រដ្ឋសភាកម្ពុជាដែលកំពុងមានភាពចម្រូងចម្រាសអំពីភាពស្របច្បាប់របស់ខ្លួននោះ បានអនុម័តយល់ព្រមលើសេចក្ដីព្រាងច្បាប់មួយនៅថ្ងៃច័ន្ទនេះ ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានចេញផ្សាយនៅថ្ងៃទី១៥ខែមករាឆ្នាំ ២០១៨នេះ។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា អង្គសភាបានអនុម័តយល់ព្រមលើសេចក្ដីព្រាងច្បាប់ ដែលមាន៣មាត្រានេះ ដោយមានសំឡេង១១៣ នៃសមាជិករដ្ឋសភាចំនួន១២៣រូប។
ដំណើរការអនុម័តសេចក្ដីព្រាងច្បាប់របស់រដ្ឋសភានេះ ធ្វើឡើងខណៈដែលតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សប្រឆាំងដែលត្រូវបានរំលាយ និងអ្នកវិភាគមួយចំនួន បានចោទជាសំណួរអំពីភាពស្របច្បាប់នៃរដ្ឋសភាថ្មីនេះ ដែលមានសមាជិកមួយចំនួន បានក្លាយជាតំណាងរាស្ត្រ ដោយពុំបានឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ តាមការកំណត់ដោយរដ្ឋធម្មនុញ្ញនោះទេ។
ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន អាសនៈសភាចំនួន៥៥របស់គណបក្សនេះ ត្រូវបានបែងចែកទៅឲ្យគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច និងគណបក្សផ្សេងទៀត ដែលមិនបានឈ្នះសូម្បីតែមួយអាសនៈ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣កន្លងទៅ។
ប៉ុន្តែទោះជាយ៉ាងនេះក្ដី លោក ហេង សំរិន ប្រធានរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា បានប្រកាសថាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ដែលបានដំណើរការតាំងពីថ្ងៃទី១២ ខែតុលាឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ ស្របតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភាដដែល៕