កំណត់និពន្ធ៖ បញ្ហាបោះបង់ចោលការសិក្សារបស់សិស្សនៅកម្ពុជានៅតែជាបញ្ហាចម្បង ខណៈដែលកម្ពុជាត្រូវការធនធានមនុស្ស និងកម្លាំងពលកម្មដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន។ ការស្រាវជ្រាវរបស់ USAID បង្ហាញថា សិស្សបោះបង់ការសិក្សាក្នុងកម្រិតថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យមានអត្រាខ្ពស់ ជាពិសេសគឺក្នុងចំណោមសិស្សស្រី។ វិធានការទប់ស្កាត់ការបោះបង់ការសិក្សារបស់សិស្សទាមទារឲ្យមានការចូលរួមទាំងពីសំណាក់មាតាបិតាសិស្ស គ្រូបង្រៀន និងរាជរដ្ឋាភិបាល។
ពីរដ្ឋធានីវ៉ាស៊ីនតោន នាង ទែន សុខស្រីនិត នៃVOAបានសន្ទនាជាមួយនឹងលោក ជា កុសល ប្រធានសម្របសម្រួលប្រចាំប្រទេសកម្ពុជានៃកម្មវិធីសាកល្បងទប់ស្កាត់ការបោះបង់ការសិក្សា (School Dropout Prevention Pilot Program)នៃអង្គការខេប (KAPE) អំពីវិធានការទាំងអស់នេះ៖
VOA៖ សូមជម្រាបសួរ លោក ជា កុសល។
លោក ជា កុសល៖ បាទ សូមជម្រាបសួរ។
VOA៖ ក្នុងឱកាសនេះ យើងនឹងពិភាក្សាអំពីវិធានការទប់ស្កាត់ការបោះបង់ចោលការសិក្សារបស់សិស្សនៅកម្ពុជា។ ជាកិច្ចចាប់ផ្តើម នាងខ្ញុំចង់ដឹងថា តើបើប្រៀបធៀបនឹង១០ឆ្នាំមុន តើអត្រាសិស្សបោះបង់ចោលការសិក្សារបស់សិស្សនៅកម្ពុជាបច្ចុប្បន្នមានស្ថានភាពយ៉ាងដូចម្តេចដែរ?
លោក ជា កុសល៖ បាទ បើសិនជាយើងមើលទៅលើទិន្នន័យរបស់ក្រសួងអប់រំ មកដល់ពេលនេះគឺសិស្សបោះបង់ការសិក្សានៅថ្នាក់បឋមសិក្សាមានប្រហែលជា៨ភាគរយ។ ដោយឡែកសិស្សដែលបោះបង់ការសិក្សានៅមធ្យមសិក្សា ដែលយើងហៅថាអនុវិទ្យាល័យមានប្រមាណ១៩ភាគរយជាង ហើយនិងថ្នាក់វិទ្យាល័យគឺប្រហែលជា១២ភាគរយ។
VOA៖ តាមការលើកឡើងរបស់លោកមុននេះ នៅក្នុងមធ្យមសិក្សា ឬថ្នាក់អនុវិទ្យាល័យ អត្រានៃការបោះបង់ការសិក្សារបស់សិស្សមានច្រើនជាងកម្រិតបឋមសិក្សា និងវិទ្យាល័យ។ តើមូលហេតុអ្វីបានជាជំរុញឲ្យមានការបោះបង់ការសិក្សារបស់សិស្សនៅក្នុងកម្រិតមធ្យមសិក្សានេះ?
លោក ជា កុសល៖ បាទ ក្នុងនោះមានកត្តាធំៗជាច្រើន ហើយខ្ញុំសូមលើកយកកត្តាដែលចម្បងៗ។ កត្តាធំទី១គឺពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ចគ្រួសារ ដោយសារតែឪពុកម្តាយក្រីក្រ ហើយកូនរបស់គាត់ដែលរៀននៅអនុវិទ្យាល័យធំដែរ នោះគាត់អាចចូលរួមជួយការងារផ្សេងៗ ដើម្បីរកប្រាក់ចំណូល។ ក្នុងនោះ យើងមើលទៅឃើញថា សិស្សភាគច្រើន ដែលគាត់ឈប់នោះគឺគាត់មិនឈប់ទៅណាទេ គឺគាត់ឈប់ដើម្បីទៅរកចំណូលជួយគ្រួសារ។ ហើយបញ្ហាធំមួយទៀតនោះគឺពាក់ព័ន្ធទៅនឹងអវត្តមាន។ ភាគច្រើនគឺដោយសារតែជីវភាពក្រីក្រនេះហើយ ដែលធ្វើឲ្យឪពុកម្តាយត្រូវការកូន ដើម្បីទៅជួយធ្វើការ។ វាបណ្តាលឲ្យគាត់មានអវត្តមានច្រើន។ កាលណាអវត្តមានច្រើន សិស្សចាប់ផ្តើមខ្លាចសាលា។ ហើយវាអាចឈានទៅដល់ការបោះបង់។ ហើយបញ្ហាចម្បងមួយទៀតដែរនោះ គឺពាក់ព័ន្ធទៅនឹងការរៀនខ្សោយ។ បញ្ហានេះគឺវាពាក់ព័ន្ធគ្នាទាំងអស់។ កាលណាគាត់មានអវត្តមានច្រើន វាធ្វើឲ្យគាត់រៀនខ្សោយ។ កាលណាគាត់រៀនខ្សោយ ជាធម្មតាគាត់មិនសូវចង់មកសាលារៀនទេ ពីព្រោះកាលណាគ្រូដាក់កិច្ចការឲ្យធ្វើ ហើយធ្វើមិនកើត នោះគាត់ចាប់ផ្តើមខ្លាចសាលា។ ហើយបញ្ហាមួយទៀត ដែលយើងមកឃើញដែលនោះ គឺពាក់ព័ន្ធនឹងអាយុ។ សម្រាប់កុមារខ្លះ គាត់ចាប់ផ្តើមការសិក្សានៅពេលដែលគាត់មានអាយុរាងច្រើនដែរហើយ។ បើគាត់មកដល់អនុវិទ្យាល័យ ហើយបើប្រៀបធៀបនឹងកម្រិតថ្នាក់របស់គាត់ ដែលគាត់កំពុងរៀន ជាមួយនឹងអាយុរបស់គាត់ នោះគាត់មានអាយុច្រើន។ នេះគឺជាកត្តាមួយដែរ ដែលសិស្សបោះបង់ការសិក្សា។
VOA៖ នាងខ្ញុំចង់ងាកមកពិភាក្សាលើបញ្ហាយេនឌ័រវិញម្តង។ តើរវាងសិស្សស្រី និងសិស្សប្រុស តើសិស្សមួយណាដែលងាយនឹងបោះបង់ចោលការសិក្សានៅក្នុងកម្រិតអនុវិទ្យាល័យនេះ។
លោក ជា កុសល៖ ខ្ញុំសូមនិយាយជារួមទាក់ទងនឹងបញ្ហាសិស្សស្រី និងសិស្សប្រុស តើសិស្សក្រុមណាបានបោះបង់ការសិក្សាច្រើនជាង។ បើយើងមើលនៅក្នុងកម្រិតបឋមសិក្សា ហើយនិងអនុវិទ្យាល័យ បើយោងតាមទិន្នន័យរបស់ក្រសួងដែលបានចេញកាលពីពេលថ្មីៗនេះ គឺយើងអាចសន្មត់ថាមានភាពប្រហាក់ប្រហែលគ្នា គឺថាមិនមានសិស្សណាបោះបង់ការសិក្សាច្រើនជាងសិស្សណានោះទេ។ ប៉ុន្តែ នៅពេលយើងសម្លឹងមើលមកថ្នាក់វិទ្យាល័យ យើងឃើញថា សិស្សស្រីបោះបង់ការសិក្សាច្រើនជាង។ ហើយបើយើងសម្លឹងមើលដល់ថ្នាក់មហាវិទ្យាល័យ បើប្រៀបធៀបសិស្សស្រី និងសិស្សប្រុស សិស្សស្រីមានចំនួនកាន់តែតិចជាង។
VOA៖ តើមូលហេតុអ្វីបានជាសិស្សស្រីមានទំនោរបោះបង់ចោលការសិក្សាច្រើនជាងសិស្សប្រុស?
លោក ជា កុសល៖ ដូចដែលខ្ញុំបានលើកពីមុន ធម្មតាវាពាក់ព័ន្ធនឹងបញ្ហាជីវភាព ហើយនេះជាវប្បធម៌របស់ខ្មែរ ដែលប្រជាជនតែងតែគិតថា កូនប្រុសអាចដើរបានវែងឆ្ងាយជាង អាចធ្វើកិច្ចការធំបានជាងកូនស្រី។ ដូច្នេះ បើសិនជាពួកគាត់ត្រូវជ្រើសរើសក្នុងចំណោមកូនគាត់ពីរនាក់ ហើយគាត់មានធនធានតែមួយទេ ដែលអាចឧបត្ថម្ភឲ្យកូនម្នាក់ទៅរៀននៅមហាវិទ្យាល័យ។ គាត់ត្រូវតែធ្វើការសម្រេចចិត្ត ថាតើកូនប្រុស ឬកូនស្រីដែលគួរតែទៅរៀននៅវិទ្យាល័យ។ ហើយបើយោងតាមអ្វីដែលគាត់ធ្លាប់យល់ឃើញពីមុនមក នោះគាត់ប្រាកដជាសម្រេចចិត្តថា កូនប្រុសគួរតែទៅរៀននៅថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យ។ ដោយឡែក សម្រាប់កូនស្រី ពួកគាត់យល់ថា រៀនដល់ថ្នាក់ប៉ុណ្ណឹងបានហើយ។ នេះគឺជាបញ្ហាមួយ ដែលសង្គមយើងកំពុងជួបប្រទះ។
VOA៖ តាមរយៈគម្រោងវិធានការទប់ស្កាត់សិស្សបោះបង់ការសិក្សារបស់អង្គការ KAPE របស់លោក តើអ្វីខ្លះដែលជាគន្លឹះដើម្បីជួយឲ្យសិស្សស្រីបានចូលរៀននៅក្នុងចំនួនប្រហាក់ប្រហែលគ្នានឹងចំនួនសិស្សប្រុសនៅកម្ពុជាយើង?
លោក ជា កុសល៖ ខ្ញុំគិតថា យើងត្រូវធ្វើការរួមគ្នា ដើម្បីទប់ស្កាត់សិស្សមិនឲ្យបោះបង់ការសិក្សាទាំងសិស្សស្រី និងសិស្សប្រុស។ ខ្ញុំគិតថា នៅថ្នាក់សាលារៀន លោកគ្រូអ្នកគ្រូត្រូវតាមដានការសិក្សារបស់សិស្សឲ្យបានដិតដល់ ពិនិត្យមើលបញ្ហាអវត្តមានរបស់សិស្ស ជាពិសេសសិស្សស្រី ថាតើពួកគាត់បានឈប់ប៉ុន្មានថ្ងៃហើយ។ ហើយត្រូវជួយ ប្រសិនបើជាសិស្សរៀនខ្សោយ លោកគ្រូអ្នកគ្រូត្រូវតែជួយបង្រៀនបន្ថែម ដូចជាបង្រៀនបន្ថែមម៉ោង ដើម្បីឲ្យសិស្សអវត្តមានច្រើនអាចរៀនតាមទាន់សិស្សដទៃទៀត។ ជាពិសេស គឺធ្វើទំនាក់ទំនងជាមួយនឹងមាតាបិតារបស់សិស្ស បើសិនជាក្នុងករណីថា សិស្សអវត្តមានច្រើន លោកគ្រូអ្នកគ្រូត្រូវតែធ្វើទំនាក់ទំនងទៅមាតាបិតារបស់សិស្ស ដើម្បីធ្វើយ៉ាងណាពិភាក្សាថា តើរកវិធីសាស្ត្រយ៉ាងដូចម្តេច ដើម្បីឲ្យសិស្សបានត្រឡប់មកសាលារៀនវិញ។ ហើយចំពោះមាតាបិតាវិញ ពួកគាត់មានភារកិច្ចសំខាន់។ មិនមែនមានន័យថា ឲ្យតែកូនគាត់មកដល់សាលា នោះគាត់ចប់តួនាទីរបស់គាត់នោះទេ។ តួនាទីរបស់ពួកគាត់គឺសំខាន់ណាស់ ពីព្រោះថាសិស្សមកសាលាតែរយៈពេល៤ម៉ោងប៉ុណ្ណោះ តែសិស្សចំណាយពេលនៅផ្ទះច្រើនជាងនៅសាលារៀន។ ដូច្នេះ តួនាទីរបស់មាតាបិតាគឺសំខាន់ណាស់។ អ្វីដែលខ្ញុំមើលឃើញនោះគឺថា មាតាបិតាត្រូវតែជំរុញ និងតាមដានការសិក្សារបស់កូនគាត់។ បើមានពេល ត្រូវពិនិត្យមើលការសិក្សារបស់កូនគាត់ផង។ ហើយត្រូវផ្តល់ពេលវេលាគ្រប់គ្រាន់ឲ្យកូនរបស់ពួកគាត់បានរៀន។ កុំយកពេលវេលារបស់កូនទៅប្រើប្រាស់ និងជួយកិច្ចការផ្សេងៗនោះច្រើនពេក។ មិនមែនមានន័យថាមិនជួយទេ។ ឲ្យគាត់ជួយ ប៉ុន្តែ ត្រូវធ្វើយ៉ាងណា ដើម្បីឲ្យកូនរបស់ពួកគាត់មានពេលគ្រប់គ្រាន់ ដើម្បីគាត់អាចធ្វើកិច្ចការសាលារបស់គាត់ឲ្យបានត្រឹមត្រូវ។ បើមិនដូច្នោះទេ វាអាចបណ្តាលឲ្យសិស្សរៀនខ្សោយ។
កាលណាគាត់រៀនខ្សោយ នោះវាជាបញ្ហាប្រឈមដល់ការបោះបង់ការសិក្សារបស់សិស្ស។ ចំណុចមួយទៀត ដែលខ្ញុំមើលឃើញនោះ គឺពាក់ព័ន្ធនឹងថ្នាក់ជាតិ គឺការបណ្តុះបណ្តាលបន្ថែមដល់លោកគ្រូអ្នកគ្រូអំពីវិធីសាស្ត្រថ្មីៗ ដែលធ្វើឲ្យការបង្រៀនមានបរិយាកាសមួយ ដែលច្នៃប្រឌិត និងមានភាពសប្បាយរីករាយដល់សិស្ស ដើម្បីឲ្យសិស្សចង់រៀន ពីព្រោះថាកាលណាគ្រូមានវិធីសាស្ត្រល្អ នោះសិស្សចង់រៀន។ ហើយបញ្ហាធំមួយទៀតដែលខ្ញុំចង់ផ្តល់ជាយោបល់នៅក្នុងចំណុចនេះ គឺថាប្រហែលជាយើងត្រូវធ្វើកែសម្រួលកម្មវិធីសិក្សា ជាពិសេសនៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ដោយផ្តោតទៅលើតម្រូវការជំនាញជាក់ស្តែងរបស់សិស្ស។ ឧទាហរណ៍ថា សិស្សអនុវិទ្យាល័យ និងសិស្សវិទ្យាល័យ គាត់ត្រូវការរៀនជំនាញ ដែលជាតម្រូវការចាំបាច់សម្រាប់ទីផ្សារនៅប្រទេសកម្ពុជាបច្ចុប្បន្ន ពីព្រោះកាលណាគាត់មើលឃើញថា បើសិនជាគាត់បន្តការសិក្សាឲ្យចប់ថ្នាក់អនុវិទ្យាល័យ ឬថ្នាក់វិទ្យាល័យ គាត់នឹងទទួលបានជំនាញ។ ហើយពេលដែលគាត់រៀនចប់ គាត់អាចយកទៅប្រើប្រាស់នៅក្នុងទីផ្សារការងារបាន។ ខ្ញុំគិតថា នេះគឺជាកត្តាជំរុញមួយ ដែលធ្វើឲ្យសិស្សមិនងាយបោះបង់ការសិក្សានៅថ្នាក់អនុវិទ្យាល័យ ឬវិទ្យាល័យទេ។
VOA៖ នាងខ្ញុំសូមអរគុណច្រើនលោក ជា កុសល ដែលបានផ្តល់បទសម្ភាសន៍ជាមួយនឹង VOA នៅថ្ងៃនេះ។
លោក ជា កុសល៖ បាទ សូមអរគុណច្រើន៕