អ្នកផលិតភាពយន្តឯកសារសញ្ជាតិអូស្រា្តលី លោក James Ricketson ដែលមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាចោទថាជាអ្នកផ្តល់ព័ត៌មានសម្ងាត់ដល់លោក សម រង្ស៊ី ត្រូវបានមន្ត្រីពន្ធនាគារនាំយកមកបង្ហាញខ្លួន នៅតុលាការកំពូលនៅព្រឹកថ្ងៃពុធនេះ ជាកន្លែងដែលលោកត្រូវទទួលការសម្រេចឲ្យបានស្ថិតនៅក្រៅឃុំឬយ៉ាងណា បន្ទាប់ពីតុលាការសាលារាជធានីបានឃុំខ្លួនលោកអស់ជាច្រើនខែមក។
ក៏ប៉ុន្តែតុលាការកំពូលនៅព្រឹកថ្ងៃពុធនេះ បានសម្រេចលើកពេលប្រកាសសាលក្រមទៅថ្ងៃទី ៣១ ខែមករា ដោយមិនបានផ្តល់មូលហេតុច្បាស់លាស់ ខណៈលោក Ricketson បានជាប់ឃុំបណ្ដោះអាសន្នប្រមាណ៧ខែមកហើយ គិតចាប់តាំងពីការចាប់ឃុំខ្លួនលោកកាលពី ខែមិថុនា ឆ្នាំ ២០១៧។ បើតាមការបញ្ជាក់ពីមេធាវីការពារលោក Ricketson គឺការដឹកជញ្ជូនលោក Ricketson មកតុលាការមានភាពយឺតយ៉ាវ និងគាប់ជួនពេលដែលមានរឿងក្តីជាច្រើនកំពុងធ្វើការជំនុំជម្រះនៅព្រឹកថ្ងៃពុធដដែលនេះ។
ស្ថិតក្នុងសម្លៀកបំពាក់អ្នកទោសពណ៌ទឹកក្រូចនិង ដៃជាប់ខ្នោះ អមដោយក្រុមសន្តិសុខនៃពន្ធនាគារនាំលោកចូលមកក្នុងតុលាការកំពូល លោក Ricketson បានស្រែកប្រាប់អ្នកព័ត៌មានក្នុងបរិវេណតុលាការកំពូលថា «តើប្រទេសមួយណាដែលខ្ញុំលបយកការណ៍ឲ្យនោះ?»
លោក Ricketson ក៏ត្រូវបាននាំចូលទៅអង្គុយនៅក្នុងបន្ទប់សវនាការមួយ ដើម្បីបញ្ចៀសពីការចោមរោមសួរសំណួរពីអ្នកកាសែត។ ប្រមាណជាជាង៣០នាទីក្រោយមក លោកត្រូវបានកងសន្តិសុខរបស់ពន្ធនាគារនាំចេញពីសវនាការ។
នៅពេលកងសន្តិសុខរារាំងលោកមិនឲ្យនិយាយច្រើនទៅកាន់អ្នកកាសែត លោក Ricketson បានស្រែកនិយាយក្នុងន័យដើមថា៖
«ការយកព័ត៌មានមិនមែនជាសកម្មភាពចារកម្មទេ។ រដ្ឋធម្មនុញ្ញកម្ពុជាបានតម្កល់សិទ្ធិសេរីភាពក្នុងការនិយាយស្តីរបស់ខ្ញុំ ហើយខ្ញុំគិតថា រដ្ឋាភិបាលអូស្រា្តលីនឹងការពារសិទ្ធិរបស់ខ្ញុំចំពោះសេរីភាពនៃការនិយាយស្តី»។
លោក James Ricketson វ័យ ៦៨ ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន ក្រោមបទចោទថាបានប្រព្រឹត្តអំពើ «ចារកម្ម» បន្ទាប់ពីលោកត្រូវបានចាប់ខ្លួននៅតាមមាត់ទន្លេនៃទីក្រុងភ្នំពេញ មួយថ្ងៃមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលត្រូវបានរៀបចំឡើងនៅ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧។
ការឃុំខ្លួន និងការចាប់ខ្លួនរបស់លោក Ricketson បានធ្វើឡើងក្រោយអ្នកផលិតកុនឯកសារជនជាតិអូស្ត្រាលីរូបនេះ បានប្រើម៉ាស៊ីនដ្រូន (drone) ថតយករូបភាពការប្រមូលផ្តុំរបស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលបានហែរពីវត្តចាស់កាត់តាមស្ពានមិត្តភាពកម្ពុជាចិនមកចំកណ្តាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី ២មិថុនា ឆ្នាំ ២០១៧។
អ្នកស្រី ពឹង យក់ហៀប មេធាវីការពារក្តីឲ្យលោក James Ricketson បានថ្លែងថា តុលាការកំពូលបានលើកពេលប្រកាសសាលក្រមលើបណ្តឹងសុំនៅក្រៅឃុំរបស់កូនក្តីអ្នកស្រី ទៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៨។ នៅពេលអ្នកកាសែតសួរថា តើនឹងមានការសម្រេចបែបណានៅថ្ងៃប្រកាសសាលក្រមនោះ អ្នកស្រីមេធាវីបានបញ្ជាក់ថា អ្នកស្រីពុំអាចសន្និដ្ឋានទុកជាមុន ចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលបានទេ ខណៈដែលកិច្ចស៊ើបអង្កេតនៅសាលាដំបូងរាជធានីមិនទាន់ត្រូវបានបញ្ចប់ជាស្ថាពរនៅឡើយ។
អ្នកស្រីមានប្រសាសន៍ថា៖
«ខ្ញុំអត់ហ៊ានថា ដោយសារអី? ព្រោះធម្មតាការស៊ើបអង្កេតនៅណោះអត់ទាន់ហើយផងហ្នឹងច៎ា»។
ទាក់ទិនការលើកពេលប្រកាសសាលក្រមនៅថ្ងៃពុធនេះ អ្នកស្រីមេធាវី ពឹង យក់ហៀប បានឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតយ៉ាងដូច្នេះ៖
អ្នកកាសែត៖ «ខាងតុលាការគេអត់ប្រាប់ពីហេតុផលអីថាម៉េចទេ? មានប្រាប់ទេ?»
អ្នកស្រីមេធាវី៖ គេអត់ប្រាប់ទេ គ្រាន់ថា ពន្យាពេល ណាមួយដែលយឺតយ៉ាវរឿងដឹកមកផង»។
យ៉ាងណាក៏ដោយ អ្នកស្រីបានប្រាប់ VOA បន្ថែមថា ការពន្យារពេលប្រកាសសាលក្រមនេះ គឺអាចបណ្តាលមកពីភាពយឺតយ៉ាវក្នុងការដឹកកូនក្តីអ្នកស្រីមកកាន់សាលសវនាការនៅតុលាការកំពូល ស្របពេលដែលមានរឿងក្តីជាច្រើនកំពុងត្រូវបានតុលាការកំពូលធ្វើការជំនុំជម្រះនៅព្រឹកថ្ងៃពុធនេះ។
VOA មិនទាន់អាចសុំការអធិប្បាយពីមន្ត្រីនាំពាក្យរបស់តុលាការដំបូងរាជធានីលោក លី សុផាណា និង លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារងតុលាការកំពូលបានទេនៅថ្ងៃពុធនេះ។
អ្នកស្រី Alexandra Kennett ដែលជាមិត្តស្រីកូនប្រុសរបស់លោក Ricketson បានប្រាប់ក្រុមអ្នកកាសែតនៅតុលាការកំពូលថា វាជារឿងដែលគួរឲ្យខកចិត្តមួយចំពោះការពន្យារពេលប្រកាសសាលក្រមនៅថ្ងៃពុធនេះ តែអ្នកស្រីសង្ឃឹមថា តុលាការនឹងចេញសេចក្តីសម្រេចចិត្តឆាប់ៗនេះ។ អ្នកស្រីថ្លែងថា៖
«ជាក់ស្តែងវាជារឿងពិបាកសម្រាប់គ្រួសារយើងរាល់ពេលដែលយើងនៅតុលាការ ហើយមានការខកចិត្តចំពោះការពន្យារពេលដែលបានកើតឡើងនៅថ្ងៃនេះ»។
អ្នកស្រី Alexandra Kennett បានថ្លែងបន្តថា៖
«ដូចអ្វីដែលខ្ញុំបាននិយាយកាលពីសប្តាហ៍មុន យើងមានក្តីសង្ឃឹមចំពោះសេចក្តីសម្រេចចិត្តដ៏ឆាប់រហ័សទៅលើនីតិវិធីទាំងឡាយ ដែលអាចធ្វើទៅបាន ហើយយើងគ្រាន់តែចង់សួរថា តើភស្តុតាង ដែលយកមកនោះ និងសំណើសុំនៅក្រៅឃុំជាដើមនោះ អាចត្រូវបានទទួលយក ឬក៏ត្រូវបានបដិសេធចោល។ ដូច្នេះយើងអាចបោះជំហានទៅមុខ ហើយយើងមានក្តីសង្ឃឹមចំពោះសេចក្តីមេត្តារបស់រដ្ឋាភិបាលអូស្រា្តលី និងរដ្ឋាភិបាលកម្ពុជា នៅក្នុងការជួយយើងឲ្យឈានដល់សេចក្តីសន្និដ្ឋានឆាប់រហ័សមួយ»។
VOA ព្យាយាមសុំការអធិប្បាយពីស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា តែមិនមានការឆ្លើយតបទៅនឹងសំណួរដែលបានផ្ញើតាមសារអេឡិចត្រូនិក ឬ Email នៅថ្ងៃពុធនេះ។
រឿងក្តីរបស់លោក Ricketson កំពុងទាញចំណាប់អារម្មណ៍ពីមហាជននៅប្រទេសអូស្រា្តលី ពោលគឺសម្ពាធទៅលើរដ្ឋាភិបាលអូស្រា្តលីឲ្យខ្នះខ្នែងការពារលោក Ricketson បានកើនឡើងនៅក្នុងប្រទេសអូស្រ្តាលី ជាទីដែល អ្នកកាសែតម្នាក់ឈ្មោះ Peter Greste ត្រូវបានដោះលែងពីការឃុំឃាំងនៅក្នុងប្រទេសអេហ្ស៊ីប កាលពីឆ្នាំ ២០១៤ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីអ្នកស្រី Julie Bishop រដ្ឋមន្ត្រីក្រសួងការបរទេសអូស្រា្តលី។
លោក Peter Greste បានផ្តល់ការគាំទ្រដល់លោក Ricketson ដោយលោកបានបង្ហោះសារលើគណនី Twitter របស់លោកតាមន័យដើមកាលពីចុងខែធ្នូថា៖
«សូមជួយធ្វើឲ្យមានសេរីភាពដល់អ្នកកាសែតម្នាក់ផ្សេងទៀតនៅក្នុងពន្ធនាគារក្រោមបទចោទពាក់ព័ន្ធនឹងសន្តិសុខជាតិ។ គ្មានភស្តុតាងណាមួយដែលបានបង្ហាញថា លោក James Ricketson នៅប្រទេសកម្ពុជា មានទោសចំពោះអ្វីមួយដែលលោកបានធ្វើ ក្រៅតែពីការយកចិត្តទុកដាក់[លើកិច្ចការលោក] នោះទេ»។
ឆ្លើយតបនឹងព័ត៌មានអំពីការលើកពេលសេចក្តីសម្រេចតុលាការនេះ លោក Peter Greste បានសរសេរក្នុង Twitter ថាកម្ពុជាត្រូវតែដោះលែងលោក James Rocketson ប្រសិនបើមិនមានភស្តុតាង។
លោក Peter Greste បានទទូចសុំឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ដែលតាមរូបលោក ធ្វើញត្តិអំពាវនាវឲ្យមានការដោះលែងលោក Ricketson។ ញត្តិដែលអង្វរករលោក Malcolm Turnbull នាយករដ្ឋមន្ត្រីប្រទេសអូស្រ្តាលី អ្នកស្រី Julie Bishop រដ្ឋមន្ត្រីក្រសួងកិច្ចការបរទេស និងលោក Christian Porter រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឲ្យអន្តរាគមន៍ មានហត្ថលេខាចំនួន ៥.០០០ បើគិតមកដល់ត្រឹមថ្ងៃពុធនេះ។
កាលពីថ្ងៃអង្គារកន្លងទៅ សារព័ត៌មាន The Sydney Morning Herald បានចេញផ្សាយអត្ថបទបញ្ចេញមតិមួយ ដោយបានលើកឡើងថា ការចោទប្រកាន់ប្រឆាំងលោក Ricketson មានលក្ខណៈនយោបាយ ហើយបានអំពាវនាវឲ្យរដ្ឋាភិបាលប្រទេសអូស្ត្រាលីធ្វើអន្តរាគមន៍។
អត្ថបទនោះបានសរសេរក្នុងន័យដើមថា៖ «មិនមានពេលទៀតទេសម្រាប់ការនៅស្ងៀមដោយមិនធ្វើអ្វីសោះនោះ»។
លោក Ricketson ត្រូវបានចោទប្រកាន់តាមខដែលមានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជា ដែលហាមឃាត់ការប្រមូលយកព័ត៌មានទៅឲ្យរដ្ឋបរទេស ដែលមានសក្ដានុពលធ្វើឲ្យខូចប្រយោជន៍ប្រទេស [កម្ពុជា] ហើយអាច ប្រឈមនឹងការជាប់ពន្ធនាគារពី៥ ទៅ ១០ឆ្នាំ។
មិនទាន់មានភស្តុតាងជាដុំកំភួនសម្រាប់ការចោទប្រកាន់ប្រឆាំងនឹងលោក Ricketson ដែលមិនត្រឹមតែជាបុគ្គលមួយរូបត្រូវបានគេកោតសរសើរចំពោះការគាំទ្ររបស់លោកខាងមនុស្សធម៌ទៅលើគ្រួសារក្រីក្រនោះទេ តែលោកថែមទាំងបានប្រមូលផ្តុំសត្រូវជាច្រើន តាមការណ៍ដែលលោកបានធ្វើយុទ្ធនាការប្រឆាំងក្រុមអង្គការសង្គមស៊ីវិល ដែលលោកចោទថា បានធ្វើការកេងប្រវ័ញ្ចលើជនក្រខ្សត់។
នៅមុនការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ ២០១៨ រដ្ឋាភិបាលកម្ពុជាត្រូវគេសង្កេតឃើញថា បានបើកការបង្រ្កាបមិនរុញរាដៃទៅលើអង្គការសង្គមស៊ីវិល ក្រុមអ្នកនយោបាយគណបក្សប្រឆាំង និងសារព័ត៌មានឯករាជ្យ ក៏ដូចជាអង្គភាពព័ត៌មានដែលទទួលបានការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។
កាសែត The Cambodia Daily បានប្រកាសបិទទ្វារដោយខ្លួនឯង ខណៈដែលខ្លួនគ្មានលទ្ធភាពបង់ពន្ធជូនរដ្ឋាភិបាលកម្ពុជាក្នុងទឹកប្រាក់ប្រមាណ ៦លានដុល្លារអាមេរិក ហើយស្ថានីយវិទ្យុក្នុងស្រុកជាច្រើនត្រូវបានហាមឃាត់មិនឲ្យផ្សាយបន្តព័ត៌មានពីវិទ្យុអាស៊ីសេរី និងសំឡេងសហរដ្ឋអាមេរិក VOA។
ចុងក្រោយនេះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងរំលាយគណបក្សសង្គ្រោះជាតិក្រោយមេដឹកនាំរបស់គណបក្សនេះគឺលោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ថា បានប្រព្រឹត្តអំពើក្បត់ជាតិ ដោយហេតុថា មេដឹកនាំគណបក្សប្រឆាំងរូបនេះ បានឃុបឃិតជាមួយសហរដ្ឋអាមេរិកក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោក ហ៊ុន សែន។
ជាងនេះទៅទៀត កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ អយ្យការអមតុលាការភ្នំពេញចោទប្រកាន់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ពីបទ«ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ» តាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលប្រឈមនឹងការជាប់ទោស ពី៧ ទៅ១៥ឆ្នាំ។
អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូបត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីយប់ថ្ងៃអង្គារទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ ក្នុងសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ដោយសង្ស័យថា បានរាយការណ៍ព័ត៌មានបញ្ជូនទៅស្នាក់ការកណ្តាលវិទ្យុអាស៊ីសេរី នៅសហរដ្ឋអាមេរិក៕