ក្នុងសប្តាហ៍នេះ អតីតក្រុមតំណាងរាស្ត្រ និងមន្ត្រីសំខាន់ៗមួយចំនួននៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយសាលក្រមតុលាការកំពូល បានស្នើតុលាការរាជធានីភ្នំពេញចូលជួបប្រធានរបស់ផងខ្លួន គឺ លោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង។ ក៏ប៉ុន្តែអ្នកនាំពាក្យតុលាការក្រុងភ្នំពេញបញ្ជាក់នៅថ្ងៃពុធនេះថា មិនទាន់មានការសម្រេចណាមួយនៅឡើយនោះទេ។
ក្នុងលិខិតមួយសរសេរដោយ លោក ម៉ៅ មុនីវណ្ណ ផ្ញើទៅកាន់ចៅក្រមនៃតុលាការរាជធានីភ្នំពេញ អតីតក្រុមតំណាងរាស្ត្រ និងមន្ត្រីរបស់បក្សជំទាស់ជាង១០រូប បានស្នើសុំចូលជួប និង «សួរសុខទុក្ខ» លោក កឹម សុខា នៅក្នុងគុកម៣ នៃខេត្តត្បូងឃ្មុំ នៅថ្ងៃសុក្រខាងមុខ។
លោក លី សុផាណា អ្នកនាំពាក្យនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានក្នុងបណ្តាញសង្គម តេឡេក្រាមនៅថ្ងៃពុធនេះថា៖
«លេខាធិការដ្ឋានរដ្ឋបាល បានទទួលលិខិតនេះ ហើយបញ្ជូនទៅលោកចៅក្រមស៊ើបសួរដើម្បីពិនិត្យអំពីការស្នើសុំនេះ»។
ការស្នើសុំជួប លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយអំណាចតុលាការកំពូល គឺធ្វើឡើងមិនប៉ុន្មានថ្ងៃក្រោយពេល លោក សម រង្ស៊ី និងអតីតតំណាងរាស្ត្រមួយចំនួនរបស់បក្សជំទាស់ដ៏ធំនេះ ដែលនិរទេសខ្លួននៅក្រៅប្រទេស បានប្រកាសបង្កើត «ចលនាសង្គ្រោះជាតិ» មួយកាលពីចុងសប្តាហ៍កន្លងទៅ។
ការប្រកាសបង្កើតចលនាថ្មីនេះ ត្រូវគេយល់ថា ជាសញ្ញាមួយបង្ហាញពីការប្រេះឆារបស់បក្សជំទាស់ ដែលធ្លាប់បានរួមគ្នាតែមួយដោយគណបក្សនយោបាយពីរ គឺគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា៕