ប្រទេសកម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ទីបី ដែលកើតឡើងលើស្ត្រីទេសចរជនជាតិអង់គ្លេសមួយរូប ក្នុងពេលធ្វើដំណើរតាមនាវាទេសចរណ៍មកដល់ខេត្តកំពង់ចាម។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃអង្គារថា៖ «ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅរសៀលម៉ោង១៦និង៣០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា ស្ត្រីជនជាតិអង់គ្លេសម្នាក់អាយុ ៦៥ឆ្នាំ មានវីរុសកូវីដ១៩»។
ស្ត្រីជនជាតិអង់គ្លេសដែលមានវ័យ ៦៥ឆ្នាំរូបនេះ ស្ថិតនៅក្នុងក្រុមអ្នកទេសចរតាមនាវា Viking Cruise Journey ចំនួន៣០នាក់ ដែលធ្វើដំណើរតាមទន្លេមេគង្គចូលក្នុងប្រទេសកម្ពុជា ពីទីក្រុងហូជីមិញប្រទេសវៀតណាម។
នេះគឺជាករណីទីបី បន្ទាប់ពីការរកឃើញករណីទី២ ដែលកើតលើពលរដ្ឋកម្ពុជាមួយរូប នៅក្នុងខេត្តសៀមរាបកាលពីសប្តាហ៍មុន។ ករណីទី១បានកើតមានឡើងលើជនជាតិចិននៅក្រុងព្រះសីហនុកាលពីចុងខែមករា។
យ៉ាងណាក៏ដោយ អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីនេះគឺមិនទាន់ដល់កម្រិតឆ្លងតគ្នានៅក្នុងស្រុកនៅឡើយទេ។
«ខ្ញុំសូមបញ្ជាក់ជម្រាបជូនថា ករណីនេះមិនមែនជាករណីរាតត្បាតនៅក្នុងសហគមន៍ទេ។ កន្លែងហ្នឹងត្រូវឱ្យច្បាស់ទាំងអស់គ្នា ពីព្រោះជាករណីដែលគាត់ឆ្លងនៅតាមយន្តហោះ នៅពេលដែលគាត់ហោះចេញពីទីក្រុងឡុងដ៍ មកកាន់ទីក្រុងហាណូយ ហើយនៅពេលនោះ មានជនជាតិវៀតណាមដែលអង្គុយជាប់គាត់ ហើយជនជាតិវៀតណាមនោះ គឺមានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅពេលដែលទៅដល់ទីក្រុងហាណូយ។ អីចឹងគាត់ឆ្លងពីហ្នុងមក ហើយបានគាត់ធ្វើដំណើរបន្តទៀត»។
អ្នកស្រី ឱ វណ្ណឌីន បានបន្ថែមថា អ្នកទេសចររូបនោះបានមកដល់រាជធានីភ្នំពេញនៃប្រទេសកម្ពុជានៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ហើយត្រូវបានស្នើឱ្យទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បន្ទាប់ពីខាងក្រុមហ៊ុនទេសចរណ៍វៀតណាមបានជូនដំណឹងមក។ ក៏ប៉ុន្តែ ពេលទៅដល់មន្ទីរពេទ្យខ្មែរសូវៀត គឺមានតែបីនាក់ទេ ដែលយើងធ្វើតេស្ត ហើយស្ត្រីដែលមានផ្ទុកនោះបានប្រកែកមិនព្រមធ្វើតេស្ត ដោយសារគាត់អះអាងថា គាត់អត់មានបញ្ហាសុខភាព។ ប៉ុន្តែនៅពេលដែលនាវាបានទៅសំចតនៅខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមីនា ទើបមន្ទីរពេទ្យខ្មែរសូវៀត ប្រាប់ទៅមន្ទីរពេទ្យខេត្តកំពង់ចាមថា ចំាបាច់ត្រូវតែទំនាក់ទំនងសម្របសម្រួលយកសំណាកមើលបន្ថែមទៀត ដែលបង្ហាញលទ្ធផលវិជ្ជមាន។
បច្ចុប្បន្ននេះក្រសួងសុខាភិបាលកំពុងតែបន្តប្រមូលសំណាកពីអ្នកដំណើរដែលនៅសេសសល់ និង អ្នកបម្រើការ៣៤នាក់ នៅលើនាវានោះ ហើយមិនអនុញ្ញាតឱ្យពួកគេឡើងគោកទេ ក្រៅតែពីស្ត្រីអ្នកជំងឺជនជាតិអង់គ្លេសនោះ ដែលត្រូវដឹកតាមរថយន្តទៅមន្ទីរពេទ្យខេត្ត។ រីឯនាវានោះក៏នឹងត្រូវលាងសម្អាតសម្លាប់មេរោគផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង។
ក្រសួងសុខាភិបាលអះអាងថា អ្នកទេសចរទាំងនោះមិនបានចុះគោកដើរទាក់ទងនឹងពលរដ្ឋមូលដ្ឋាននៅកន្លែងដែលពួកគេទៅដល់នៅឡើយទេ។ ជនសង្ស័យដែលក្រសួងកំពុងតាមរក គឺ មានតែស្ត្រីអ្នកបកប្រែភាសាម្នាក់ នៅរាជធានីភ្នំពេញប៉ុណ្ណោះ។
ការដាក់ឱ្យនៅដោយឡែកនូវអ្នកដំណើរទេសចរនិងអ្នកបម្រើការលើនាវាលើកនេះ គឺខុសពីកាលពីខែមុន ដែលនៅពេលនោះរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍ធុនធំរបស់សហរដ្ឋអាមេរិកឈ្មោះ Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ បើទោះបីជាមានការព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩ក៏ដោយ។
ជំងឺកូវីដ១៩ បានឆ្លងទៅដល់មនុស្សជិត ១២០.០០០នាក់ នៅប្រទេសនិងដែនដីជាង ១០០ និងបានសម្លាប់អ្នកជំងឺអស់ជាង ៤.០០០នាក់ ដែលបណ្តាលឱ្យប្រទេសមួយចំនួនអនុវត្តវិធានការតឹងរ៉ឹងលើការធ្វើដំណើរអន្តរជាតិ និងការបង្ខំឱ្យអ្នកចូលប្រទេសត្រូវនៅដាច់ដោយឡែកពីគេរយៈពេលពីរសប្តាហ៍។ ប៉ុន្តែប្រទេសកម្ពុជាមិនអនុវត្តវិធានការតឹងរ៉ឹងទាំងនោះឡើយ។
លោក ម៉ម ប៊ុនហេង បានបន្ថែមទៀតថា៖ «សំខាន់បំផុតគឺប្រទេសកម្ពុជាយើង គឺជាប្រទេសដែលលើកទឹកចិត្តដល់ទំនាក់ទំនងអន្តរជាតិ ហើយសម្តែងនូវស្មារតីសាមគ្គីភាពគឺអត់មានការហាមឃាត់អ្វីទេ»។
រហូតមកដល់ពេលនេះសាលារៀនរដ្ឋនិងឯកជនចំនួនប្រមាណ១១០ នៅក្នុងក្រុងសៀមរាប ត្រូវបានផ្អាកដំណើរការបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ១៩ លើជនជាតិខ្មែរ នៅខេត្តសៀមរាបដោយសារមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងជនជាតិជប៉ុន។ ក្រសួងសុខាភិបាលបានយកសំណាកពលរដ្ឋនៅខេត្តសៀមរាបចំនួន៤០នាក់ មកពិនិត្យ ហើយចំនួន៣២នាក់ មានលទ្ធផលអវិជ្ជមាន នៅសល់តែ៨នាក់មិនទាន់ដឹងលទ្ធផលនៅឡើយទេ។នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល។
រដ្ឋាភិបាលកម្ពុជាក៏បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យអង្គរសង្រ្កាន្ត ទ្រង់ទ្រាយធំមួយនៅខេត្តសៀមរាប នៅខែមេសាខាងមុខនេះ។ កម្ពុជាបានត្រៀមថវិកាចំនួន៣០លានដុល្លារ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដនិងជំងឺឆ្លងដទៃទៀត៕