ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ថាការ​បង្ហោះ​វីដេអូ​​កុមារីសារភាព​កំហុស​ពី​ការ​ផ្ញើរ​​​សារ​កូវីដ១៩​​​​​​ប៉ះ​ពាល់​សិទ្ធិ​និង​ផ្លូវ​ចិត្ត​​​កុមា​រ


​វីដេអូ​ដែល​បង្ហោះ​ដោយ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បង្ហាញ​​​​​​​​អត្ត​សញ្ញាណ​កុមារី​​អាយុ​១៤​ឆ្នាំ​ម្នាក់​ និយាយ​សុំទោស ​ជា​សាធារណៈ​ពាក់ព័ន្ធ​នឹង​ការ​ចែក​ចាយ​ព័ត៌មានថា​មាន​​​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូវីដ-១៩​នៅ​ខេត្ត​កំពត។ ​

សមត្ថកិច្ច​ស្រុក​កំពង់​ត្រាច ​ខេត្ត​កំពតឃាត់​ខ្លួន​កុមារី​អាយុ​១៤​ឆ្នាំ​ម្នាក់ឲ្យ​ថ្លែង​សុំ​ទោស​តាម​រយៈ​វីដេអូជា​សាធារណៈ​ ពាក់ព័ន្ធ​នឹង​ការ​ចែក​ចាយសំឡេងសារតាម​បណ្តាញ​សង្គម​ថា​ ​មាន​មនុស្សស្លាប់​ដោយ​សារ​វីរុស​កូវីដ-​១៩។ ​នេះ​បើ​តាម​ការ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​នៅ​ថ្ងៃ​ព្រហស្បតិ៍។

ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​បាន​បង្ហោះ​វីដេអូ​មួយនៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ​នៅ​ថ្ងៃ​ទី​១២​ខែ​មីនា​នេះ ​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កំពង់​ត្រាចបាន​ចុះ​ឃាត់​ខ្លួន​កុមារី​អាយុ​១៤​ឆ្នាំ​ម្នាក់​ ដែល​សមត្ថកិច្ច​បានហៅ​កុមារី​នោះ​ថា​ជា​«ជន​សង្ស័យ»។ ​ក្នុង​វីដេអូ​នោះ​ សមត្ថកិច្ច​បានបង្ហាញ​ឈ្មោះ​ពេញ​ និង​បង្ហាញ​មុខ​កុមារី ដោយមាន​សមត្ថកិច្ច​ស្លៀកពាក់​ឯក​សណ្ឋាន​ប្រាប់​ឲ្យ​កុមារី​នោះ​និយាយ​សុំទោស​ និង​សារភាព​កំហុស​នៅ​ចំពោះ​មុខ​នាយក​សាលា​ និង​សិស្ស​ជាច្រើន​នាក់​ទៀតដែល​ឈរ​ក្នុង​បរិវេណ​សាលារៀន។​

ទំព័រ​ហ្វេសប៊ុក​របស់ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​ដដែល​បញ្ជាក់​ថា ​កុមារី​នោះ​ជា​សិស្ស​សាលា​ចិន​មួយ​ រស់នៅ​ភូមិ​កោះ​គ្រឹស្នា​ ឃុំ​ឫស្សី​ស្រុក​ខាង​លិច​ ស្រុក​កំពង់​ត្រាច ​ខេត្ត​កំពតពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​ព័ត៌មាន​តាម​ Messenger ​ថា​ នៅ​ខេត្ត​កំពតមាន​ឆ្លង​វីរុស​កូវីដ-១៩​ចំនួន​៣​នាក់​ ​និង​មាន​មនុស្ស​ស្លាប់​ចំនួន​៣​នាក់។​

កុមារី​ម្នាក់​នោះ​បាន​និយាយ​ក្នុង​វីដេអូ​ដែល​បង្ហោះ​ដោយស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ថា​ នាង​ទទួល​បាន​ព័ត៌មាន​ពី​គេ និងបាន​ផ្សាយ​បន្ត​ជា​សារ​សំឡេង ​តែ​មិន​ដឹង​ថា​ ​ សារ​សំឡេង​របស់​នាង​ត្រូវ​បាន​គេ​ចែក​ចាយ​បន្ត​ទៅ​ណា​នោះ​ទេ។​

ក្នុង​វីដេអូ​ដោយ​មាន​សមត្ថកិច្ច​ឈរ​ក្បែរ​ចាំ​ប្រាប់​ នាង​និយាយ​ថា៖​ «ខ្ញុំ​សូម​ផ្តែផ្តាំ​ទៅ​ប្រជាជន​ទាំងអស់​គ្នា ​ដែល​លេង​ក្នុង​បណ្តាញ​ Facebook ​គឺ​នៅ​ក្នុងសាលា​ហួរ​ឈៀវនេះ​អត់​មាន​វីរុស​កូរ៉ូណាកើត​ឡើង​ទេ ​អ៊ីចឹង​ហើយ​ចង់​ប្រាប់​ថា​ គឺ​នៅ​សាលា​នេះ​អត់​មាន​ទេ។​ ហើយ​កាលពី​ម្សិលមិញ​ អ៊ីចឹង​ហើយ​ខ្ញុំ​សុំ​ទោស​ដែល​ខ្ញុំ​និយាយ​គឺ​ព័ត៌មាន​នេះ​មិនពិត​ទេ​ តាំងពី​ម្សិល​មិញ​នេះ»។

ទំព័រ​ហ្វេសប៊ុក​របស់ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​បន្ថែម​ថា៖​ «ក្រោយ​ការ​សាក​សួរ​របស់​សមត្ថកិច្ច​ ​ជន​សង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​និយាយ​ Messenger ​ជា​សំឡេង​ និង​ចែក​ចាយ​ព័ត៌មាន​មិន​ពិត​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ពិត​ប្រាកដ​មែន។ ​ក្រោយ​ពី​សាកសួរ​ចប់​ ​សមត្ថកិច្ច​បាន​ធ្វើ​ការ​អប់រំ​ ណែនាំ ធ្វើ​កិច្ច​សន្យា​ជា​លាយ​លក្ខណ៍​អក្សរ​ និង​សុំទោស​ជា​សាធារណៈ​ ហើយ​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ»។​

លោក ​ម៉ៅ ច័ន្ទមធុរិទ្ធ ​ស្នងការ​នគរបាល​ខេត្ត​កំពត ​បាន​ប្រាប់​ VOA ​នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ថា​ ​អាជ្ញាធរ​បាន​ស្វែង​រក​ឃើញ​ក្មេងស្រី​ម្នាក់នោះ​តាម​រយៈ​សារ​សំឡេង​ដែល​ត្រូវ​បាន​ចែកចាយ​ក្នុងបណ្តាញ​សង្គម​ហ្វេសប៊ុក។​ លោក​បន្ត​ថា ​លោក​បាន​ឲ្យ​នាយក​សាលាកោះ​ហៅ​នាង​មកណែនាំ និង​សុំទោស​ជា​សាធារណៈ ​ដោយ​អះអាង​ថា​ ​ករណី​នេះ​ធ្វើ​ឲ្យប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សង្គម។​

លោក​បញ្ជាក់ថា៖​ «អ៊ីចឹង​យើង​អត់​មាន​បាន​ឃាត់​ខ្លួន​គាត់​ទេ។ ​យើង​គ្រាន់តែ​អញ្ជើញ​គាត់​មក ​យើង​បាន​ពន្យល់​ណែនាំ​គាត់​ ហើយ​គាត់​ធ្វើ​កិច្ច​សន្យា​អប់រំ​ យើង​បាន​ឲ្យ​គាត់​ទៅ​វិញ​ ពីព្រោះ​ក្មេងស្រី​ហ្នឹង​គាត់​អាយុ​១៤​ឆ្នាំ​ជា​អនីតិជន​ ណា៎»។

លោក​បាន​បន្ថែម​ថា​ វិធានការនេះ​មិន​ធ្វើ​ឲ្យប៉ះពាល់​ ឬ​ជា​ការ​ដាក់​សម្ពាធដល់​កុមារ​នោះ​ទេ។​

លោក​បាន​បន្តថា៖​ «ឲ្យ​សាធារណជន​គាត់​បាន​ជ្រាប​នោះ​ កុំ​ឲ្យ​គាត់​មាន​ការ​ព្រួយ​បារម្ភ​ បាទ។​ យើង​ចាត់​វិធានការ​ការពារ​គឺ​យើង​នៅ​ការពារ។ ​ក៏​ប៉ុន្តែ​ព័ត៌មាន​ដែល​មាន​អ្នក​ស្លាប់​នោះ​គឺ​មិនមាន​នោះ​ទេ។ ​អ៊ីចឹង​យើង​ត្រូវ​បង្ហោះ​ឲ្យ​គេ​បាន​យល់​ ​គេ​បាន​ដឹង កុំ​ឲ្យ​មាន​ចលាចល»។​

ក្រុម​អ្នក​ការពារ​សិទ្ធិ ​និង​អ្នក​ជំនាញ​ផ្នែក​ផ្លូវ​ចិត្ត​លើក​ឡើង​ថា​ ការ​ឃាត់​ខ្លួន​កុមារ​អាយុ​១៤​ឆ្នាំ ហើយ​ថត​វីដេអូ​បង្ហោះ​ជា​សាធារណៈ​ដោយ​បង្ហាញ​អត្ត​សញ្ញាណបែប​នេះ​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ ​និង​បញ្ហា​ផ្លូវ​ចិត្ត​របស់កុមារ។​

លោក​ អំ ​សំអាត ​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ លើក​ឡើង​ថា​ ​វិធានការ​របស់​សមត្ថកិច្ច​ជា​ការ​រំលោភ​សិទ្ធិ​របស់​កុមារ ​និង​ចង់​បង្ហាញ​ពី​ស្នាដៃ​របស់​សមត្ថកិច្ច​ជ្រុល​ហួស​ហេតុ។ លោក​បន្ថែម​ថា ​សមត្ថកិច្ច​គួរ​អញ្ជើញ​ឪពុក​ម្តាយ​របស់​កុមារី​រូប​នោះ​មក​ប្រាប់​ដើម្បី​ឲ្យ​ណែនាំ​កូននៅ​កន្លែង​មិន​មែន​សាធារណៈ​ និង​ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ប្រជា​ពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ចំណេះ​ដឹង ព្រម​ទាំងវិធីការ​ការពារវីរុស​កូវីដ-១៩​នេះ។​

លោក​ អំ ​សំអាត បញ្ជាក់ថា៖ «វីដេអូ​អ៊ីចឹង​គឺ​ហាក់​បីដូច​ចង់​បង្ហាញ​ស្នាដៃ ឬ​ក៏​ឲ្យ​ក្មេង​ហ្នឹងសារភាព​ជា​សាធារណៈ​ទៅ​វិញ ​ដែល​យើង​ត្រូវ​គិត​ថា ​តើ​អ្វីគាត់​និយាយ​ហ្នឹង​ត្រូវ​រកប្រើ​វិធី​យ៉ាង​ម៉េច ​ហើយ​ធ្វើ​នៅ​កន្លែង​ណា​ ដើម្បីចៀស​វាង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ក្មេងៗដទៃ ​ឬ​ក៏​ភាព​ភ័យ​ខ្លាច​សម្រាប់​គាត់​បន្ត​ទៀត»។​

ចំណែក​លោក​ ហឿ​ សេធុល​ ​អ្នក​ចិត្តវិទ្យា​ និង​ជា​ប្រធានសមាគម​អ្នក​ប្រឹក្សា​យោបល់​ និង​អប់រំ​ផ្លូវ​ចិត្ត​លើក​ឡើង​ថា ការ​បង្ហោះ​វីដេអូ​ និង​បង្ហាញ​មុខ​ក្មេងស្រីនៅ​ខាងមុខ​សិស្ស​ផ្សេង​ទៀត​លើ​បណ្តាញ​សង្គមគឺ​ជា​ការ​ដាក់​សម្ពាធ​ផ្នែក​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង។​

អ្នក​ជំនាញ​រូប​នេះ​ពន្យល់​ថា៖ «ចំណាត់ការ​ហ្នឹង ​សម្រាប់​បង​ វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក​ ហើយ​វា​ប៉ះពាល់​ដល់​សម្ពាធ​ផ្លូវចិត្ត​របស់​ក្មេង​ខ្លាំង។​ វា​អាច​ធ្វើ​ឲ្យ​ក្មេង​បោះបង់​ការ​សិក្សា​ចោល ​វា​អាច​ធ្វើ​ឲ្យ​ក្មេង​ខូច​អនាគត​ទៅ​ថ្ងៃ​ក្រោយ»។​

ក្នុង​វីដេអូ​ដែល​ជា​ឃ្លីប​សំឡេងកុមារី​ចែក​ចាយ​លើ​បណ្តាញ​សង្គម និង​ត្រូវ​បាន​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ «ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត»​ កុមារី​រូប​នោះ​បាន​រៀបរាប់​ឈ្មោះ ​ទី​លំនៅ​របស់​ខ្លួន ​និង​ប្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​កំពត​ការពារ​ខ្លួន​ពី​ករណី​នេះ។​ នាង​និយាយ​ថា៖​

«នៅ​សាលា​រៀន​ចិនហួរ​ឈៀវ​ខ្ញុំ​នេះ​គឺ​មាន​អ្នក​កើត​ជំងឺ​កូរ៉ូណា​បី​នាក់​ហើយ ហើយ​ស្ថិត​នៅ​ខេត្ត​កំពត។​ អ៊ីចឹង​ហើយ​ខ្ញុំ​សុំ​ផ្តាំ​ទៅ​អ្នក​ខេត្ត​កំពត​ទាំងអស់​គ្នាជួយ​ពាក់​ម៉ាស​ ពាក់​អី​ឲ្យ​បាន​សម​ស្រប​ផង​គឺ​ជំងឺ​នេះ​កើត​មក​ដល់​ខេត្ត​កំពត​ហើយ។​ នៅភូមិ​ដែល​ខ្ញុំ​រស់​នៅ​នេះ​គឺស្លាប់​បី​នាក់​ហើយ។ អ៊ីចឹង​ហើយ​នៅ​ខេត្ត​កំពត​វា​ឆ្លង​ភូមិ​មួយ។ ​អ៊ីចឹង​វា​អាច​ឆ្លង​ទៅ​ភូមិ​ផ្សេងៗ​ទៀត​បាន។​ អ៊ីចឹង​អ្នក​ខេត្ត​កំពត​ទាំង​អស់​គ្នា​សូម​ការពារ​ណា៎ ​សូម​អរគុណ»។

នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃប្រាប់ ​VOA ​ថា ​ការ​អនុវត្តវិធាន​ការ​របស់​សមត្ថកិច្ច​ទៅ​លើ​កុមារ​អាយុ​១៤​ឆ្នាំ ហើយ​ផ្តល់​ប្រយោជន៍​ដល់​សង្គមគឺ​អាច​ធ្វើ​ទៅ​បាន។

​លោក​បន្ត​ថា ​ក្រុម​ការងារ​នឹង​ពិភាក្សា​លើ​ការ​ដក​ពិសោធន៍​នេះ​ សម្រាប់​ការ​អនុវត្ត​ពេល​ក្រោយ៖ «បើ​យើង​ធ្វើ​ទៅ​ ​បានផល​ប្រយោជន៍​ដល់​សង្គម​ជាតិ​ទៅ​វា​មិន​អី​ទេ។ ​វា​ខ្វះ​មួយ​វា​លើស​មួយ។​ វា​ធម្មតា​ទេ។​ វា​មិន​អាច​ Perfect ​[ល្អ​ឥត​ខ្ចោះ​] មួយ​រយ​ភាគ​រយ​ទេ​ក្មួយ»។

នៅសប្តាហ៍​នេះ ​មន្ត្រី​នគរបាលរាជធានី​ភ្នំពេញ​ និង​ខេត្ត​សៀមរាបបាន​ចាប់​ខ្លួន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ពីរ​នាក់​ ដោយ​ចោទ​ពួក​គេ​ថា​ ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយពាក់​ព័ន្ធ​ទៅ​នឹង​ការ​ឆ្លង​មេរោគ​កូរ៉ូណា​វីរុស​ ឬ​ covid-19។​

លោក ​ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ប្រាប់ ​VOA ​ថា​ ​ក្នុង​ទិដ្ឋភាព​សិទ្ធិ​មនុស្ស​ ការ​លើក​ឡើង​របស់​អ្នក​សិទ្ធិ​មនុស្ស ​និង​អ្នក​ជំនាញ​ផ្លូវ​ចិត្ត​គឺ​ត្រឹម​ត្រូវ​មួយ​ផ្នែក ​ប៉ុន្តែ​លោក​ថា ​ សមត្ថកិច្ច​ផ្អែក​លើ​សន្តិសុខ ​និង​សុវត្ថិភាព​ប្រជា​ពលរដ្ឋ​ ក្នុង​គោល​បំណងទប់​ស្កាត់​ការ​បង្ក​ចលាចល​ក្នុង​សង្គម។​

«ដោយ​ផ្អែក​ទៅ​លើ​ប្រយោជន៍​សាធារណៈ​ជា​រួម ​បាន​ន័យ​ថា​ ​ ការ​បង្ហាញ​រូបភាព ​ខ្លឹម​សារ​បែប​នេះ​គឺជា​ការ​អប់រំ​ដល់​យុវជន​ផ្សេងៗ​ទៀតកុំ​ឲ្យ​ប្រព្រឹត្ត​នូវ​ទង្វើ​ដែល​ជា​ការ​បំពាន​ច្បាប់​បែប​នេះ។ ​អ៊ីចឹង​បើ​ផ្អែក​ទៅ​លើ​ទិដ្ឋភាព​សិទ្ធិ ​ទិដ្ឋភាព​សន្តិសុខ​សង្គមជារួម ​និងប្រយោជន៍​សាធារណៈ​គឺ​សកម្មភាព​បែប​នេះ​អាច​ទទួល​យក​បាន»។​

លោក ​ជិន ម៉ាលីន​ បាន​ប្រាប់ ​VOA ​កាល​ពីថ្ងៃ​ពុធ​ថា​ លោក​ អង្គ វង្ស​វឌ្ឍនា ​រដ្ឋមន្ត្រី​ក្រសួង​យុតិ្តធម៌​ បាន​ណែ​នាំ​ឲ្យ​ព្រះ​រាជ​អាជ្ញា​ទូទាំង​ប្រទេសចាត់​វិធាន​ការ​ច្បាប់​ប្រឆាំង​នឹង​បុគ្គល​ណា​ដែល​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្លែងកា្លយ​ ទាក់​ទិន​ការ​ឆ្លង​វីរុស​ Covid-19។​

លោក ​អំ សំអាត​ មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស លើក​ឡើង​ថា​ វិធាន​ការ​របស់​រដ្ឋាភិបាល​មាន​ភាព​ហួស​ហេតុ ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ ​និង​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ។ ​លោក​បន្ថែម​ថា​ រដ្ឋាភិបាល​គួរ​បង្កើន​ការ​អប់រំ​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​ដឹង​ពី​មេរោគ ​និង​ព័ត៌មាន​ក្លែង​ក្លាយ ​ជា​ជាង​ការ​ចាត់​វិធានការ​ដោយ​ការ​ដាក់​ទោស៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG