ភ្នំពេញ៖ ក្រោយព្រះករុណាព្រះបាទនរោត្តម សីហនុបានយាងចាកចោលប្រជានុរាស្រ្តរបស់ព្រះអង្គជារៀងរហូតទៅហើយនោះ ពួកគេចង់ឲ្យមេដឹកនាំនយោបាយកម្ពុជាគោរពតាមព្រះរាជបណ្តាំចុងក្រោយរបស់ព្រះអង្គ។
ទោះបីជាអតីតព្រះមហាវីរក្សត្រនរោត្តម សីហនុបានយាងចាកលោកនេះទៅហើយក៏ដោយ ក៏ប្រជានុរាស្ត្រជាច្រើនរបស់ព្រះអង្គចង់ឃើញមេដឹកនាំនយោបាយកម្ពុជាបច្ចុប្បន្នធ្វើតាមព្រះរាជបណ្តាំចុងក្រោយរបស់ព្រះអង្គដែរគឺ«រួបរួមគ្នាដើម្បីជាតិ»។
លោកទា សំអាតគឺជាកសិករម្នាក់មកពីខេត្តកំពង់ចាម។
«មុននឹងចូលទិវង្គត ព្រះអង្គបានផ្តែផ្តាំកូនចៅច្រើន បង្រួបបង្រួមកូនចៅឲ្យឈប់ឈ្លោះគ្នា។ អញ្ចឹងខ្ញុំសង្ឃឹមថា បណ្តាំរបស់ព្រះអង្គនេះនឹងមាននៅក្នុងជីវិតគ្រប់កូនខ្មែរទាំងអស់គ្នា»។
ព្រះករុណានរោត្តម សីហនុត្រូវបានគេមើលឃើញជាទូទៅថា ជាឥស្សរជនបង្រួបបង្រួមជាតិមួយអង្គ នៅពេលដែលប្រទេសកម្ពុជាប្រឈមមុខនឹងការរាំងស្ទះនយោបាយ នៅគ្រាដែលភាគីនយោបាយប្រឆាំងគ្នា មិនអាចឈានដល់ការសម្រុះសម្រួលគ្នាបាន។
រហូតមកដល់ពេលនេះ គណបក្សជំទាស់ និងគណបក្សកាន់អំណាចនៅតែមានការប្រទាំងប្រទើសគ្នានៅឡើយ។ មេដឹកនាំបក្សប្រឆាំងដ៏ធំមួយនៅតែស្ថិតនៅនិរទេសខ្លួនឯក្រៅប្រទេសដើម្បីគេចពីទោសជាប់ពន្ធនាគារនៅក្នុងករណីមួយដែលគេមើលឃើញថា ករណីនយោបាយ។
លោកឌី ហ៊ីមគឺជាមន្រ្តីចូលនិវត្តន៍។
«ប្រសិនបើអស់លោកអ្នកដឹកនាំខាងក្រោយអនុវត្ត ឬប្រតិបត្តិតាមផែនការក៏ដូចជាស្ថានភាពរបស់សម្តេចគឺផ្សះផ្សារជាតិ និងអប់រំជាតិឲ្យបានគង់វង្ស ស្ថិរភាពតទៅ យើងខ្ញុំថា ជាការប្រសើរណាស់»។
ភិក្ខុណាំ ច័ន្ទថេននិមន្តមកពីវត្តឧណ្ណាលោម ជិតព្រះបរមរាជវាំង។
«យើងធ្វើយ៉ាងម៉ិចឲ្យដូចបណ្តាំរបស់ព្រះអង្គ ដែលផ្តាំថា យើងជាកូនខ្មែរ ជាពូជពង្សខ្មែរ ជាបេះដូងខ្មែរ ចេះស្រឡាញ់គ្នា ចេះរួបរួមគ្នា ដើម្បីឲ្យជាតិរីកចម្រើន និងវិវត្តទៅមុខជារៀងរហូត»។
សម្រាប់មនុស្សជាច្រើន ព្រះករុណានរោត្តម សីហនុគឺជាអតីតព្រះមហាក្សត្រមួយអង្គដែលទទួលបានការគោរព និងស្រឡាញ់យ៉ាងខ្លាំងដោយសារការបូជាព្រះកាយពលរបស់ព្រះអង្គចំពោះប្រជានុរាស្ត្រ និងប្រទេសជាតិរបស់ព្រះអង្គក្នុងពេលព្រះអង្គមានព្រះជន្ម។
លោកកឹម សុខាគឺជាអនុប្រធានគណបក្សប្រឆាំងដែលបានរួបរួមគ្នាកាលពីពេលថ្មីៗនេះគឺគណបក្សសង្គ្រោះជាតិ។
«ប្រសិនបើមេដឹកនាំប្រទេសសព្វថ្ងៃនេះគោរពបណ្តាំព្រះមហាក្សត្រសម្តេចឪ សម្តេចតាមែន គួរតែលោកចាប់ផ្តើមដើម្បីធ្វើជាគម្រូក្នុងការស្វែងរកការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ និងធ្វើយ៉ាងម៉េចឲ្យមានឯកភាពជាតិ»។
ប៉ុន្តែការណ៍នោះ ទំនងហាក់ដូចជាមិនអាចកើតឡើងទេ។
លោកខៀវ កាញារិទ្ធគឺជាអ្នកនាំពាក្យរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។
«សំខាន់គឺថា តើយើងគោរពគ្នាទៅវិញទៅមក ឬអត់? បើយើងចាប់ផ្តើមឡើង ចាប់ពីពាក្យ «ក្បត់ជាតិ» សុទ្ធតែ «ចោរលួចជាតិ» សុទ្ធតែ«លក់ដី» ទៅហើយ តើយើងទៅចាប់ដៃជាមួយអ្នកលក់ដីធ្វើអ្វី?»
ទោះជាយ៉ាងនេះក្តី អ្នកវិភាគឯករាជ្យ ដូចជាលោកបណ្ឌិតឡៅ ម៉ុងហៃ និយាយថា មិនចាំបាច់មានការបង្រួបបង្រួមគណបក្សប្រឆាំង និងគណបក្សកាន់អំណាចឲ្យមានភាពផ្អែមល្ហែមនឹងគ្នានោះទេ ប្រសិនបើគណបក្សនយោបាយទាំងពីរចេះប្រើប្រាស់សម័យប្រជុំរដ្ឋសភាប្រកបដោយអត្ថន័យជាងមុន។
«ទាស់គ្នាក្នុងសភាទៅ។ កាលណាមានទស្សនៈខុសគ្នាគឺជជែកគ្នាទៅ សន្ទនាគ្នាទៅ។ ទោះព្រម ឬមិនព្រម ប៉ុន្តែបានលើកឡើង ព្រោះចំណេញដល់ជាតិ។ ធ្វើម៉េចបានចំណេញដល់ជាតិ? ព្រោះវាមានគំនិតចេញមក។ ជាតិនីមួយៗត្រូវការគំនិត អាចជាគំនិតថ្មី ឬគំនិតអ្វីផ្សេងៗអញ្ចឹងទៅ»។
យ៉ាងណាក៏ដោយ សម្រាប់ប្រជារាស្ត្រ ដូចជាលោកទា សំអាត ជាកសិករជាដើម ការមិនអើពើរបស់អ្នកនយោបាយណាមួយចំពោះព្រះរាជបណ្តាំចុងក្រោយរបស់ព្រះករុណានរោត្តមសីហនុគឺមានន័យស្មើនឹងការប្រថុយប្រថានរបស់អ្នកយោបាយនោះក្នុងការបាត់បង់អ្នកគាំទ្រ និងអ្នកដើរតាមខ្លួន នៅក្នុងការបោះឆ្នោត នៅពេលខាងមុខ ដូច្នោះដែរ៕