ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រះរាជ​ពិធី​បូជា​ព្រះ​បរម​សព​បាន​បញ្ចប់​ដោយ​អាល័យ​​​


ព្រះ​បរមសព​​បាន​ទទួល​ការ​ថ្វាយ​ព្រះ​ភ្លើង​កាលពី​ថ្ងៃទី​៤ខែ​កុម្ភៈ​
​ភ្នំពេញ៖ ពិធី​កាន់​ទុក្ខ​រយៈ​ពេល​បី​ខែ​ ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ​ដង្ហែ​ព្រះ​អដ្ឋិ​និង​ព្រះ​បរម​កោដ្ឋ​បាន​បញ្ចប់​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ​ក៏​ប៉ុន្តែ​ក្នុង​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ហាក់​ដូចជា​ដក់​ជាប់​នូវ​ក្តី​អា​ឡោះ​អាល័យ​និង​ក្រៀប​ក្រំ​នៅពេល​ដែល​ពួកគេ​បាន​ឃើញ​ការ​ដង្ហែ​ព្រះ​អដ្ឋិ​ចូលទៅ​កាន់​ព្រះ​បរម​រាជវាំង។​

អ្នកស្រី​កែន ធំ ​អាយុ​៤៦​ឆ្នាំ​ស្នាក់នៅ​វត្ត​មហារាជ​ នៅ​ខេត្ត​កំពង់ស្ពឺ ​មក​គោរព​ព្រះ​បរមសព​អតីត​ព្រះ​មហាក្សត្រ​តាំងពី​ថ្ងៃ​ព្រះ​សព​យាង​មកពី​ក្រុង​ប៉េកាំង​ម្ល៉េះ។​

អ្នកស្រី​ពោល​ទាំង​អួល​ដើម​ក​ថា ​ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​អាឡោះ​អាល័យ​បំផុត​សម្រាប់​អ្នកស្រី​ត្បិត​ អំណេះ​តទៅ​ អ្នកស្រី​លែង​បាន​ជួប​ព្រះ​ភ័ក្ត្រ​ព្រះអង្គ​ទៀត​ហើយ។​

«មាន​អារម្មណ៍​សោកស្តាយ​អញ្ចឹង​ ហើយ​ចាស់ៗ​នាំគ្នា​សូត្រ​ធម្ម​ទៅ​ យើង​យំ​ទៅ​យើង​អត់​បាន​សូត្រ​ធម្ម ​សូត្រធម៌​រូ​បំ ​ទុក្ខំ ​អនត្តា។​ សូត្រ​ឱ្យ​ដល់​លោក​ កុំឱ្យ​លោក​មាន​អារម្មណ៍​កើត​ទុក្ខ​ ឱ្យ​លោក​បាន​សុខ​សប្បាយ​ក្នុង​ឋាន​បរម​សុខ»។​

ព្រះ​បរមសពបាន​ទទួល​ការ​ថ្វាយ​ព្រះ​ភ្លើង​កាលពី​ថ្ងៃទី​៤ខែ​កុម្ភៈ​ ហើយ​ព្រះ​អដ្ឋិ​ត្រូវ​តម្កល់​រយៈ​ពេល​បួន​ថ្ងៃ​នៅ​វាល​ព្រះ​មេរុ​មុន​នឹង​ដង្ហែ​ចូល​ព្រះ​បរម​រាជ​វាំង​ដាក់​តម្កល់​នៅ​ព្រះ​ទីនាំង​មហា​មន្ទីរ​នៅ​ព្រឹក​ថ្ងៃនេះ​ដោយ​មាន​ព្រះ​សង្ឃ​ចំនួន​៩០​អង្គ​សូត្រ​ស្វាធ្យាយ​ព្រះ​សត្ន​វប្បករណ៍​ថ្វាយ​ព្រះ​រាជ​កុសល។
កំពុង​សំឡឹង​មើល​វាល​ព្រះ​មេរុ ​លោក​ហ៊ី យឿន ​មន្ត្រី​ចូល​និវត្តន៍​ម្នា​ក់នៅ​រាជធានី​ភ្នំពេញ ​បាន​ថ្លែង​ទាំង​ទឹកមុខ​ស្ងួត។​
«ចំពោះ​ថ្ងៃ​ចុងក្រោយ​នេះ​ យើង​ដូចជា​មាន​ការ​អាឡោះ​អាល័យ​ចំពោះ​ព្រះ​មហា​វីរក្សត្រ ​ហើយ​ពេល​នេះ​ជា​ពេល​ចុងក្រោយ​បង្អស់​សម្រាប់​រូបខ្ញុំ​ផ្ទាល់ ​ដែល​លែង​បាន​ឃើញ​ព្រះភ័ក្ត្រ​របស់​ព្រះអង្គ​ទៀត​ហើយ។ ​ហើយ​នេះ​ជា​ច្បាប់ធម្មជាតិ​ ដូច្នេះ​មិនអាច​ជៀស​វាង​បាន​ទេ​ ទោះបី​យើង​ស្រឡាញ់ ​យើង​អាណិត​អាសូរ​ យើង​គោរព​ព្រះអង្គ​យ៉ាង​ណា​ក៏ដោយ​ ក៏​នៅតែ​បែក​គ្នា»។​

