ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​​​​សង្គ្រោះ​​ជាតិ​បោះបង់​​ចោល​​ការ​​ចរចា​ជាមួយ​​គណបក្ស​​ប្រជាជន​​


លោក ​សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​ ​និង​​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស លើក​ដៃ​គ្រវី​​ស្វាគម ដល់​ហ្វូង​មហាជន​នៅ​ក្នុង​ការដង្ហែតវ៉ា​មួយ នៅ​ថ្ងៃ​ទី​២៩​ខែធ្នូ ឆ្នាំ២០១៣។
លោក ​សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​ ​និង​​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស លើក​ដៃ​គ្រវី​​ស្វាគម ដល់​ហ្វូង​មហាជន​នៅ​ក្នុង​ការដង្ហែតវ៉ា​មួយ នៅ​ថ្ងៃ​ទី​២៩​ខែធ្នូ ឆ្នាំ២០១៣។
ភ្នំពេញ៖ លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា គ្មាន​ការ​ចរចា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ទេ ដរាប​ណា​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​លើ​ក្រុម​កម្មករ​មិន​ទាន់​ថមថយ។​

យ៉ាង​តិច​មាន​ក្រុម​កម្មករ​កាត់​ដេរ​សម្លៀក​បំពាក់​ប្រមាណ​ប្រាំ​នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​និង​ចំនួន​២៣​នាក់​ផ្សេង​ទៀត​បានរង​របួស ក្នុង​ការ​បង្រ្កាប​ដោយ​អំពើ​ហិង្សា​មួយ​របស់​កង​កម្លាំង​រដ្ឋាភិបាល​លើ​ក្រុម​កម្មករ​រោង​ចក្រ​ដែល​ទាម​ទារ​ដំឡើង​ប្រាក់​បៀវត្សរ៍​រហូត​ដល់​១៦០​ដុល្លារ។

កង​កម្លាំង​សមត្ថកិច្ច ​បាន​បាញ់​គ្រាប់​ពិត​ដោយ​កាំភ្លើង​AK​៤៧​ទៅ​លើ​ក្រុម​កម្មករ។ ចំណែក​ក្រុម​កម្មករ​បាន​តប​ត​មក​វិញ​ដោយ​គប់​ដុំ​ថ្ម។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ខ្លួន​ផ្អាក​ការ​ចរចា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដោយសារ​តែ​គណបក្ស​ប្រជាជន ​មិន​បាន​គោរព​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃទី ១៥ ខែ តុលា ថា​ចៀស​វាង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​គ្រប់​រូបភាព។

លោក សម រង្ស៊ី បាន​ថ្កោលទោសការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​របស់​កង​កម្លាំង​សមត្ថកិច្ច​លើ​ក្រុម​កម្មករ។​ លោក​បាន​អះអាង​ថា បើ​អំពើ​ហិង្សា​មិន​បាន​ថម​ថយ​ទេ​នោះ គ្មាន​ការ​ចរចារ​ណា​មួយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

«យើង​រង់ចាំ​ទាល់​តែ​សភាពការណ៍​ទៅ​ជាធម្មតា​ឡើង​វិញ​ ស្ងប់​ស្ងាត់​ ស្ងប់​ស្ងៀម គឺ​ទាល់​តែ​ត្រជាក់​បាន​យើង​អាច​ជជែក​គ្នា​បាន។ បើ​ពេល​ក្តៅ​គគុក ​ពុះ​កញ្ជ្រោល​បែប​នេះ​យើង​មិន​អាច​ជជែក​គ្នា​មាន​លទ្ឋផល​ល្អ​បាន​ទេ»។​

ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​របស់​កង​កម្លាំង​សមត្ថកិច្ច​លើ​ក្រុម​កម្មករ​បាន​ឈាន​ដល់​ថ្ងៃទី​២​ហើយ​ ខណៈ​ដែល​មានមហា​បាតុកម្ម​ដោយ​អហិង្សាមួយផ្សេងទៀត​ ​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះជាតិ ធ្វើ​ឡើងនៅ​ទី​លាន​ប្រជាធិបតេយ្យ។

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ចេញ​សេចក្តី​ជួន​ដំណឹង​សារជាថ្មី​មួយ​ដោយ​បន្ត​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​នៅ​ទី​លាន​ប្រជាធិបតេយ្យ ​និង​ដើរ​ហែក្បួន​ដោយ​សន្តិវិធី​ឡើង​វិញ​ជារៀង​រាល់​ថ្ងៃចាប់​ពី​ថ្ងៃទី ៦ ខែ មករា​នេះ​តទៅ។

លោក​ សម រង្ស៊ី​បាន​ព្រមាន​ដល់​កង​កម្លាំង​សមត្ថកិច្ច​ថា ត្រូវ​តែ​ថយ​ខ្លួន​ ថយ​ជាបន្ទាន់​ដើម្បី​បញ្ចប់​អំពើ​ហិង្សា។​

«កង​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ដក​ខ្លួន ឲ្យ​ដក​ថយ​រៀងៗ​ខ្លួន​ទៅ​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ទាំង​នោះ​ជា​បន្ទាន់។ ត្រូវ​តែ​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ក្នុង​ការ​ចរចារជាមួយ​នឹង​កម្មករ​ ក្រុម​ហ៊ុន​ និង​រដ្ឋាភិបាល»។

លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំ​ពាក្យ​និង​ជារដ្ឋ​លេខាធិការ​នៃ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា ការ​បង្ក្រាប​របស់​កងកម្លាំង​សមត្ថកិច្ច​នេះ គឺ​ជាវិធាន​មួយ​ដែល​មាន​នៅ​ក្នុង​ច្បាប់​ដើម្បី​រក្សា​ហើយ​ធ្វើ​ឲ្យមានសណ្តាប់​ធ្នាប់​នៅ​ក្នុង​សង្គម​ឡើង​វិញ​ដើម្បី​ការ​ពារ​ផល​ប្រយោជន៏​សារធារណៈ​និង​ឯក​ជន។

«បាតុកម្ម​យើង​គ្មាន​អ្វី​ដែល​ជាមធ្យោបាយ​ក្នុង​ការ​ប្រឆាំងទេ​។​ ក៏ប៉ុន្តែ​កុប្បកម្ម​និង​រាល់​សកម្មភាព​ដែល​ទាក់​ទាញ​អោយ​មាន​អំពើ​ហិង្សា​ យើង​ត្រូវ​តែ​បង្ក្រាប»។

បណ្ឌិត​ ឡៅ ម៉ុង​ហៃ​ ដែល​ជា​អ្នក​វិភាគ​ឯករាជ្យ​បាន​បញ្ជាក់​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ គណបក្ស​គូ​ជម្លោះ​ទាំង​ពីរ​ហាក់​បី​ដូច​ជាពិបាក​ក្នុង​ការ​វិល​ចូល​តុចរចារ​វិញ​ណាស់ តែ​គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​ពុះ​ពារ​មក​អង្គុយ​តុ​ជុំគ្នា​ឲ្យ​បាន​ដើម្បី​បន្ឋូរ​បន្ថយ​ភាព​តាន​តឹង។​

«មិន​ជាការ​ល្អទេ​ហើយ​នឹង​អាច​កាន់​តែ​ពិបាក​ដោះស្រាយ​ទៅៗ​បើ​សិន​ជា​យើង​បណ្តែត​បណ្តោយ​ឲ្យ​ស្ថាន​ការណ៍​កាន់​តែ​មាន​កម្រិត​ធ្ងន់​ធ្ងរ​ទៅ​ៗ។ ហើយ​គឺ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​គឺ​ធ្ងន់​ធ្ងរ»។

លោក​ សន ម៉ាក​ឃីន​ថត (Sean McIntosh) ​អ្នក​នាំពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ប្រាប់​វីអូអេ​តាម​រយៈ​សារ​អេឡិច​ត្រូនិក​ថា សហរដ្ឋ​អាមេរិក​មាន​ការសោក​ស្តាយ​ចំពោះ​ការ​បាត់​បង់ជីវិត​បាតុករ​ក្នុង​អំឡុង​ពេល​ប៉ះទង្គិច​ដោយ​អំពើ​ហិង្សា​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល។​

លោក​បាន​ជំរុញ​ឲ្យ​ភាពគី​ពាក់ព័ន្ធ​ទាំង​អស់​បន្ត​ការ​ដោះ​ស្រាយ​បញ្ហា​ដោយ​អត់​ធ្មត់​ជា​អតិបរមា​និង​តាម​ផ្លូវ​ច្បាប់​ដើម្បី​រួម​គ្នា​ឆ្ពោះ​ទៅ​រក​ផ្លូវ​សន្តិភាព៕
XS
SM
MD
LG