មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាអះអាងថាការស្ថាបនាព្រែកជីកដែលភ្ជាប់ទឹកទន្លេក្នុងខេត្តកណ្តាលទៅសមុទ្រ ក្នុងខេត្តកែប នឹងចាប់ផ្តើមនៅឆ្នាំក្រោយ ដោយកម្ពុជាសម្លឹងឃើញផលប្រយោជន៍យ៉ាងច្រើនពីគម្រោងផ្លូវទឹកមួយនេះ។
គម្រោងស្ថាបនាផ្លូវទឹកឬហៅថាព្រែកជីក តម្លៃប្រមាណ១៧០០លានដុល្លារនេះ ជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម(Belt and Road Initiative ឬBRI) របស់រដ្ឋាភិបាលចិន ដែលកំពុងអះអាងថាទទួលបានផលប្រយោជន៍ច្រើនពីគំនិតផ្តួចផ្តើមBRIដែលចាប់ផ្តើមតាំងពីឆ្នាំ២០១៣។
គម្រោងផ្លូវនាវាចរណ៍ ហៅថា«ព្រែកជីកហ្វូណនតេជោ» ដែលភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា តាមទឹកទន្លេទៅដល់ផ្លូវសមុទ្រ នឹងត្រូវចំណាយរយៈពេល៤ឆ្នាំ ក្នុងការសាងសង់។ នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលកាលពីកន្លងទៅ។
គម្រោងផ្លូវទឹកនេះមានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លៃបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។ នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលកម្ពុជា។
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថានៅពេលណាដែលព្រែកជីកសាងសង់រួចរាល់ វានឹងនាំឱ្យសេដ្ឋកិច្ចនៅតាមដងទន្លេកាន់តែរីកចម្រើន ដែលលោកថាផលប្រយោជន៍នេះនឹងនាំដល់ប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ហើយតិចទៀតពេលដែលយើងធ្វើគម្រោងព្រែកជីកហ្វូណន ទាញសមុទ្រឱ្យជាប់ទន្លេ បង្កើនលទ្ធភាពក្នុងការដឹកជញ្ជូន ពីខេត្តដែលជាប់ទន្លេសាប ជាប់ទន្លេមេគង្គ ចុះទៅសមុទ្រកាន់តែលឿន សេដ្ឋកិច្ចនៅតាមបណ្តោយទន្លេនេះ នឹងកាន់តែរីក ហើយក្នុងនោះមានខេត្តកំពង់ចាមផង។ ហើយផលប្រយោជន៍បានទៅនរណា បានទៅដល់បងប្អូន ប្រជាពលរដ្ឋ លោកអ៊ំពូមីង នៅទីនេះ»។
កាលពីខែកក្កដា លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថាព្រែកជីកនេះនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជា តាមរយៈការកាត់បន្ថយពេលវេលាដឹកជញ្ជូន តម្លៃ នីតិវិធី និងការគ្រប់គ្រងទឹកសម្រាប់កសិករផងដែរ។
លោកបញ្ជាក់ថា៖«អ៊ីចឹងព្រែកជីកនេះមិនផ្តល់ត្រឹមតែការដឹកជញ្ជូនទំនិញពីកម្ពុជាទៅកំពង់ផែកំពតកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុទេ នឹងផ្តល់ប្រយោជន៍ផ្សេងៗទៀតដល់កសិកររបស់យើង ផ្តល់ផលប្រយោជន៍ក្នុងការទាក់ទាញអ្នកវិនិយោគមកដាក់ទុន បង្កើតតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍។ល។ ច្រើនណាស់។ គម្រោងនេះជាគម្រោងប្រវត្តិសាស្ត្រ ដែលមានការឯកភាពពីគណៈរដ្ឋមន្ត្រី»។
កាលពីថ្ងៃទី១៧ ខែតុលា លោក ស៊ុន ចាន់ថុល តំណាងភាគីកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌនៃគម្រោងនេះជាមួយតំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន(CRBC)ដែលជាក្រុមហ៊ុនវិនិយោគលើផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ក្នុងការស្ថាបនាព្រែកជីកមួយនេះ។
លោក ស៊ុន ចាន់ថុល បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «តាមរយៈការចុះហត្ថលេខានេះ បានអនុញ្ញាតឱ្យក្រុមហ៊ុនCRBC អាចសិក្សាលម្អិតលើគ្រប់ទិដ្ឋភាពទាំងអស់ពាក់ព័ន្ធនឹងគម្រោងនេះ ក្នុងរយៈពេល៨ខែ ហើយការចុះហត្ថលេខានៅថ្ងៃនេះ ជាការបោះជំហានទៅរកភាពជោគជ័យមួយកម្រិតទៀតលើគម្រោងដឹកជញ្ជូនតាមផ្លូវទឹកដ៏ធំរបស់កម្ពុជា»។
ក្នុងពិធីអបអរសាទរខួប១ឆ្នាំនៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃ៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ក៏ជំរុញឱ្យក្រុមហ៊ុនCRBCបញ្ជូនអ្នកជំនាញមកឱ្យបានច្រើន ដើម្បីសិក្សាបញ្ចប់គម្រោងមួយនេះ។
វីអូអេបានទាក់ទងទៅអ្នកនាំពាក្យក្រសួងសាធាណការនិងដឹកជញ្ជូន លោក ផន រឹម ប៉ុន្តែលោកឱ្យទាក់ទងទៅលោក ស៊ុន ចាន់ថុលវិញ ដោយសារតែលោកជាអ្នកទទួលបន្ទុកលើគម្រោងនេះផ្ទាល់។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ស៊ុន ចាន់ថុល បាននៅឡើយទេ។
ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនCRBC (China Road and Bridge Corporation) គឺជាក្រុមហ៊ុនទទួលបានការអនុញ្ញាតឱ្យសិក្សាលម្អិតពីគម្រោងព្រែកជីកនេះ។ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានព័ត៌មាននៅឡើយទេថាតើក្រុមហ៊ុននេះបានសិក្សាដល់ណាហើយ ហើយអាចបើកការដ្ឋានសាងសង់នៅពេលណា។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុន CRBC បាននៅឡើយទេ។
ក្រុមហ៊ុនCRBCនេះជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រោមរូបភាពវិនិយោគ«សាងសង់-ប្រតិបត្តិការ-ផ្ទេរ» (BOT: Build-Operate-Transfer) ជាមួយរយៈពេលវិនិយោគចំនួន៥០ឆ្នាំ។ នេះមានន័យថាក្រុមហ៊ុននឹងប្រគល់មកឱ្យកម្ពុជាគ្រប់គ្រងវិញក្នុងរយៈពេល៥០ឆ្នាំទៀត។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនចិនមួយនេះក៏កំពុងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ហើយក៏កំពុងសិក្សាផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប និងពីខេត្តសៀមរាបទៅក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ។
អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ ប្រាប់វីអូអេថាគម្រោងព្រែកជីកដែលនឹងកាត់តាមសមុទ្រក្នុងខេត្តកែប ស្ថិតក្នុងដំណាក់កាលនៃការសិក្សាបច្ចេកទេសបន្ថែម។ លោកបញ្ជាក់ថាការអភិវឌ្ឍគម្រោងនេះអាចនឹងជះផលប៉ះពាល់តិច ឬច្រើនអាស្រ័យលើការសិក្សាបន្ថែម។ ប៉ុន្តែលោកថាគម្រោងនេះវាជួយដល់ប្រទេសនិងប្រជាជន។
លោកថ្លែងថា៖ «ផលប៉ះពាល់យើងពិនិត្យមើលតទៀត ធម្មតាការអភិវឌ្ឍវាតិចនិងច្រើន ប៉ុន្តែអ្វីដែលសំខាន់យើងផ្តោតទៅលើប្រសិទ្ធភាពសេដ្ឋកិច្ច នយោបាយ សង្គមកិច្ច ហើយចីរភាពជីវភាពរបស់ប្រជាពលរដ្ឋ យើងត្រូវវិភាគទៅលើហ្នឹង»។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ មិនបានបញ្ជាក់អំពីផលប៉ះពាល់នៃគម្រោងមួយនេះទៅលើប្រជាពលរដ្ឋនៅឡើយទេ។ ប៉ុន្តែលោកលើកឡើងថាគម្រោងព្រែកជីកនេះនឹងជួយដល់ការអភិវឌ្ឍប្រទេសជាតិ និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ដើម្បីភា្ជប់ទីផ្សារកម្ពុជាទៅក្រៅប្រទេស។
លោកថ្លែងថា៖ «ជារួមគឺជាប្រយោជន៍ធំសម្រាប់ប្រទេសជាតិ និងប្រជាជន ដូចខ្ញុំថាអញ្ចឹងជាគម្រោងអភិវឌ្ឍន៍ ដើម្បីឱ្យប្រទេសជាតិយើងមានការងាយស្រួលជាច្រើនទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស។ យើងភ្ជាប់ទៅរកទីផ្សារធំៗទាំងក្នុងប្រទេស ក្រៅប្រទេស។ អ៊ីចឹងជាការអភិវឌ្ឍយ៉ាងធំមួយ ជាភាពវៃឆ្លាតរបស់រដ្ឋាភិបាល»។
លោក អ៊ូ វីរៈ ប្រធានវិទ្យាស្ថានសិក្សាគោលនយោបាយវេទិកាអនាគត(Future Forum) លើកឡើងថាគម្រោងBRIរបស់ចិននេះ គឺជាយន្តការមួយសម្រាប់ធ្វើការវិនិយោគនៅក្នុងប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍន៍។ បើតាមអ្នកវិភាគរូបនេះ នៅពេលដែលកម្ពុជាសម្រេចចិត្តចុះកិច្ចព្រមព្រៀងលើគម្រោងណាមួយនៃBRIនេះ គឺត្រូវមានតម្លាភាព និងសុក្រឹតភាព ដើម្បីបង្ហាញថាការអភិវឌ្ឍនេះនឹងនាំមកជាប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋ។
សម្រាប់លោក អ៊ូ វីរៈ ការអភិវឌ្ឍទៅលើផ្លូវល្បឿនលឿននានាដោយក្រុមហ៊ុនចិនCRBC បានបង្ហាញពីគម្លាតជីវភាពប្រជាជននៅក្នុងប្រទេស ដោយសារតែយុទ្ធសាស្ត្រនៃការអភិវឌ្ឍនោះ ភាគច្រើនសំដៅលើទៅអ្នកដែលមានរថយន្តទំនើប ទើបអាចបើកឆ្លងកាត់ផ្លូវល្បឿនលឿននេះបាន។
លោកថ្លែងថា៖ «ចំពោះខ្ញុំគឺការផ្តោតទៅលើExpressway [ផ្លូវល្បឿនលឿន] ការផ្តោតគឺហៅថាឡាននិយម ហើយឡានទំនើបនិយមទៀត ព្រោះឡានទំនើបបើកលឿនបាន ហើយអ៊ីចឹងការគិតជាយុទ្ធសាស្ត្របែបហ្នឹងគឺច្រើនតែចេញពីអ្នកដែលមានឡានទំនើប។ ដូចជាសមាជិកសភាយើងរាល់ថ្ងៃ […] ឬក៏មន្ត្រីយើងតើគាត់ជិះម៉ូតូ ឬជិតឡាន បើគាត់ជាអ្នកជិះឡាន គាត់មើលឃើញផ្លូវថាតើផ្លូវហ្នឹងសមស្របសម្រាប់ឡានទំនើបដែលឬអត់ មិនមែនសមស្របសម្រាប់ម៉ូតូ សមស្របសម្រាប់រ៉ឺម៉ក សមស្របសម្រាប់កង់ឬឡានតូចទេ»។
ទោះជាយ៉ាងណាក្តី លោក អ៊ូ វីវៈ យល់ថាការអភិវឌ្ឍរបស់គម្រោង BRI របស់ចិននេះនឹងអាចជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា៕