ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ទាបក្នុងការបង្កើនមូលធនធនធានមនុស្សដោយសារកម្រិតនៃការចំណាយលើវិស័យអប់រំ និងបណ្តុះបណ្តាលនៅមានកម្រិតទាប បើធៀបទៅនឹងប្រទេសដែលរីកចម្រើនក្នុងតំបន់។
កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៩៧ក្នុងចំណោមប្រទេស១២៤នៅលើពិភពលោក។ នេះបើយោងតាមរបាយការណ៍ស្តីពីមូលធនធនធានមនុស្សដែលបានចេញផ្សាយកាលពីថ្ងៃទី១៣ខែឧសភាកន្លងទៅនេះដោយវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum)។
នៅក្នុងរបាយការណ៍ដែលធ្វើការវិភាគលម្អិតទៅលើប្រទេសទាំង១២៤នេះបានបង្ហាញថា ប្រទេសកម្ពុជាបានចំណាយត្រឹមតែ ២,៦០ភាគរយនៃទំហំផលិតផលសរុបក្នុងស្រុកដើម្បីបង្កើនមូលធនធនធានមនុស្ស គឺទាបជាងប្រទេសឡាវ ដែលបានចំណាយ២,៧៧ភាគរយនៃផលិតផលសរុបក្នុងស្រុករបស់ខ្លួន ប៉ុន្តែខ្ពស់ ជាងប្រទេសមីយ៉ាន់ម៉ា (ភូមា) ដែលបានចំណាយតិចបំផុតគឺ០.៧៩ភាគរយនៃផលិតផលសរុបក្នុងស្រុកដើម្បីបង្កើនមូលធនធនធានមនុស្ស។
ប្រទេសថៃនិងប្រទេសវៀតណាមបានចំណាយខ្ពស់ជាងលើការបង្កើនមូលធនធនធានមនុស្ស គឺប្រទេសថៃបានចំណាយ៧,៥៧ភាគរយនៃផលិតផលសរុបក្នុងស្រុករបស់ខ្លួន ហើយប្រទេសវៀតណាមបានចំណាយ៦,២៩ភាគរយ។
ការវាស់ស្ទង់កម្រិតនៃមូលធនធនធានមនុស្សនេះ គឺត្រូវបានធ្វើឡើងដោយផ្តោតទៅលើចំនួននៃអ្នកទទួលបានការអប់រំចាប់ពីកម្រិតបឋមសិក្សាដល់មហាវិទ្យាល័យ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងចំនួននៃអ្នកទទួលបានការងារធ្វើនៅក្នុងប្រទេសនិមួយៗ។
របាយការណ៍បានបញ្ជាក់ថា៖ «សមត្ថភាពក្នុងការបង្កើនបរិមាណមូលធនធនធានមនុស្ស និងការកំណត់គោលដៅដើម្បីកំណើន គឺរឹតតែសំខាន់ឡើងសម្រាប់ថ្ងៃនេះ ខណៈពេលដែលកម្លាំងបច្ចេកវិទ្យា ភូមិសាស្រ្តនយោបាយ ប្រជាសាស្រ្ត និងសេដ្ឋកិច្ច បានធ្វើឲ្យមានការប្រែប្រួលរូបរាងយ៉ាងខ្លាំងនៃទីផ្សារការងារ»។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានបដិសេធចោលការរកឃើញនេះដោយលោកមានប្រសាសន៍ប្រាប់ VOA ថា ថវិកាដែលរដ្ឋាភិបាលផ្តល់ឲ្យគឺមានការកើនឡើងជាបន្តបន្ទាប់។ បើគិតពីឆ្នាំ២០១៤ គឺក្រសួងទទួលបានចំនួន១៦ភាគរយនៃថិវកាជាតិ និង ១៧,១ភាគរយសម្រាប់ឆ្នាំ២០១៥ ហើយលោករំពឹងថា ថវិកានេះនឹងកើនដល់១៨ភាគរយក្នុងឆ្នាំ២០១៦ សម្រាប់ការបន្តកំណែទម្រង់វិស័យអប់រំនៅប្រទេសកម្ពុជា។
លោកបន្ថែមថា៖ «យើងនឹងខំ២០១៦នេះ បានឡើង១៧កន្លះ ឬមួយហើយអាចថា១៨អាចឡើងដល់១៨ ដល់១៨កន្លះជាដើម»។
លោករដ្ឋមន្រ្តីពន្យល់ថាពលរដ្ឋកម្ពុជាបានទទួលការអប់រំច្រើន ក្រោយពីបានងើបរួចផុតពីសង្គ្រាមរយៈពេល៣០ឆ្នាំមកនេះ។
លោកបន្ថែមថា៖ «បើយើងប្រៀបធៀបប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមដូចយើង គឺកម្ពុជានឹងមានការទទួលស្គាល់ថា បានទទួលជោគជ័យ ដោយសារតែយើងបានកុមារចុះឈ្មោះចូលរៀន ដែលបានចុះឈ្មោះចូលរៀនហ្នឹង៩៨ភាគរយជិត១០០ភាគរយហើយសម្រាប់បឋមសិក្សា។ គ្រាន់តែថាបញ្ហារបស់យើងគឺនៅគុណភាព ដល់អញ្ចឹងយើងនឹងខំបន្តទៀត»។
លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា បានមានប្រសាសន៍ថាកម្ពុជាគួរតែទទួលបានចំណាត់ថ្នាក់ទាបជាងនេះ ពីព្រោះគម្លាតនៃអ្នកទទួលបានការអប់រំបណ្តុះបណ្តាលមានភាពខុសឆ្ងាយពីគ្នារវាងកូនអ្នកមាននិងកូនអ្នកក្រ។
លោកស្រីនិយាយថា៖ «ទៅរៀនមហាវិទ្យាល័យមានតែកូនអ្នកមានជីវភាពធូរធារទេដែលគាត់ទៅរៀនដល់មហាវិទ្យាល័យ ហើយដល់កូនអ្នកក្រីក្រគឺគ្មានពេលវេលាឯណាក្នុងការទៅរៀន។ គាត់អត់មានលុយកាក់ក្នុងការទៅស្នាក់នៅនៅទីក្រុង ស្រុកណាដែលមានដូចថា មានមហាវិទ្យាល័យធំៗ»។
នៅក្នុងរបាយការណ៍ដដែលនោះបានឲ្យដឹងថា ប្រទេសសិង្ហបុរី បានចំណាត់ល្អជាងគេសម្រាប់ប្រទេសក្នុងតំបន់អាស៊ាន គឺឈរនៅលេខរៀង ២៤៕