ប្រធានអង្គការសង្គមស៊ីវិល បុគ្គលិកនិងនិស្សិតចំនួន៣៩នាក់បានស្ម័គ្រចិត្តប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនជាសាធារណៈក្នុងកម្មវិធីដើម្បីតម្លាភាពប្រឆាំងនឹងអំពើពុករលួយឈ្មោះ «ការប្រកាសទ្រព្យសម្បតិ្តតាមអ៊ីនធឺណិតដោយស្ម័គ្រចិត្ត» ឬជាភាសាអង់គ្លេសថា Voluntarily Income and Asset Declaration Online (VIADO)។ នេះបើយោងតាមលោក គួយ មាសសំណាង ប្រធានអង្គការគណនេយ្យភាពកម្ពុជា។
ថ្លែងទៅកាន់អ្នកចូលរួមជាង៥០នាក់នៅក្នុងសន្និសីទនៅថ្ងៃច័ន្ទនេះនៅវិទ្យាស្ថាន Development Innovation របស់អង្គការជំនួយស.រ.អា.សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) លោក គួយ មាសសំណាង និយាយថា ការប្រកាសទ្រព្យសម្បត្តិនេះផ្តល់ឱកាសសម្រាប់អ្នកដឹកនាំនៃអង្គការសង្គមស៊ីវិលបង្ហាញពីសុចរិតភាពនៃការដឹកនាំរបស់ខ្លួន ដើម្បីជាគំរូដល់អ្នកដឹកនាំ អង្គការសង្គមស៊ីវិលដទៃទៀតឲ្យអនុវត្តការប្រកាសទ្រព្យសម្បត្តិតាមអ៊ីនធឺណិតដោយស្ម័គ្រចិត្តនេះ។
«ការបង្កើនភាពស្អាតស្អំរបស់យើងហ្នឹងគឺតាមរយៈការបង្ហាញទ្រព្យសម្បត្តិរបស់យើងថា យើងគ្រប់គ្រងគឺអត់មានការកេងប្រវ័ញ្ចទ្រព្យផ្សេងៗពីអង្គការជំនួយផ្សេងៗនោះទេបាទ»។
លោក គួយ មាសសំណាង ឲ្យដឹងថា លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាគឺជាអ្នកប្រកាសទ្រព្យសម្បត្តិទីមួយក្នុងចំណោមអ្នកស្ម័គ្រចិត្តប្រកាសទ្រព្យសម្បត្តិដំបូងគេ។
លោក ឆាំង យុ ដែលមិនបានដឹងខ្លួនថា លោកជាអ្នកស្ម័គ្រចិត្តទីមួយនោះ ប្រាប់ VOA ថា លោកស្ម័គ្រចិត្តប្រកាសទ្រព្យសម្បត្តិដោយមិនអល់អែក ព្រោះលោកយល់ថា ជាកាតព្វកិច្ចរបស់អ្នកធ្វើការបម្រើសង្គម។
«ការបង្ហាញពីតម្លាភាពគឺវាជួយដល់ការអភិវឌ្ឍសង្គមដែលប្រេះស្រាំហ្នឹងឲ្យឈានដល់ការអភិវឌ្ឍ។ ហើយខ្ញុំគិតថា នេះជាកិច្ចការតូចតាច មិនធ្ងន់ធ្ងរ មិនចំណាយពេលច្រើន ហើយបានផលវិជ្ជមានច្រើន បានការទុកចិត្តពីប្រជាជនដើម្បីធ្វើការឲ្យមានប្រសិទ្ធភាពបាទ»។
លោកប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបន្តថា បើទោះជាចំណាយពេលច្រើនជាងនេះក៏លោកនៅតែធ្វើដែរ ហើយលោកធ្វើដូច្នេះដោយមិនគិតថា វាជាហេតុផលសុំថវិកាពីម្ចាស់ជំនួយទេ។ លោកនិយាយថា ការអភិវឌ្ឍជាតិចេញពីតម្លាភាពរបស់បុគ្គលម្នាក់ដែលដឹកនាំសង្គម។
«បើនិយាយឲ្យចំទៅ សម្រាប់ជាបុគ្គលធ្វើការក្នុងសង្គមស៊ីវិលក្តី នៅក្នុងរដ្ឋក្តី នេះគួរជាលក្ខខណ្ឌមួយសម្រាប់ទាំងអស់គ្នាបាទ»។
លោក គួយ មាសសំណាង ប្រធានអង្គការគណនេយ្យភាពកម្ពុជា និយាយថា នៅពេលការបោះឆ្នោតជិតមកដល់ ការប្រកាសទ្រព្យសម្បត្តិរបស់អ្នកនយោបាយតាមគំរូរបស់សង្គមស៊ីវិលនេះនឹងអាចជួយទាក់ទាញសន្លឹកឆ្នោតផងដែរ។
«គណបក្សនយោបាយណាក៏ដោយ បើគាត់អាចបង្ហាញឆន្ទៈរបស់គាត់ ក្នុងការប្រកាសទ្រព្យសម្បត្តិជាសាធារណៈហ្នឹង ខ្ញុំគិតថា គាត់នឹងទទួលបានប្រជាប្រិយភាពពីប្រជាពលរដ្ឋ»។
លោកនិយាយថា ការប្រកាសទ្រព្យសម្បត្តិជាអសាធារណៈក្នុងសំបុត្របិទជិតដូចដែលមន្ត្រីរដ្ឋាភិបាល និងអ្នកនយោបាយធ្វើកន្លងមកនោះ មិនអាចទាក់ទាញទំនុកចិត្តពីពលរដ្ឋទេ។
លោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលភ្នំពេញ ដែលបានចូលរួមក្នុងសន្និសីទស្តីពីការប្រកាសទ្រព្យសម្បតិ្តដោយស្ម័គ្រចិត្តនេះ បានប្រាប់អ្នកយកព័ត៌មានថា តាមបំណងរបស់លោក បើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនៅឆ្នាំ២០១៨ មន្ត្រីដែលកាន់តំណែងរដ្ឋាភិបាលត្រូវប្រកាសទ្រព្យសម្បត្តិដូចសង្គមស៊ីវិលបានធ្វើ គឺផ្ទុយពីការប្រកាសរបស់មន្ត្រី និងអ្នកនយោបាយបច្ចុប្បន្នដែលគ្រាន់តែបញ្ចូនសំបុត្រទៅអង្គភាពប្រឆាំងអំពីពុករលួយ ហើយបិទជិតជាការណ៍សម្ងាត់នោះទេ។ លោកនិយាយថា ដោយសារវាជាគោលការណ៍ស្ម័គ្រចិត្ត ដូច្នេះគណបក្សត្រូវមានការព្រមព្រៀងគ្នាដូរគោលការណ៍នេះ។
«យើងចង់កែទម្រង់បញ្ហាអំពើពុករលួយហ្នឹង យើងត្រូវរៀបចំគោលការណ៍ថ្មី ហើយត្រូវមានកំណត់ពេលវេលាមួយឲ្យឯកភាពគ្នា ពីព្រោះយើងគណបក្សមិនអាចធ្វើតាមការស្ម័គ្ររបស់ម្នាក់ ពីរនាក់ ហើយបួនដប់នាក់ទៀតអត់ស្ម័គ្រ។ វាអត់អញ្ចឹងទេ»។
នៅពេល VOA សួរថា ហេតុអ្វីមិនប្រកាសមុនបោះឆ្នោត លោកនិយាយថា៖
«នៅជាគណបក្សអញ្ចឹងមិនអាចមិនទាន់មានចំណុចដែលអាចទទួលអំពើពុករលួយហ្នឹងបាន ព្រោះយើងមិនទាន់មានអំណាចក្នុងដៃ។ យើងអត់ទាន់មានទទួលថវិកាសាធារណៈ អាចនឹងកេងយកប្រយោជន៍បាន។ វាអត់ទាន់មាន!»
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានពន្យល់ថា ប្រទេសកម្ពុជាជានីតិរដ្ឋ ហើយព័ត៌មានចែកជាបីធំៗគឺព័ត៌មានសាធារណៈ ព័ត៌មានរដ្ឋ និងព័ត៌មានឯកជន។ នីតិរដ្ឋត្រូវថ្លឹងថ្លែងតុល្យភាពរវាងព័ត៌មានទាំងបីនេះ។
«ការប្រកាសទ្រព្យសម្បត្តិជាព័ត៌មានរបស់ឯកជន ដែលពាក់ព័ន្ធនឹងច្បាប់ប្រឆាំងអំពើពុករលួយ។ ការប្រកាសហ្នឹងគឺជាការស្ម័គ្រចិត្ត ហើយប្រកាសហ្នឹងទុកជាការសម្ងាត់ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។ ល្គឹកណាមានការប្តឹងផ្តល់ ល្គឹកណាមានការតម្រូវឲ្យបើក បានគេបើក។ ដូច្នេះគេធានាសុចរិតភាពរបស់បុគ្គល ដែលជាព័ត៌មានឯកជនសុទ្ធសាធ ដោយស្ម័គ្រចិត្តប្រកាសទ្រព្យខ្លួនឯង»។
លោករដ្ឋលេខាធិការបានព្រមានថា ការប្រកាសអំពីទ្រព្យសម្បត្តិជាសាធារណៈអាចនាំគ្រោះថ្នាក់ដល់សាម៉ីខ្លួន។ លោកបន្តថា កន្លងមកមានភរិយារបស់មន្ត្រីម្នាក់ត្រូវចោរប្លន់សម្លាប់ដោយសារការផ្សព្វផ្សាយព័ត៌មានដែលថា មន្ត្រីរូបនោះមានលុយច្រើនបានពីអំពើពុករលួយ ដែលជាព័ត៌មានមិនអាចយកជាការណ៍បាន។
លោករដ្ឋលេខាធិការបន្ថែមថា លោកមិនជំទាស់ទេចំពោះអ្នកស្ម័គ្រចិត្តប្រកាសព័ត៌មានឯកជនរបស់ខ្លួន តែគេមិនអាចបង្ខំ ឬបញ្ចេញទស្សនៈបំពានអ្នកដែលការពារសិទ្ធរក្សាព័ត៌មានឯកជនរបស់គេ ដែលមានសុចរិតភាព និងមិនមានបាតុភាពនោះទេ។
ក្រៅពីលោក ឆាំង យុ នៅមានប្រធានអង្គការ បុគ្គលិក និងនិស្សិតដែលប្រកាសទ្រព្យរបស់ខ្លួន ហើយខ្លះមានត្រឹមតែម៉ូតូមួយគ្រឿងនិងកំព្យូទ័រមួយគ្រឿងដែលម្តាយទិញឲ្យ ដូចជានិស្សិតកែវ ចាន់សួគ៌។
«នៅពេលដែលខ្ញុំអត់មានអីសោះ ហើយនៅពេលខ្ញុំមានប្រាក់ខែ ហើយខ្ញុំបង្ហាញភាពស្អាតស្អំរបស់ខ្ញុំពីសូន្យ»។
ក្នុងសន្និសីទស្តីពីការប្រកាសទ្រព្យសម្បតិ្តដោយស្ម័គ្រចិត្តរបស់អ្នកដឹកនាំ បុគ្គលិកអង្គការសង្គមស៊ីវិល និងនិស្សិត នេះមានការចាក់វីដេអូអំពីការប្រកាសទ្យព្យសម្បត្តិរបស់ប្រធានាធិបតីស.រ.អា.ផងដែរ ជាពិសេសប្រកាសទ្រព្យសម្បត្តិរបស់លោកប្រធានាធិបតីស.រ.អា.បារ៉ាក់ អូបាម៉ា៕