វ៉ាស៊ីនតោន៖ ការយាងចូលទិវង្គតរបស់ព្រះបាទ នរោត្តម សីហនុ បាននាំឱ្យមានសំណួរថ្មីជាច្រើនអំពីអនាគតនៃរបបរាជានិយមនិងតួនាទីរបស់ស្ថាប័នរាជបល្ល័ង្គក្នុងការគ្រប់គ្រងប្រទេសកម្ពុជា។ ប្រទេសកម្ពុជាមានរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ព្រះបាទសីហនុបានសោយរាជ្យរហូតដល់ឆ្នាំ២០០៤ហើយមុនពេលព្រះអង្គបានយាងចូលនិវត្តន៍ ព្រះអង្គបានចូលរួមប្រឡូកក្នុងឆាកនយោបាយយ៉ាងសកម្ម។ ព្រះរាជបុត្ររបស់ព្រះអង្គគឺព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី មិនធ្លាប់បានចូលប្រឡូកក្នុងឆាកនយោបាយទេ។
លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានបកស្រាយពន្យល់បន្ថែមពីតួនាទីរបស់ស្ថាប័នព្រះមហាក្សត្រនិងអនាគតនៃស្ថាប័ននេះក្នុងប្រទេសកម្ពុជា។ លោកបានបញ្ជាក់ថា ស្នារព្រះហស្ថរបស់ព្រះបាទនរោត្តម សីហនុក្នុងការទាមទារបានឯករាជ្យបានធ្វើឱ្យប្រទេសកម្ពុជាមានឋានៈស្មើមុខមាត់នឹងប្រទេសជិតខាងនិងជាប្រជាជាតិមួយដែលមានសិទ្ធិសេរីភាពពេញលេញ។
ប៉ុន្តែលោកបណ្ឌិតក៏បានបញ្ជាក់ថាអ្នកដឹកនាំគួរតែគោរពតាមរដ្ឋធម្មនុញ្ញដែលធានានូវព្រះរាជតួនាទីដ៏ធំធេងរបស់ស្ថាប័នព្រះមហាក្សត្រដែលក្នុងនោះព្រះមហាក្សត្រដែលសោយរាជ្យមានតួនាទីជាអគ្គមេបញ្ជាការកងទ័ពដែលជាព្រះរាជតួនាទីមួយ សូម្បីព្រះបាទ នរោត្តម សីហនុ និងព្រះករុណា នរោត្តម សីហមុនីមិនដែលត្រូវបានថ្វាយតួនាទីនេះអនុវត្តឱ្យបានត្រឹមត្រូវទេ៕
តើអ្នកយល់ស្របនឹងការវិភាគនេះទេ? តើអ្នកគិតថាអនាគតនៃស្ថាប័នព្រះមហាក្សត្រកម្ពុជានឹងទៅជាយ៉ាងណា?