ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រក​ឃើញ​២​ករណីថ្មី​​នៃ​កូវីដ​១៩​ ​ដែល​សរុប​ត្រឹម​ពេល​នេះ​ ​កម្ពុជា​មាន​៥​ករណី


នាវាកម្សាន្ត Viking Cruise Journey ដែលមានអ្នកដំណើរម្នាក់ជនជាតិអង់គ្លេសផ្ទុកវីរុសកូរ៉ូណា សំចតនៅក្នុងខេត្តកំពង់ចាម លើដងទន្លេមេគង្គ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)

កម្ពុជា​រក​ឃើញ​ការ​ឆ្លង​វីរុស​កូវីដ​១៩​ (COVID-19) ​ចំនួន​ពីរ​ករណី​បន្ថែម​ទៀត កាល​ពី​អាធ្រាត្រ​ថ្ងៃ​ពុធ​ ដែល​អ្នក​ឆ្លង​នោះ​គឺ​ប្តី​ប្រពន្ធ​ជនជាតិ​អង់គ្លេស។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ការ​រក​ឃើញ​ករណី​ថ្មី​ទាំង​ពីរ ​ដែល​ជា​បុរស​ជនជាតិ​អង់គ្លេស​អាយុ ​៧៣​ឆ្នាំ​ ​និង​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ​ ៦៩​ឆ្នាំ ជា​ប្តី ​និង​ប្រពន្ធ គឺ​ស្រប​ពេល​ដែល​អង្គការ​សុខភាព​ពិភព​លោក​ប្រកាស​ហៅ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩​នេះថា ​ជា​រោគ​រាតត្បាត​សកល។​

ករណី​ទាំងពីរ​នេះធ្វើ​ឲ្យ​កម្ពុជា​មាន​ករណី​ឆ្លង​វីរុស​កូវីដ​១៩ (COVID-19)​ សរុប​ចំនួន៥​ករណី​ត្រឹម​ថ្ងៃ​នេះ។ ​សំណាក​របស់​ពួកគេ​ទាំងពីរនៅ​ក្នុង​ចំណោម​សំណាក​ចំនួន​៥៩ ដែល​ត្រូវ​បានប្រមូល​ម្សិលមិញពី​អ្នក​នៅលើ​នាវា​ Viking Cruise Journey ​ដែល​ចត​នៅ​ខេត្ត​កំពង់ចាម។​

ការ​ប្រមូល​សំណាក​មនុស្ស​ទាំងអស់​នៅ​ក្នុង​នាវា​នេះ​ធ្វើ​ឡើង​ ក្រោយ​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ អាយុ​ ៦៥​ឆ្នាំ ត្រូវ​បាន​មន្ត្រី​សុខាភិបាល​រក​ឃើញ​ថា​ មាន​ផ្ទុក​កូវីដ​១៩​ ដោយ​ស្ត្រី​នោះ​បាន​ជិះ​យន្តហោះ​រួម​ជាមួយ​នឹង​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​កូវីដ១៩​ ជិះ​ពីទី​ក្រុង​ឡុង​នៃ​ប្រទេស​អង់គ្លេសមក​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​កាលពីថ្ងៃ​ទី​២ ​ខែ​មីនា។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាលបន្ត​ទៀត​ថា ​បុរស​ និង​ស្រ្តី​ជន​ជាតិ​អង់គ្លេស​ទាំង​ពីរ​នាក់​នេះត្រូវ​បាន​ដាក់​នៅ​បន្ទប់​ដាច់​ដោយ​ឡែក ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម​ ដើម្បី​ព្យាបាល ​និង​តាម​ដាន​រោគសញ្ញា។​

ឯ​អ្នក​ដំណើរ​ផ្សេង​ទៀត​ ចំនួន​៦១​នាក់ ​ដែល​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ ត្រូវ​បាន​ដាក់​ដោយ​ឡែក​ ​ដោយ​ចុះ​ពី​នាវា​មក​កាន់​ដី​គោក។ នាវា​ Viking Cruise Journey ​ត្រូវ​បាន​ដាក់​ឲ្យ​នៅសំចត​នៅ​ទន្លេ​នៃ​ទីរួម​ខេត្ត​កំពង់ចាម​ រយៈ​ពេល​១៤​ថ្ងៃ។

លោក​ អ៊ុន​ ចាន់ដា​ អភិបាល​ខេត្ត​កំពង់ចាម​ បាន​ប្រាប់​វីអូអេ​ថា​ លោក​បាន​រៀប​ចំ​បន្ទប់​សណ្ឋាគារ​ក្នុង​ក្រុង​កំពង់ចាម​ សម្រាប់​ដាក់​អ្នក​ដំណើរ​ និង​បុគ្គលិក​នាវា​ដែល​បច្ចុប្បន្ន​សំណាក​របស់​ពួកគេអវិជ្ជ​មាន​កូវីដ​១៩​ ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​រយៈពេល​១៤​ថ្ងៃ។​

«យើង​រៀបចំ​សណ្ឋាគារ​ទំនេរ​ ចំនួន​៦០​បន្ទប់។ ​ពួក​គាត់​ម្នាក់​នៅ​មួយ​បន្ទប់​តាម​វេជ្ជ​បញ្ជា​ តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ​ជំនាញ»។​

នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម មាន​បន្ទប់​បរិក្ខា​ត្រៀម​ចំនួន៥បន្ទប់​ សម្រាប់​ត្រៀមព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩។ ​នេះ​បើតាម​លោក គឹម ​សួរ​ភិរុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត។​

វីអូអេ​ពុំ​អាច​ទាក់ទង​អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាលអ្នកស្រី​ ឱ វណ្ណឌីន​ និងលោក​ លី សុវណ្ណ បាន​ទេ​ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​សាកសួរ​អំពី​ការ​ស្វែង​រក​អ្នក​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ដែល​ផ្ទុក​វីរុស​កូវីដ​១៩ទាំង​២​ករណី​ថ្មី​នេះ។​

ស្ត្រី​ជន​ជាតិ​អង់គ្លេស​ អាយុ៦៥ឆ្នាំ​ ដែល​ជា​ករណី​ទី៣ កំពុង​ស្នាក់​នៅ​មន្ទីរពេទ្យ​មួយ​ដែល​មាន​«ស្តង់ដារ​អន្តរជាតិ» ​នៅ​រាជធានី​ភ្នំពេញ ​ដោយ​សារ​អ្នកស្រី​មាន​ជើង​សិប្បនិមិត្ត​ម្ខាង​ ប្រើ​ឈើច្រត់ ​និង​មាន​ការ​ពិបាក​ក្នុង​ការ​ប្រើ​បន្ទប់​ទឹក។​

អ្នក​ដំណើរ​លើ​នាវា​ទាំង​នោះ​មាន៣០​នាក់ ​ដែល​ក្នុង​នោះ​មាន​ជន​ជាតិ​អង់គ្លេស ​អាមេរិក ​កាណាដា ​វៀតណាម ភូមា​ ​និង​ជនជាតិ​ផ្សេងៗ​ទៀត។​ នេះ​បើ​តាម​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត។​ បុគ្គលិក​នៅ​លើ​នាវា​នោះ​មាន​ ៣៤​នាក់​ ដែល​បុគ្គលិក​ចំនួន​ ២៤នាក់​ក្នុង​ចំណោម​នោះ​ជា​ពលរដ្ឋ​កម្ពុជា។

នៅ​យប់​ថ្ងៃ​ពុធ​ឈាង​ចូល​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​នៅ​ភ្នំពេញ​ ​អង្គការ​សុខភាព​ពិភព​លោក​បាន​ប្រកាស​ចាត់ទុក​ជំងឺ​កូវីដ១៩ថា​ ជា​ជំងឺ​រាតត្បាត​សកលមួយ បន្ទាប់​ពី​មាន​ការ​រីករាល​ដាល​យ៉ាង​ឆាប់​រហ័ស​នៃ​វីរុស​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​រលាកផ្លូវ​ដង្ហើម​ឆ្លងដល់​ប្រទេស​ចំនួន១១៤​ ឆ្លង​ដល់​មនុស្ស​ចំនួនជាង​ ១១៨.០០០​ករណី ​និង​សម្លាប់​មនុស្ស​ជាង ៤៣០០​នាក់​នៅ​ទូទាំង​ពិភព​លោក។​

​លោក ​Tedros Adhanom Ghebreyesus ​អគ្គនាយក​អង្គសុខ​ភាព​ពិភព​លោក​ បាន​និយាយក្នុង​សន្និសីទ​កាសែត​ថា៖ «យើង​មិន​ដែល​ឃើញ​ការ​រាតត្បាត​ណា​មួយ​ដែល​បង្ក​ឡើង​ដោយ​ក្រុម​វីរុស​កូរ៉ូណា​នេះ​ទេ។ នេះ​ជា​រោគ​រាត​ត្បាត​សកល​ដំបូង​បង្អស់​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា»។​

ហើយ​លោក​បន្ថែម​ថា៖​ «យើង​រំពឹង​ថា​ នឹង​ឃើញ​មាន​ករណី​ថែម​ទៀត ​និង​មាន​ចំនួន​អ្នក​ស្លាប់​ និង​ចំនួន​អ្នក​ឆ្លង​កើន​ឡើង​កាន់តែ​ច្រើន​ជាង​នេះ​ទៅ​ទៀត»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG