច​ឬ​ ​«ខ្មែរ​លើ»​ ​ចំនួន​បួន ​ដែល​កំពុង​រស់​នៅ​ក្នុង​ខេត្ត​រតនគិរី ។​

ជនជាតិ​ព្រៅ​ ដែល​មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ​៧.០០០​នាក់​ ​ជឿ​ទៅលើ​ព្រលឹង។​ ពួកគេ​ជឿ​ថា​ អារុក្ស​អារក្ស​អ្នក​តា​រស់​នៅ​ក្នុង​ព្រៃភ្នំ​ជា​អ្នក​ថែ​រក្សា​ពួកគេ។​ ​ព្រៅ​មាន​ន័យ​ថា​ មនុស្ស​ដែល​រស់​នៅ​ក្នុង​ព្រៃ​ហើយ​មក​ដល់​សព្វ​ថ្ងៃនេះ។ ​ពួកគេ​នៅ​តែ​រស់​ពឹង​លើ​ធម្មជាតិ​សុទ្ធសាធ។​ ​កាល​ពី​យូរ​លង់​ណាស់​មក​ហើយ​ ក្នុង​សម័យ​អង្គរ​ ជនជាតិ​ព្រៅ​ត្រូវ​បាន​គេ​លក់​ធ្វើ​ជា​ទាសករ​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ដំណាំ ដូច្នេះ​ទើប​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ពួកគេ​ផ្តោត​លើ​ការ​នេសាទត្រី​ និង​ធ្វើ​ស្រែ​ចម្ការ​វិល​ជុំ។​

រូបភាពដកស្រង់ចេញពីវីដេអូឯកសាររបស់អង្គកាសង្រ្គោះសត្វព្រៃ «កុលសម័្ពន្ធយើង បេតិភ័ណ្ឌយើង» បង្ហាញពីជនជាតិកាវ៉ែតកំពុងរាំលេងក្នុងពិធីបុណ្យភូមិ។
រូបភាពដកស្រង់ចេញពីវីដេអូឯកសាររបស់អង្គកាសង្រ្គោះសត្វព្រៃ «កុលសម័្ពន្ធយើង បេតិភ័ណ្ឌយើង» បង្ហាញពីជនជាតិកាវ៉ែតកំពុងរាំលេងក្នុងពិធីបុណ្យភូមិ។

ចំណែក​ជនជាតិ​កាវ៉ែត​ត្រូវ​បាន​គេ​ស្គាល់​ដោយសារ​ការ​សិប្បកម្ម ​តម្បាញ​កន្ទេលជា​ដើម។​ ពួកគេ​សាក់​ចង្ការ ​និងតម្រឹម​ធ្មេញ​ដើម្បី​ឲ្យ​មាន​មនុស្ស​ស្រឡាញ់​ដោយ​សារ​ពួកគេ​យល់​ឃើញ​ថា​ សម្រស់​របស់​ពួក​គេ​នឹង​កាន់តែ​ស្អាត។ ​ក្រៅពីនេះ​ក៏​មាន​បុណ្យ​សាសនា ​ដូចជា​បុណ្យ​ភូមិ​នៅ​ចុង​រដូវ​ច្រូត​ដើម្បី​ឲ្យ​មាន​ការ​ត្រជាក់​ត្រជុំ​ និង​ទទួល​បាន​ផល​ដំណាំ​ច្រើន។​ ​ប៉ុន្តែ​មកដល់​សព្វ​ថ្ងៃ​នេះ ​វប្បធម៌​ទាំង​នេះ​ស្ទើរ​តែ​បាត់​បង់​អស់​ទៅ​ហើយ​ ដោយ​សារ​ក្មេងៗ​ជំនាន់​ក្រោយ​យល់​ឃើញ​ថា​ វា​លំបាកគោរព​តាម។

ដូច​ជា​ជនជាតិ​ភាគ​តិច​កាវ៉ែត​ដែរ​ ​ជនជាតិ​គ្រឹង​គឺ​ជា​អម្បូរ​មួយ​តូច​របស់​ជនជាតិ​ព្រៅ​ ​ហើយ​ពួកគេ​ត្រូវ​បាន​ស្គាល់​តាមរយៈ​តម្បាញ​បែប​ប្រពៃណី​របស់​ពួកគេ​ ដូច​ជា​ក្រម៉ា​ និង​ការ​ប្រើ​ឃ្លោក​ដើម្បី​ដងទឹក​ ​ប្រើប្រាស់​ ចាន​បុរាណ​ហើយ​នឹង​ការ​ទៅ​បេះ​ផ្លែ​ឈើ​ពី​ក្នុង​ព្រៃ​ដើម្បី​បរិភោគ។​

ក្រុម​ជនជាតិ​ដើមភាគ​តិច​ចុង​ក្រោយ​ដែល​ត្រូវ​បាន​សិក្សា​ដែរ​នោះ​ គឺ​ក្រុម​ខ្មែរ​ឡាវ​ ​ដែល​ពួកគេ​បាន​មក​តាំង​ទី​លំនៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រាប់ពាន់​ឆ្នាំ​មក​ហើយ។​ ជនជាតិ​ដើម​ភាគ​តិច​ខ្មែរ​ឡាវ​ភាគ​ច្រើន​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ពឹង​ទៅ​លើ​ការ​នេសាទ​ត្រី​ ធ្វើ​ស្រែ​ចម្ការ​តាម​ដងទន្លេ​មេគង្គ​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ពួកគេ​កំពុង​រង​ការ​គំរាម​កំហែង​ពី​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​លើ​ដង​ទន្លេ​សេសាន​ក្រោម។​

លោក ​វ៉ា ខាំ​ផៃ ​ជនជាតិ​ដើម​ភាគ​តិច​ខ្មែរ​ឡាវវ័យ​៦៤​ឆ្នាំ គឺ​ជា​សកម្ម​ជន​ និង​ជា​អ្នក​នេសាទត្រី​ ដែល​រស់​នៅ​ក្នុង​ខេត្ត​រតនគិរី ​ភូមិ​ស្រែ​ពក​ធំ​ ​ឃុំ​សេរី​មង្គល។

នៅ​ក្នុង​ថ្ងៃ​ធ្វើ​បទបង្ហាញ​ពី​វីដេអូ​ខ្លី ​«កុលសម្ព័ន្ធយើង-បេតិក​ភ័ណ្ឌ​យើង» ​លោក​បាន​និយាយ​ថា៖​

«កាល​ដើម​ឡើយ​ដងទន្លេ​ស្រែ​ពក​ ​ដង​ទន្លេ​សេសានហូរ​ជាប់​គ្នា​គឺ​អត់​មាន​បញ្ហា​អី​ទេ។​ សហគមន៍​ផ្នែក​ខាង​លើ​ គឺ​រស់​នៅ​ជីវភាព​តាម​ដង​ទន្លេ​ ពឹង​អាស្រ័យ​ទៅ​លើ​មច្ឆា​ជាតិ។​ ពេល​រដូវ​ធ្វើ​ស្រែ ​គេ​ធ្វើ​ស្រែ​ ប្រពៃណី​ឡាវ​ខ្មែរ។​ ពេល​ធ្វើ​ចម្ការ​ គេ​ធ្វើ​ចម្ការ។​ ពេល​រដូវ​ប្រាំង​អត់​មាន​បញ្ហា​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​ គេ​នេសាទ​ជា​លក្ខណៈ​គ្រួសារ»។​

ពាក់​អាវ​រូប​ប្រាសាទ​អង្គរវត្ត​ និង​ខោ​ខ្លី​ ​លោក​ ​វ៉ា ខាំផៃ​ ​ជនជាតិ​ដើម​ភាគ​តិច​ខ្មែរ​ឡាវ​ បាន​ប្រាប់​ ​VOA​ ​ថា​ លោក​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​រតនគិរី​មក​ទីក្រុង​ភ្នំពេញ​ ដើម្បី​បង្ហាញ​ការ​បេ្តជ្ញា​ចិត្ត​ក្នុង​ការ​ការពារ​អត្ត​សញ្ញាណ​ និង​សិទ្ធិ​រស់នៅ​ក្នុង​សហគមន៍​របស់​លោក​ខណៈ​ដែល​ការ​ទន្រ្ទាន​យក​ដី​ ការ​កាប់​ឈើ​ខុស​ច្បាប់​ ​និង​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​កំពុង​រង​ផល​ប៉ះ​ពាល់​ដល់​ធនធាន​ធម្មជាតិ​យ៉ាង​ខ្លាំង។​

របាយ​ការណ៍​មួយ​របស់​ក្រុម​អ្នក​បរិស្ថាន​ឱ្យ​ដឹង​ថា​ ដែន​ព្រៃឈើ​ប្រមាណ​៤​លាន​ហិកតា​ ​ដី​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​ កាន់​កាប់​ដោយ​ជនជាតិ​ដើម​ភាគ​តិច​ ​ហើយ​ពួកគេ​បាន​រស់​នៅ​ដោយ​ថែ​រក្សា​បរិស្ថាន​ធម្មជាតិដែល​នៅ​ជុំ​វិញ។​ ជន​ជាតិ​ដើមភាគ​តិច​បាន​ និង​កំពុង​រស់​នៅ​យ៉ាង​មាន​សន្តិភាព​ជាមួយ​ធម្មជាតិ​ ​ដូច​ជា​ព្រៃ​ឈើ​ ​ធនធាន​ផ្សេងៗ​ ​ដោយ​ធ្វើ​កសិកម្ម​វិល​ជុំ​ ​ហើយ​ជឿ​លើ​ព្រលឹង​ និង​ថ្នាំ​ព្យាបាល​ជំងឺ​តាម​ប្រពៃណី។

ប៉ុន្តែ​ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កំពុង​បាត់​បង់​ដី​ និង​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ដែល​ជា​ប្រភព​ចំណូល​ចម្បង​ ហើយ​វា​ក៏​បាន​គំរាម​កំហែង​ដល់​ការ​បាត់​បង់​អត្ត​សញ្ញាណ​របស់​ពួកគេ​ផង​ដែរ។​ ​នេះ​បើ​យោង​តាម​សម្តី​លោក ​យុន ឡូរ៉ង់​ ​អ្នក​សម្រប​សម្រួល​លេខាធិការដ្ឋាន​នៃ​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា។​

លោក​បាន​និយាយ​ថា៖​

«ហើយ​កាលណា​តែ​វា​ប៉ះពាល់​ទៅ​លើដីធ្លី ​លើ​ធនធាន​ធម្មជាតិ​អី​ហ្នឹង​ វា​ក៏​ប៉ះ​ពាល់​ដល់​អត្ត​សញ្ញាណ​យើង​ដែរ​ ​ព្រោះ​ដោយ​សារ​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​ភាគ​តិច​ផ្សារ​ភា្ជប់​ទៅលើ​ធន​ធាន​ធម្មជាតិ ទៅ​លើ​ដី​ធ្លី ​ភ្នំ​អូរ​ស្ទឹង​ដែល​ជា​កន្លែង​ទី​សក្ការៈ​ដែល​យើង​គោរព​បូជា»។

រូបភាពដកស្រង់ចេញពីវីដេអូឯកសាររបស់អង្គកាសង្រ្គោះសត្វព្រៃ «កុលសម័្ពន្ធយើង បេតិភ័ណ្ឌយើង» បង្ហាញពីជនជាតិដើមភាគតិចកំពុងដងទឹកដោយប្រើឃ្លោក។
រូបភាពដកស្រង់ចេញពីវីដេអូឯកសាររបស់អង្គកាសង្រ្គោះសត្វព្រៃ «កុលសម័្ពន្ធយើង បេតិភ័ណ្ឌយើង» បង្ហាញពីជនជាតិដើមភាគតិចកំពុងដងទឹកដោយប្រើឃ្លោក។

លោក​ យុន ឡូរ៉ង់​ ​បាន​បន្ថែម​ថា​ ​សព្វថ្ងៃ​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​ធំ​បាន​ក្លាយ​ទៅ​ជា​កូន​បំណុល​ ​ជា​កម្មករ​របស់​គេ ​ហើយ​មួយ​ចំនួន​ទៀត​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គម​ ដូចជា​ចំណាក​ស្រុក​ទៅ​ធ្វើ​ជា​ពល​ករ​តាម​ទូក​នៅ​ប្រទេស​គេ។

ក្រៅ​ពី​កាប់ព្រៃ​ឈើ​ខុស​ច្បាប់ដែល​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ជម្រក​សត្វព្រៃ​ ​សំណង់​ទំនប់​វារី​អគ្គិសនី​ទន្លេ​សេសាន​ក្រោម​ពីរ ​ដែល​ជា​គម្រោង​តម្លៃ​៨០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​របស់​ក្រុម​ហ៊ុន​វារីអគ្គិសនី​សេសាន​ពីរ ​ដែល​ជាក្រុម​ហ៊ុន​រួម​គ្នា​រវាង​ក្រុម​ហ៊ុន​កម្ពុជា​ Royal Group ​ក្រុមហ៊ុន​ថាមពល​អន្តរជាតិ​ចិន​ (Hydro Lancang)​ និង​ក្រុម​ហ៊ុន​អន្តរជាតិ ​EVN ​ដែល​ជាក្រុម​ហ៊ុន​បុត្រ​សម័្ពន្ធ​របស់​ក្រុម​ហ៊ុន​អគ្គិសនី​វៀតណាម ក៏​នឹង​មាន​ដែល​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ជម្រក​សត្វព្រៃ​ ​នឹង​ដី​កសិកម្ម​រវាង​២៤​ភាគរយ​ក្នុង​ស្រុន​សេសាន​ដែរ។

គម្រោង​វារីអគ្គិសនី​នេះ​ក៏​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​លើលំហូរ​ត្រី ​ហើយ​វា​ធ្វើ​ឲ្យមាន​តំបន់លិចទឹក​ដែល​ធ្វើ​ឲ្យ​ជីវ​ភាព​របស់​ជនជាតិ​ដើម​ភាគ​តិច​កាន់តែ​លំបាក។​

ជាង​៩​ភាគរយ​នៃ​ជល​ផល​តាម​ដង​ទន្លេ​មេគង្គ ​នឹង​ត្រូវ​បាត់​បង់​ដោយ​សារ​ទំនប់​វារី​អគ្គិសនី​ទន្លេ​សេសាន​ក្រោម​ពីរ។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​មួយ​របស់បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ​ជាតិ​អាមេរិក។ បឹង​ទន្លេ​សាប​ជា​ជម្រក​មច្ឆាជាតិ​ជាង​១​សែន​ពីរ​លាន​ក្បាល។​

​លោក​ ​វ៉ា ខាំផៃ​ ​ជនជាតិ​ដើម​ភាគ​តិច​ខ្មែរឡាវ ​ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ភ្នំពេញ​ជាច្រើន​ដង​ដែរ។ ​ទោះជា​លោក​មិន​រងការប៉ះ​ពាល់ពី​ការ​សាងសង់​ទំនប់​សេសាន​ក្រោម​ពីរ​ដោយ​ផ្ទាល់​នោះ​ក៏ដោយ​ ក៏ប៉ុន្តែ​លោក​មិន​អាច​រក​ចំណូល​ពី​ការ​នេសាទត្រី​បាន​ច្រើន​ដូច​ពី​មុន​ឡើយ​ ដោយ​សារលំហូរ​ទឹកទន្លេបាន​ផ្លាស់​ប្តូរ​តាំង​ពី​មាន​ការ​សាង​សង់​ទំនប់​ដែល​មាន​កម្ពស់​រហូត​ដល់​៧៥​ម៉ែត្រ។

លោក ​វ៉ា ខាំផៃ​ ​បាន​និយាយ​ថា៖​

«ចរាចរ​ត្រី​អត់​អាច​ឡើង​បាន​ កម្ពស់​៧៥​ម៉ែត្រ​ហើយ​ឡើង​អត់​បាន។​ អីចឹង​ផ្នែក​ខាង​លើ​វា​ដាច់ ​ដាច់​តាំង​ពី​ប្រាក់​ចំណូល​ដែល​យើង​រក​តាម​គ្រួសារ​ហ្នឹង​វា​ដាច់។ ​បើ​មាន​លំហូរ​ធម្មជាតិ​ក្នុង​មួយ​យប់ ​ទោះ​ជា​រក​មិន​បាន​ច្រើន​ក៏​រក​បាន​បួន​ប្រាំ​ម៉ឺន​ដែរ​ក្នុង​មួយ​ថ្ងៃ។​ ឥឡូវ​នេះ​ប្រាំ​យប់​អត់​បាន​មួយ​ម៉ឺនរៀល​ទេ។​

លោក ​ហួន កាលឹប​ ​ជនជាតិ​ដើម​ភាគ​តិច​ព្រៅ ​អាយុ​៦០​ឆ្នាំ​ រស់​នៅ​តាម​តំបន់​ទន្លេ​សេសាន ​ក៏​បាន​និយាយ​ដែរ​ថា​ មច្ឆាជាតិ​មិន​អាច​ឡើង​ដល់​ផ្នែក​ខាង​លើ​នោះ​ទេ។​

លោក​បាន​និយាយ​ថា៖​

«ពួក​ខ្ញុំ​បី​ឆ្នាំ​ហើយ​នេះ​ អត់​មាន​ត្រី​ឡើង​មក​មួយ​ក្បាល​ផង។​ ​វា​ប៉ះពាល់​ដោយ​សារ​រក​ត្រី​អត់​បាន។​ កាល​ពី​មុន​ពេល​ធ្វើ​ការ​ចម្ការ​អី​យើង​ដាក់​មង​ ឬ​ពេល​បង់​សំណាញ់​បាន​យ៉ាង​តិច​កន្លះ​គីឡូ​មួយ ឬមួយ​គីឡូ។ ​ឥឡូវ​អត់​ទេ​ក្មួយ​ ​រក​មួយ​ថ្ងៃ​អត់​បាន​ពីរ​បី​ក្បាល​ទេ»។​

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ ​ក្នុង​ពិធី​សម្ពោធ​ដាក់​ទំនប់​វារីអគ្គីសនី​សេសាន​ក្រោម​ពីរ​ដំណើរ​ការ​ ​លោក​ ​ហ៊ុន សែន​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជាក់​ដដែលៗ​ថា​ វារី​អគ្គីសនីសេសាន​ក្រោម​ពីរ​ ​និង​វារីអគ្គីសនី​ដនសាហុង​របស់​ឡាវ​ ​ដែល​គ្រោង​នឹង​សាងសង់​នៅ​ពេល​ឆាប់ៗ​មុខ​នេះ​ ​ក៏​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទិន្នផល​ត្រី​នៃ​ប្រទេស​កម្ពុជា​នោះ​ទេ។ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន ​ក៏​បាន​អះអាង​ផង​ដែរ​ថា​ ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ផ្តល់​សំណង​ និង​ផ្តល់ទីតាំង​ថ្មី​ដ៏​សមរម្យ​ដល់​ប្រជា​ពល​រដ្ឋ​ ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទំនប់​វារីអគ្គីសនី​នៃ​ក្រុម​ហ៊ុន​វិនិយោគ​ចិន​នោះ។​

រូបភាពដកស្រង់ចេញពីវីដេអូឯកសាររបស់អង្គកាសង្រ្គោះសត្វព្រៃ «កុលសម័្ពន្ធយើង បេតិភ័ណ្ឌយើង» បង្ហាញពីជនជាតិព្រៅកំពុងធ្វើពិធីសែនព្រែនដល់អារុក្សអារក្សអ្នកតា។
រូបភាពដកស្រង់ចេញពីវីដេអូឯកសាររបស់អង្គកាសង្រ្គោះសត្វព្រៃ «កុលសម័្ពន្ធយើង បេតិភ័ណ្ឌយើង» បង្ហាញពីជនជាតិព្រៅកំពុងធ្វើពិធីសែនព្រែនដល់អារុក្សអារក្សអ្នកតា។

ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ ដែល​បាន​ទទួល​សំណង​ទៅ​តាំង​ទីលំនៅ​ថ្មី​ ​បញ្ជាក់​ថា​ ពួក​គាត់​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​កសាង​ជីវិត​ថ្មី​ ហើយ​មាន​ការ​ស្តាយ​ក្រោយ​ចំពោះ​កេរ​តំណែល​ ​នៅ​ក្នុង​ភូមិ​ចាស់​ដែល​បន្សល់​ទុក​តាំង​ពី​ដូនតា​របស់​ពួក​គេ។​

លោក វ៉ា ខាំផៃ​ ​បាន​និយាយ​ថា៖​

«ដី​ស្រែ​ដែល​ក្រុម​ហ៊ុន​ឈូស​ឆាយ​ឲ្យ​ថ្មី​នៅ​ឆ្ងាយ​ពី​ភូមិ​ហ្នឹង​ប្រហែល​២៥​ទៅ​៣០​គ.ម.។​ ​ហើយ​បើ​ស្រែ​គាត់​វិញ​ ពី​មុន​ចេញ​ពី​ក្រោយ​ផ្ទះ ​ក្រោយ​ភូមិ​គឺ​ដល់​ស្រែ​ហើយ។​ អានេះ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង។​ ​អីចឹង​ប្រាក់​ចំណូល​គាត់​ក៏​រក​អត់​បាន។ ​រក​ត្រី​អត់​បាន។​ ​ធ្វើ​អ្វី​ ធ្វើ​តែ​ស្រែ​ ទិញ​គេ​ស៊ី។ ​អីចឹង​ប៉ះ​ពាល់​ខ្លាំង»។

លោក​ វ៉ា ខាំផៃ​ ​បន្ត​ថា​ មាន​ប្រជាជន​ជាង​៤.០០០​គ្រួសារ​ត្រូវ​បាន​បង្ខំ​ឲ្យផ្លាស់​ទី​លំនៅ​ដោយ​ទទួល​បាន​សំណង​ចំនួន​៦.០០០​ដុល្លារ​ម្នាក់​ និង​ផ្ទះ​ទំហំ​៨០​ម៉ែត្រ​ការ៉េ។​ ប៉ុន្តែ​មិន​មែន​ប្រជាជន​គ្រប់​គ្នា​សុទ្ធ​តែ​យល់​ព្រម​ទទួល​សំណង​នោះ​ទេ​ ​មាន​ប្រជាជន​មួយ​ផ្នែក​ធំ​ទៀត​ដែល​បដិសេធ​មិន​ទទួល​សំណង​ ហើយ​មិន​ព្រម​ចាកចេញ​ពី​ទឹក​ដី​ដូន​តា​របស់​ខ្លួន​ ដោយ​ហេតុផល​ថា​ ពួកគេ​នឹង​បាត់​បង់​ដី​ស្រែ​ចម្ការ​ ​ហើយ​មិន​អាច​រក​ចំណូល​បាន។​

ព្រៃ​ឈើ​ ​ទន្លេ​ ​និង​ដី​តំណាង​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច។​ ​បើវា​មិន​ត្រូវ​បាន​ថែ​រក្សា​ទេ​ វា​នឹង​អស់​ជា​មិន​ខាន​ក្នុង​ពេល​អនាគត។​ នេះ​បើ​យោង​តាម​ស​ម្តី​របស់​លោក​ ​វ៉ា ខាំផៃ​ ​សកម្មជន​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី។​

ពេល​ដែល​ធនធាន​ធម្ម​ជាតិ​របស់​ប្រទេស​កម្ពុជា​កំពុង​តែ​រេចរឹល​បន្តិច​ម្តងៗ​ ​ជនជាតិ​ដើម​ភាគតិច​ ឬ​«ខ្មែរលើ»​ កំពុង​ប្រឈម​នឹង​ការ​ភ័យ​ខ្លាច​បាត់បង់​អត្ត​សញ្ញាណ​កេរ​តំណែល​វប្បធម៌​ ​និង​រស់​នៅ​ក្នុង​ភាព​ទីទ័ល​ ភាព​ក្រីក្រ៕

XS
SM
MD
LG