រដ្ឋាភិបាលកម្ពុជា បានបំភ្លឺទៅកាន់រដ្ឋាភិបាលវៀតណាមទាក់ទងនឹងការព្រួយបារម្ភអំពីគម្រោងព្រែកជីកមួយឈ្មោះថា «ហ្វូណនតេជោ» ដែលកម្ពុជានឹងសាងសង់នៅពេលមុខ។
កម្ពុជាបញ្ជាក់ថាគម្រោងនេះ នឹងមិនប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងលំហូរទឹកទន្លេមេគង្គ ដែលវៀតណាមស្ថិតនៅក្រោមខ្សែទឹកនោះទេ។ នេះបើតាមលោក តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដែលបានធ្វើសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រោយការបញ្ចប់ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
លោក តាន់ ហ្សង់ហ្រ្វង់ស័រ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននោះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីគម្រោងព្រែកជីកហ្វូណនតេជោនេះ ទៅកាន់ភាគីវៀតណាមថា ព្រែកជីកនេះ ជា«ជន្ទល់សេដ្ឋកិច្ច»កម្ពុជានៅពេលខាងមុខ ហើយវានឹងមិនបង្កផលប៉ះពាល់ជាអវិជ្ជមានដល់លំហូរទឹកទន្លេមេគង្គ និងប្រព័ន្ធអេកូឡូស៊ីនោះទេ។
បើតាមលោក តាន់ ហ្សង់ហ្រ្វង់ស័រ ការបំភ្លឺនេះ ដោយសារតែភាគីវៀតណាមព្រួយបារម្ភអំពីការជីកព្រែកនេះ និងស្នើឱ្យកម្ពុជាបំភ្លឺ។
លោកថ្លែងថា៖ «សម្តេចធិបតីបញ្ជាក់ប្រាប់ភាគីវៀតណាមថាគម្រោងនេះមិនបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់របប លំហូរទឹកទន្លេមេគង្គទេ និងទន្លេផ្សេងៗទៀត។ ទន្ទឹមនេះ រក្សាបាននូវស្ថិរភាព បរិស្ថាន អេកូឡូស៊ី និងជម្រកធម្មជាតិ សម្រាប់ជីវៈចម្រុះ»។
លោកបន្ថែមថា៖ «ខាងវៀតណាម លោកគ្រាន់តែបារម្ភថាគម្រោងព្រែកជីកហ្វូណនតេជោ អាចនឹងជះផលវិបាកអវិជ្ជមានទៅលើដងទន្លេមេគង្គ។ ម្ល៉ោះហើយប្រទេសកម្ពុជាបានបង្ហាញលទ្ធផលនៃការសិក្សាមួយចំនួនដែលបង្ហាញថា គ្មានឡើយ ផលប៉ះពាល់ទៅលើបរិស្ថាន»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតវៀតណាម ថៃ និងឡាវប្រចាំនៅកម្ពុជាតាមសារអ៊ីម៉ែលបាននៅឡើយទេ។ វៀតណាម ថៃនិងឡាវ ជាប្រទេសដែលទន្លេមេគង្គហូរឆ្លងកាត់។
វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សូ សុភ័ទ្ទ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គបានដែរ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់វីអូអេជាអក្សរតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃពុធនេះថា រដ្ឋាភិបាលកម្ពុជាចាត់ទុកគម្រោង «ព្រែកជីកហ្វូណនតេជោ»នឹងជួយបង្កើនលទ្ធភាពក្នុងការដឹកជញ្ជូនពីខេត្តដែលជាប់ដងទន្លេសាប ជាប់ដងទន្លេមេគង្គ ចុះទៅសមុទ្របានកាន់តែលឿន ហើយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយដងទន្លេនឹងកាន់តែរីកចម្រើន។
គម្រោងផ្លូវនាវាចរណ៍ ហៅថា«ព្រែកជីកហ្វូណនតេជោ» ជាគ្រោងដែលមានតម្លៃប្រមាណ ១៧០០ លានដុល្លារអាមេរិក ដែលគម្រោងនេះជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (Belt and Road Initiative ឬBRI) របស់រដ្ឋាភិបាលចិន។ គម្រោងផ្លូវទឹកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមានខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦ លាននាក់ រស់នៅអមសងខាងផ្លូវទឹក។ នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលកម្ពុជាកាលពីកន្លងទៅ។
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) ប្រាប់វីអូអេថា កម្ពុជាត្រូវតែធានាថាការសាងសង់ព្រែកជីកមួយនេះនឹងមិនធ្វើឱ្យទឹកប្រៃហូរចូលក្នុងទន្លេមេគង្គ និងទន្លេបាសាក់ ដែលវានឹងផលប៉ះពាល់ដល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី។ លោកបន្ថែមថា កម្ពុជាត្រូវបញ្ជាក់អំពីការសិក្សាលើផលប៉ះពាល់ដោយតម្លាភាពទៅកាន់ប្រទេសវៀតណាម ដោយហេតុថាវៀតណាម ជាប្រទេសស្ថិតនៅខ្សែទឹកខាងក្រោម។
លោកថ្លែងថា៖ «កម្ពុជាត្រូវធានាថាមានលទ្ធភាពខ្ពស់ក្នុងការរក្សាបាននូវការទប់កុំឱ្យលំហូរទឹកសមុទ្រហូរចូលមកក្នុងខ្សែទឹកសាបរបស់យើង ដើម្បីធានាថាវាមិនប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីទឹកសាប»។
កាលពីខែមិថុនា ឆ្នាំ ២០២៣ លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ជុំវិញគម្រោងសាងសង់ព្រែកជីកនេះថា គម្រោងមួយនេះ មិនទាមទារឱ្យមានការព្រមព្រៀងពីប្រទេសជិតខាងទេ ដោយកម្ពុជាគ្រាន់តែជូនដំណឹងតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «ទាក់ទងផ្លូវច្បាប់ គឺមានកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ ដែលនិយាយថា បើប្រទេសមួយៗ របស់កិច្ចព្រមពៀងមេគង្គ៩៥ ដែលមានកម្ពុជា វៀតណាម ឡាវ និងថៃ ចុះកិច្ចព្រមព្រៀងនោះ បើយើងប្រើប្រាស់ដៃទន្លេរបស់យើងនៅក្នុងស្រុកយើង យើងមិនបាច់សុំការអនុញ្ញាតពីប្រទេស៣ទៀត អត់ទេ។ យើងជូនដំណឹងគេ ថាខ្ញុំនឹងធ្វើការងារនេះ»។
លោកអះអាងថា គម្រោងនេះក៏មិនធ្វើឱ្យទឹកប្រៃ ហូរចូលទឹកសាបទេ ដោយសារមានទ្វារទឹកចំនួន៣៕