ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្សារ​ពាណិជ្ជកម្ម​ថ្មី​មួយ​នឹង​លេច​រូបរាង​ឡើង​តាម​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ឆ្នាំ​២០១៩


លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក វ៉ូ ហ្គុងមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ចូលរួមពិធីសម្ពោធបើកការដ្ឋានសាងសង់ «ផ្សារដា» ដែលមានទីតាំងស្ថិតនៅក្នុងស្រុកមេមត់ ជាប់ព្រំដែនខេត្តត្បូងឃ្មុំ​ និងខេត្តតៃនិញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។ (រូបថតដកស្រង់ពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម)
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក វ៉ូ ហ្គុងមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ចូលរួមពិធីសម្ពោធបើកការដ្ឋានសាងសង់ «ផ្សារដា» ដែលមានទីតាំងស្ថិតនៅក្នុងស្រុកមេមត់ ជាប់ព្រំដែនខេត្តត្បូងឃ្មុំ​ និងខេត្តតៃនិញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។ (រូបថតដកស្រង់ពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម)

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​អះអាង​ថា​ ផ្សារ​គំរូ​ទី​មួយ​តាម​ព្រំដែន​ខ្មែរ​វៀតណាម​នេះ​នឹង​ដាក់​លក់​ផលិតផល​ទូទៅ​ ដែល​ភាគច្រើន​ផលិត​ដោយ​ភាគី​​កម្ពុជា។

ផ្សារ​លក់​ទំនិញ​ទូទៅមួយ​នៅ​តាម​ព្រំដែន​ខ្មែរ​វៀតណាម​នឹង​លេច​ចេញ​ជា​រូបរាង​នៅ​ក្នុង​ពេល​១២​ខែ​ទៅ​មុខ​ទៀត​ ​បន្ទាប់​ពី​ការ​បើក​ការដ្ឋាន​សាងសង់​ផ្សារ​នេះ​ កាលពី​ថ្ងៃ​ច័ន្ទ​ ​ក្នុង​ឃុំ​ដារ​ ​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​និង​មន្ត្រី​មូលដ្ឋាន។​

ការ​សាង​សង់​ផ្សារ​គំរូ​ទី​មួយ​តាម​ព្រំដែន​កម្ពុជា​វៀតណាម​នេះ​កើត​មាន​ឡើង​ ក្រោយ​ការ​បោះ​បង្គោល​ព្រំដែន​ចប់​រួចរាល់​នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ដារ​ ដែល​មាន​ព្រំប្រទល់​ជាប់​ឃុំ​តាំងឡឹប ​ខេត្ត​តៃនិញ​របស់​ប្រទេស​វៀតណាម។

លោក​ ស៊ាង ថៃ​ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ ​មាន​ប្រសាសន៍​ប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ រដ្ឋាភិបាល​វៀតណាម​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ប្រមាណ​២​លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​សាងសង់​ផ្សារ​ដែល​មាន​ឈ្មោះ​ថា​ «ផ្សារ​ដារ»។​ លោក​បាន​បន្ត​ថា​ ផ្សារ​នេះ​ នឹង​ក្លាយ​ជា​កន្លែង​លក់​ទំនិញ​ទូទៅ ​រួមមាន​សម្លៀកបំពាក់​ និង​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេង​ទៀត​ ដែល​ភាគច្រើន​ជា​របស់​ប្រទេស​កម្ពុជា។

លោក​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ៖

«ផ្សារ​នេះ​ គឺ​ជា​ផ្សារ​ពាណិជ្ជកម្ម​ ហើយ​ជា​ផ្សារ​គំរូ​លើក​ទីមួយ​ ដែល​យើង​សម្រួល​ឲ្យ​ប្រជាជន ​នៅ​តំបន់​តាម​ព្រំដែន​ហ្នឹង​ គាត់​មាន​លក្ខណៈ​ ដោះដូរ​ពាណិជ្ជ​កម្ម​បាន​ប្រសើរ​ជាង​មុន»។​

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​រូប​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ផ្សារ​ដារ​កំពុង​ត្រូវ​បាន​សាង​សង់​លើ​ផ្ទៃ​ដី​ជិត​២​ហិកតា​ ស្ថិត​ក្នុង​សួន​ឧស្សាហកម្ម​របស់​ឧកញ៉ា​ឈន ថារី។ ​លោក​មាន​ប្រសាសន៍​បន្ត​ថា​ ផ្សារ​នេះ​នឹង​បង្កើត​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ។​ លោក​បាន​ថ្លែង​បន្ថែម​ថា​ រដ្ឋាភិបាល​នឹង​ពិចារណា​បើក​ផ្សារ​របៀប​នេះ​ នៅ​ទីតាំង​ផ្សេង​ទៀត​ ប្រសិន​បើ​ផ្សារ​ដែល​មាន​គោលដៅ​ចំម្បង​បម្រើ​វិស័យ​ពាណិជ្ជកម្មនេះ​ដំណើរការ​ទៅ​បាន​ល្អ។​

«ហើយ​បើ​ដំណើរ​ការ​ល្អ​នឹង​មាន​សង់​នៅ​តាម​ព្រំដែន​ហ្នឹង​បន្ថែម​ទៀត។​ សំខាន់​គឺ​ជួនកាល​ របស់​របរ​យើង​ដែល​ផលិត​បាន​ហ្នឹង​ យើង​ពិបាក​លក់​ទៅ​ខាង​គេ​បន្តិច។ ​អីចឹង​ទៅ​ យើង​ដាក់​នៅ​ទីហ្នឹង​ទៅ​គាត់​អាច​ចូល​មក​ទិញ។​ ខាង​វៀតណាម​គាត់​អាច​ចូល​មក​ទិញ​ពី​យើង​ទៅ​បាន»។​

លោក វ៉ូ ហ្គុងមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ប្រចាំនៅកម្ពុជា ថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ «ផ្សារដារ»។ (រូបភាព​ពី​ហ្វេសប៊ុក​ក្រសួង​ពាណិជ្ជកម្ម)
លោក វ៉ូ ហ្គុងមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ប្រចាំនៅកម្ពុជា ថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ «ផ្សារដារ»។ (រូបភាព​ពី​ហ្វេសប៊ុក​ក្រសួង​ពាណិជ្ជកម្ម)

VOA​ ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​នៅ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ ​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​

របាយការណ៍​របស់​អង្គភាព​ Fresh News ​ដែល​ស្និទ​នឹង​រដ្ឋាភិបាល​កម្ពុជា​ ហើយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ បាន​ដកស្រង់​សម្តី​លោក​ វ៉ូ ហ្គុងមិញ​ ​ឯក​អគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​ ​ដែល​បាន​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​គំរូ​នោះ​ថា​ ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ដារ​នៅ​ថ្ងៃ​អង្គារ​ទី​ ១៦​ ខែ​ ​មករា ឆ្នាំ​២០១៨​នេះ​ ​«គឺ​ដើម្បី​អបអរ​ខួប​លើក​ទី​៥០នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា-វៀតណាម​ ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​រួម​ចំណែក​ពង្រឹង​មិត្តភាព​ប្រពៃណី​ និង​កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំង​ពីរ​ថែម​ទៀត»។​

លោក ថាំង សារឿន​ មេឃុំ​ដារ​ ​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ មាន​ប្រសាសន៍​ថា​ ​ការ​សាងសង់​ផ្សារ​ដារ​ក្នុង​ឃុំ​ដារ​នេះ​ ​គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា​ និង​វៀតណាម។​ លោក​បន្ត​ថា​ ផ្សារ​នេះ​នឹង​អាច​ក្លាយ​ជា​ទីតាំង​ដោះដូរ​ទំនិញ​ពី​ខេត្ត​ផ្សេងៗ​ ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​នៃ​ប្រទេស​កម្ពុជា​ និង​វៀតណាម។​

«បើ​តាម​របាយ​ការណ៍​ព្រឹកមិញ​ ឯកឧត្តម​ រដ្ឋលេខាធិការ​ហ្នឹង​ណា៎​ ​បាទ​ ក្រសួង​ពាណិជ្ជ​កម្ម​ហ្នឹង​ គាត់​ថា​ អាហ្នឹង​មិន​មែន​ទាក់​ទង​ មិន​មែន​តែ​ខេត្ត​កំពង់ចាម​យើង​ទេ។ ​តាំងពី​ អ្ហឺ​មិនមែន​តែ​ត្បូងឃ្មុំ​ទេ។ ​ ណោះ​ ពី​មណ្ឌលគិរី​ រតនគិរី​ ក្រចេះ​អី​មក​ណ៎ោះ​បាទ! ​កសិផល​ដែល​ដឹក​អី​មក​ អាចដោះដូរនៅ​កន្លែង​ហ្នឹង»។​

នៅ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេសហៅ​កាត់​ថា​ FDI​ ​មក​កម្ពុជា​ មាន​ទឹក​ប្រាក់​ប្រមាណ​ ​១,៧​ពាន់​លាន​ដុល្លារ​ ​ទៅ​២​ពាន់​លាន​ដុល្លារ​អាមេរិក។​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-វៀតណាម​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ​បើ​គិត​ត្រឹម​រយៈពេល​១១​ខែ​នៃ​ឆ្នាំ​២០១៧​ ​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​គិត​ជា​ទឹក​ប្រាក់​ជាង​៣.៤០០​លាន​ដុល្លារ​អាមេរិក​គឺ​មាន​កំណើន​៣១,៥​ភាគ​រយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​ ដែល​មាន​ចំនួន​ត្រឹម​តែ​២.៩២៦​លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។​ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គភាព​ព័ត៌មាន ​Fresh News​ ដែល​បាន​ចេញ​ផ្សាយ​ភ្លាមៗ​ ក្រោយ​ការ​បើក​ការដ្ឋាន​សាង​សង់​ផ្សារ​ដារ។​

អង្គភាព​ព័ត៌មាន​ ដែល​ទទួល​បានការ​កោត​សរសើរ​ពី​លោក​ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ខ្មែរនោះ​ បាន​ដក​ស្រង់​សម្តី​លោក​ ប៉ាន សូរស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ដែល​បាន​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ដារ​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ តាម​ន័យ​ដើម​ថា៖​

«ការ​បង្កើត​ផ្សារ​គំរូ​នេះ​គឺ​ជា​ការ​ចាប់​ផ្តើម​ទំព័រ​សករាជ​ថ្មី​មួយ​ទៀត​ នៃ​ការ​ពង្រឹង​កិច្ច​សហការ​ និង​សម្រួល​ពាណិជ្ជ​កម្ម​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ ឱ្យ​កាន់តែ​មាន​ភាព​ងាយ​ស្រួល ​និង​ជិត​ប្រជា​ពល​រដ្ឋ​ ជាពិសេស​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ទំហំ​ពាណិជ្ជ​កម្ម​ចំនួន​៥.០០០​លាន​ដុល្លារ ​តាម​ផែន​ការ​មេ​ដែល​បាន​គ្រោង​ទុក​ក្នុង​ពេល​អនាគត»។​

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ «ផ្សារដារ»។ (រូបថតដកស្រង់ពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម)
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ «ផ្សារដារ»។ (រូបថតដកស្រង់ពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម)

​លោក​រដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម​ ​ប៉ាន សូរស័ក្តិ​ ​ត្រូវ​បាន​ដក​ស្រង់​សម្តី​បន្ថែម​ក្នុង​ន័យ​ដើមថា៖​

«ខ្ញុំ​សង្ឃឹម​ថា ​ផ្សារ​នេះ​នឹង​បម្រើ​អត្ថប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា ​និង​សម្រាប់​ដាក់​លក់​ទំនិញ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ ជា​ពិសេស​រួម​ចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ និង​របាំង​ពាណិជ្ជកម្ម​នានា ​ដែល​តែងតែ​រាំង​ស្ទះ​ដល់​ចរាចរណ៍​ទំនិញ​ និង​ផលិតផល​នៅ​តាម​ព្រំដែន​កម្ពុជា ​និង​វៀតណាម»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG