ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យបញ្ឈប់ការរើសអើងនិងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រកម្ពុជានិងវៀតណាម


នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចាប់ដៃប្រធានាធិបតីវៀតណាមលោក Vo Van Thuong ក្នុងអំឡុងជំនួប​មួយ​នៅ​វិមាន​ប្រធានាធិបតី​ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចាប់ដៃប្រធានាធិបតីវៀតណាមលោក Vo Van Thuong ក្នុងអំឡុងជំនួប​មួយ​នៅ​វិមាន​ប្រធានាធិបតី​ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម ដែល​ជា​ទស្សនកិច្ច​ក្រោយ​ឡើង​កាន់​អំណាច​ជាង​៣​ខែ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ប្រវត្តិ​សាស្ត្រ​អំពី​ការ​ជួយ​របស់​វៀតណាម​ក្នុង​ការ​រំដោះ​ប្រទេស​កម្ពុជា​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត និង​សុំ​កុំ​មាន​ការ​យល់​ច្រឡំ ក៏​ដូច​ជា​បង្ក​ការ​រើស​អើង​រវាង​ប្រទេស​ទាំង​ពីរ។

លោក ហ៊ុន ម៉ាណែត ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​ជប់​លៀង​នៃ​ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​រៀប​ចំ​ដោយ​លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋ​មន្ត្រី​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម នា​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀត​ណាម។

លោក ហ៊ុន ម៉ាណែត លើក​ឡើង​ថា​ កម្ពុជា​និង​វៀត​ណាម​មាន​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិ​ការ​យ៉ាង​ជិត​ស្និទ្ធ។ លោក ហ៊ុន ម៉ាណែត ក៏​បាន​រំឭកពី​ការ​ជួយ​របស់​កម្ពុជា​ក្នុង​ការ​បង្រួប​បង្រួម​វៀត​ណាម​ខាង​ជើង និង​ខា​ងត្បូង​នា​ទសវត្ស៍​ទី​៦០ និង​ការ​ជួយ​របស់​វៀត​ណាម​ក្នុង​ការ​រំដោះ​កម្ពុជា​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត​នា​ចុង​ទសវត្សរ៍​៧០ និង​ការ​បន្ត​ជួយ​ជា​បន្ត​បន្ទាប់​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា​ឡើង​វិញ។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា៖ «ស្រប​ពេល​ដែល​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ និង​កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​របស់​យើង​មាន​ការ​រីក​ចម្រើន​ជា​លំដាប់​ យើង​នៅ​តែ​យក​ចាំ​ជានិច្ច នូវ​ការ​ជួយ​គំាទ្រ​ទៅ​វិញ​ទៅ​មក​របស់​ប្រទេស​យើង​ទាំង​ពីរ​ក្នុង​អំឡុង​ទសវត្សរ៍​១៩៦០ ១៩៧០ ១៩៨០ ក្នុង​ទី១​គ្រា​ដែល​ប្រជា​ជន​កម្ពុជា​បាន​លះបង់ និង​គាំទ្រ​ដើម្បី​បុព្វ​ហេតុ​នៃ​ការ​បង្រួប​បង្រួម​ទឹក​ដី និង​ឯក​រាជ្យ​ភាព​របស់​វៀតណាម»។

លោក​ថ្លែង​បន្ត​ថា៖ «ទី ២ ​ការ​លះ​បង់​របស់​កង​ទ័ព​ និង​ប្រជាជន​វៀតណាម​ក្នុង​ការ​ផ្តួល​រលំ និង​ជួយ​ប្រជាជន​កម្ពុជា​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត​កម្ពុជា​ប្រជា​ធិបតេយ្យ​ និង​ការ​គាំទ្រ​របស់​វៀតណាម​ក្នុង​ការ​កសាង​អភិវឌ្ឍ»។

លោក​ហ៊ុន ម៉ាណែត ក៏​បញ្ជាក់​បន្ថែម​ទៀត​ថា ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា-វៀតណាម​គឺ​មាន​ភាព​ល្អ​ប្រសើរ​ជាមួយ​ថ្នាក់​ដឹក​នាំ​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម រហូត​មក​ពេល​បច្ចុប្បន្ន​នេះ។

លោក​ថ្លែង​ថា៖ «នេះ​ជាសច្ច​ភាព​ប្រវត្តិ​សាស្ត្រ ហើយ​គ្មាន​កម្លាំង​ប្រតិកិរិយា​ណា​អាច​មក​ប្រែ​ក្រឡាស់​បាន​ឡើយ។ យើង​ត្រូវ​អប់រំ និង​ផ្សព្វ​ផ្សាយ​ឱ្យ​ប្រជាជន​យើង​ទាំង​ពីរ ជាពិសេស​យុវជន​ជំនាន់​ក្រោយ​បាន​យល់​ដឹង​ជ្រួត​ជ្រាប​អំពី​សច្ច​ភាព​ប្រវត្តិ​សាស្ត្រ​នេះ ក៏​ដូច​ជា​សារ​សំខាន់ និង​គុណ​តម្លៃ​នៃ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​រវាង​កម្ពុជា និង​វៀតណាម»។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត គោរពក្បួនព្យុហយាត្រាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាទៅកាន់ប្រទេសវៀតណាម នៅទីក្រុងហាណូយ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត គោរពក្បួនព្យុហយាត្រាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាទៅកាន់ប្រទេសវៀតណាម នៅទីក្រុងហាណូយ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

កង​ទ័ព​របស់​វៀត​ណាម​បាន​ចាប់​ផ្តើម​ចូល​កម្ពុជា​នៅ​អំឡុង​ចុង​ខែ​ធ្នូ ឆ្នាំ​១៩៧៨ ដែល​បាន​វាយ​បំបែក​ក្រុម​ខ្មែរ​ក្រហម​ និង​រំដោះ​កម្ពុជា​ពី​របប​ដ៏​ព្រៃ​ផ្សៃ​មួយ​នេះ។ ការ​ជួយ​រំដោះ​កម្ពុជា​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម ត្រូវ​បាន​ក្រុម​អ្នក​រិះគន់ និង​អ្នក​នយោបាយ​មួយ​ចំនួន​លើក​ឡើង​ថា​ជា​«ការ​ឈ្លាន​ពាន»របស់​វៀតណាម​មក​លើ​កម្ពុជា។ កាល​ពី​កន្លង​ទៅ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​អ្នក​នយោបាយ​ជំទាស់​មួយ​ចំនួន និង​អ្នក​រិះគន់​លើក​ឡើង​ថា​ជា​«អាយ៉ង​វៀតណាម» ដោយ​សារ​វៀតណាម​បាន​ចូល​មក​ទឹក​ដី​កម្ពុជា ហើយ​បាន​រៀបចំ​រដ្ឋាភិបាល​ថ្មី ក្រោយ​ការ​ផ្តួលរំលំ​របប​ខ្មែរ​ក្រហម។

សាស្ត្រាប្រវត្តិ​សាស្ត្រ​នៃ​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ លោក សំបូរ មាណ្ណារ៉ា ប្រាប់​វីអូអេ​ថា ការ​ថ្លែង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន​ម៉ាណែត​គឺ​ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ប្រវត្តិ​សាស្ត្រ​នៃ​ការ​ជួយ​រំដោះ​កម្ពុជា​ពី​សម័យ​ដ៏​ឃោរ​ឃៅ​ដែល​ស្ថិត​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥-១៩៧៩ និង​ជា​នយោបាយ​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ។ លោក​បន្ត​ថា វា​បាន​បង្ហាញ​ពី​គុណធម៌​នៃ​ការ​ដឹង​គុណ​របស់​កម្ពុជា​ពី​ការ​ជួយ​ជ្រោម​ជ្រែង​របស់​វៀតណាម។

បើ​តាម​សាស្ត្រាចារ្យ​ប្រវត្តិ​វិទ្យា​រូប​នេះ យុវជន​ជំនាន់​ក្រោយ​គួរ​មាន​ការ​សិក្សា​ពី​ប្រវតិ្ត​សាស្ត្រ​ឱ្យ​បាន​ច្បាស់​លាស់ និង​យល់​ដឹង​ពី​បរិបទ​ពេល​វេលា​ ពីព្រោះ​ប្រវត្តិ​សាស្ត្រ​ជា​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​អតីតកាល។ លោក​បន្ត​ថា​ការ​ខំ​ប្រឹង​បញ្ឈប់​ការ​រើស​អើង​លុះ​ត្រាតែ​មាន​ការ​លើក​ចំណុច​ល្អ​ពី​ទំនាក់​ទំនង​ដែល​ធ្លាប់​បាន​កើត​ឡើង​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ។

លោក​ថ្លែង​ថា៖ «កាល​ដែល​យើង​ខំ​ប្រឹង​កុំ​ឱ្យ​មាន​ការ​រើស​អើង​នេះ គឺ​យើង​ត្រូវ​លើក​ពេល​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ យើង​ចំណុច​ល្អៗ​ យើង​លើក​ចូល​ទៅ​ក្នុង​ទំនាក់​ទំនង​សកម្ម​សម្រាប់​ការ​អភិវឌ្ឍ​ទាំង​ការ​ទូត ទាំង​ពាណិជ្ជកម្ម ទាំង​ការងារ​នយោបាយ យើង​លើក​អ្វី​ដែល​ល្អ​ដើម្បី​និយាយ​ប្រាប់​ ដើម្បី​បង្ហាញ​ប្រាប់​ក្នុង​ជំនួប ដើម្បី​ជា​ជំទប់​ការពារ​កុំ​ឱ្យ​មាន​ការ​រើស​អើង។ ជា​ការ​ពិត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ បើ​យើង​យក​ចិត្ត​ទុក​ដាក់​គិត​បែប​នេះ យើង​នឹង​រស់​នៅ​ជាមួយ​ដោយ​សន្តិ​វិធី និង​សុខដុម​លុះ​មិន​ខាន»។

ពាក្យ​ថា​«ឈ្លានពាន​»គឺ​ជា​ការ​លើក​ទ័ព​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​ ប៉ុន្តែ​សម្រាប់​កម្ពុជា គឺ​ការ​ដែល​កម្ពុជា​ខ្លួន​ឯង​បាន​ទៅ​ពឹង​ភាគី​វៀតណាម​ជួយ ដោយ​មាន​ការ​រៀប​ចំ​ផែន​ការ​ផ្សេងៗ ដើម្បី​រំដោះ​ប្រទេស​ពី​របប​ខ្មែរ​ក្រហម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក សំបូរ មាណ្ណារ៉ា។ លោក​បន្ថែម​ថា មនុស្ស​គ្រប់​រូប​គួរ​ស្វែង​យល់​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​មុន​នឹង​ប្រើ​ប្រាស់​ពាក្យ​ថា​អ្វី​ជា​ការ​ឈ្លាន​ពាន និង​ការ​ជួយ​ជ្រោម​ជ្រែង ឬ​ការ​ជួយ​សង្គ្រោះ។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​ទី​បំផុត​នៅ​ពេល​ដែល​យើង​ទទួល​ជោគ​ជ័យ​ ទៅ​ជា​យើង​បែរ​ដែល​ហៅ​ថា​ការ​បន្ទាប​បន្ថោក​នៃ​ភាព​តាន​តឹង​ យើង​បែរ​ជា​គិត​ថា​គេ​ឈ្លាន​ពាន​អ៊ីចឹង​រើស​អើង​ណាស់​នៅ​លើ​ពិភព​លោក​យើង​ហ្នឹង សូម្បី​តែ​មហា​អំណាច​ធំៗ​មាន​ការ​ជួយ​ទៅ​ប្រទេស​ដទៃ​ក៏​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ឈ្លាន​ពាន​ដែរ។ ប្រទេស​កម្ពុជា​ក៏​មាន​ចំណែក​ក្នុង​បញ្ហា​ហ្នឹង​ខ្លះ​ដែរ​គឺ​នៅ​ក្នុង​ឆ្នាំ​១៩៧០-១៩៧៥ នៅ​ពេល​សង្គ្រាម​ឥណ្ឌូចិន​មែន សង្គ្រាម​នៅ​វៀតណាម​ហ្នឹង អ៊ីចឹង​យើង​ត្រូវ​គិត​ឡើង​វិញ​នៃ​ការ​របៀប​ប្រើ​ពាក្យ​ឈ្លាន​ពាន​គួរ​តែ​គិត​ពី​តម្រូវ​ការ​ចាំបាច់»។

លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម ថ្លែង​ថា​ការ​លើក​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត គឺ​អះអាង​តាម​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​និង​វៀតណាម​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​ថា​វៀតណាម​មិន​ត្រូវ​ទាម​ទារ​ឱ្យ​កម្ពុជា​ត្រូវ​ដឹង​គុណ​ពី​ការ​ជួយ​ជ្រោម​ជ្រែង​របស់​ខ្លួន ហើយ​វៀត​ណាម​ក៏​ទទួល​ស្គាល់​ពីការ​ជួយ​របស់​កម្ពុជា​ដូច​គ្នា​នា​គ្រា​ដែល​ធ្វើ​ឱ្យ​វៀតណាម​ខាង​ជើង និង​ខាង​ត្បូង​មាន​ឯកភាព​ជា​រួម​មួយ។

លោក​ប្រាប់​វីអូអេ​ថា៖ «គឺ​វៀតណាម​ត្រូវ​តែ​អរគុណ​មក​ឱ្យ​កម្ពុជា​ផង​ដែរ​នៅ​ពេល​ដែល​កម្ពុជា​បាន​ជួយ​វៀតណាម​ឱ្យ​មាន​ឯក​ភាព​ជាតិ​ឡើង​វិញ​បាន​ន័យ​ថា​បង្រួប​បង្រួម​វៀតណាម​ពី​ដើម​មក​មាន​ខាង​ជើង ខាង​ត្បូង​ឱ្យ​ចូល​គ្នា​នៅ​ក្នុង​វៀតណាម​តែ​មួយ​វិញ។ បើ​សិន​ជា​កម្ពុជា​កុំ​អនុញ្ញាត​ឱ្យ​វត្តមាន​កង​ទ័ព​វៀតណាម​ដែល​ជំនាន់​ហ្នឹង​ហៅ​វៀត​កុង​ឱ្យ​មក​នៅ​ក្នុង​ប្រទេស​ខ្មែរ​ជំនាន់​ក៏​វៀតណាម​ពិបាក​ក្នុង​ការ​វាយ​ដណ្តើម​យក​ ឬ​ក៏​ឈាន​ទៅ​រក​ការ​បង្រួប​បង្រួម​វៀតណាម​បាន​ទាំង​ពីរ​វិញ​ដែរ»។

បើ​តាម​លោក​បណិ្ឌត មាស នី ការ​បង្ក​ជា​សត្រូវ​ជាមួយ​ប្រទេស​ជិត​ខាង​មិន​មែន​ជា​រឿង​ដែល​ល្អ​ប្រសើរ​ទេ ដោយ​មិន​គួរ​មាន​ការ​កាឡៃ​ឬ​កែ​ច្នៃ​ទៅ​លើ​ប្រវត្តិសាស្ត្រ​ដែល​អាច​នឹង​បង្ក​ឱ្យ​មាន​ការ​រើស​អើង​កាន់​តែ​ខ្លាំង​ឡើង។ លោក​បន្ត​ថា លោក​គាំទ្រ​ចំពោះ​សកម្មភាព​បញ្ឈប់​ការ​រើស​អើង​រវាង​ជាតិ​សាសន៍​ទាំង​ពីរ ដោយ​យុវជន​ជំនាន់​ក្រោយ​ត្រូវ​សិក្សា​ឱ្យ​ច្បាស់​ពី​ប្រវត្តិ​សាស្ត្រ ដោយ​មិន​ត្រូវ​ឱ្យ​បុគ្គល​មួយ​ធ្វើ​ឱ្យ​វង្វេង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ឡើយ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ដែល​សំខាន់​បំផុត​នោះ​គឺដើម្បី​ទប់​ទល់​ជាមួយ​ការ​រើស​អើង​ រឿង​ហ្នឹង​វា​ទល់​តែ​កម្ពុជា​ក៏​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​ដែល​ទាំង​សេដ្ឋកិច្ច ទាំង​នយោបាយ​អី​ហ្នឹង​ឱ្យ​ដើរ​ទាន់​ទាន់​ឯង​ អ៊ីចឹង​យើង​ក៏​មិន​សូវ​ជា​មាន​ការ​រើស​អើង​ដែរ​បាទ»។

កាល​ពី​ខួប​លើក​ទី​ ៤៥ ​ឆ្នាំ​នៃ​ដំណើរ​ស្វែង​រក​ជំនួយ​ពី​កង​ទ័ព​វៀតណាម អតីត​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន បាន​ថ្លែង​ថា​កង​ទ័ព​វៀតណាម​ចូល​ទឹកដី​កម្ពុជា កាល​ពី​ជាង​៤០​ឆ្នាំ​មុន គឺ​ដើម្បី​ផ្តួល​រំលំ​របបខ្មែរ​ក្រហម និងសង្គ្រោះ​អាយុ​ជីវិត​របស់​ប្រជាជន​កម្ពុជា មិន​មែន​ជា​ការ​ចូល​មក​ឈ្លាន​ពាន ឬ​ក៏​សម្លាប់​ប្រជាជន​កម្ពុជា ដូច​ការ​ចោទ​ប្រកាន់​ឡើយ៕

XS
SM
MD
LG