ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លទ្ធផល​​តេស្ត​លើ​សាច់ញាតិ​របស់​ពលរដ្ឋ​ខ្មែរ​ដំបូង​ដែល​ឆ្លង​កូវីដ១៩​នៅ​កម្ពុជា​បង្ហាញ​ថា​អវិជ្ជមាន


សិស្សានុសិស្សឈរតម្រង់ជួរលាងសម្អាតដៃ ដើម្បីបង្ការការឆ្លងមេរោគកូរ៉ូណាវីរុស មុនពេលចូលថ្នាក់រៀននៅវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។
សិស្សានុសិស្សឈរតម្រង់ជួរលាងសម្អាតដៃ ដើម្បីបង្ការការឆ្លងមេរោគកូរ៉ូណាវីរុស មុនពេលចូលថ្នាក់រៀននៅវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

អាជ្ញាធរ​បាន​ប្រកាស​ថា ពុំ​ទាន់​ឃើញ​មាន​ការ​ឆ្លង​វីរុស COVID-19 ទៅ​លើ​សាច់ញាតិ​បី​រូប រួម​មាន​ប្រពន្ធ​និង​សាច់ថ្លៃ​របស់​បុរស​ម្នាក់​នៅ​ខេត្ត​សៀមរាប​ដែល​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃសៅរ៍​ថា​ឆ្លង​វីរុស​នេះ​ទេ។ នេះ​ជា​ការ​ប្រកាស​ជា​បន្ត​បន្ទាប់​របស់​ក្រសួង​សុខាភិបាល​កម្ពុជា។

បុរស​ខ្មែរ​វ័យ​៣៨​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើ​តេស្ដ​រក​ឃើញ​លទ្ធផល​វិជ្ជមាន​ថា មាន​ឆ្លង​វីរុស COVID-19 កាល​ពី​ថ្ងៃសៅរ៍ ដោយសារ​លោក​ធ្លាប់​បាន​ប្រាស្រ័យ ទាក់ទង​ផ្ទាល់​ជាមួយ​នឹង​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស​នេះ ក្រោយ​ចេញ​ផុត​ពី​កម្ពុជា​ទៅ​ដល់​មាតុភូមិ​កំណើត​ខ្លួន។

នេះ​ជា​ករណី​ឆ្លង​ដល់​ពលរដ្ឋ​កម្ពុជា​ដំបូង​បំផុត​ដែល​ត្រូវ​បាន​ក្រសួង​សុខាភិបាល​រាយការណ៍​ជា​ផ្លូវការ។ ការណ៍​នេះ​នាំ​ឱ្យ​មាន​ការ​បញ្ជា​ឱ្យ​ផ្អាក​ដំណើរការ​សិក្សា​របស់​សិស្សានុសិស្ស​នៅ​ជាង១១០សាលារៀន​ទូទាំង​ក្រុង​សៀមរាប ហើយ​ការ​ប្រារព្ធ​ពិធីនានា​ដើម្បី​អបអរ​ឆ្នាំថ្មី​នៅ​ខែមេសា​ក្នុង​ក្រុង​នេះ ក៏​ត្រូវ​បាន​លុប​ចោល​ផង​ដែរ។

លោក​ ម៉ម​ ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​ថា​ បុរស​ដែល​ឆ្លង​នេះ​មាន​អាយុ​៣៨​ឆ្នាំ​ ស្ថិត​ក្នុង​ចំណោម​មនុស្ស​៤​នាក់​ ដែល​ធ្លាប់​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​នឹង​ជនជាតិ​ជប៉ុន​ និង​ដែល​ត្រូវ​បាន​អញ្ជើញ​យក​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ ដើម្បី​ពិនិត្យ​តាមដាន។

រដ្ឋមន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា​ លទ្ធផល​នៃ​ការ​ធ្វើ​តេស្ដ​រក​វីរុស​ COVID-19​ លើ​អ្នក​ប្រាស្រ័យ​ទាក់ទង​បី​នាក់​ផ្សេង​ទៀត​ជាមួយនឹង​បុរសជនជាតិ​ជប៉ុន​នោះ ​បាន​រកឃើញ​ថា​ អវិជ្ជមាន​ ពោល​គឺ​មិន​ទាន់​រក​ឃើញ​មាន​ផ្ទុក​វីរុស​នេះ​នៅ​ឡើយ​ទេ។ មនុស្ស​ប្រមាណ​៤០​ផ្សេងទៀត​កំពុង​ដាក់ឲ្យនៅ​ដាច់​ដោយ​ឡែក​ដើម្បី​ទទួល​ការ​តាម​ដាន​សុខភាព។

សមាជិក​បីនាក់​នៃ​ក្រុម​គ្រួសារ​របស់​បុរស​ជនជាតិ​ខ្មែរ​វ័យ​៣៨​ឆ្នាំ​ខាងលើ​ ត្រូវ​បាន​គេ​អញ្ជើញ​មក​ពិនិត្យ​តាមដាន​ ​ដើម្បី​អង្កេត​មើល​ការ​ប្រែប្រួល​ផ្នែក​សុខភាព​ នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ ហើយ​លទ្ធផល​តេស្ត​បាន​បង្ហញ​ថា​អវិជ្ជមាន។

ករណី​ឆ្លង​ដំបូងនៅកម្ពុជា ​ត្រូវ​បាន​រកឃើញ​លើ​បុរស​ជនជាតិ​ចិន​ដី​គោក​មួយរូប​ ដែល​បាន​ធ្វើ​ដំណើរ​ពី​ទី​ក្រុង​ Wuhan ​ខេត្ត​ Hubei ​ប្រទេស​ចិន​ មក​ដល់​ខេត្ត​ព្រះសីហនុ ​កាល​ពី​ចុង​ខែ​មករា​ តែ​ត្រូវ​បាន​ប្រកាស​ថា​ជា​សះស្បើយ​ នាពេល​ក្រោយ​មក​ និង​បាន​វិល​ត្រឡប់​ទៅ​កាន់​មាតុប្រទេស​របស់​គេវិញ។

គិត​ត្រឹម​ល្ងាច​ថ្ងៃទី​០៩ ​ខែ​មីនា ​ឆ្នាំ​២០២០​នេះ ​នៅ​ទូទាំង​ពិភពលោក ​មាន​ករណី​ឆ្លង​វីរុស ​COVID-19​ ចំនួន​យ៉ាង​ហោច​១១ម៉ឺននាក់​ នៅ​រដ្ឋនិងដែនដីចំនួន១១០​ទូទាំង​ពិភពលោក ​និង​បាន​សម្លាប់​មនុស្ស​ជាង​៣៨០០នាក់។

ស្រប​ពេល​ដូច​គ្នានេះដែរ ​ក្រសួងក៏បានបាន​អំពាវនាវ​ឱ្យ​សាធារណជន​មាន​ការ​ស្ងប់ស្ងៀម​ និងចៀសវាង​ការ​ជ្រួលច្របល់ ឬ​ភ័យ​តក់ស្លុត​ ហើយ​ត្រូវ​អនុវត្ត​វិធានការ​អនាម័យ៕

XS
SM
MD
LG