ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ​គាំទ្រ​គំនិត​លោក ​ហ៊ុន សែន ​ឱ្យ​ប្តូរ​មេ​ក្រសួង​អសមត្ថភាព


រូបឯកសារ៖ លោក​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (ឆ្វេង) និង​លោកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក ហ៊ុន សែន បាន​ចូលរួម​ទិវា​ខួប​៣៧ឆ្នាំ​នៃ​ការ​ដួលរលំ​នៃ​របប​ខ្មែរ​ក្រហម នៅ​ទីស្នាក់​ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជានៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែ​មករា ឆ្នាំ​២០១៦។ (AP/ហេង ស៊ីនិត)

អ្នក​ជំនាញ​លើ​ផ្នែក​​អភិបាលកិច្ច​ថ្លែង​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ចាប់​ផ្តើម​ធ្វើការ​ផ្លាស់ប្តូរ​ជា​បន្ទាន់​នូវ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​នៅក្នុង​ក្រសួង​នានា​ ដែល​គ្រប់​គ្រង​ដោយ​រដ្ឋមន្ត្រី​វ័យ​ចំណាស់​ សម្រាប់​កំណែ​ទម្រង់​ដ៏​វិជ្ជមាន​ ដើម្បី​ពន្លឿន​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា។

អ្នក​ជំនាញ​លើ​ផ្នែកអភិបាលកិច្ច​ថ្លែង​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ចាប់​ផ្តើម​ធ្វើការ​ផ្លាស់ប្តូរ​ជា​បន្ទាន់​នូវ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​នៅក្នុង​ក្រសួង​នានា​ ដែល​គ្រប់​គ្រង​ដោយ​រដ្ឋមន្ត្រី​វ័យ​ចំណាស់​ សម្រាប់​កំណែ​ទម្រង់​ដ៏​វិជ្ជមាន​ ដើម្បី​ពន្លឿន​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា។

ពួក​គេថា​ ពេល​វេលា​ផ្តល់​ជូន​មន្ត្រី​រដ្ឋាភិបាល​សម្រាប់​ការ​«ងូត​ទឹក​ ឆ្លុះកញ្ចក់​ និង​ដុះក្អែល»​ គឺ​ល្មម​គ្រប់​គ្រាន់​ហើយ។ ដូច្នេះ​ ពេល​នេះ​ប្រ​មុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ត្រូវ​ហ៊ាន​អារកាត់​ ដោះដូរ​ថ្នាក់​ដឹកនាំ​ និង​មន្ត្រី ​ដែល​អសកម្ម​ក្នុង​ការ​ចូលរួម​ចំណែក​ដល់​កំណែ​ទម្រង់​ស្ថាប័ន​ដែល​ខ្លួន​គ្រប់​គ្រង។

ការថ្លែង​របស់​ពួក​គេ​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​នាយក​រដ្ឋម​ន្ត្រី​ ហ៊ុន សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៣០​ឆ្នាំ​ បាន​ឲ្យ​ដឹង​ពី​ចេតនា​របស់​លោក​ ក្នុង​ការ​រុះរើ​គណៈ​រដ្ឋមន្ត្រី​ នៅ​ពេល​លោក​ធ្វើ​ជា​អធិបតីភាព​នៃ​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ធ្វើឡើង​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍។

លោក ព្រាប កុល នាយកប្រតិបត្តិនៃ​អង្គការតម្លាភាពកម្ពុជាចូល​រួម​ពិភាក្សា​អំពី​«តើយុវជន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ឆ្លង​ជំងឺ​ពុករលួយ​ដែរ​ឬ​ទេ?‍» នៅ​ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​អំពី​ការ​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃព្រហស្បតិ៍​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
លោក ព្រាប កុល នាយកប្រតិបត្តិនៃ​អង្គការតម្លាភាពកម្ពុជាចូល​រួម​ពិភាក្សា​អំពី​«តើយុវជន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ឆ្លង​ជំងឺ​ពុករលួយ​ដែរ​ឬ​ទេ?‍» នៅ​ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​អំពី​ការ​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃព្រហស្បតិ៍​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

លោក​ ព្រាប​ កុល​ នាយក​ប្រតិបតិ្ត​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា​ បាន​មាន​ប្រសាសន៍​ប្រាប់ VOA ថា​ រដ្ឋាភិបាល​កម្ពុជា​ កំពុងស្ថិត​ក្នុង​ដំណាក់​កាល​ ដែល​ត្រូវ​ធ្វើការ​ស្តារ​រចនា​សម្ព័ន្ធ​របស់​ក្រសួង ​ដែល​នៅ​មាន​ភាព​យឺតយ៉ាវ​ក្នុង​កិច្ច​ការ​កំណែ​ទម្រង់​សកម្មភាព​ការងារ​របស់​ខ្លួន។​ លោក​ថា​ ដំណាក់​កាល​នេះ​ជា​ដំណាក់​កាល​វះកាត់​ព្យាបាល ព្រោះ​ពេល​វេលា​សម្រាប់​ការ​មុជ​ទឹក​ ឆ្លុះ​កញ្ចក់​ ដុះ​ក្អែល​របស់​ថ្នាក់​ដឹកនាំ​ ឬ​មន្ត្រី​នៃ​ក្រសួង​នីមួយៗ​ គឺ​ផុតកំណត់​បាត់​ទៅ​ហើយ។

«ខ្ញុំថា​ ពេល​វេលា​ដែល​ត្រូវ​វះកាត់​ ហ្នឹង​គឺ​គួរ​តែ​មក​ដល់​ហើយ​ តាម​ពិត​គួរ​តែ​មកដល់​យូរ​ហើយ។​ ហើយ​ស្ថាប័ន​មួយ​ចំនួន​ដែល​យើង​ឃើញ​មិន​ទៅមុខ​ហ្នឹង​គឺ​មាន​ គួរ​តែ​មាន​ការ​ត្រួត​ពិនិត្យ​មើល​ ហើយ​ធ្វើ​ការ​វាយ​តម្លៃ​ពី​ គេ​ហៅ​ថា​ performance ​ ការ​អនុវត្ត​របស់​គាត់​មើល​ថា​ មូលហេតុ​អ្វី​បាន​ជា​មិន​ទៅមុខ​ ដោយសារ​សមត្ថភាព​ ដោយ​សារ​បញ្ហា​អ្វី ​ដែល​នាំ​ឲ្យ​មិន​ដំណើរ​ការ​ទៅមុខ​បាន»។

នៅ​ក្នុង​ការ​ថ្លែង​របស់​លោក​ ដែល​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​មួយ​របស់​ក្រសួង​មហាផ្ទៃ​ លោក​ ហ៊ុន​ សែន ​បាន​ឲ្យ​ដឹង​ថា​ លោក​មើល​ឃើញ​នូវ​ភាព​យ៉ាប់​យ៉ឺន​របស់​ក្រសួង​មួយ​ចំនួន​ ដោយ​ក្នុង​នោះ​ លោក​បាន​សំដៅ​ចំៗ​ ទៅ​លើក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន។​ លោក​បាន​មាន​ប្រសាសន៍​ផ្តល់​កម្រិត​របស់​ក្រសួង​នេះ​ថា​ កំពុង​ឈរ​នៅ​ក​ម្រិត​ F​ ជា​ចំណាត់​ថ្នាក់​អន់​បំផុត។​

«ថ្ងៃ​មិញ​ អង្គុយ​ស៊ី​បាយ​ ខ្ញុំ​រាប់​ចំណាត់​ថ្នាក់។​ ក្រសួង​ណា​ស្ថិត​នៅ​ក្នុង​ គេ​ហៅ​ថា​ អាដែង​នែ៎​ចំណាត់​ថា្នក់ A ​អាណា​ B​អាណា C ​មាន​អា​ក្រសួង​ដល់​ F ​នោះ។ អា F ​នោះ​គឺ​ ថា​ក្រសួង​សាធារណការ​តែ​ម្តង»។

ភ្លាមៗ​បន្ទាប់​ពី​ការ​ដាក់​ចំណាត់​ថ្នាក់​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ថ្លែង​ថា​ ការ​ស៊ុំ​គ្រលុំ​ លាក់​លៀម​ កិច្ចការ​នៅ​ក្នុង​ក្រសួង​មួយ​ចំនួន​ ដែល​ធ្វើឲ្យ​ខូច​ការងារ​ប្រចាំ​ថ្ងៃ​ បាន​បង្ខំ​ឲ្យ​លោក​ ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​រុះរើ​គណៈរដ្ឋមន្ត្រី​របស់​លោក។

«វា​ដល់​ពេល​ហើយ​ណ៎ា​ ព្រោះ​ទុក​ពេល​ឲ្យ​វា​ប៉ុន្មាន​ឆ្នាំ​ហើយ។​ មុជទឹក​ នែ៎ ឆ្លុះ​កញ្ចក់ មុជទឹក​ ដុស​ក្អែល។​ ឥឡូវ​ដល់​ដំណាក់​កាល​ព្យាបាល​ជំងឺ​ហើយ។ ខ្ញុំ​កំពុង​តែ​គិត​ ថា​តើ​ខ្ញុំ​នឹង​ដោះ​ដូរ​គណៈរដ្ឋមន្ត្រី​នៅ​ក្នុង​ឆ្នាំ​នេះ​ ឬ​ទេ។​ ខ្ញុំ​កំពុង​តែ​គិត​ ព្រោះ​បើ​ទុក​ម្លឹងៗ​ គឺ​មិន​កើត​ទេ។ វា​ងាប់​ខ្ញុំ។ អាពាក្យ​គ្នា​ឯង​ គ្នាឯងៗ​ អា​ហ្នឹង​ គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​ទៀត​ហើយ។ ចេះ​តែ​យោគយល់​ទៅ ចេះ​តែ​យោគយល់​ទៅ​ សណ្តោង​ទៅអី​ផង​ អីផង​ទៅ។​ ខ្ញុំ​កំពុង​តែ​គិត​ម៉ោង​នេះ​ តើ​ខ្ញុំ​នឹង​ផ្លាស់​ប្តូរ​ នៅ​ក្នុង​ឆ្នាំ​នេះ ​ឬ​អត់​ ព្រោះ​វា​លំបាក​ខ្ញុំ​ដែរ»។

ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចំពោះ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​នេះ​ កើត​មាន​បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​ថា​ រថយន្ត​ធុនធ្ងន់​មួយ​គ្រឿង​ដឹកអង្ករ​ទម្ងន់​ជាង​ ៧០​តោន​ បាន​ធ្វើ​ឲ្យ​ខូច​ស្ពាន​អ្នក​លឿង​ ដែល​ជា​ជំនួយ​ពី​ប្រទេស​ជប៉ុន​ និង​បាន​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពីខែ​មេសា​ ឆ្នាំ​២០១៥។ ​មន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ពុំបាន​រួសរាន់​ដោះស្រាយ​បញ្ហា​នេះ​ទេ​ តែ​បែរជា​លោក​ ស​ ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ចេញ​បទបញ្ជា​តាម​ចាប់​ម្ចាស់​រថយន្ត​នោះ​ទៅវិញ។

លោក​ សន​ ជ័យ ​តំណាង​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ីបូព៌ា​ និង​ប៉ាស៊ីហ្វិក ប្រចាំ​នៅ​កម្ពុជា យល់​ស្រប​ថា​ ការដោះ​ដូរ​មួយ​ គឺ​ត្រូវតែ​ធ្វើឡើង​សម្រាប់​ពង្រឹង​គុណភាព​សេវា​សាធារណៈ។​ តែ​លោក​ថា​ បើ​ប្តូរ​មនុស្ស គឺ​ត្រូវ​ប្តូរ​ប្រព័ន្ធ​នៃការ​អនុវត្ត​ការងារ​ផងដែរ ​ហើយ​គ្រប់​ស្ថាប័ន​រដ្ឋ​ទាំងអស់​ត្រូវ​បើក​ទូលាយ​ឲ្យ​មាន​ការ​ចូលរួម​ពី​អង្គការសង្គម​ស៊ីវិល​ និង​សាធារណៈ​ក្នុង​ការ​បញ្ចេញ​មតិ​ និង​រិៈគន់​ដើម្បី​ស្ថាបនា​ចំណុច​ខ្វះខាត​ ដែល​បាន​កើត​ឡើង​ និង​កំពុង​កើត​នៅ​ក្នុង​កិច្ចការ​គ្រប់​គ្រង​ និង​ប្រតិបតិ្ត​ការងារ​របស់​ស្ថាប័ន​ ឬ​ក្រសួង​រដ្ឋ​នីមួយៗ។

«ខ្ញុំ​នៅ​តែ​មើល​ឃើញ​ថា​ ការ​បើក​ចំហរ​ព័ត៌មាន​ ការ​បើ​កទូលាយ​ឲ្យ​មាន​ការ​ចូលរួម​តាមដាន​វាយ​តម្លៃ​ ឥរិយាបថ​ និង​ការ​ចំណាយ​សាធារណៈ​របស់​ស្ថាប័ន​រដ្ឋ​នីមួយៗ​ ពី​ថ្នាក់​ជាតិ​ដល់​ថា្នក់​ក្រោម​ហ្នឹង​គឺ​ជា​អ្វី​ដែល​ចាំបាច់​ទើប​អាច​ស្រោចស្រង់​នូវ​ភាព​អសកម្ម​ទាំងឡាយ​ហ្នឹង​បាន»។

លោក​ សន​ ជ័យ​ ក៏​បាន​បញ្ជាក់​ផងដែរ​ថា​ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ គឺ​ស្ថិត​នៅ​ក្នុង​ក្រសួង​ដែល​ត្រូវការ​សើរើ​របៀបរបប​គ្រប់​គ្រង​ និង​ពិនិត្យ​ឡើង​វិញ ​លើ​ការ​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​ ពីព្រោះ​ថា​ តាម​ការ​សង្កេត​លើ​ការ​កសាង​ និង​ការ​ថែរក្សា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​នានា ក្រសួង​នេះ​ នៅ​ពុំ​ទាន់​អាច​បំពេញ​កិច្ចការ​ឲ្យបាន​ប្រសើរ​នៅ​ឡើយ​ទេ​ ដោយ​ហេតុ​ថា​ ផ្លូវ​ដែល​ធ្វើ​ហើយ​មួយ​ចំនួន​គ្មាន​គុណភាព​ និង​ឆាប់​ខូច​ទៅ​វិញ។​ លើស​ពីនេះ​ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ ក៏​ខកខាន​មិន​បាន​ផ្តល់​សេវា​សាធារណៈ​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ​ ដូច​ជា​ការបង់​ពន្ធ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​ជាដើម។

លោក​ វ៉ា ស៊ីមសូរិយា​ អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ បាន​សុំ​មិន​ធ្វើ​ការ​អធិប្បាយ​ចំពោះ​ប្រតិកម្ម​របស់​លោក​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។ ​លោក​ថ្លែង​ថា​ មន្ត្រី​របស់​ក្រសួង​បាន​ខិតខំ​បំពេញ​ការងារ​របស់​ខ្លួន​ច្រើន​រួច​ទៅហើយ ក្នុង​ការ​កសាង​ និង​ថែរក្សា​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់។

អ្នក​ជំនាញ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ធ្លាប់​ឲ្យ​ដឹងថា​ ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិ​បាល​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​ និង​គ្រប់​គ្រាន់​នៅ​ឡើយ​នោះ​ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​នៅ​ស្ថិត​ជា​ប្រទេស​ពុក​រលួយ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក។

យោង​ទៅ​តាម​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​អំពី​អំពើ​ពុករលួយ​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ កាលពី​ចុង​ខែ​មករា​កន្លងទៅ​នេះ បង្ហាញ​ថា​ ប្រទេស​កម្ពុជា​ទទួល​បាន​ពិន្ទុ​២១ និង​មាន​ចំណាត់​ថ្នាក់​១៥០​ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៦៨។​ នៅឆ្នាំ​២០១៤​កន្លង​ទៅ​ ប្រទេស​កម្ពុជា​ក៏​ទទួល​បាន​ពិន្ទុ​២១​ដែរ​ និង​មាន​ចំណាត់​ថ្នាក់​១៥៦​ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៧៥។ពិន្ទុ​២១​នេះ​ជា​ការ​កំណត់​ថា​ ប្រទេស​កម្ពុជា​នៅ​តែ​ជា​ប្រទេស​មួយ ​ដែល​មាន​កម្រិត​អំពើ​ពុក​រលួយ​ខ្ពស់​បំផុត។

រូបឯកសារ៖ លោក​បណ្ឌិត​ កែម​ ឡី​ អ្នក​វិភាគ​សង្គមឯករាជ្យ​ និង​ជា​វា​គ្មិន​ក្នុង​វេទិកា​សាធារណៈនេះ ​កំពុង​ពិភាក្សា​លើ​ប្រ​ធាន​បទអំពី​ បញ្ហា​ប្រឈម​នានា​ក្នុង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​អនុ​តំបន់ទន្លេ​មេគង្គ។ (នូវ ពៅលក្ខិណា/VOA)​
រូបឯកសារ៖ លោក​បណ្ឌិត​ កែម​ ឡី​ អ្នក​វិភាគ​សង្គមឯករាជ្យ​ និង​ជា​វា​គ្មិន​ក្នុង​វេទិកា​សាធារណៈនេះ ​កំពុង​ពិភាក្សា​លើ​ប្រ​ធាន​បទអំពី​ បញ្ហា​ប្រឈម​នានា​ក្នុង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​អនុ​តំបន់ទន្លេ​មេគង្គ។ (នូវ ពៅលក្ខិណា/VOA)​

លោក​ កែម​ ឡី អ្នក​វិភាគ​សង្គម​ឯករាជ្យ​ថ្លែង​ថា ប្រសិន​បើ​រាជរដ្ឋាភិបាល​កម្ពុជា​ ចង់​បាន​នូវ​កិច្ចការ​អភិបាលកិច្ច​ល្អ​សម្រាប់​ជា​ប្រយោជន៍​សាធារណជន​ទូ​ទៅ​ និង​រួម​ចំណែក​ដល់​ការ​បន្ថយ​ចំណុច​អវិជ្ជមាន​ផ្សេងៗ​ ដូចជា​អំពើ​ពុករលួយ​នោះ​ រដ្ឋាភិបាល​គួរ​បង្រួម​ឲ្យ​តូច​នៃ​ចំនួន​ក្រសួង​របស់​រដ្ឋាភិបាល ហើយ​ជ្រើស​រើស​មនុស្ស​ដែល​មាន​សមត្ថភាព​ពិតប្រាកដ​ឲ្យ​ដឹកនាំ​ក្រសួង​ទាំងនោះ។​

«ទីមួយ​គាត់​បង្រួម​ក្រសួង​ឲ្យ​នៅត្រឹម​តិច១០​អី​ទៅ។​ ទីពីរ​បង្រួម​គណៈ​រដ្ឋមន្ត្រី​ហ្នឹង​ឲ្យ​នៅ​តិច​ អាច​ថា​ ត្រឹម​២២​អី​ទៅ​ ក្រសួង​រដ្ឋមន្ត្រី​មួយ​ អនុរដ្ឋ​មន្ត្រី​មួយ​ ឬក៏​រដ្ឋ​លេខាធិការ​ម្នាក់​ហ្នឹង​បាន​ហើយ។​ ទីបី ​គាត់​ត្រូវ​ចែក​តួនាទី​ និង​ភារកិច្ច​ក្រសួង​នីមួយៗ​ឲ្យ​ច្បាស់​ ហើយ​ទី​បួន​គឺ​គាត់​ត្រូវ​ដាក់​កីឡាករ​វ័យ​ក្មេងៗ​ ដែល​មាន​សមត្ថភាព​ មាន​សក្តានុពល​ ហើយ​ចាស់ៗ​ ដែល​ជា​រដ្ឋមន្ត្រី​ហ្នឹង​ក្លាយ​ទៅ​ជា​ទីប្រឹក្សា ក្លាយ​ទៅ​ជាសាស្ត្រាចារ្យ​ បង្រៀន​នៅ​សាកល​វិទ្យាល័យ​ ក្លាយ​ទៅ​ជា​ផ្តល់​ជា​គំនិត​ សរសេរ​ឯកសារ​ សរសេរ​សៀវភៅ​ពី​បទ​ពិសោធន៍​ដើម្បី​ចែក​ក្មេង​ជំនាន់​ក្រោយ​អី​ អាហ្នឹង​ខ្ញុំ​គិត​ថា​ ប្រសើរ​ជាង»។​

របាយការណ៍​និយាយ​ពី​ការ​ឃ្លាំ​មើល​សកម្មភាព​ការងារ​របស់​រាជរដ្ឋាភិបាល​អណត្តិ​ទី៥​ ឆ្នាំ​ទី​២​ ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​ ដោយ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា Comfrel នៅ​ក្នុង​ខែ​កុម្ភៈ​នេះ ​បាន​បង្ហាញ​ថា​ មាន​ប្រជាពលរដ្ឋ​ភាគច្រើន​ជាង​គេ​ប្រមាណ​៣១%​ ពេញ​ចិត្ត​ខ្លះ​ ចំពោះ​ការ​បំពេញ​ និង​អនុវត្តន៍​ការ​ពង្រឹង​រដ្ឋបាល​សាធារណៈ​ វិមជ្ឈការ​ និង​វិសហមជ្ឈការ​ ការ​ពង្រឹង​ផ្នែក​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​ និង​ការ​ប្រឆាំង​អំពើ​ពុករលួយ។​ ខណៈ​ដែល​ភាគរយ​នៃ​ការ​ពេញចិត្ត​មធ្យម​ ឬ​ពាក់​កណ្តាល​មាន​ចំនួន​ច្រើន​បន្ទាប់ គឺ​ប្រមាណ​២៩%៕

XS
SM
MD
LG