ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តម្លាភាព​អន្តរជាតិ​៖ កម្ពុជា​នៅ​តែ​ជា​ប្រទេស​ពុករលួយ​​ជាង​គេ​ក្នុង​អាស៊ាន


អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ចេញ​ផ្សាយ​របាយការណ៍ស្តីពីសន្ទស្សន៍​វាស់​ស្ទង់​កម្រិត​​ពុករលួយ​សម្រាប់​ឆ្នាំ២០១៥ ដោយ​អះអាង​ថា នៅ​ក្នុង​ពិភព​លោក​នេះ​គ្មាន​ប្រទេស​ណា​ដែល​គ្មាន​អំពើ​ពុក​រលួយ​ឡើយ។ (Screenshot from Transparency International​ website)
អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ចេញ​ផ្សាយ​របាយការណ៍ស្តីពីសន្ទស្សន៍​វាស់​ស្ទង់​កម្រិត​​ពុករលួយ​សម្រាប់​ឆ្នាំ២០១៥ ដោយ​អះអាង​ថា នៅ​ក្នុង​ពិភព​លោក​នេះ​គ្មាន​ប្រទេស​ណា​ដែល​គ្មាន​អំពើ​ពុក​រលួយ​ឡើយ។ (Screenshot from Transparency International​ website)

អង្គការ​ដែល​ធ្វើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​លើ​ពិភពលោក​នេះ បាន​ដាក់​ប្រទេស​កម្ពុជា ក្នុង​លំដាប់​លេខ​រៀង​ទី​១៥០ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៦៨។

អង្គការ​តម្លាភាព​អន្តរជាតិ​ឬ Transparency International បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុង​លំដាប់​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​ច្រើន​ជាង​គេ​មួយ​ក្នុង​ពិភពលោក ​និង​ជា​ប្រទេស​ដែល​ពុករលួយ​ជាងគេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដដែល​ក្នុង​ឆ្នាំ​២០១៥។ នេះ​បើ​យោង​តាម​សន្ទស្សន៍​វាស់​ស្ទង់​កម្រិតពុករលួយ​នៅ​ទូទាំង​សកលលោក​ប្រចាំ​ឆ្នាំ​២០១៥ ដែល​អង្គការ​អន្តរជាតិ​នេះ បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។

អង្គការ​ដែល​ធ្វើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​លើ​ពិភពលោក​នេះ បាន​ដាក់​ប្រទេស​កម្ពុជា ក្នុង​លំដាប់​លេខ​រៀង​ទី​១៥០ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៦៨ ដែល​អង្គការ​នេះ បាន​ធ្វើ​ការ​សិក្សា​ទៅលើ​ការ​យល់ឃើញ​អំពី​អំពើ​ពុករលួយ​នៅក្នុង​វិស័យ​សាធារណៈ​ក្នុង​ប្រទេស​ទាំង​នេះ។

ចំណាត់​ថ្នាក់​របស់​កម្ពុជា​នេះ ស្មើ​គ្នា​នឹង​ចំណាត់​ថ្នាក់​នៃ​កម្រិត​ពុករលួយ​នៅ​ប្រទេស​ប៊ូរុនឌី និង​ហ្ស៊ីមបាវ៉េ​ក្នុង​ទ្វីប​អាហ្វ្រិក ។ ចំណាត់​ថ្នាក់​ប្រចាំ​ឆ្នាំ២០១៥​នេះ ធ្វើ​ឲ្យ​កម្ពុជា ស្ថិត​នៅ​ក្រោម​ប្រទេស​មីយ៉ាន់ម៉ា​ឬ​ភូមា​ទៅទៀត ដែល​កាល​ពី​ឆ្នាំ​កន្លង​ទៅ ប្រទេស​ទាំង​ពីរ​នេះ ស្ថិត​នៅ​កម្រិត​ស្មើគ្នា ទាក់ទង​នឹង​អំពើ​ពុករលួយ​នេះ ។

កម្ពុជា ស្ថិត​នៅ​លើ​ប្រទេស​តែ​១៦​ប៉ុណ្ណោះ ក្នុង​តារាង​ចំណាត់​ថ្នាក់​អំពើ​ពុករលួយ​ប្រចាំ​ឆ្នាំ​២០១៥​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​នោះ។

យោង​តាម​អង្គការ​ដដែល​នេះ អំពើពុករលួយ​ដែល​កាន់តែ​អាក្រក់​នៅ​កម្ពុជា​នេះ គឺ​ដោយសារ​តែ​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា កាន់តែ​រឹតត្បិតអង្គការ​សង្គម​ស៊ីវិល។

កាល​ពី​ឆ្នាំ​២០១៤ អង្គការ​នេះ បាន​ដាក់​កម្ពុជា ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី១៥៦ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៧៥។ ប៉ុន្តែ នៅ​ឆ្នាំ​២០១៥ កម្ពុជា មាន​ពិន្ទុ​ដូច​នៅ​ឆ្នាំ​២០១៤​ដែរ គឺ​ពិន្ទុ ២១ លើ​១០០។ ប្រទេស​ដែល​មាន​ពិន្ទុ​១០០ គឺ​ជា​ប្រទេស​ដែល​មាន​ភាព​ស្អាតស្អំ​បំផុត ហើយ​ប្រទេស​ដែល​មាន​ពិន្ទុ​០ គឺ​ជា​ប្រទេសដែល​ពុករលួយ​បំផុត។

នៅ​ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា ត្រូវ​បាន​អង្គការ​នេះ ចាត់​ចំណាត់​ថ្នាក់​នៅ​បាត​គេ​ម្តង​ហើយ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស​នោះ ដោយ​កម្ពុជា​ ត្រូវ​បាន​ផ្តល់​ពិន្ទុ​ឲ្យ​ត្រឹមតែ​២០​លើ​១០០​ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ​នោះ។

ប្រទេស​ដែល​ស្អាត​ស្អំ​ជាង​គេ​បង្អស់​ក្នុង​ឆ្នាំ​២០១៥​ គឺ​ប្រទេស​ដាណឺម៉ាក​ ដែល​ទទួល​បាន​ពិន្ទុ​៩១ លើ​១០០ ហើយ​ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​ពុករលួយ​ជាងគេ​បង្អស់​នោះ គឺប្រទេស​សូម៉ាលី​និង កូរ៉េ​ខាង​ជើង ដែល​មាន​ពិន្ទុ​តែ​៨​ដូចគ្នា៕

XS
SM
MD
LG