មាន​ប្រជា​ពលរដ្ឋ​ជាច្រើន​ពាន់​នាក់​បាន​មក​សម្តែង​គារវ​កិច្ច​ការ​ដង្ហែ​ព្រះ​អដ្ឋិ​ចូល​ព្រះ​បរម​រាជវាំង។ ​ក្បួន​ដង្ហែ​បាន​ចេញ​ពី​ព្រះ​មេរុ​រួច​ឆ្ពោះ​ទៅកាន់​វិថី​ព្រះស៊ីសុវត្ថិ​ជាប់មាត់​ទន្លេ​រួច​បត់​ចូល​ព្រះ​បរម​រាជវាំង​ត្រង់​ចំណុច​ព្រះ​អង្គ​ដង​កើ។​ ព្រះ​អដ្ឋិ​ត្រូវដាក់​ក្នុង​ព្រះ​បរម​កោដ្ឋ​ចំនួន​បី​នៅលើ​ព្រះ​ទីនាំង។ ​ហើយ​ព្រះ​មហាក្សត្រ​និង​ព្រះ​មហាក្សត្រីយានីនរោត្តម ​មុនីនាថ​សីហនុ ​ទ្រង់​លើក​ព្រះ​ហស្ថ​សំពះ​ចំពោះ​ព្រះ​អដ្ឋិ​រហូត​ក្នុង​ព្រះ​បរម​រាជវាំង។​

អ្នកស្រី​លី ឆេង​ណៃ​ នៅ​រាជធានី​ភ្នំពេញ​ដែល​បានមក​ចូល​រួមការ​ដង្ហែ​ព្រះ​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ​កាលពី​ព្រឹក​មិញ​ដែរ​ តែ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​មិន​ឱ្យចូល។​

«ខ្ញុំ​នឹក​ស្រណោះ​សម្តេច​ឪ ជា​ប្រមុខ​រដ្ឋ​ខ្មែរ។ ​ព្រះ​អង្គជា​វីរក្សត្រ​ដ៏​ល្អ ​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​ប្រជាជន​កូន​ចៅ។ ​គ្មាន​សត្វ​ណា​ល្អ​ជាង​ព្រះអង្គ​ទេ ​តាំងពី​ខ្ញុំ​ធំ​ដឹងក្តី​មក។​ មាន​អារម្មណ៍​ស្រណោះ​ព្រះអង្គ ​ក្តុកក្តួល​រន្ធត់ចិត្ត​ ពេល​ដែល​បូជា​ព្រះអង្គ​ហ្នឹង​ណា៎។ ប៉ុន្តែ​ទោះបី​ជា​យ៉ាងណា​ យើង​មិនអាច​តវ៉ា​នឹង​មច្ចុរាជ​បាន ​សូម​កុំ​ឱ្យទាន់​យក​ព្រះអង្គ​ទៅ​នោះទេ។​ ខ្ញុំ​មាន​តែ​ការ​សោកស្តាយ​ប៉ុណ្ណឹង។​ ឲ្យតែ​និយាយ​ យំ​ទៀត​ ឥឡូវ​ខ្ញុំ»។​
ថ្វីបើ​ព្រះ​រាជពិធី​កាន់ទុក្ខ​ព្រះ​បរម​សព​និង​ដង្ហែ​ព្រះ​អដ្ឋិ​បញ្ចប់​នៅ​ថ្ងៃនេះ​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅតែ​ប្រមូល​ផ្តុំគ្នា​នៅ​ពីមុខ​ព្រះ​បរម​រាជ​វាំង​ដើម្បី​អុជ​ធូប​ ទាន​និង​ថ្វាយ​បង្គំ​នៅ​ចំពោះ​ព្រះ​ឆាយា​លក្ខណ៍​របស់​សម្តេច​ឪនរោត្តម សីហនុ៕​
XS
SM
MD
LG