ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមគ្រួសារ​កម្មករ​រោងចក្រ​ដែល​ត្រូវ​​បាញ់​ស្លាប់​ទាមទារ​យុត្តិធម៌​


គ្រួសារ​លោកសំ រ៉ាវី កម្មករ​ដែល​ត្រូវបាញ់ស្លាប់​ ​ធ្វើពិធី​បុណ្យសពរបស់លោក​នៅ​ថ្ងៃ​ទី​០៥ មករា ២០១៤។
គ្រួសារ​កម្មករ​រោងចក្រ​កាត់​ដេរ​មួយ​ដែល​ត្រូវ​បាន​បាញ់​ស្លាប់​ក្នុង​ការបង្រ្កាប​បាតុកម្ម​ដោយ​ហិង្សាពី​សំណាក់​ក្រុម​យោធា​របស់​រដ្ឋាភិបាល​នៅ​លើ​ផ្លូវ​វេង ស្រេង​ក្នុង​រាជធានី​ភ្នំពេញ​នោះ បាន​ទាមទារ​រក​យុត្តិធម៌​ចំពោះ​ការ​បាញ់​សម្លាប់​កម្មករ​នោះ។​

ចាប់​ពី​ពេល​នេះ​ទៅ អ្នក​ស្រី​ឈីវ ផានិត​នឹង​លែង​បាន​ឃើញ​មុខ​ប្តី​ជា​ទី​ស្រឡាញ់​របស់​អ្នក​ស្រី​តទៅ​ទៀតហើយ។​

ប្តី​របស់​អ្នក​ស្រី​គឺ​លោក​សំ រ៉ាវី​គឺ​ជា​កម្មករ​រោងចក្រ​កាត់​ដេរ​ម្នាក់​ក្នុង​ចំណោម​កម្មករ​យ៉ាង​តិច​៤​នាក់​ទៀត​ ដែល​ត្រូវ​បាន​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាលកម្ពុជា​បាញ់​ស្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិចគ្នា​ដោយ​ហិង្សា​មួយ​នៅ​ខាង​មុខ​រោងចក្រ​ឧស្សាហកម្ម​កាណាឌីយ៉ា​លើ​ផ្លូវ​វេងស្រេង​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា។​

លោក​សំ រ៉ាវី​ត្រូវ​បាន​បាញ់​ចំ​ទ្រូង​ខាង​ឆ្វេង​ធ្លាយ​ទៅ​ក្រោយ។​

«គាត់​ចង់​តស៊ូ​ដើម្បី​ជាតិ។​ ឥឡូវ​បាន​ត្រឹម​តែ​ទៅ​ចោល​កូន​នៅ​តូចៗ»។​

លោក​សំ រ៉ាវី​បាន​បន្សល់​ទុក​នូវកូនពីរ​នាក់​គឺ​កូន​ប្រុស​អាយុ​២​ឆ្នាំ​កន្លះ និង​កូនស្រី​ទើប​អាយុ​បាន​១០​ខែ។​

«ខ្ញុំចង់​ឲ្យ​គេ​ស្វែង​រក​យុត្តិធម៌​ឲ្យ​ប្តី​របស់​ខ្ញុំ ព្រោះ​អី​ប្តី​ខ្ញុំ​ស្លាប់​ដើម្បី​ជាតិ។​ អញ្ចឹង​សូម​សំណូមពរ​ឲ្យ​គេ​ជួយ​អាណិត​ ចិញ្ចឹម​កូន​ខ្ញុំ ព្រោះ​អី​ខ្ញុំ​អត់​មាន​អ្នក​ណា​ជួយ​ចិញ្ចឹម​កូន​ទៀត​ទេ»។​

លោកសំ រ៉ាវី រួម​ជា​មួយ​កម្មករ​រោងចក្រ​កាត់​ដេរ​ជាច្រើន​ទៀត​បាន​នាំ​គ្នា​តវ៉ា​ទាមទារ​ការ​ដំឡើងប្រាក់​ឈ្នួល​គោល​អប្បបរមា​ឲ្យ​បាន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​កម្មករ​រោងចក្រ​កាត់​ដេរ​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

ប៉ុន្តែ​ការ​តវ៉ា​របស់​ពួក​គេ​ត្រូវ​បាន​បង្រ្កាប​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ដែល​បាន​បាញ់​គ្រាប់​ពិត​ដើម្បី​បំបែក​ហ្វូង​បាតុករ។​

ក្រៅ​ពី​បណ្តាល​ឲ្យ​ស្លាប់​កម្មករ​ហើយ​នោះ​ ប្រតិបត្តិការ​របស់​អាជ្ញាធរ​ក៏​បាន​បណ្តាល​ឲ្យ​រង​របួស​ និង​ការ​ចាប់​ខ្លួន​បាតុករ​រាប់​សិប​នាក់​ផង​ដែរ។​

លោក​ឧត្តមសេនីយ៍​ទោ រ័ត្ន ស្រ៊ាង​គឺ​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ ដែល​បាន​ដឹកនាំ​កម្លាំង​បង្រ្កាប​ក្រុម​បាតុករ។​ លោក​បាន​មាន​ប្រសាសន៍​ថា​ ប្រតិបត្តិការ​របស់​ក្រុម​លោកគឺ​គ្រាន់​តែ​ជា​ការ​ការពារ​ខ្លួន​ប៉ុណ្ណោះ។​

«អ្នកណា​ជា​អ្នក​បង្កហេតុ​មុន?​ គឺ​សមត្ថកិច្ច​អត់មាន​បំណង​អី​ប៉ះពាល់​ពួកគាត់ទេ​ តែ​ពួកគាត់​មាន​បំណង​បង្រ្កាប​ពួក​ខ្ញុំ​វិញ។​ អញ្ចឹង​ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​ការពារ​ខ្លួន​ហើយ​ អាហ្នឹង​និយាយ​ឲ្យ​អស់»។​

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ជា​សាធារណៈ​ថា ការ​ស្លាប់និង​ធ្វើឲ្យ​របួស​កម្មករ​នៅក្នុង​ការ​ប៉ះទង្គិច​គ្នា​នោះ​គឺ​បណ្តាល​មក​ពី​ការ​ញុះញ៉ង់​របស់​គណបក្ស​សង្គ្រោះជាតិ។​

លោកកែវ រ៉េមី​គឺ​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។ លោក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​ទី​៤​ខែ​មករា​ថា៖​

«គណបក្ស​នយោបាយ​គាត់​ញុះញ៉ង់។ យើង​ឃើញ​នៅ​ទីលាន​ប្រជាធិបតេយ្យ ថា្នក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ គាត់​ស្រែក​ថា បើ​មិន​បាន​១៦០​ដុល្លារ កុំ​ព្រម​ឲ្យ​សោះ។​ ឃើញ​ទេ​ គាត់ញុះថែម​ទៀត​ហើយ​វា​មានក្រុម​ញុះ​ថែម​ទៀត​ដែល​បង្កប់​នូវ​ក្នុង​ហ្វូងបាតុករ។​ អញ្ចឹង ហើយ​បាន​មាន​ហិង្សា​កើត​ឡើង»។​

ប៉ុន្តែ​នៅ​ថ្ងៃ​អាទិត្យ​ទី​៥ ខែ​មករា​នេះ នៅក្នុង​ពិធី​បង្សុកូល​ជូន​ដល់​វិញ្ញាណក្ខន្ធ​កម្មករ​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​នៅ​លើ​ផ្លូវ​វេងស្រេង​នោះ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទម្លាក់​កំហុស​នៃ​ការធ្វើ​ឲ្យស្លាប់​និង​របួស​កម្មករ​នេះ​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។​

លោកកឹម សុខា​គឺ​ជា​អនុប្រធាន​គណបក្ស​ប្រឆាំង​នេះ។​

«គណបក្ស​សង្គ្រោះ​ជាតិ​ ពេល​ធ្វើ​បាតុកម្ម​អត់​ដែល​គ្រោះ​ថ្នាក់​ ឬ​បញ្ហា​អី​ទេ​លើកលែង​តែ​មាន​អាជ្ញាធរ​រដ្ឋាភិបាល​មាន​សមត្ថកិច្ច​មក​បង្ក។ អញ្ចឹង​ជា​ការ​ទទួល​ខុសត្រូវ​ទាំងស្រុង​របស់​សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា»។​

យ៉ាង​ណា​ក៏ដោយ នៅ​ពេល​នេះ​ ក្រុម​គ្រួសារ​សព​កម្មករ​សំ រ៉ាវី​នៅ​តែ​ដង្ហើយ​ហៅ​រក​យុត្តិធម៌​មួយ​សម្រាប់​ការ​ស្លាប់​កូន ប្តី និង​ឪពុក​ជាទី​ស្រឡាញ់​របស់​ពួក​គេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG