ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហគមន៍​អន្តរជាតិថ្កោលទោស​អំពើ​ហិង្សា​លើ​កម្មករ


កងរាជអាវុធហត្ថ​​​កំពុង​​​រង់ចាំ​​បញ្ជា​​​​បង្ក្រាប​​បាតុករ​បិទ​ផ្លួវ​មុខតុលាការ​ភ្នំពេញ​ ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​របស់ខ្លួន ដែល​អាជ្ញាធរចាប់ខ្លួន។​
ការ​បាញ់​បង្ក្រាប​បាតុកម្ម​ដែល​នាំ​ឱ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច​៤​នាក់​ និង​របួស​ជា​ច្រើន​នាក់​កាល​ពី​ម្សិលមិញ នាំ​ឱ្យ​មាន​ការ​ថ្កោល​ទោស​ជា​បន្ត​បន្ទាប់​ពី​សហគមន៍​អន្តរជាតិ។

​ដោយ​ឡែក​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ដាក់​ពាក្យ​បណ្តឹង​នេះ​ទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ។​

លោក​កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ធ្វើ​ការ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ករណី​បាញ់​បង្ក្រាប​មក​លើ​បាតុករ​កាល​ពី​ថ្ងៃ​ម្សិល​មិញ។​

«ការ​ប្រព្រឹត្ត​បែប​ហ្នឹង​អាច​ចូល​ក្នុង​ករណី​ច្បាប់​ព្រហ្មទណ្ឌ​អន្តរជាតិ ​គឺ​សូម​ឱ្យ​សហគមន៍​អន្តរជាតិ​និង​ពលរដ្ឋ​ខ្មែរ​រៀបចំ​ពាក្យ​បណ្តឹង​ដាក់​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ព្រោះ​យើង​មិន​អាច​បណ្តោយ​ឱ្យ​ជន​ឧក្រិដ្ឋ​ទាំង​នេះ​បន្ត​ធ្វើ​បាប​ខ្មែរ​ក្នុង​រូប​ភាព​ធំៗ​ដូច​ម្សិលមិញ​ ម្សិល​ម្ងៃនេះ​បាន​ឡើយ»។​

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​សន្និសីទ​កាសែត​មួយ​របស់​គណបក្ស​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។​

ប៉ុន្តែ​លោក​មេធាវី​សុខ សំអឿន ​ប្រធាន​អង្គការ​អ្នកចាប់​ការពារ​សិទ្ធិ​កម្ពុជា អះអាង​ថា​ អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ម្សិលមិញមិន​ទាន់​មាន​ធាតុ​ផ្សំ​គតិយុត្តិ​គ្រប់គ្រាន់​ដើម្បី​ប្តឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ឡើយ​ទេ។​

«មិន​ទាន់​ចូល​ច្បាប់​អន្តរជាតិ​ទេ​ណា​ ព្រោះ​ច្បាប់​អន្តរជាតិ​ វា​មាន​ប្រល័យ​ពូជសាសន៍។​ តើ​ធ្វើ​ម្សិលមិញហៅ​ប្រល័យ​ពូជសាសន៍​អត់? ​អត់ទេ។​ ឧក្រិដ្ឋកម្ម​សង្គ្រាម?​ បើ​ឧក្រិដ្ឋ​សង្គ្រាម ​មាន​ធ្វើ​សង្គ្រាម​ឯ​ណា?​ ហើយ​មួយ​ទៀត​គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ទាល់​តែ​រាលដាល​ មិន​ត្រឹមតែ​តតាំង​គ្នា​នៅ​បាតុកម្ម​ទេ ​មាន​ន័យ​ថា ​កន្លែងណា​ក៏​តាម​បាញ់​សម្លាប់​ដែរ»។​

កាល​ពី​ថ្ងៃ​ម្សិលមិញ ប៉ូលិស​បង្រ្កាប​កុបកម្ម​ជា​ច្រើន​រយ​នាក់​បាន​បាញ់​បង្ក្រាប​ដោយ​ប្រើ​គ្រាប់​ពិត​ទៅ​លើ​ហ្វូង​បាតុករជា​កម្មករ​ជា​ច្រើន​ពាន់​នាក់​នៅ​តំបន់​សួន​ឧស្សាហកម្ម​កាត់ដេរ​កាណាឌីយ៉ា ​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង​ក្នុង​ក្រុង​ភ្នំពេញ។ ​ការ​បាញ់​បង្ក្រាប​នេះ​កើត​ឡើង​ក្រោយ​ពី​ក្រុម​បាតុករ​ដុត​កង់​ឡាន​ និង​មិន​ព្រមបើក​ផ្លូវ​ឱ្យ​មាន​ចរាចរណ៍។ ជា​លទ្ធផល​មាន​មនុស្ស​យ៉ាង​តិច​ណាស់​៤​នាក់​បាន​ស្លាប់ របួស​៣៩​នាក់ ​និង​ចាប់​ខ្លួន​១៣​នាក់។​ នេះ​បើ​តាម​លោក​អំ សំអាត​ ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។​

