ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​សម្ពោធ​ជា​ផ្លូវការ​នូវ​អាកាសយានដ្ឋាន​ថ្មី​នៅ​ខេត្តសៀមរាប ដែល​ជា​និមិត្តរូប​ចុងក្រោយ​នៃ​គម្រោង​ BRI របស់​ចិន


យន្តហោះមួយគ្រឿងសំចតនៅក្នុង​អាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
យន្តហោះមួយគ្រឿងសំចតនៅក្នុង​អាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

អាកាសយានដ្ឋាន​ថ្មី​ក្នុង​ខេត្ត​សៀមរាប​ដែល​មាន​តម្លៃ​ប្រមាណ​ ១.១០០​លាន​ដុល្លារ​អាមេរិក(១ពាន់លាន) ក្រោម​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន ឬ​ BRI ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជាផ្លូវ​ការ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោម​អធិបតីភាព​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

នេះ​ជា​និមិត្ត​រូប​ថ្មី​ចុង​ក្រោយ​មួយ​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ ក្រោម​គម្រោង ​BRI(Belt and Road Initiative)​ របស់​ចិន ដែល​កំពុង​មាន​ភាព​ចម្រូង​ចម្រាសនៅ​ក្នុង​ពិភព​លោក ពាក់ព័ន្ធ​នឹង​រឿង​ជំពាក់​បំណុល​វណ្ឌក និង​ដែល​ថា​ ​ចិន​ប្រើប្រាស់គម្រោង​នេះ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន។

ប៉ុន្តែ​អាកាសយានដ្ឋាន​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ជា​«សមិទ្ធ​ផល​លេច​ធ្លោ​ថ្មី​»បន្ថែម​មួយ​ទៀត​នៃ​ចំណង​មិត្តដែក​ថែប​កម្ពុជា​ចិន។

លោក ហ៊ុន ម៉ាណែត ​ក្នុង​ពិធី​សម្ពោធ​ថា៖ «អាកាសយានដ្ឋាន​អន្តរ​ជាតិ​សៀមរាប​អង្គរ គឺ​ជា​ផ្លែ​ផ្កា​កើត​ចេញ​ពី​សុខ​សន្តិភាព​និង​ជា​សមិទ្ធផល​លេចធ្លោ​ថ្មី​បន្ថែម​ទៀត​នៃ​ចំណង​មិត្តភាព​ដែក​ថែប​កម្ពុជា​ចិន បន្ទាប់​ពី​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ក្រុង​ព្រះសីហនុ ដែល​ជា​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​កម្ពុជានិង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ចុង​ឆ្នាំ ២០២២ កន្លង​ទៅ»។

លោក ហ៊ុន ម៉ាណែត បន្ត​ថា ​ព្រលាន​យន្តហោះ​នេះ​ស្ថិត​នៅ​ក្រោម​គម្រោង​ BRI របស់​ចិន ហើយ​លោក​អរគុណ​ចិន​ដែល​ទាក់ទាញ​វិនិយោគ​ចិន និង​ថវិកា​ជា​បន្ត​បន្ទាប់​ដល់​កម្ពុជា។

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និងអភិបាលខេត្ត Yunnan របស់ចិនលោក Wang Yubo ចូលរួមក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និងអភិបាលខេត្ត Yunnan របស់ចិនលោក Wang Yubo ចូលរួមក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក​បញ្ជាក់​បន្ថែម​ថា៖ «ឆ្លៀត​នៅ​ក្នុង​ឱកាស​នេះ ខ្ញុំ​នាម​រាជរដ្ឋាភិបាល ខ្ញុំ​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែល​តែង​តែ​ជួយ​ជំរុញ​វិនិយោគិន​ឲ្យ​ចូល​រួម​មក​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ព្រម​ទាំង​បាន​ផ្តល់​ជំនួយ​ឥត​សំណង​និង​កម្ចី​សម្បទាន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​ផ្នែក​រឹង​និង​ទន់​នៅ​កម្ពុជា​នា​ពេល​កន្លង​មក»។

ព្រលាន​យន្ត​ហោះ​នេះ​ត្រូវ​បានវិនិយោគ​ក្នុង​ទម្រង់​ «សាង​សង់ អាជីវ​កម្ម ផ្ទេរ» ឬ​ BOT​ ដោយ​ក្រុមហ៊ុន​ចិន ដែល​មាន​ន័យ​ថា​ ព្រលាន​យន្ត​ហោះ​នេះ​នឹង​ត្រូវ​ផ្ទេរ​មក​រដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​វិញ នៅ​ក្នុង​ឆ្នាំ​ ២០៧៣ ក្រោយ​ការ​គ្រប់គ្រង​រយៈ​ពេល​ ៥០ ​ឆ្នាំ។

កាល​ពី​ដើម​ខែ​វិច្ឆិកា លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្លាប់​បាន​ថ្លែង​ថា​ កម្ពុជា​រក្សា​បាន​អធិប​តេយ្យ​ភាព ហើយ​មិន​ខ្ចី​ដល់​វណ្ឌក​ពី​ប្រទេស​ចិន​ឡើយ។

លោក​ថ្លែង​ថា៖ «ដើម្បី​ផល​ប្រយោជន៍​រួម យើង​មិន​បាត់​អធិបតេយ្យភាព​ទៅ​ប្រទេស​ណា​ទេ។ ហើយ​យើង​ក៏​មិន​មែន​ក្លាយ​ទៅ​ជា​ការ​ខ្ចី​បំណុល គ្មាន​ហេតុ​ផល រហូត​ដល់​ជំពាក់​វណ្ឌក ដូច​គេ​ថា​នោះ​ទេ»។

លោក Carl Thayer សាស្ត្រាចារ្យ​ផ្នែក​នយោ​បាយ​នៅ​សាកល​វិទ្យាល័យ New South Wales Canberra នៃ​ប្រទេស​អូស្រ្តាលី ធ្លាប់​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉េល​កាល​ពី​ពាក់​កណ្តាល​ខែ​តុលា​ថា ​ក្រោយ​គម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ចិន​បញ្ចប់ វា​នឹង​ផ្តល់​ផល​ចំណែក​ជា​វិជ្ជមាន​មក​លើ​សេដ្ឋ​កិច្ច​របស់​កម្ពុជា ប៉ុន្តែ​សម្រាប់​ហានិភ័យ​វិញ​នោះ ​គឺ​រដ្ឋា​ភិបាល​ត្រូវ​រ៉ាប់​រង​លើ​ការ​សង​ប្រាក់​កម្ចី ការ​ថែ​ទាំ និង​ការ​ជួស​ជុល​ឡើង​វិញ​ទៅ​លើ​ហេដ្ឋា​រចនា​សម្ពន្ធ​ទាំង​អស់​នោះ។ លោក​បន្ត​ថា ​វា​នឹង​បង្ក​ភាព​អវិជ្ជមាន​ខ្លាំង ប្រសិន​បើ​សេដ្ឋកិច្ច​កម្ពុជា​ពឹង​ផ្អែក​ទៅ​ប្រទេស​ចិន​តែ​មួយ។

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរនេះ​មាន​ចម្ងាយ​ជាង​ ៤០​ គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប។ កម្ពុជា​សង្ឃឹម​ថា ​ព្រលាន​យន្ត​ហោះ​ថ្មី​នេះ​នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ទាក់ទាញ​ភ្ញៀវ​ទេស​ចរណ៍ជាតិ​និង​អន្តរ​ជាតិ ជាពិសេស​ពី​ប្រទេស​ចិន៕

XS
SM
MD
LG