លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃចន្ទនេះ បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅទីក្រុងហាណូយនៃប្រទេសវៀតណាម។ នេះជាដំណើរទស្សនកិច្ចមួយ ក្រោយលោកបានឡើងកាន់អំណាចជាង៣ខែ។
ដំណើរទស្សនកិច្ចដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានក្រសួងការបរទេសកម្ពុជាបញ្ជាក់ថានឹង «បង្ហាញពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែង ឈរលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» រវាងប្រទេសទាំងពីរ។
នៅទីក្រុងហាណូយនាថ្ងៃចន្ទនេះ លោក ហ៊ុន ម៉ាណែត បានជួបជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញ ជិញ (Pham Minh Chinh) ដើម្បីពិភាក្សាការងារ ក្នុងនោះមានការចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ រួមមានអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនង អន្តរជាតិ និងបណ្ឌិត្យសភាការទូតវៀតណាម និងអនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជានិងសភាពាណិជ្ជកម្មវៀតណាម។
បើតាមព័ត៌មាននៅលើហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវៀតណាមបានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចនេះនឹងធ្វើឲ្យ«ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម នឹងកាន់តែរីកចម្រើនរឹងមាំ ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុយជ្រោយ និងស្ថិរភាពយូរអង្វែង»។ នាយករដ្ឋមន្រ្តីវៀតណាមក៏បង្ហាញក្តីសង្ឃឹមថា កម្ពុជា«នឹងកាន់តែអភិវឌ្ឍខ្លាំងក្លា»ទៅមុខបន្ថែមទៀត ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត។
លោក ហ៊ុន ម៉ាណែត ក៏បានសម្ដែងការគួរសមជាមួយអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋ និងប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេសកម្ពុជា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យនាៗ រួមមានអប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន និងបញ្ហាអនុតំបន់និងអន្តជាតិ៕