ក្នុង​សន្និសីទ​កាសែត​ជាមួយ​គ្នា​ ​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ធ្វើ​ការ​ថ្កោល​ទោស​អំពើ​ហិង្សា​នេះ​ និង​ទាមទារ​ឱ្យ​រក​មុខ​អ្នក​បាញ់​ប្រហារ​មក​លើ​ហ្វូង​កម្មករ​យក​មក​ផ្តន្ទាទោស។​

«អ្នក​ដែល​ទទួល​ខុស​ត្រូវ​ធ្ងន់​ណាស់ ​ អ្នក​ដែល​មាន​ចេតនា​សម្លាប់​ និង​បាន​សម្លាប់។​ ដូច្នេះ​យើង​ចង់​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ស៊ើប​ការណ៍​ពិត ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ។ ​ត្រូវ​យក​ជន​ដៃ​ដល់​ និង​អ្នក​បញ្ជា​ទៅ​កាត់​ទោស​តាម​ច្បាប់»។​

ការ​បង្ក្រាប​នេះ​បាន​នាំ​ឱ្យ​មាន​ការ​ថ្កោល​ទោស​ និង​ការ​ព្រួយ​បារម្ភ​ជា​អន្តរជាតិ​ មាន​ជា​អាទិ៍​សហរដ្ឋ​អាមេរិក ​សហគមន៍​អឺរ៉ុប ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា ​និង​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ជា​ដើម។ ​ចំណែក​ឯ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​លីកាដូ​បាន​ហៅ​ការ​បង្ក្រាប​របស់​ក្រុម​សមត្ថកិច្ច​កាល​ពី​ម្សិល​មិញ​ថា​ ​ជា​អំពើ​ហិង្សា​ដ៏​អាក្រក់​បំផុត​លើ​ជន​ស៊ីវិល​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ។​

យ៉ាង​ណា​ក៏​ដោយ ​លោក ផៃ ស៊ីផាន ​រដ្ឋ​លេខា​ធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី បាន​ថ្លែងទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ។​

«ទីមួយ ​ឯកឧត្តម​កឹម សុខា​ជា​អ្នក​ញុះញង់​ឱ្យ​កើត​អំពើ​ហ្នឹង​។ ​គ្មាន​អ្នក​ណា​ក្រៅ​ពី​លោក​ទេ ដែល​នាំ​ឱ្យ​កើត​ហេតុ​ និង​ផល​នោះ​ឯង។​ ទី​ពីរ​រដ្ឋាភិបាល​មិន​ដែល​ចាត់​វិធាន​ការណ៍​ណា​មួយ​ប្រឆាំង​ហ្នឹង​ក្រុម​បាតុករ​ទេ ​មិន​ដែល​សោះ​រហូត​មក​ដល់​ពេល​នេះ ​គឺ​យើង​ចាត់​វិធានការណ៍​ទប់​ស្កាត់​ក្រុម​បាតុកម្ម​ដែល​យក​រោងចក្រ​ជា​ចំណាប់ខ្មាំង ​យក​ផ្លូវ​សាធារណៈ​ជា​ចំណាប់​ខ្មាំង ​សហគមន៍​ជា​ចំណាប់​ខ្មាំង ​រហូត​ដល់​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​សមត្ថកិច្ច»។​

សភាព​ការណ៍​នៅ​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង​នៅ​ពេល​នេះ​បាន​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ហើយ​ ប៉ុន្តែ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​ប្រុង​ប្រយ័ត្ន​ពី​សំណាក់​ប៉ូលិស​ និង​យោធា​ជា​ច្រើន​នាក់​ដែល​ដាក់​ពង្រាយ​នៅ​ទី​នោះ​ និង​ដោយ​រថយន្ត​ល្បាត​ដែល​បំពាក់​ដោយ​កាំភ្លើង​ស្វ័យ​ប្រវត្តិ។ ​ទោះ​បី​ជា​យ៉ាង​ណា ​ គេ​សង្កេត​ឃើញ​ចរាចរណ៍​និង​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​តាម​ផ្លូវ​នោះ​ហាក់​ដូចជា​មាន​ភាព​ស្ងប់ស្ងាត់​ខុស​ពី​ធម្មតា៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG